ប្រជាជននៅជុំវិញពិភពលោក ៥៤% រស់នៅទីក្រុងនាពេលបច្ចុប្បន្ន

ប្រជាជនប្រមាណ ៥៤% នៃប្រជាជនសរុបនៅជុំវិញសាកលលោកត្រូវបានគេស្រាវជ្រាវ និងរកឃើញថា បានកំពុងរស់នៅក្នុងទីក្រុងនាពេលបច្ចុប្បន្ន។ នេះបើយោងតាមរបាយការណ៍ទស្សនវិស័យ នគរូបនីយកម្មពិភពលោក(World Urbanization Prospect Report) ធ្វើឡើងដោយអង្គការសហប្រជាជាតិ។

របាយការណ៍ខាងលើបានបង្ហាញថា ៥៤% ក្នុងចំណោមប្រជាជនសរុបនៅជុំវិញពិភពលោកដែលមានចំនួនប្រមាណ ៧,៣ពាន់លាននាក់កំពុងរស់នៅទីក្រុងនានា ក្នុងឆ្នាំ២០១៧នេះ។ របាយការណ៍ដដែលបានវាយតម្លៃថា ចំនួននេះនឹងកើនឡើងដល់ ៦៦% នៅក្នុងឆ្នាំ២០៥០ខាងមុខ។

អាមេរិកខាងជើងដែលក្នុងនោះរួមមាន ប៊េរមូដា (Bermuda) កាណាដា ហ្គ្រីនឡែន Saint-Pierre សហរដ្ឋអាមេរិក និង Miquelon គឺជាតំបន់ដែលមានប្រជាជនរស់នៅក្នុងទីក្រុងច្រើនជាងគេនៅពេលបច្ចុប្បន្នដែលមានចំនួនរហូតដល់៨១% នៃប្រជាជនសរុបរបស់ខ្លួន។ ចំនួននេះនឹងកើនឡើង៨៧% នៅក្នុងឆ្នាំ២០៥០។

ងាកមកមើលតំបន់អាហ្រ្វិកវិញ ទ្វីបក្រីក្រមួយនេះមានចំនួនប្រជាជនរស់នៅក្នុងទីក្រុងទាបជាងគេបំផុតនៅក្នុងឆ្នាំ២០១៤នេះ ពោលគឺមានត្រឹមតែ៤០% ប៉ុណ្ណោះ ខណៈឆ្នាំ២០៥០ខាងមុខចំនួននេះនៅតែទាបជាងគេដដែល ពោលគឺមានប្រមាណ៥៦%។នៃប្រជាជនសរុបរបស់ខ្លួន។

ចំណែកឯទ្វីបអាស៊ី ប្រជាជនប្រមាណ៤៨% ក្នុងចំណោមប្រជាជនសរុបរបស់ខ្លួននៅពេលបច្ចុប្បន្ន ត្រូវបានគេរកឃើញថា កំពុងរស់នៅក្នុងទីក្រុង ហើយចំនួននេះនឹងកើនឡើងដល់៦៤% នៅក្នុងឆ្នាំ២០៥០ខាងមុខ។ ទីក្រុងតូក្យូរបស់ជប៉ុននៅតែជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតដដែលទាំងនៅពេលបច្ចុប្បន្ន និង នៅក្នុងឆ្នាំ២០៥០។

ជុំវិញការកើនឡើងចំនួនប្រជាជននៅតាមទីក្រុងនានា របាយការណ៍តែមួយបានលើកឡើងថា ដោយសារស្ថានភាពលូតលាស់ផ្នែកសេដ្ឋកិច្ចនៅតាមទីក្រុងមានលក្ខណៈល្អប្រសើរជាងនៅជនបទទើបធ្វើឲ្យប្រជាជនទាំងនោះធ្វើចំណាកស្រុកមករស់នៅទីក្រុងរបស់ខ្លួនកាន់តែច្រើនឡើង៕

ប្រែសម្រួល៖ មករា