6វិធីងាយៗនេះ នឹងធ្វើឲ្យបបូរមាត់អ្នកប្រែក្លាយទៅជាពណ៌ស៊ីជម្ពូបែបធម្មជាតិ

មនុស្សស្រីគ្រប់រូប ពិតជាមិនចង់ឲ្យបបូរមាត់ខ្លួនប្រែជាពណ៌ខ្មៅទេ និងតែងប្រាថ្នាចង់បានបបូរមាត់ពណ៌ស៊ីជម្ពូ។ បបូរមាត់អាចប្រែជាខ្មៅបានយ៉ាងងាយ នៅពេលដែលអ្នកខ្វះការថែទាំ។ មូលហេតុចម្បងដែលនាំឲ្យបបូរមាត់ខ្មៅគឺដោយសារត្រូវពន្លឺព្រះអាទិត្យខ្លាំង ប្រតិកម្មជាមួយការប្រើប្រាស់គ្រឿងសម្អាងគ្មានគុណភាព ជក់បារី ផឹកកាហ្វេច្រើន និងមូលហេតុជាច្រើនទៀត។ តែកុំបារម្ភ យើងមានវិធីច្រើនគួរសម ដើម្បីធ្វើឲ្យបបូរមាត់ខ្មៅប្រែក្លាយជាពណ៌ស៊ីជម្ពូវិញបានដោយវិធីធម្មជាតិ។

1- ក្រូចឆ្មារ គឺជាឱសថធម្មជាតិ ដែលមានប្រសិទ្ធភាពអាចកម្ចាត់ក្អែល ឬស្នាមខ្មៅលើបបូរមាត់ឲ្យប្រែមកជាពណ៌ស៊ីជម្ពូវិញបាន។ អ្នកអាចជ្រើសើស2វិធី៖ I- ច្របាច់យកទឹកក្រូចឆ្មារ 2-3 ដំណក់ មកលាបលើបបូរមាត់មុនពេលគេង។ ព្យាយាមធ្វើបែបនេះរៀងរាល់យប់ 1 ឬ 2ខែ នឹងទទួលលទ្ធផល។ II- ចិតក្រូចឆ្មារជាបន្ទះស្ដើងៗ រួចរោយស្ករសបន្តិច ហើយយកចំណិតក្រូចនោះ មកត្រដុសលើបបូរមាត់។ វានឹងជួយកម្ចាត់កោសិកាចាស់ៗ និងបណ្ដុះកោសិកាថ្មី។ ព្យាយាមធ្វើបែបនេះរៀងរាល់ថ្ងៃ ចំនួនមួយសប្ដាហ៍ នឹងទទួលលទ្ធផល។

2- រៀងរាល់យប់ពេលដុសធ្មេញ ត្រូវប្រើច្រាស់ដុសធ្មេញមកដុសសំអាតថ្នមៗលើបបូរមាត់ ដើម្បីកំចាត់បាក់តេរី ដែលមាននៅលើបបូរមាត់របស់យើង ដោយអនុវត្តរៀងរាល់ថ្ងៃ និងកុំភ្លេចប្រើក្រេមលាបមាត់ Vaseline បន្ទាប់ពីសំអាតរួច។ វាអាចជួយកាត់បន្ថយនៅភាពខ្មៅនៃបបូរមាត់យើងបាន។

3- ពេលធ្វើដំណើរចេញទៅក្រៅ យើងត្រូវប្រើនៅក្រេមលាបបបូរមាត់ ការពារកំដៅថ្ងៃ ដើម្បីទប់ទល់នឹងពន្លឺព្រះអាទិត្យ ដែលធ្វើឲ្យងាប់កោសិកាលើបបូរមាត់។

4- ប្រើប្រទាលកន្ទុយក្រពើលាបលើបបូរមាត់ជាប្រចាំ និងលាងជម្រះចេញជាមួយទឹកក្តៅឧណ្ហៗ។ អនុវត្តរយៈពេលមួយអាទិត្យ នឹងឃើញលទ្ធផល។

5- ប្រើប្រេងដូង លាបជាប្រចាំដោយម៉ាស្សាថ្មមៗលើបបូរមាត់មុនពេលចូលគេង។ អនុវត្តរយៈពេលមួយអាទិត្យ នឹងពិនិត្យមើលលទ្ធផល។

6- យកទឹកខ្មេះប៉ោមមួយស្លាបព្រាកាហ្វេ រួចពង្រាវដោយបន្ថែមទឹកស្អាត។ យកសំឡីជ្រលក់ ហើយលាបលើបបូរមាត់ និងទុកឲ្យស្ងួតរយៈពេល 10 ទៅ 12នាទី។ អនុវត្តរយៈពេលមួយអាទិត្យ នឹងពិនិត្យមើលលទ្ធផល។