ហេតុផល​៤បញ្ជាក់​​ថា​​អ្នក​ធ្វើ​ដំណើរ​​កាន់តែ​ច្រើន​ ជួយ​ឲ្យ​​ជីវិត​អ្នក​ផ្លាស់ប្ដូរ​កាន់តែ​​ប្រសើរ​​​​!

វា​ជា​រឿង​ធម្មតា​ដែល​មាន​ប្រិយមិត្ត​​មួយ​ចំនួន​មិន​ចូលចិត្ត​ការ​ធ្វើ​ដំណើរ ខណៈ​ដែល​​ប្រិយមិត្ត​​មួយ​ចំនួន​ទៀត​ចាត់ទុក​ថា​ វា​ជា​រឿង​សំខាន់។ យ៉ាងណាមិញ​សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ធ្វើ​ដំណើរ​ មិន​ចំពោះ​​ថា​​ការ​ធ្វើ​ដំណើរ​របស់​​​អ្នក​​ធ្វើ​ឡើង​ក្នុង​គោលដៅ​ ដំណើរ​កម្សាន្ត ទស្សនកិច្ច​សិក្សា ឬ ការងារ​យ៉ាងណា​នោះ​ទេ គេ​បាន​រក​ឃើញ​ថា ​វា​​ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​ណាស់។ 

នេះ​បាន​លើក​ជា​សំនួរ​មួយ​ឡើង​ថា តើ​ប្រយោជន៍​ទាំង​នោះ​​មាន​អ្វី​ខ្លះ​? ពិត​មែន​ហើយ ៤ ចំណុច​ខាងក្រោម​នេះ​នឹង​អាច​បកស្រាយ​​ជូន​មិត្ត​អ្នកអាន​​បាន​ឲ្យ​អស់​ចម្ងល់​នៅ​ពេល​នេះ។ 

១) ជួយ​ពង្រីក​​ចំណេះដឹង​កាន់តែ​​ទូលំទូលាយ​ជាង​មុន​
នៅ​ពេល​ដែល​អ្នក​ឈាន​ជើង​ចេញ​ពី​​លំនៅឋាន​របស់​អ្នក​​ទៅ​កាន់​តំបន់​ ឬ ប្រទេស​ផ្សេង​ទៀត​ អ្នក​នឹង​ដឹង​ថា តើ​ពិភពលោក​មាន​ទំហំ​ប៉ុណ្ណា? អ្វី​ដែល​អ្នក​បាន​ឃើញ​មុន​​គេ គឺ​ទិដ្ឋភាព​​ទូទៅ វប្បធម៌ ​របៀបរបប​រស់​នៅ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។ អ្នក​ស្គាល់​​ពិភព​ខាងក្រៅ​ថ្មីៗ​កាន់តែ​ច្រើន អ្នក​នឹង​​កាន់តែ​ពង្រីក​ការ​យល់​ដឹង ជា​ពិសេស​​គំនិត​ និង ទស្សន​ថ្មី​ៗ​ពី​តម្លៃ​ជីវិត​​របស់​អ្នក​ទៅ​កាន់​ពិភពលោក​ខាងក្រៅ។ និយាយ​ឲ្យ​ស្រួល​ស្តាប់ វា​ប្រៀប​ដូច​ជា​ស្ទូច​យក​កង្កែប​ក្នុង​អណ្តូង​មួយ​​ចេញ​មក​ក្រៅ​ដូច្នេះ​ដែរ។ 

