ម៉ុងហ្គោលី​ធ្លាប់​ជា​ចក្រភព​ធំ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ហេតុ​អ្វី​ក៏​ធ្លាក់​ខ្លួន​នៅ​សល់​ដី​​​ដូច​សព្វថ្ងៃ?

ប្រទេស​ដែល​ធ្លាប់​មាន​ឥទ្ធិពល​យ៉ាង​ធំធេង នៅ​លើ​ឆាក​អន្តរជាតិ រហូត​ដល់​មាន​ឈ្មោះ​ជា​ចក្រភព បាន​រលំរលាយ​បាត់​ស្រមោល​ជា​បន្តបន្ទាប់ កាល​ពី​អតីតកាល។

ខាង​ក្រោម​នេះ ជា​ការ​រៀបរាប់​ត្រួសៗ​អំពី​ការ​ចាប់​កំណើត និង​ការ​ដួល​រលំ​ នៃ​ចក្រភព​ម៉ុងហ្គោល ដែល​ធ្លាប់​មាន​ទឹកដី​គ្រប់គ្រង​យ៉ាង​ធំធេង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ ហើយ​បច្ចុប្បន្ន បន្សល់​ទុក​ប្រទេស​ម៉ុងហ្គោលី ដែល​មាន​ផ្ទៃ​ដី​​​តូច​បើ​ធៀប​នឹង​​​​ផ្ទៃ​ដី​នៅ​ពេល​ដែល​​ម៉ុងហ្គោល​​ក្លាយ​ជា​ចក្រភព​ (ផ្ទៃ​ដី​​ទំហំ​ ជាង​ ១,៥​​លាន​គីឡូម៉ែត្រ​​ការ៉េ) និង​រស់​នៅ​ដាច់​សង្វែង​តែ​ឯង តែ​គេ​ក៏​អាច​ស្គាល់​ត្រើយ​សុភមង្គល​​មួយ​បែប​ដែរ។
ដើម​កំណើត​នៃ​ចក្រភព​ម៉ុងហ្គោល និង​នយោបាយ​ពង្រីក​ទឹក​ដី
ចក្រភព​ម៉ុងហ្គោល មាន​ទំហំ​ដី​ធំជាង​ចក្រភព​ណាៗ​ទាំងអស់ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក។ តំបន់​ត្រួតត្រា​របស់​ចក្រភព​ម៉ុងហ្គោល លាត​សន្ធឹង​ពី​សមុទ្រ​លឿង (Yellow River) នៅ​អាស៊ី​ភាគ​ខាង​កើត (ប្រទេស​ចិន) ទៅ​ទល់​នឹង​ទ្វីប​អឺរ៉ុប​ភាគ​ខាង​កើត។ 

