Isola La Gaiola កោះ​បណ្ដាសារ​មហាសេដ្ឋី​ ដែលឆក់​យក​ជីវិត​មនុស្ស​យ៉ាង​​អាថ៌កំបាំង​​​​​

​រឿងរ៉ាវ​របស់​កោះ​ “Isola La Gaiola” ដែល​ជា​កោះ​មហាសេដ្ឋី​​ត្រូវ​បាន​គេ​ដំណាល​តៗគ្នា​ជា​កោះ​ដ៏​អាថ៌កំបាំង​បំផុត​មួយ​នៅ​ពេល​បច្ចុប្បន្ន​។ ជា​ឈូង​មួយ​​ក្នុង​ចំណោម​ឈូង​ទាំង​អស់​ស្ថិត​នៅ​​ទិស​ខាង​ត្បូង​ប្រទេស​អ៊ីតាលី។ ច្រាំង​នៃ​ឈូង​នេះ​មាន​ទេសភាព​ដែល​សម្បូរទៅ​ដោយ​សម្បត្តិធម្មជាតិ​ដ៏​ស្រស់​បំព្រង​ខៀវខ្ចី​ ហើយ​កាល​ពី​ឆ្នាំ​២០០២ ឧទ្យាន​ជាតិ​ក្រោម​បាត​សមុទ្រ Gaiola Underwater Park ​ក៏​​​ត្រូវ​បាន​ចុះ​​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​​លើ​ផ្ទៃ​ទឹក​​សរុប ​៤២​ហិចតា​។

ទីតាំង​ដ៏​សែន​អាថ៌កំបាំង​មួយ​របស់​អ៊ីតាលី​ គឺ​ជា​រឿង​រ៉ាវ​ដែល​ទាក់ទង​នឹង​កោះ​តូច​​ដ៏​ស្ងប់ស្ងាត់ ប៉ុន្តែ​លាក់​បង្កប់​ដោយ​ភាព​អាថ៌កំបាំង​គួរឲ្យ​​ខ្លាច​ គឺ​ជា​កោះ​​នៅ​ក្នុង​ឈូង​ Posillipo។ កោះ​មួយ​​នេះ​មាន​សង់ផ្ទះ​លំហែកាយ​មួយ​ខណៈ​កោះ​មួយ​ទៀត​ទទេ​ស្អាត​មិន​មាន​កសាង​អ្វី​ទាំង​អស់​ កោះ​ទាំង​ពីរអាច​ធ្វើ​ដំណើរ​​ឆ្លងកាត់​គ្នា​បាន​ដោយសារ​ស្ពាន​ថ្ម​មួយ​។​​

កោះ​តូច​នេះ​ពី​មុន​ធ្លាប់​ជា​ទី​សក្ការៈអាទិទេព Venus ដោយ​សារ​នៅ​មាន​សំណល់​សំណង់​ស្ថាបត្យកម្ម​តាម​បែប​រ៉ូម៉ាំង​​ជុំ​វិញ​ ហើយ​ជា​ពិសេស​ទៀត​នោះ​ ក្នុង​បរិវេណ​ក្រោម​ផ្ទៃ​សមុទ្រមាន​សល់​កំទេច​បដិមា​ក្នុង​សម័យ​រ៉ូម៉ាំង​លិច​កប់​ក្នុង​បាត​សមុទ្រ​​ជា​ច្រើន​ផង​ដែរ ហើយ​សព្វថ្ងៃ​បាន​ក្លាយ​ជា​ជម្រក​របស់​ សត្វសមុទ្រ​។

បើ​តាម​ការ​ដំណាល​របស់​អ្នក​រស់​នៅ​ជុំវិញ​នោះ​បាន​និយាយ​ថា​ មាន​កវី​ Virgil ម្នាក់​ដែល​ត្រូវ​បាន​គេស្គាល់​ថា​ជា​អ្នក​មា​ន​វិជ្ជា​វេទមន្ត​បាន​សូត្រមន្តគាថា ធ្វើ​ឲ្យ​​ទីកន្លែង​សក្ការៈ​នេះ​វិនាស​ខ្ចាត់ខ្ចាយ។ កោះ​នេះ​មាន​ការ​ផ្លាស់​ប្ដូរ​​ម្ចាស់​ពី​ម្នាក់​ទៅ​ម្នាក់​​ជា​បន្តបន្ទាប់​​នៅ​ក្នុង​សតវត្សរ៍​ទី​១៩ ដែល​ជា​កម្មសិទ្ធិ​របស់​លោក ​​ “The Wizard” ​ដែល​ជា​​អ្នក​សង់​ផ្ទះ​លំហែ​និង​កែកុន​ខ្លះ​ៗ​រហូត​មាន​លក្ខណៈ​ដូច​បច្ចុប្បន្ន​នេះ​​។

