6ចំនុចដែលអ្នកគួរដឹង អំពីការប្រើប្រាស់ខោទ្រនាប់ឲ្យបានត្រឹមត្រូវ

បញ្ហាសុខភាពទាំងឡាយ កើតឡើងពីទង្វើតូចតាចប្រចាំថ្ងៃ ដែលយើងតែងតែធ្វើដោយមិនដឹងខ្លួន ដោយមិនបានដឹងពីផលអាក្រក់របស់វានោះទេ។ ការជ្រើសរើសខោទ្រនាប់ដែលត្រឹមត្រូវ គឺជារនាំងការពារប្រដាប់ភេទ ពីការឆ្លងរោគនានាពីមជ្ឈដ្ឋានខាងក្រៅ។ ខាងក្រោមនេះគឺជាចំណុចមួយចំនួន ដែលអ្នកគួរយល់ដឹងអំពីការប្រើប្រាស់ខោទ្រនាប់ប្រចាំថ្ងៃរបស់អ្នក៖ 

1- ជ្រើសរើសខោក្នុងដែលមានខ្នាតត្រូវជាមួយនឹងអ្នក មិនត្រូវយកខ្នាតដែលតឹងពេក ឬរលុងពេកនោះទេ។ ប្រើខោដែលគ្មានថ្នេរច្រើន ឬកៅស៊ូរឹបពេក ព្រោះវាបណ្តាលឲ្យឈឺ មានស្នាម រលាកស្បែក និងឈាមរត់មិនបានល្អ។

2- ជ្រើសរើសខោក្នុង ដែលមានសាច់ក្រណាត់ល្អ មានខ្យល់ចេញចូលបានល្អ។ ខោក្នុងផលិតពីសាច់ក្រណាត់កាតុង (កប្បាស) ត្រូវបានគេចាត់ទុកថាល្អបំផុត ព្រោះវាអាចជួយថែរក្សាសុខភាពប្រដាប់ភេទបានល្អ។ 

3- បោកសំអាតខោក្នុងដែលទើបតែទិញឲ្យបានស្អាត មុននឹងពាក់ ព្រោះបើពាក់ដោយមិនបានបោក វានឹងបណ្តាលឲ្យរោល និងប្រតិកម្មស្បែកជាមិនខាន។ ខោក្នុង គឺជាឈុតដែលមនុស្សពាក់ជាប់នឹងកន្លែងសំខាន់ វាទាមទារនអនាម័យខ្ពស់ ដូចនេះ អ្នកត្រូវរក្សាទុកដាក់វាឲ្យបានត្រឹមត្រូវ។

4- ផ្លាស់ប្តូរខោទ្រនាប់យ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ។ បើសិនជាអ្នកធ្វើសកម្មភាពរាងកាយច្រើន គួរប្តូរឲ្យបាន ២ដងក្នុងមួយថ្ងៃ ជៀសវាងមានជាតិសំណើមជាប់នៅនឹងខោ នោះវានឹងបង្កើនហានិភ័យនៃការឆ្លងរោគផ្សិត ឬបាក់តេរី។

5- ប្រសិនបើរមាស់ ឬរលាកនៅតំបន់សំខាន់របស់អ្នក នោះអាចបណ្តាលមកពីករណីសាប៊ូដែលអ្នកប្រើ។ ដូចនេះ ត្រូវប្តូរទៅប្រើប្រាស់សាប៊ូបោកខោអាវ ដែលមិនបង្កឲ្យមានប្រតិកម្មអាឡែហ្ស៊ី។

6- ការគេងដោយមិនស្លៀកខោក្នុង មានអត្ថប្រយោជន៍យ៉ាងច្រើនទាំងបុរស និងស្រ្តី។ ការគេងបែបនេះធ្វើឲ្យអ្នកគេងលក់ស្រួល ឈាមរត់ល្អ និងជួយឲ្យស្បែកមានសុខភាពល្អទៀតផង។