Shama Kabani ក្លាយ​ខ្លួន​​ជា​សេដ្ឋីនី​​​មាន​ប្រាក់​រាប់​លាន​ដុល្លារ​ទាំង​វ័យក្មេង​​ចំណាយ​ដើម​ទុន​​ត្រឹមតែ ១៥០០​ដុល្លារ


Shama Kabani ​បាន​អភិវឌ្ឍ​ខ្លួន​ពី​និស្សិត​សាមញ្ញ​ទៅ​ជា​សេដ្ឋីនី​មាន​ប្រាក់​រាប់​លាន​ដុល្លារ។ នៅ​ពេល​បច្ចុប្បន្ន​នេះ នាង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Marketing Zen Group ដែល​ជា​ទីភ្នាក់ងារ​ផ្តល់​សេវាកម្ម​ទីផ្សារ​តាម​អនឡាញ (Web Marketing Agency)។

ជា​ក្រុមហ៊ុន​មួយ​ដែល​នាង​បង្កើត​ឡើង​​​ជា​មួយ​ដើមទុន​ត្រឹមតែ ១ ៥០០​ដុល្លារ​​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ ២០០៩។ ​តាម​ដាន​ជា​មួយយើងទាំងអស់​គ្នាថា​តើ​សេដ្ឋីនី​ជើង​ខ្លាំង​ម្នាក់​នេះ​មាន​ប្រវត្តិ​យ៉ាងណា? តើ​នាង​​​បាន​ក្លាយ​​ជា​សេដ្ឋីនី​បាន​ដោយ​របៀបណា?

ប្រវត្តិរូប និង ការ​សិក្សា

សេដ្ឋីនី​​ខាងលើ​មាន​ដើម​កំណើត​ចេញ​ពី​ប្រទេស​ឥណ្ឌា​​ ​កើត​ក្នុង​ឆ្នាំ១៩៨៥ តែ​បាន​ផ្លាស់​ទីលំនៅ​មក​រស់​នៅ​​ក្នុង​រដ្ឋ​ Texas សហរដ្ឋអាមេរិក​​ជា​មួយ​នឹង​គ្រួសារ​របស់​នាង​នៅ​ពេល​ដែល​នាង​មាន​អាយុ​ ៩​ឆ្នាំ។ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​​វិទ្យាល័យ​នៅ​​សាលា R.L Turner High School នាង​​បាន​បន្ត​ការ​សិក្សា​​ថ្នាក់​អនុបណ្ឌិត​​លើ​មុខវិជ្ជា​ទំនាក់ទំនង​​ស្ថាប័ន​ (Organizational Communication) ដែល​បាន​បញ្ចប់​កាល​ពី​ឆ្នាំ ២០១៣ ​នៅ​សាកលវិទ្យាល័យ Texas។

​នាង​មាន​ឈ្មោះ​ល្បី​ជា​បន្តបន្ទាប់​។ គេ​នៅ​ចាំ​បាន​ថា Shama បាន​សរសេរ​និក្ខេបបទ ​(Thesis) មួយ​​ពី​ក្រុមហ៊ុន Twitter នៅ​ពេល​ដែល​នាង​មាន​អាយុ ២៦ ឆ្នាំ​ដែល​កាល​នោះ​ Twitter មាន​អ្នក​ប្រើប្រាស់​ត្រឹមតែ ២ ០០០​នាក់​ប៉ុណ្ណោះ​ មិន​មែនជាង ២៣០​​ លាន​នាក់​ដូច​ពេល​ឥឡូវ​ទេ។ ទន្ទឹម​នឹង​នេះ ​នាង​បាន​​ចេញ​សៀវភៅ The Zen of Social Media Marketing កាល​ពី​ឆ្នាំ ២០១០ ដែល​ជា​សៀវភៅ​លក់​ដាច់​បំផុត​ក្នុង​ចំណោម​សៀវភៅ​នានា​នៅ​លើ​គេហទំព័រ Amazon.com។

ការ​បង្កើត​ក្រុមហ៊ុន Marketing Zen Group

ងាក​ទៅ​​ឆ្នាំ ២០០៩ វិញ នៅ​ពេល​ដែល​នាង Shama មាន​អាយុ ២៤ ឆ្នាំ​ដែល​ជា​និស្សិត​កំពុង​សិក្សា​នៅ​​ថ្នាក់​បរិញ្ញាប័ត្រ​នៅ​ឡើយ និស្សិត​រូប​នេះ​​មាន​​មហិច្ឆតា​ខ្ពស់​មួយ​រហូត​សម្រេច​ចិត្ត​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​គឺ​ក្រុមហ៊ុន Marketing Zen Group ជា​មួយ​ដើម​ទុន​​ត្រឹមតែ ១ ៥០០​ដុល្លារ​តែ​ប៉ុណ្ណោះ​ពី​ហោប៉ៅ​​របស់​នាង​តែម្តង។

សម្រាប់​មហាអំណាច​​ជឿនលឿន​មួយ​នេះ ដើមទុន​នេះ​ជា​ដើម​ទុន​ដ៏​មហា​ស្តួចស្តើង​បំផុត​សឹង​តែ​ថា​គ្មាន​​អ្នកណា​ម្នាក់​គិត​ថា​អាច​ចំណាយ​បើក​អាជីវកម្ម​​បាន​ទាល់តែសោះ។ ​​Marketing Zen Group ជា​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​អតិថិជន​ពី​យុទ្ធសាស្ត្រ​​​​ទីផ្សារ និងដំណោះស្រាយ​​​​​​អាជីវកម្ម​តាម​អនឡាញ (Web Marketing Agency)។

ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន Marketing Zen Group ជោគជ័យ?

