ហេតុអ្វីបានជាវិស័យកសិកម្មថៃរីកចម្រើនខ្លាំង?

ថៃជាប្រទេសកំពុងអភិវឌ្ឍ ស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែបើនិយាយអំពីវិស័យកសិកម្ម គឺរីកលូតលាស់សម្បើម និងនាំចេញអង្ករក្នុងបរិមាណច្រើន រហូតដល់រាប់សិបលានតោនក្នុងមួយឆ្នាំៗ។ ខាងក្រោមនេះជាអត្ថបទស្ដីពីវិស័យកសិកម្មរបស់ប្រទេសថៃ ដោយផ្ដោតលើមុខដំណាំសំខាន់ៗ និងការប្រមូលផលពីផ្នែកជលផល។

ឈ្មោះជាផ្លូវការ ៖ ព្រះរាជាណាចក្រថៃ
ផ្ទៃដីសរុប ៖ ៥១៣ ១២០ គីឡូម៉ែត្រការ៉េ
ប្រជាពលរដ្ឋសរុប ៖ ជាង ៦៧ លាននាក់
ទំហំសេដ្ឋកិច្ច ៖ ៣៨៧,៣ ពាន់លានដុល្លារ (GDP Nominal) តួលេខរបស់ធនាគារពិភពលោកឆ្នាំ២០១៣
ផ្ទៃដីបង្កបង្កើនផល ៖ ២០,៤ លានហិកតារ
មុខព្រួញសេដ្ឋកិច្ចសំខាន់ៗ ៖ ១- វិស័យទេសចរណ៍ ២- វិស័យកសិកម្ម ៣- វិស័យឧស្សាហកម្ម

ដំណាំស្រូវមិនត្រឹមតែជាដំណាំសំខាន់របស់ប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងជាដំណាំនាំចេញដ៏សំខាន់ទៀតផងសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ។ តាំងពីរាប់សិបឆ្នាំមុនមកម៉្លេះ ប្រទេសថៃនាំមុខគេជានិច្ចខាងនាំអង្ករចេញទៅលក់នៅទីផ្សារអន្តរជាតិ (ប៉ុន្មានឆ្នាំនេះ រាងធ្លាក់ដៃបន្តិច)។ តំបន់ដាំស្រូវសំខាន់ជាងគេ គឺនៅតាមដងទន្លេចៅប្រជា (the Cjap Phraya basin) និងនៅតំបន់វាលទំនាបខូរ៉ាត (the Khorat Platearu)។

ដំណាំសំខាន់ៗរបស់ប្រទេសថៃមានដូចជា៖សាគូ – ពោត – ដំឡូងមី – ផ្លែមៀន – ស្វាយ – ម្នាស់ – ធូរេន – ស្វាយចន្ទី – បន្លែគ្រប់មុខ និងផ្កា។ ក្រៅពីនេះ ដំណាំខ្នាតធំដែលត្រូវបានដាំដុះនៅលើកសិដ្ឋានធំៗតាមបែបផែន «កសិអាជីវកម្ម – agro-business» មានដូចជា ៖ កៅស៊ូ – កាហ្វេ – អំពៅ។ល។ ផ្ទៃដីមួយផ្នែកធំដែលធ្លាប់យកទៅបង្កបង្កើនដំណាំថ្នាំជក់ ត្រូវបង្វែរទៅដាំអ្វីផ្សេង អាស្រ័យដោយសារទីផ្សារដំណាំនេះកំពុងរួញតូចទៅៗ។

ទិន្នផលអង្ករដែលប្រមូលផលបានកាលពីឆ្នាំ២០០១-២០០២ គឺ ១៧,៥ លានតោន។ ឆ្នាំ១៩៩៩ ប្រទេសថៃប្រមូលផលកៅស៊ូបាន ២ ១៩៨ ០០០ តោន (ជាងពីរលានតោន) គឺច្រើនជាងគេក្នុងពិភពលោក។ ជារៀងរាល់ឆ្នាំប្រទេសថៃប្រមូលផលពីដំណាំអំពៅបាន ៥២,៨ លានតោន ចំណែកសាគូប្រមូលបាន ១៦,៥ លានតោន (សាគូថៃមានចំណែក ៩៥% នៃសាគូសរុបទូទាំងពិភពលោក)។

ក្នុងនាមជាប្រទេសឧស្សាហកម្មជាន់ថ្មី (newly industrialized nation) ថៃបានពង្រីកទិន្នផលកសិកម្មឲ្យកាន់តែច្រើនលើសមុនដើម្បី រត់ឲ្យទាន់តម្រូវការក្នុងរោងចក្រសហគ្រាស។ កាលពីក្នុងទសវត្សទី៦០ ចំណូលពីវិស័យកសិកម្មមានចំណែក ៤០% នៃចំណូលជាតិសរុប ប៉ុន្តែអាស្រ័យដោយសារការរីកលូតលាស់យ៉ាងឆាប់រហ័សខាងឧស្សាហកម្ម ធ្វើឲ្យចំណូលពីវិស័យនេះធ្លាក់ចុះមកនៅ ១២% កាលពីទសវត្សទី ៨០ និងបច្ចុប្បន្ន នៅសល់ក្រោម ៩%។

ចំណោមកម្លាំងពលកម្មរបស់ថៃដែលមានប្រមាណ ៣០ លាននាក់ គឺត្រូវវិស័យកសិកម្មស្រូបយក ៥០%។ វិស័យកសិកម្មនៅតែជាវិស័យដែលបង្កើតមុខរបរ និងការងារជូនប្រជាពលរដ្ឋថៃ និងធ្វើឲ្យប្រទេសនេះមានភាពឯករាជម្ចាស់ការផ្នែកគ្រឿងឧបភោគបរិភោគ និងស្បៀងអាហារ (មិនត្រូវការនាំចូលពីក្រៅស្រុក)។

កត្តាសំខាន់ដែលធ្វើឲ្យប្រទេសថៃមានអំណោយផលផ្នែកដាំដំណាំ គឺថៃសម្បូរប្រព័ន្ធស្រោចស្រព (irrigation) និងការគ្រប់គ្រងធនធានទឹកបានល្អ។ កសិផលដែលប្រទេសថៃនាំចេញច្រើនជាងគេលំដាប់ពិភពលោក មានដូចជាអង្ករ – កៅស៊ូ – ម្នាស់ និងបង្គាសមុទ្រ។ កសិផលដែលប្រទេសថៃនាំមុខគេនៅទ្វីបអាស៊ីគឺសាច់មាន់ (ជាប់ចំណាត់ថ្នាក់លេខ ៥ ពិភពលោក)។ ចាប់តាំងពីទសវត្សទី៧០ រៀងមក ប្រទេសថៃនាំមុខគេជានិច្ចខាងនេសាទបង្គា – ត្រី និងផលិតផលធ្វើអំពីសាច់ត្រី៕

ប្រភព:បរទេស

ដោយ:មករា