ចក្រភព​នេះ​ធ្លាប់​វាយ​យក​តំបន់​នានា​មក​កាន់​កាប់​ដែល​​បច្ចុប្បន្ន​ជា​ទឹកដី​នៃ​ប្រទេស​ ទឹក​ដី​នៃ​ប្រទេស​ចិន កូរ៉េ ម៉ុងហ្គោលី ពែក្ស (អ៊ីរ៉ង់) ទួកេស្ថាន (Turkestan) និង​ប្រទេស​អាមេនៀ (Armenia)។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង ចក្រភព​ម៉ុងហ្គោល​បាន​ដើរ​ឈ្លាន​ពាន​ដើម្បី​ពង្រីក​ទឹក​ដី​ ដល់​ប្រទេស​មីយ៉ាន់ម៉ា (ភូមា) វៀតណាម ថៃ និង​រុស្ស៊ី។ នៅ​ក្នុង​ដំណាក់​កាល​រីក​ចម្រើន​ដល់​កម្រិត​កំពូល កាល​ពី​ឆ្នាំ១២៧៩ ម៉ុងហ្គោល​លាតសន្ធឹង​លើ​ផ្ទៃ​ដី ៣៣ លាន​គីឡូម៉ែត្រ​ការ៉េ
ពួក​ម៉ុងហ្គោល កាល​ដើម​ឡើយ ជា​ពួក​កុលសម្ព័ន្ធ​ពនេចរ ឬ​ពួក​ចរកជន (nomadic tribes) នៅ​ប្រទេស​ម៉ុងហ្គោលី តំបន់​ម៉ាន់ជូរី និង​តំបន់​ស៊ីបេរី។ គេ​ច្រើន​ចិញ្ចឹម​សត្វ​ដើម្បី​យក​សាច់ និង​ទឹក​ដោះ ធ្វើ​ជា​អាហារ​ ព្រោះ​នៅ​តំបន់​នោះ សុទ្ធ​សឹង​ជា​តំបន់​ខ្ពង់រាប និង​តំបន់​ភ្នំ ហើយ​សម្បូរ​ស្មៅ​ណាស់ គឺ​ស្មៅ​ដុះ​រាប់​ពាន់​គីឡូម៉ែត្រ​ដាច់​កន្ទុយ​ភ្នែក ដែល​គេ​ឲ្យ​ឈ្មោះ​ថា «វាលស្តិប -steppes»។ ជា​ទំនៀមទម្លាប់ ជន​ជាតិ​ម៉ុងហ្គោលី​បរិភោគ​សាច់ ​និង​ទឹកដោះ​ចៀម និង​ពពែ ជា​អាហារ​ ព្រោះ​មិន​អាច​បង្កបង្កើន​ផល​ដំណាំ​អ្វី​បាន​ទាំង​អស់ ព្រោះ​ជា​តំបន់​ធ្លាក់​ទឹកកក។ 

ពួក​ម៉ុងហ្គោល​ជា​ពូជ​អ្នក​ចម្បាំង ព្រោះ​គេ​ឲ្យ​តម្លៃ​លើ​ការ​ធ្វើ​ទាហាន ហើយ​យុវជន​ទាំង​ប្រុស​ទាំង​ស្រី សុទ្ធ​តែ​ចេះ​យុទ្ធ​គុន និង​យុទ្ធ​សាស្ត្រ​សង្គ្រាម​ទាំងអស់ ជាពិសេស ខាង​បាញ់​ព្រួញ និង​ជិះ​សេះ គឺ​ជា​ជំនាញ​របស់​គេ​តែ​ម្ដង។

អំពី​ប្រវត្តិ​នៃ​ការ​កកើត​ចក្រភព​ម៉ុងហ្គោល
សង់​ស៊ីខាន់ (Genghis Khan): មេ​កុលសម្ព័ន្ធ​ម្នាក់​ឈ្មោះ​សង់​ស៊ីខាន់ បាន​ឡើង​គ្រប់​គ្រង​តំបន់​ ហើយ​ចាប់​ផ្ដើម​រួបរួម​រវាង​កុលសម្ព័ន្ធ​ផ្សេង​ទៀត ដែល​រស់​នៅ​បែកខ្ញែក​គ្នា ឲ្យ​រួមគ្នា​ជា​មួយ​ក្រុម​របស់​គាត់ ហើយ​បង្កើត​ជា​កងទ័ព​ដ៏​ខ្លាំង​ពូកែ ដើរ​ឈ្លាន​ពាន​តំបន់​ និង​ប្រទេស​ជិតខាង​យក​មក​ដាក់​ជា​រណប​របស់​ខ្លួន។ សង់​ស៊ីខាន់ ជា​បុគ្គល​ដ៏​សាហាវ​ឃោរឃៅ សម្លាប់​មនុស្ស​គ្មាន​ប្រណី​ដៃ ហើយ​ជា​មនុស្ស​មាន​មហិច្ឆតា​ពាស​មេឃ។

