នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ សូម​ចងចាំ​ត្រណម​ទាំង​ប៉ុន្មាន​ប្រការ​នេះ

ខាងក្រោម​នេះ​ ជា​ត្រណម​ដប់​ប្រការ​ដែល​លោក​អ្នក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ក្នុង​បុព្វហេតុ​អ្វី​មួយ ជា​លក្ខណៈ​កម្សាន្ត – សិក្សា – ធ្វើ​ជំនួញ។ល។ គួរ​ចង​ចាំ​ទុក​ដើម្បី​សម្រប​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង​នៅ​ក្នុង​សង្គម​របស់​គេ។

១- គួរ​គប្បី​ជៀស​វាង​ការ​និយាយ​អ្វី​ប៉ះពាល់​ព្រះមហាក្សត្រ ឬ​ព្រះ​ញាតិវង្សានុវង្ស ព្រោះ​ប្រជារាស្ត្រ​ថៃ គោរព​ស្ដេច​តាំង​ពី​យូរយារ​ណាស់​មក​ហើយ ហើយ​ប្រសិន​បើ​លោក​អ្នក​និយាយ​អ្វី​មិន​ស្រួល អាច​ប្រឈម​នឹង​បទចោទប្រកាន់​ផ្សេងៗ ឈាន​ទៅ​ដល់​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ។

២- គួរ​ជៀសវាង​ការ​និយាយ​ទិតៀន​របប​ដឹកនាំ ឬ​មនុស្ស​ក្នុង​គ្រួសារ​ថ្នាក់​ដឹកនាំ​កំពូលៗ ពុំ​នោះ​ទេ លោក​អ្នក​អាច​ប្រឈម​នឹង​បទចោទប្រកាន់​និង​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ច្រើន​ឆ្នាំ។

៣- គួរ​ជៀសវាង​ការ​បង្ហាញ​អាកប្បកិរិយា​មិន​សមរម្យ​ដាក់​ព្រះ​ពុទ្ធបដិមា ​ព្រោះ​ប្រជារាស្ត្រ​ថៃ​គោរព​ព្រះពុទ្ធ​សាសនា។ ​ព្រះពុទ្ធ​រូប ត្រូវ​បាន​ទុក​ជា​វត្ថុ​សក្ការៈ (sacred) ដូចនេះ អ្នក​ទេសចរ​មិន​អាច​យក​ដៃ​ទៅ​ប៉ះពាល់ អង្អែល​ព្រះកេស ឬ​ឡើង​អង្គុយ​លើ​ព្រះពុទ្ធ​រូប​បាន​ជា​ដាច់​ខាត។

៤- សូម​ជៀស​វាង​ដាច់​ខាត​ការ​នាំ​យក​ព្រះពុទ្ធ​រូប​ចេញ​ពី​ប្រទេស​ថៃ ព្រោះ​ជា​បទល្មើស​ធ្ងន់ធ្ងរ​ ហើយ​អាច​ធ្វើ​ដូច្នេះ ក្នុង​ករណី​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។

៥- គួរ​ជៀសវាង​អាកប្បកិរិយា​មិន​សមរម្យ​ដាក់​ព្រះសង្ឃ ដូចជា​អង្គុយ​ពែនភ្នែន​មុខ​ព្រះសង្ឃ​ជាដើម។ មនុស្ស​ស្រី​គួរ​កុំ​ប៉ះពាល់​សាច់​ព្រះសង្ឃ បាត ឬ​ស្បង់​ចីពរ​ព្រះសង្ឃ ​ព្រោះ​ជា​របស់​ត្រណម និង​ល្មើស​នឹង​​ពុទ្ធ​បញ្ញត្តិ​ (ព្រះ​សង្ឃ​ត្រូវ​អាបត្តិ​)។

៦- សូម​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន។ ពេល​ឆ្លងកាត់​ប៉ុស្តិ៍​ឆែកឆេរ សូមកុំ​យួរ​ឥវ៉ាន់​អ្នក​ដទៃ​ជំនួស​គេ ​ព្រោះ​អាច​ផ្ទុក​គ្រឿង​ញៀន​នៅ​ក្នុង​នោះ។ តែ​កាលណា​ ប៉ូលិស​ឆែក​ឃើញ គឺ​លោក​អ្នក​អាច​ត្រូវ​យក​ទៅ​ផ្ដន្ទា​ទោស​ប្រហារជីវិត ឬ​ជាប់​គុក​មួយ​ជីវិត។

៧- ជៀស​វាង​ការ​ងូត​ទឹក​សមុទ្រ​ហើយ​ដេក​សំដិល​ហាលថ្ងៃ (sunbath) ដោយ​​ចំហ​ល្វែង​លើ (អត់​ពាក់​អាវ​បិទបាំង​កេរខ្មាស)ចំពោះ​មនុស្ស​ស្រី។ ទង្វើ​បែប​នេះ​អាក្រក់​រក​លេខ​ដាក់​គ្មាន​នៅ​ក្នុង​សង្គម​ថៃ ជា​ពិសេស​ក្នុង​ចំណោម​អ្នក​អភិរក្ស​និយម។

៨- កុំ​យក​ដៃ​ប៉ះ ឬ​អង្អែល​ក្បាល​អ្នក​ដទៃ ទោះ​បី​រវាង​មនុស្ស​ចាស់​អង្អែល​ក្បាល​កូន​ក្មេង​ក៏​ដោយ ​ព្រោះ​ក្បាល​ជា​កន្លែង​សិរីសួស្ដី កាលណា​ប៉ះពាល់​ក្បាល ធ្វើ​ឲ្យ​អ័ព្ទ​រាសី ឬ​យីអ៊ុន​ដាក់។

៩- ប្រសិនបើ​អាច​ជៀស​បាន គួរ​កុំ​ទៅ​រក​សេវា​ផ្លូវ​ភេទ ព្រោះ​ចំណោម​អ្នក​ផ្ដល់​សេវា​នេះ មាន​អត្រា​រីក​រាលដាល​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​ខ្ពស់ និង​ម៉្យាងទៀត ជន​ពាល​ក៏​មាន​ច្រើន​ក្នុង​ប្លុក​បែប​នេះ ហើយ​លោក​អ្នក​អាច​ត្រូវ​ក្រុម​នេះ​ប្លន់។ មួយ​វិញ​ទៀត គួរ​ជៀសវាង​កុំ​ប្រឡូក​ក្នុង​ល្បែង​ស៊ីសង​ឲ្យ​សោះ ព្រោះ​ជា​បទល្មើស​ធ្ងន់ធ្ងរ។

១០- សំណួរ​ខ្លះ​ដែល​ប្លែក​សម្រាប់​វប្បធម៌​ប្រទេស​ដទៃ ដូចជា​នៅ​អឺរ៉ុប​ជា​ដើម ប៉ុន្តែ​នៅ​ប្រទេស​ថៃ​ជា​រឿង​ល្អ​ទៅ​វិញ។ ឧទាហរណ៍ នៅ​ពេល​ស្វាគមន៍​គ្នា​ជា​លើក​ដំបូង គេ​និយម​សួរ​អំពី​រឿង​ផ្ទាល់​ខ្លួន​ដូចជា «នៅ​លីវ ឬ​មាន​គ្រួសារ​ហើយ?» «ប្រាក់ខែ​ប៉ុន្មាន?» «អាយុ​ប៉ុន្មាន»។ល៕

ប្រភព:បរទេស
ដោយ:ទេវី