២) ​ជួយ​​បង្កើត​​បទពិសោធន៍​ថ្មីៗ​កាន់តែ​ច្រើន​
បទពិសោធន៍​គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត​មួយ​ផង​ដែរ​ក្រៅ​​ពី​ការ​ធ្វើ​ដំណើរ​របស់​អ្នក។ ជា​ឧទាហរណ៍​ នៅ​ព្រឹក​​នេះ​ អ្នក​បើក​ភ្នែក​ឡើង​​​ស្រាប់​តែ​អ្នក​កំពុង​មាន​វត្តមាន​នៅ​សិង្ហបុរី តែ​ព្រឹកស្អែក​អ្នក​​មាន​វត្តមាន​​នៅ​ទីក្រុង​ហុងកុង។ ២ ថ្ងៃ​ក្រោយ​មក​ អ្នក​កំពុង​​​​អង្គុយ​លេង​នៅ​​សហរដ្ឋអាមេរិក។ ចូល​ស្រមៃ​មើល​តើ​ពិភពលោក​​ខុសគ្នា​​យ៉ាងណា?​ នេះ​ វា​​បាន​បង្រៀន​អ្នក​​ពី​អ្វី​ដែល​អ្នក​មិន​ធ្លាប់​ឃើញ ឬ ធ្លាប់​ជួប​​ពី​មុន​មក​ហើយ​នៅ​ពេល​ដែល​​​អ្នក​ស្គាល់​​កន្លែង​ថ្មីៗ​​កាន់តែ​ច្រើន​ឡើង បទពិសោធន៍​របស់​អ្នក​ក៏​​កាន់តែ​​​មាន​ទៅ​តាម​នោះ​​ដែរ។ ​​​​

៣) បង្រៀន​អ្នក​ឲ្យ​ចេះ​​​អត់ធ្មត់​​
ទោះបី​ជា​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ធ្វើ​ឡើង​ដោយ​មធ្យោបាយ​ណា​ក៏ដោយ មិន​ថា តាម​ផ្លូវ​អាកាស ផ្លូវ​ដី និង​ ផ្លូវ​ទឹក​នោះ​ទេ អាច​នឹង​ប្រឈមមុខ​ឧបសគ្គ​ជា​ច្រើន​ក្នុង​នោះ​មាន​ដូច​ជា សុវត្ថិភាព ភាព​រអាក់រអួល សេវា​កម្ម​យឺតយ៉ាវ​ ​ដោយ​ហេតុ​ថា ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​មាន​ស្ថានភាព​​ខុសគ្នា​ជានិច្ច​។ ពិតប្រាកដ​ណាស់​ដែរ​ថា ​​អ្នក​មិន​​ពេញ​ចិត្ត​ចំណុច​ទាំង​នេះ​ តែ​សូម​ចាំ​ថា វា​​​កំពុង​បង្រៀន​អ្នក​​ឲ្យ​ចេះ​អត់ធ្មត់​ ដើម្បី​ចេះ​​រៀន​រស់​​នៅ​​បច្ចុប្បន្ន​​កាល​មួយ​ដែល​អ្នក​កំពុង​ជួប​ប្រទះ។

៤) ជួយ​បង្រៀន​​អ្នក​ឲ្យ​ចេះ​រស់​នៅ​ជាមួយ​​​វប្បធម៌​យ៉ាង​សំបូរ​បែប​
​​​​អ្នក​នឹង​ជួប​ប្រទះ​វប្បធម៌​ ឬ របៀប​រស់​នៅ​ប្លែកៗ​ជា​ច្រើន​នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។ ទាំង​នេះ​មាន​ដូច​ជា​ ជំនឿ ការ​ទំនាក់ទំនង ​សកម្មភាព​ការងារ អាកាសធាតុ​ក្តៅ ឬ ត្រជាក់ និង​ស្ថានភាព​អភិវឌ្ឍ​ផ្សេងៗ​ជា​ច្រើន​ទៀត។ វា​ជា​រឿង​មួយ​​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល​ តែ​អ្វី​ដែល​សំខាន់​​ទាំង​នេះ​នឹង​​បង្រៀន​អ្នក​​បើក​ចំហ​​ផ្លូវ​ចិត្ត​កាន់តែ​ទូលំទូលាយ ចាប់​ផ្តើម​រៀន​រស់​ជា​មួយ​មនុស្ស​ទាំង​នោះ ហើយ​អាច​ដកស្រង់​ជា​បទពិសោធន៍​​​​​ថ្មីៗ​សំដៅ​កែប្រែ​​​ស្ថានភាព​ដើម​របស់​អ្នក​​ឲ្យ​កាន់តែ​ល្អ​ជាង​មុន៕

ប្រភព:បរទេស

ដោយ:មករា