ប្រទេស​ចិន​ជា​តំបន់​ដែល​សង់ស៊ីខាន់​ចង់​វាយ​យក​មក​គ្រប់គ្រង ប៉ុន្តែ​ដំបូង​គាត់​ត្រូវ​វាយ​យក​ប្រទេស​ស៊ីសៀ (Xi Xia) ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ចិន​ ហើយ​បន្ទាប់​មក សង់​ស៊ីខាន់​វាយ​យក​ប្រទេស​ចិន​ភាគខាង​ជើង​ទៀត។ តំបន់​នេះ កាលណោះ ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ពួក​ម៉ាន់ជូ (Manchu) នៃ​រាជវង្ស​ជីន (Jin dynasty)។ សង់​ស៊ីខាន់ ជ្រើសរើស​យក​រដូវ​ស្លឹកឈើ​លាស់ ជា​ពេល​វេលា​សម្រាប់​វាយ​លុក​ ដើម្បី​ងាយស្រួល​រក​ចំណី​ឲ្យ​សេះ​ស៊ី ព្រោះ​ត្រូវ​វាយ​កាត់​វាល​លំហ​ហ្គោប៊ី (Gobi Desert)។ ពួក​ម៉ុងហ្គោល​ច្បាំង​ទល់​នឹង​កងទ័ព​ចិន​អស់​រយៈ​ពេល​រាប់​សិប​ឆ្នាំ ទម្រាំ​វាយ​យក​បាន​ប្រទេស​ចិន​ភាគ​ខាង​ជើង ប៉ុន្តែ​ទម្រាំ​ដល់​ពេល​នោះ (ឆ្នាំ១២៣៤) សង់ស៊ីខាន់​បាន​ទទួល​មរណៈ​ភាព​រួច​ជា​ស្រេច (សង់​ស៊ីខាន់​ស្លាប់ ឆ្នាំ១២១៨)។
កូន​ប្រុស​របស់​សង់ស៊ីខាន់​ស្នង​តំណែង​ពី​ឪពុក​របស់​ខ្លួន ហើយ​បន្ត​អនុវត្ត​នយោបាយ​ដើរ​ឈ្លាន​ពាន​គេ​ជា​បន្ត​ទៀត ដោយ​ច្បាំង​មិន​ចេះ​ចាញ់។ ឆ្នាំ១២៤១ កងទ័ព​សេះ​ម៉ុង​ហ្គោល ១៥ម៉ឺន​នាក់​ វាយ​យក​បាន​ប្រទេស​ហុងគ្រី និង​ប៉ូឡូញ ហើយ​គេ​បារម្ភ​ថា​ក្រុម​នេះ​អាច​វាយ​យក​តំបន់​អឺរ៉ុប​ខាង​លិច​ទៀត។ ផែនការ​នេះ​មិន​ទាន់​យ៉ាង​ណា​ផង កូន​សង់​ស៊ីខាន់​ក៏​ស្លាប់​នៅ​ក្នុង​សមរភូមិ​។ ក្រោយ​មរណៈ​ភាព​នេះ ពួក​មេទ័ព​ម៉ុងហ្គោល​បាន​កែប្រែ​នយោបាយ​របស់​ខ្លួន ដោយ​មិន​វាយ​យក​តំបន់​ណា​ទៀត​ទេ ហើយ​វិល​ទៅ​ស្រុក​ដើម​របស់​ខ្លួន​វិញ ដើម្បី​រើស​អ្នក​ដឹកនាំ​ថ្មី។

