តើគួរដើរមួយជំហានគិតមួយជំហាន ឬក៏ដើរមួយជំហានគិត​១០​ជំហាន?

មាន​បុរស​ពីរ​នាក់​ដែលជា​មិត្ត​ជិតស្និត​នឹង​គ្នា​។ ក្រោយពី​បញ្ចប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ បុរស​ទាំងពីរ​បានទទួល​ការងារ​ជា​ភ្នាក់ងារ​លក់​ក្នុង​ក្រុមហ៊ុន​តែមួយ​។ ពួកគេ​ទាំង​ពីរបាន​សាមគ្គី​គ្នា​ខិតខំ​ប្រឹងប្រែង​ធ្វើការ​យ៉ាងខ្លាំង​។ ភ្លេចខ្លួន​ពួកគេ​ទាំង​ពីរបាន​បំពេញការងារ​នៅក្នុង​ក្រុមហ៊ុន​នោះ​អស់​រយ​:​ពេល ០៣ឆ្នាំ ​ប្រកបដោយ​ភាពជោគជ័យ​។

ម្នាក់​ក្នុងចំណោម​ពួកគេ​ទាំងពីរ​ត្រូវបាន​ដំឡើង​តំណែង​ជានា​យក​ផ្នែក​លក់ ហើយ​ម្នាក់ទៀត​មិនត្រូវ​បាន​ដំឡើង​តំណែង​អ្វី​ឡើយ ​គ្រាន់តែ​ទទួលបាន​ការដំឡើង​ប្រាក់បៀវត្ស​ន៏​បន្តិច​បន្តួច​ប៉ុណ្ណោះ។ បុរស​ដែល​មិន​បានទទួល​ការដំឡើង​តំណែង​មានការ​អក់​អន់ចិត្ត​ជាខ្លាំង ទើប​សម្រេចចិត្ត​ទៅ​ជួប​អ្នកគ្រប់គ្រង​ដើម្បី​សួរ​បញ្ជាក់​ពី​មូលហេតុ​។ អ្នកគ្រប់គ្រង​បាន​និយាយ​ថា “​អ្នក​និង​មិត្ត​របស់​អ្នក​ខិតខំ​ធ្វើការ​ដូចគ្នា ​ប៉ុន្តែ​ប្រសិទ្ធិភាព​ការងារ​មិន​ដូចគ្នា​ឡើយ​”​ ។

បុរស​ដែល​មិនបាន​ឡើង​តំណែង​នៅតែ​មិន​យល់ ដូច្នេះ​អ្នកគ្រប់គ្រង​បាន​បញ្ជា​គាត់​ឱ្យទៅ​រកមើល​ផ្លែ​ឪ​ឡឹក​នៅឯ​ផ្សារ​។ បុរស​នោះបាន​ទៅហើយ​ត្រលប់​មកវិញ​ប្រាប់​អ្នកគ្រប់គ្រង​ថា
“​មាន​តូប​លក់​ឪ​ឡឹកមួយ​នៅឯ​ផ្សារ​” ​។ អ្នកគ្រប់គ្រង​ក៏​សួរ​បន្តទៀតថា “​តើ​ឪ​ឡឹកមួយ​ថ្លៃ​ប៉ុន្មាន​?” ​បុរស​នោះ​ក៏​ឆ្លើយ​មិន​ចេញ​ទើប​អ្នកគ្រប់គ្រង​បាន​ហៅ​បុរស​ដែល​ត្រូវបាន​ដំឡើង​តំណែង​មក ហើយ​បញ្ជារ​គាត់​ឱ្យទៅ​រកមើល​ឪ​ឡឹ​ក​នៅឯ​ផ្សារ​ដូចគ្នា​។

ក្រោយ​ពេលដែល​ត្រលប់​មកវិញ​បុរស​ដែល​ត្រូវបាន​ដំឡើង​តំណែង បាន​ប្រាប់​ទៅ​អ្នកគ្រប់គ្រង​ថា “​នៅ​ផ្សារ​មានតែ​តូប​លក់​ឪ​ឡឹកមួយ​ប៉ុណ្ណោះ ហើយ​អ្នកលក់​គឺជា​មនុស្ស​ប្រុស​ដែល​គាត់​ដាក់លក់​ឪ​ឡឹ​កមួយ​ផ្លែ​ក្នុង​តម្លៃ $១២​ និង $១០​សម្រាប់​ការទិញ ១០ ផ្លែ​ឡើងទៅ​។ បុរស​ដែល​លក់​ឪ​ឡឹ​កមាន​ឪ​ឡឹ​ក​ក្នុង​តូប​សរុប ៣៤០ផ្លែ និង​បានដាក់​បង្ហាញ​ចំនួន ៤៨ផ្លែ​។ ផ្លែ​ឪ​ឡឹក​នីមួយៗ ​មាន​ទំងន់​ប្រហែល ១.៥ គីឡូក្រាម និង​ទើបតែ​ដឹក​មកដល់​ក្នុង​រយ​:​ពេល ០២ថ្ងៃមុន និង​នៅតែ​រក្សាបាន​នូវ​ភាពស្រស់​ជាមួយនឹង​គុណភាព​ផងដែរ​”​។​

​អ្នកគ្រប់គ្រង​បានបង្ហាញ​ឱ្យ​បុរស​ដែល​មិនត្រូវ​បាន​ដំឡើង​តំណែង​ បានឃើញ​ពី​ភាពខុសគ្នា​នេះ ហើយ​អ្នកគ្រប់គ្រង​បាន​ប្រាប់​ទៅ​បុរស​នោះ​ ឱ្យធ្វើ​ការរៀនសូត្រ​ពី​មិត្ត​របស់ខ្លួន និង​មិន​គួរ​ណា​មានការ​ច្រណែន​ ជាមួយនឹង​លទ្ធផល​ដែល​មិត្ត​របស់ខ្លួន​ទទួល​បានឡើយ​។​