6គន្លឹះជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ និងមានថាមពលនាពេលព្រឹក

ពេលព្រឹក គឺជាពេលដែលមានប្រយោជន៍បំផុតសម្រាប់មនុស្សគ្រប់គ្នា។ ក្រោកពីដំណេក​ជាមួយអារម្មណ៍ស្រស់ស្រាយ និងស្វាហាប់ អ្នកនឹងធ្វើការបានច្រើនពេញមួយថ្ងៃ។ របៀបក្រោកពីគេងមានឥទ្ធិពលយ៉ាងខ្លាំងលើអារម្មណ៍ និងការងាររបស់អ្នក។ ហេតុដូចនេះ បានជាយើងគួរមានទម្លាប់ល្អពេលក្រោយពីគេង។

1- ព្យាយាមចូលគេងពីព្រលប់ និងក្រោកពីព្រឹកព្រលឹម។ គេងអោយគ្រប់គ្រាន់នៅពេលយប់ (៧-៨ម៉ោង) វាធ្វើឲ្យមានថាមពល និងស្រស់ថ្លាក្នុងអារម្មណ៍នៅពេលព្រឹកបន្ទាប់។

2- កុំកំណត់ម៉ោងរោទិ៍ច្រើនតង់ពេក។ គួរតែក្រោកចេញពីគ្រែ នៅពេលដែលម៉ោងរោទិ៍ទី១។ យើងអាចងើបអង្គុយ មួយភ្លែត ដើម្បីអោយស្វាងពីដំណេក ឬគេងពត់ខ្លួនពន្យឺតសរសៃជួយឲ្យចរន្តឈាមដើរស្រួល ស្រស់ស្រាយ និងដេញភាពខ្ចិលចេញឲ្យអស់។ 

3- មិនត្រូវឲ្យមានការរំខានដោយការបើកទូរទស្សន៌​ ឬកាន់ទូរស័ព្ទចុចអូសចុះ អូសឡើងនោះឡើយ ដើម្បីកុំឲ្យអ្នកមានអារម្មណ៍ងងុយគេងទៅវិញ និងមិនចង់ងើប។

4- ចាប់ផ្តើមថ្ងៃថ្មីស្រូបខ្យល់អាកាសបរិសុទ្ធ ដោយបើកបង្អួចឲ្យអស់ រួចអង្គុយពែនភ្នែន ខ្នងត្រង់ ដកដង្ហើមចេញចូលឲ្យបានវែងៗ យឺតៗ ដើម្បីស្រូបយកអុកស៊ីសែនឲ្យបានពេញលេញ។ ងូតទឹកត្រជាក់ ដើម្បីលាងសម្អាតភាពកខ្វក់ចេញពីលើខ្លួន និងធ្វើឲ្យចរន្តឈាមដើរស្រួល មានភាពស្ទុះស្ទារ សកម្មជាងមុន។

5- អាហារពេលព្រឹកសំខាន់ជាងអាហារពេលផ្សេងៗទៀត។ អាហារពេលព្រឹក ជួយផ្តល់ថាមពលដល់រាងកាយឲ្យធ្វើការបានល្អ។ សម្អាតមាត់ធ្មេញឲ្យបានស្អាត អាចរក្សាឲ្យមាត់ធ្មេញរបស់អ្នកមានសុខភាពល្អ។ 

6- ដាស់អារម្មណ៍ខ្លួនឯងដោយក្លិនកាហ្វេ និងជាមួយចំរៀងដែលខ្លួនពេញចិត្ត ដើម្បីដាស់ខួរក្បាលឲ្យបញ្ចេញអ័រមូននៃសេចក្តីសុខឡើង ហើយនឹកដល់អ្វីដែលសាងភាពស្ទុះស្ទារឡើង។