​​បុគ្គល​ល្បី​ៗ​លើ​លោក​ទាំង១០រូប​នេះ​​ សុទ្ធ​តែ​ជា​អតីតនិស្សិត​​​​ Harvard​!

សាកលវិទ្យាល័យ Harvard គឺ​ជា​សាកលវិទ្យាល័យ​ល្អ​ជាង​គេ​បំផុត​​ឈរ​នៅ​លំដាប់​លេខ​មួយ​នៅ​សហ​អាមេរិ​ក​នៅ​ឆ្នាំ​២០១៤​ ​​(យោង​តាម​ Forbes) ​និង​ជា​​សាកល​វិទ្យាល័យ​ល្បី​ជាង​គេ​បំផុត​ក្នុង​លោក​ (World Most Reputable University)​។ 

សាកលវិទ្យាល័យ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ១៦៣៦។ ​និស្សិត​​នៅ​អាមេរិក​ ក៏​ដូច​ជា​បណ្ដា​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន មិន​ងាយ​បាន​ចូល​សិក្សា​ក្នុង​សាកលវិទ្យាល័យ​​ឡើយ​ ពោល​គឺ​​​និស្សិត​ពូកែ​ ​ទើប​អាច​ចូល​សិក្សា​បាន ដូច្នេះ​ហើយ​បាន​​និស្សិត​ភាគ​ច្រើន​ នៅ​ពេល​បញ្ចប់​ការ​សិក្សា​ ពួកគេ​តែង​ទទួល​បាន​ការងារ​ល្អ និងប្រាក់ខែ​ខ្ពស់​បើ​ធៀប​នឹង​អ្នក​ផ្សេង​ទៀត។

​បុគ្គល​ល្បី​ៗ​ជា​ច្រើនលើ​ពិភពលោក​នេះ ដែល​ភាគច្រើន​​មាន​ប្រវត្តិសិក្សា​​ពី​សាកលវិទ្យាល័យ Harvard។ ខាង​ក្រោម​នេះ គឺជាបុគ្គលិក​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​ទាំង​២៥រូប ដែល​សុទ្ធតែ​ជា​អតីត​សិស្ស​នៅ​សាកល​វិទ្យាល័យ​ខាង​លើ៖

១) លោក Barack Obama ប្រធានាធិបតី​ទី ៤៤ អាមេរិក: បាន​ចូល​សិក្សា​នៅ​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ Harvard ក្នុង​ឆ្នាំ១៩៨៨ ហើយ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា លោក​ក៏​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ។ រហូត​ដល់​ឆ្នាំ២០០៩ លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។ នៅ​ចុង​ឆ្នាំ​២០១២ លោក​បាន​ជោគជ័យ​ក្នុង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ក្នុង​អាណត្តិ​ទី ២។

២) លោក Al Gore អតីត​អនុ​ប្រធានាធិបតី​អាមេរិក​ពី​ឆ្នាំ ១៩៩៣-២០០១: លោកបាន​បញ្ចប់​ការ​សិក្សា​នៅ សាកលវិទ្យាល័យ Harvard ក្នុង​ឆ្នាំ១៩៦៩។ ​លោក​បាន​សរសេរ​និក្ខេបបទ​ជាន់​ខ្ពស់​ដ៏​ល្បីល្បាញ​មួយ​ប្រចាំ​សាលា​ដែល​មាន​ចំណង​ជើង​​ថា “ឥទ្ធិពល​ទូរទស្សន៍​លើ​អាកប្បកិរិយា​ប្រធានាធិបតី​” (The Impact of Television on the Conduct of the Presidency)។ ក្រោយមក លោក​បាន​ជាប់​ជា​អនុ​ប្រធានាធិបតី​អាមេរិក​ជាប់ៗ​គ្នា​ពី​ឆ្នាំ ១៩៩៣ រហូត​ដល់​ឆ្នាំ២០០១។

៣) លោក Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ Harvard ក្នុង​ឆ្នាំ ១៩៧៣ តែ​មិន​បាន​បញ្ចប់​ការ​សិក្សា​នោះ​ទេ។ ក្រោយ​ពី​បោះបង់​ចោល​ការសិក្សា លោក​បាន​បង្កើត ក្រុមហ៊ុន​មួយ​ដ៏​ល្បី មាន​ឈ្មោះថា Microsoft។ នៅ​ពេល​នេះ លោក​គឺ​ជា​មហាសេដ្ឋី​ម្នាក់​នៅ​លើ​ពិភពលោក។