ដើម​ឡើយ​កោះ​នេះ​ជា​របស់​អ្នក​និពន្ធ​ប្រលោមលោក​ Norman Douglas ម្ចាស់​ស្នា​ដៃ​រឿង​ Siren Land ប៉ុន្តែ​ម្ចាស់​កោះ​ Isola La Gaiola ត​ក្រោយ​ពី​អ្នក​និពន្ធ​រូប​នោះ​សុទ្ធតែ​ជួប​នឹង​​គ្រោះមហន្តរាយ​​ផ្សេងៗ​គ្នា​មិន​ចេះ​ដាច់​។ មាន​ហេតុផល​ជា​ច្រើន​ប្រការ​ដែល​អះអាងថា​កោះ​នេះ​ជា​កោះ​បណ្ដាសារ​ ព្រោះ​ម្ចាស់​កោះ​ជា​ច្រើន​សុទ្ធតែ​ជួប​នឹង​គ្រោះថ្នាក់​​ហើយ​ស្លាប់​នៅ​ទីនេះ​។ ហេតុកើត​ឡើង​ដំបូង​នៅ​ឆ្នាំ​ ១៩២០៖

  • ម្ចាស់​កោះ​ជនជាតិ​ស្វីស​ឈ្មោះ​ Hans Braun ត្រូវ​បាន​គេ​ប្រទះឃើញ​ត្រូវ​បាន​គេ​ធ្វើ​ឃាត​និង​លាក់​សព​ក្នុង​ព្រំ។ ក្រោយ​មក​ភរិយា​​របស់​លោក​ក៏​លង់​ទឹក​ស្លាប់​ក្នុង​សមុទ្រ​​នោះ​​ដែរ។
  • អ្នក​ដែល​មាន​ជោគ​វាសនា​ដូច​​គ្នា​ទៅ​នឹង​​ម្ចាស់​ជនជាតិ​ស្វីស​​ខាងលើ​ គឺ​អ្នក​ធុរកិច្ច​ឧស្សាហកម្ម​ថ្នាំ​ពេទ្យ​​លោក Maurice-Yves Sandoz ដែល​បាន​​​ធ្វើ​អត្តឃាត​ក្នុង​មន្ទីរ​ពេទ្យ​វិកល​ចរិត​នា​ប្រទេស​ស្វីស​។
  • អ្នក​គ្រប់គ្រង​បន្ត​គឺ​ជនជាតិ​អាល្លឺម៉ង់​លោក​ Otto Grunback ដែល​គាំង​បេះដូង​ស្លាប់​ពេល​ស្នាក់​នៅលើ​កោះ​នេះ។
  • ម្ចាស់​បន្ទាប់​ជា​ប្រធាន​ឧស្សាហកម្ម​ដែកអាល្លឺម៉ង់ Baron Karl Paul Langheim ធ្លាក់​ខ្លួន​ក្រ​ដោយ​សារ​សេដ្ឋកិច្ច​ពិភពលោក​ដាំ​ក្បាល​ចុះ​ក្រោម​។

នេះ​​នៅ​មិន​ទាន់​​ចប់​​នៅ​ឡើយ​ទេ ត្បិតអី​ការ​ដែល​​កោះ Isola La Gaiola ​ត្រូវ​គេ​សន្មត់​ថា​ជា​កោះ​បណ្ដាសារ​សេដ្ឋី​ព្រោះ​ Gianni Agnelli ម្ចាស់​រថយន្ត​ម៉ាក Fiat ជា​ម្ចាស់​បន្ត​កូន​ប្រុស​​របស់​លោក​​ Edorado Agnelli ក៏​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ស្លាប់ ចំណែក​ភរិយា​​លោក​បាន​​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​​​មួយ​​ក្នុង​ឆ្នាំ​បន្ទាប់​មក​ ។

ថ្វី​ត្បិត​តែ​បច្ចុប្បន្ន​ទីតាំង​កោះ​នេះ​បាន​ក្លាយ​ជា​រមណីដ្ឋាន​​ស្ថិត​ក្រោម​ការ​ត្រួតត្រា​ពី​អាជ្ញធរ​ប្រចាំមូលដ្ឋានក្ដី ​ប៉ុន្តែ​មិនមាន​ភ្ញៀវ​ទេសចរណ៍​ណា​ម្នាក់​ហ៊ាន​ទៅ​ទស្សនា​នោះ​ទេ ដោយ​សារ​តែ​បាន​លេចឮ​ពាក្យ​ដំណាល​ពី​បណ្ដាសារ​កោះ​ ដោយ​សារ​តែ​ម្ចាស់​របស់​កោះ​នេះ​ទាំង​អស់​សុទ្ធតែ​ជួប​នឹង​សំណាង​អាក្រក់​៕