ចក្រភព​ម៉ុងហ្គោល ក្នុង​ដំណាក់កាល​ចុងក្រោយ
ចៅ​ប្រុស​របស់​សង់​ស៊ីខាន់ គឺ​គូប្លៃខាន់ (Kublai Khan) វាយ​យក​ប្រទេស​ចិន​បាន​សម្រេច​ នៅ​ក្នុង​ឆ្នាំ១២៧៩ បន្ទាប់​ពី​វាយ​ផ្ដួល​រំលំ​រាជវង្ស​សុង​ពី​រាជបល្ល័ង្ក នៅ​ប្រទេស​ចិន​ភាគ​ខាង​ត្បូង។ សូម​បញ្ជាក់​ថា​កងទ័ព​រាជវង្ស​សុង​ខ្លាំង​ពូកែ ទម្រាំ​ពួក​ម៉ុងហ្គោល​វាយ​ឈ្នះ រាង​ពិបាក​ដែរ។ ពួក​ម៉ុង​ហ្គោល​ប្រុង​វាយ​យក​ប្រទេស​ជប៉ុន និង​តំបន់​អាស៊ីអាគ្នេយ៍​ទៀត ប៉ុន្តែ​ត្រូវ​បរាជ័យ ព្រោះ​ពួក​នេះ មិន​សូវ​ជំនាញ​ខាង​សង្គ្រាម​ជើង​ទឹក និង​សង្គ្រាម​ក្នុង​ព្រៃ (អាស៊ី​អាគ្នេយ៍​ កាលណោះ ព្រៃ​ដុះ​ឡើង​ក្រាស់​ឃ្មឹក​)។ ឆ្នាំ១៣៦៨ ចក្រភព​ម៉ុងហ្គោល​ចាប់​ផ្ដើម​ថមថយ​ឥទ្ធិពល​បន្តិចម្ដងៗ រហូត​ដល់​រលាយ​ចក្រភព​តែ​ម្ដង។

ចក្រភព​ម៉ុងហ្គោល​ឈាន​ដល់​ថ្ងៃ​អវសាន​នៃ​ជីវិត
ដូច​បាន​ជម្រាប​ជូន​ពី​ខាង​ដើម​ស្រាប់ ចក្រភព​ម៉ុងហ្គោល​មាន​វិសាលភាព​ធំ​ទូលាយ​ពេក តាំង​ពី​អាស៊ី​បូព៌ា ដល់​អាស៊ី​កណ្ដាល មជ្ឈិមបូព៌ា ធ្លាយ​ដល់​អឺរ៉ុប​ខាង​កើត​ទៀត ដូច​នេះ​មិន​ងាយ​ស្រួល​គ្រប់គ្រង​ឡើយ។ មូលហេតុ​នេះ​ហើយ ទើប​បាន​ជា​តំបន់​ដែល​ធ្លាប់​ចំណុះ​ចក្រភព​ម៉ុងហ្គោល ចាប់​ផ្ដើម​បែក​ចិត្ត​ពី​មេធំ​បន្តិចម្ដងៗ ធ្វើ​ឲ្យ​អំណាច​កណ្ដាល​ត្រូវ​សាប​រលាប។ ចក្រភព​ម៉ុងហ្គោល​បាន​ស្គាល់​នូវ​ភាព​ខ្លាំង​ដល់​កម្រិត​កំពូល​បាន​តែ​មួយ​ឆាវ​ប៉ុណ្ណោះ ព្រោះ​ពូកែ​តែ​ខាង​កាប់​ចាក់ មិន​សូវ​ពូកែ​ខាង​ដឹកនាំ និង​គ្រប់គ្រង​ប្រទេស ពោល​គឺ​ពួក​នេះ​មិន​ដឹង​អំពី​វិធី​ចាត់​ចែង​កិច្ច​ការ​រដ្ឋ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច ម្ល៉ោះ​ហើយ ដួល​រលំ​ឯង ដោយ​មិន​បាច់​គេ​ច្រាន។ 

ពេល​គូប្លៃ​ខាន់​ស្លាប់​ទៅ ចក្រភព​ម៉ុងហ្គោល បាន​បែក​ជា​បក្ស​ជា​ពួក​ច្រើន​ក្រុម ហើយ​គ្មាន​ឯកភាព​ផ្ទៃ​ក្នុង​ជាតិ​ទាល់​តែ​សោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង ប្រទេស​ចិន​បាន​ងើប​បះបោរ ច្បាំង​ទល់​នឹង​រដ្ឋាភិបាល​កណ្ដាល ហើយ​អាច​រំដោះ​ខ្លួន​ពី​ចក្រភព​នេះ​វិញ ហើយ​បាន​បង្កើត​រដ្ឋាភិបាល​ចិន​ឡើង​វិញ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​របស់​រាជវង្ស​ម៉េង។