«យើង​បាន​ស្ថិត​នៅ​ជ្រុង​​មួយ​ដែល​ជា​កន្លែង​មនុស្ស​គ្រប់គ្នា​កំពុង​មាន​ការ​ប្រស្រ័យ​ទំនាក់ទំនង​គ្នា​​ទៅ​វិញ​ទៅ​មក​ដូច​នៅ​ពេល​បច្ចុប្បន្ន​នេះ។​ ជា​រៀងរាល់​ថ្ងៃ​បាន​សួរ​ខ្លួន​ឯង​ជា​ប្រចាំ​ថា តើ​ខ្ញុំ​ត្រូវ​ធ្វើ​ខ្លះ​ដើម្បី​​ទទួល​បាន​ទំនុកចិត្ត​​ពី​សំណាក់​សាធារណជន និងក្រុម​ការងារ​​របស់​ខ្ញុំ?»។ នេះ​ជា​ប្រសាសន៍​របស់​នាង Shama

នាង​បាន​សង្កត់​ធ្ងន់​ថា គុណ​តម្លៃ​​ផ្សេង​គ្នាត្រូវ​តែ​ផ្តល់​ជូន​អតិថិជន​ផ្សេង​គ្នា។ ដូច្នេះ​ហើយ​បាន​ជា​នាង​បង្កើត​ប្លុក (Blog) និង Twitter ​​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​ដើម្បី​សាង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជា​មួយ​អតិថិជន​ដែល​​ពេញ​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាំង​នេះ។

យ៉ាងណាមិញ​ក្រុមហ៊ុន Marketing Zen Group ​​មិនមែន​ជា​​​​ស្ថាប័ន​​​បណ្ដាញ​​សង្គម​ (Social Media) នោះ​ឡើយ​ ​ត្បិតអី​ដើម​ឡើយ​នាង​គ្រាន់តែ​​ចង់​បង្កើត​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​អាជីវកម្ម​មួយ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​នាង​បាន​ដឹង​ថា​ បណ្ដាញ​​សង្គម​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ហេតុ​ដូច្នេះ​នាង​បាន​​​​​សម្រប​​ក្រុមហ៊ុន​របស់​នាង​​​ឲ្យ​មាន​ស្តង់ដារ​តាម​បរិបទ​នេះ​សម្រាប់​ផ្តល់​យុទ្ធសាស្ត្រ​អាជីវកម្ម​តាម​អនឡាយ​តែម្តង​ទៅ។

ភាព​ឆ្លាតវៃ​របស់​នាង​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​នាង​មាន​​បេសកកម្ម​យ៉ាង​រឹងមាំ​ក្នុង​ការ​ប្រឹក្សា​យោបល់​ដល់​អតិថិជន ពី​របៀប​បង្កើត​យុទ្ធសាស្ត្រ​ទីផ្សារ​​ធ្វើ​អាជីវកម្ម​​​តាម​អនឡាញ​​។ មក​ដល់​ចំណុច​នេះ សេដ្ឋនី​អាមេរិក​រូប​នេះ​បាន​រៀនសូត្រ​ចំណុច​ពីរ​គឺ​៖ ទី១) អតិថិជន​មិន​ត្រឹមតែ​ត្រូវ​ការ​ផ្តល់​ប្រឹក្សា​យោបល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ចង់​ឲ្យ​ក្រុមហ៊ុន​របស់​ពួកគេ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។ ទី២) គឺ ពួកគេ​​ចង់​ឲ្យ​បណ្ដាញ​សង្គម​ក្លាយ​ទៅ​ជា​ភ្នាក់ងារ​តែមួយគត់​​​ជា​បណ្ដុំ​ទីផ្សារ​​ដោយ​ការ​បង្កើត​វ៉េបសាយ​(Websites) ដ៏​រឹងមាំ​មួយ​ជា​មួយ​កម្មវិធី​ស្វែង​រក​​ដ៏​ឆ្លាតវៃ​ផង​ដែរ។

