និទានអប់រំ៖ យកការឈឺចាប់ដាក់នៅក្នុងបឹង

ថ្ងៃមួយមានលោកនេនមួយអង្គបាននិយាយប្រាប់ព្រះគ្រូអំពី សេចក្តីទុក្ខលំបាក និងការឈឺចាប់ដែលខ្លួនមាន ហើយសុំអោយព្រះគ្រូជួយដោះស្រាយបញ្ហា។
កាលបើបានស្តាប់អំពីសេចក្តីរៀបរាប់របស់កូនសិស្សរួចហើយ ព្រះគ្រូក៏បានអោយលោកនេនតូច យកអំបិលមួយក្តាប់ដាក់ចូលទៅក្នុងកែវទឹកមួយ រួចហើយបង្គាប់លោកនេនអោយឆាន់ទឹកមួយកែវនោះ។

«តើវាមានរសជាតិយ៉ាងម៉េចដែរ?» ព្រះគ្រូសួរទៅលោកនេនតូច។
«ប្រៃខ្លាំងណាស់!» លោកនេនស្តោះទឹកមាត់ចេញ។
ព្រះគ្រូសើច ហើយប្រាប់លោកនេនអោយយកអំបិលមួយក្តាប់ទៀត ដាក់ចូលទៅក្នុងបឹងមួយក្បែរនោះ។

ទាំងពីរនាក់គ្រូ និងសិស្សក៏បាននិមន្តយ៉ាងស្ងាត់ស្ងៀមទៅបឹងដែលនៅក្បែរនោះ, បន្ទាប់មកលោកនេនក៏បានបង់អំបិលមួយក្តាប់នោះចូលទៅក្នុងទឹកបឹង។

ព្រះគ្រូក៏ប្រាប់អោយលោកនេនឆាន់ទឹកបឹងនោះ ហើយសួរថា៖ «តើរសជាតិរបស់វាយ៉ាងម៉េចដែរ?»
«ល្អ!» លោកនេនតបវិញ។
«តើឯងប្រៃទេ?» ព្រះគ្រូសួរបន្ត។
«ករុណា, ទេ» លោកនេនតបវិញ។
ព្រះគ្រូក៏ទាញដៃលោកនេនអោយអង្គុយចុះ ហើយនិយាយថា៖ «ការឈឺចាប់នៃជីវិតគឺជាប្រៀបដូចជាការបង់អំបិលនេះដែរ, មិនច្រើន មិនតិច។ ការឈឺចាប់នៃជីវិតនៅតែមានដូចគ្នា, ច្បាស់ណាស់ថាដូចគ្នា។ ប៉ុន្តែរសជាតិនៃការឈឺចាប់គឺអាស្រ័យទៅលើទំហំចិត្តដែលឯងដាក់។ ដូច្នេះ, ពេលដែលឯងឈឺចាប់ រឿងតែមួយគត់ដែលឯងអាចធ្វើបាននោះគឺ ពង្រីកចិត្តរបស់ឯងអោយធំប្រៀបដូចជាបឹង។ កុំយកការឈឺចាប់ដាក់ទៅក្នុងកែវ ដែលមានន័យថាកុំធ្វើចិត្តអោយចង្អៀត, ឯងត្រូវតែបើកចិត្តឯងអោយធំដូចជាបឹង នោះការឈឺចាប់របស់ឯងក៏នឹងមានរសជាតិដូចទឹកបឹងអញ្ចឹងដែរ»៕

ប្រភព​ ៖ ប្រជុំ អ្នកប្រាជ្ញ