ថាមើឡាន ដែល​ស្នង​តំណែង​ពី​គូប្លៃ​ខាន់ បាន​ព្យាយាម​បង្រួបបង្រួម​រដ្ឋ​ដែល​បែកខ្ញែក ដើម្បី​ពង្រីក​អំណាច​ឲ្យ​ខ្លាំង​ដូច​មុន ប៉ុន្តែ​មិន​អាច​ទៅ​រួច ព្រោះ​អ្នក​ជំនាន់​ក្រោយ មិន​ខ្លាំង​ដូច​អធិរាជ​សង្គ្រាម សង់ស៊ីខាន់។ អ្នក​ដឹកនាំ​ជំនាន់​ក្រោយៗ​ទៀត កាន់​តែ​អស់​សមត្ថភាព​កសាង​ចក្រភព​ឲ្យ​ធំ​ទូលាយ​ដូច​មុន ក៏​កសាង​ចក្រភព​មួយ​នៅ​ប្រទេស​ឥណ្ឌា​ក្នុង​ឆ្នាំ១៥២៦។ ប្រាសាទ​តាស់​ម៉ាហាល់​របស់​ឥណ្ឌា សព្វ​ថ្ងៃ ជា​កេរដំណែល​របស់​ចក្រភព​នេះ​ឯង។ ចក្រភព​នេះ​បាន​បែក​ខ្ញែក​ជា​ច្រើន​ក្រុម ហើយ​ត្រូវ​ពួក​អង់គ្លេស​កម្ទេច​ក្លាយ​ជា​ផេះ ងើប​មុខ​លែង​រួច​តែ​ម្ដង​ កាល​ពី​ដើម​សតវត្ស​ទី១៧។

គេ​អាច​និយាយ​ដោយ​សង្ខេប​ថា​ចក្រភព​ម៉ុងហ្គោល​ចាប់​កំណើត​នៅ​អាស៊ី​បូព៌ា​ (ម៉ុងហ្គោលី ស៊ីបេរី ម៉ាន់ជូរី) និង​រលាយ​ជា​ស្ថាពរ​នៅ​អាស៊ី​ខាង​ត្បូង ប្រទេស​ឥណ្ឌា​សព្វថ្ងៃ។ ពួក​ម៉ុងហ្គោល​ដើម គឺ​ជន​ជាតិ​ម៉ុងហ្គោលី​សព្វថ្ងៃ​នេះ​ឯង ដែល​ពួក​នេះ​បាន​បង្កើត​រដ្ឋ​ហើយ​រស់​នៅ​ដោយ​ឯករាជ បន្ទាប់​ពី​មាន​ការ​បែកខ្ញែក​ក្រុម​ជា​ច្រើន ពី​រដ្ឋាភិបាល​កណ្ដាល កាល​សម័យ​នោះ (សូម​អស់​លោក​អ្នក អាន​សារ​ឡើងវិញ​ត្រង់​ចំណុច ដែល​គូក្លៃ​ខាន់​ស្លាប់ ហើយ​ចក្រភព​ម៉ុងហ្គោល​ចាប់​ផ្ដើម​ចែក​ជា​បក្ស​ ចែក​ជា​ពួក​ជា​ច្រើន​ក្រុម ហើយ​ចាប់​ផ្ដើម​បង្កើត​រដ្ឋ​ឯករាជ្យ​ជា​បណ្ដើរៗ ដោយ​លែង​ស្ថិត​ក្រោម​អំណាច​របស់​អំណាច​កណ្ដាល មាន​ន័យ​ថា​ដែន​ដី​ដែល​បំបែក​ខ្លួន មាន​ឈ្មោះ​ជា​ទឹកដី​ចក្រភព​ម៉ុងហ្គោល​តែ​សម្បក​ក្រៅ តែ​ការពិត​ជា​រដ្ឋ​អធិបតេយ្យ)៕

ប្រភព:បរទេស