នាង​បាន​ឆ្លើយតប​ទៅ​កាន់​ពួកគេ​យ៉ាង​ពេញ​ចិត្តរហូត​ទទួល​បាន​ភាព​ជឿជាក់​ និងទំនុកចិត្ត​កាន់តែ​ច្រើន​ឡើង​។ ដោយ​មិន​បាន​បញ្ជាក់​ពី​ប្រាក់​ចំណូល​ក្នុង​ក្រុមហ៊ុន​​របស់​ខ្លួន ​ប្រការ​នេះ​​បាន​ជួយ​ឲ្យ​ក្រុមហ៊ុន ​Marketing Zen Group ដែល​កើត​ចេញ​ពី​ប្រាក់​ស្តួចស្តើង​បំផុត​មាន​ប្រាក់​ចំណូល​កើន​ឡើង ​៤០០% កាល​ពី​ឆ្នាំ ២០១៣។ ជា​មួយ​នឹង​សុទិដ្ឋិនិយម​​របស់​នាង Shama ​បាន​រំពឹង​ថា ក្រុមហ៊ុន​នេះ​នឹង​​ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នៅ​ដំណាច់​ឆ្នាំ​២០១៤​នេះ។

មួយ​ក្នុង​ចំណោម​យុទ្ធសាស្ត្រ​ដ៏​អាថ៌កំបាំង​នៃ​​ការ​ទទួល​បាន​ប្រាក់​ចំណូល​របស់​នាង​នោះ គឺ​ការ​ចំណាយ​​ទាប។ នាង​បាន​ជួល​បុគ្គលិក​សាមញ្ញ​ឲ្យ​​​មក​ធ្វើ​ការ​ប្រមាណ​ជាង​ ៣០​នាក់ និងបុគ្គលិក​ស្នូល​ប្រហែល​១០​​នាក់​ឲ្យ​ជួយ​ធ្វើ​ការ​ ហើយ​យ៉ាងហោចណាស់​​​បុគ្គលិក​ប្រមាណ​ជាង​១០​នាក់​មក​ពី​ប្រទេស​ហ្វីលីពីន​។

​​​​​​​​​​​​​អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​នាង​ជោគជ័យ​បន្ថែម​ទៀត​នោះ​គឺ​កើត​ចេញ​ពី​យុទ្ធសាស្ត្រ​​​ទំនាក់ទំនង​​​អតិថិជន។ សេដ្ឋីនី Shama បាន​បញ្ជាក់​ថា នាង​កោតសរសើរ​ខ្លួន​ឯង​ដែល​ដើរ​តួនាទី​មិន​ត្រឹមតែ​ជា​អ្នក​ប្រឹក្សា​យោបល់​ជូន​អតិថិជន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាង​ជា​អ្នក​ជំនិត​​ពូកែ​ស្តាប់​របស់​ពួកគេ​ទៀត​ផង និងអនុវត្ត​តាម​អ្វី​ដែល​ជា​សំណើ​ររបស់​ពួកគេ។

ជាមួយ​​នឹង​ជីវិត​ពោរពេញ​ដោយ​ស្នាមញញឹម​ និងក្តី​សង្ឃឹម​​របស់​សហគ្រិន​រូប​នេះ Shama ត្រូវ​បាន​ផ្តល់​តួនាទី​ពិសេស​ទៅ​ប្រឹក្សា​យោបល់​ពី​សហគ្រិន​ភាព​នៅ​ប្រទេស​អេហ្ស៊ីប​ផង​ដែរ​នៅ​ពេល​ឆាប់ៗ​នេះ។ ​​​« ពិភពលោក​ដែល​យើង​រស់​នៅ​នា​ពេល​នេះ​ មិនមែន​ជា​ពិភពលោក​របស់​ដូនតា​យើង​ ឬឪពុកម្ដាយ​របស់​យើង​នោះ​ឡើយ។

ម្យ៉ាងវិញទៀត សញ្ញាប័ត្រ​មិន​បញ្ជាក់​ពី​ភាព​ជោគជ័យ​របស់​មនុស្ស​ម្នាក់ៗ​នោះ​ទេ​​ ហើយ​ឱកាស​ក្លាយ​ជា​សហគ្រិន​ ​ក៏​យើង​​ត្រូវ​បង្កើត​វា​​ដោយ​ខ្លួន​ឯង​ដែរ។ សេដ្ឋកិច្ច​ត្រូវ​ការ​ឈាម​ដ៏​បរិសុទ្ធ​ចេញ​ពី​មនុស្ស​ដែល​មាន​តម្លៃ និងគំនិត​ដ៏​អស្ចារ្យ»។ នេះ​ជា​ទស្សនៈ​របស់​សេដ្ឋីនី​មក​ពី​រដ្ឋ Texas មួយ​នេះ។

តើ​​នាង Shama មាន​ការ​បារម្ភ​​ខ្លាច​ក្រុមហ៊ុន​របស់​នាង​​ដួល​រលំ​ដែរ​ឬទេ? ចម្លើយ​នោះ​គឺ​ទេ ព្រោះ​ថា​​​នៅ​ពេល​នេះ​ក្រុមហ៊ុន​របស់​នាង​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ល្បី​ទាំង​១ ០០០​នៅ​លើ​ពិភពលោក​រួច​ទៅ​ហើយ ត្បិតអី​ដៃគូ​​អាជីវកម្ម​របស់​នាង​​មាន​រហូត​ដល់​នៅ​ទ្វីប​អាស៊ី អឺរ៉ុប អាមេរិក​ខាងត្បូង​រួច​ទៅ​ហើយ​ដែរ៕