៤) លោក Conan O’Brien តារា​កំប្លែង​ដ៏​ល្បី​របស់​អាមេរិក បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ​នេះ​ ក្នុង​ឆ្នាំ ១៩៨៥។ ក្រោយមក លោកបាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ហើយ​ទទួល​បាន​ភាព​ល្បីល្បាញ​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។ លោកមាន​តួនាទី​ជាច្រើន​ក្នុង​វិស័យ​សិល្បៈ ដូចជា​ពិធីករ អ្នក​ផលិតកម្ម​កម្មវិធី អ្នកនិពន្ធ និងតារា​បំប្លែង​ជា​ដើម។

៥) លោក Franklin Delano Roosevelt អតីត​ប្រធានាធិបតី​ទី​៣២​របស់​អាមេរិក បានចូល​សិក្សា​នៅ​សាកលវិទ្យាល័យ Harvard ក្នុង​ឆ្នាំ ១៩០០ ប៉ុន្តែ​លោក​ចំណាយ​ពេល​ច្រើន​លើ​ការ​សិក្សា​ក្រៅ​សាលា។ លោក​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​លើ​ពិភពលោក​នេះ ជាពិសេស​ក្នុង​ពេល​លោក ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​ពី​ឆ្នាំ ១៩៣៣ ដល់ ១៩៤៥ ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ។

៦) លោក George W. Bush អតីត​ប្រធានាធិបតី​ទី​៤៣​អាមេរិក ​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ធុរកិច្ច​នៅ Harvard នៅ​ឆ្នាំ ១៩៧៥។ លោកបាន​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិកចំនួន​ពីរអាណត្តិ ពោល​គឺ​ចាប់​ពី​ឆ្នាំ២០០១ ដល់ឆ្នាំ២០០៩។ ក្នុង​ពេល​កាន់​តំណែង លោក George W. Bush បាន​អនុវត្ត​គោល​នយោបាយ​ការបរទេស​យ៉ាង​ក្តៅ​ទៅលើ​ប្រទេស​អ៊ីរ៉ាក់​នៅ​ឆ្នាំ ២០០៣។

៧) លោក Henry Kissinger អតីត​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក បាន​បញ្ចប់​ការ​សិក្សា​នៅ Harvard ក្នុង​ឆ្នាំ ១៩៥០ ហើយ​លោកក៏​ធ្លាប់​បង្រៀន​នៅ​សាកល​វិទ្យាល័យ​​​នេះចាប់​ពី​ឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៦៩ ផង​ដែរ។ លោកធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកចាប់​ពី​ឆ្នាំ១៩៧៣​ ដល់ឆ្នាំ១៩៧៧។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោកក៏​ទទួល​បាន​ពានរង្វាន់ណូបែល​សន្តិភាព​ពិភពលោក​ផង​ដែរ។

៨) លោក John F. Kennedy អតីត​ប្រធានាធិបតី​ទី ៣៥​របស់​អាមេរិក បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Harvard ក្នុង​ឆ្នាំ ១៩៤០ ហើយ​បាន​សរសេរ​និក្ខេបបទ​ជាន់​ខ្ពស់​ដ៏​ល្បីល្បាញ​មួយ​មាន​ចំណង​ជើង​ថា “ហេតុអ្វី​អង់គ្លេស​មិន​ត្រៀម​ខ្លួន​ដើម្បី​ប្រឆាំង​អាល្លឺម៉ង់” ឬ “ហេតុអ្វី​អង់គ្លេស​ដេកលក់”។ លោក បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ទី ៣៥ អាមេរិក ក្នុង​ឆ្នាំ ១៩៦១ ដល់ ឆ្នាំ ១៩៦៣។

៩) លោក Mark Zuckerberg ស្ថាបនិក Facebook បាន​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​ Harvard ក្នុង​ឆ្នាំ២០០២ ហើយ​លោកបាន​បង្កើត​បណ្ដាញ​​​សង្គម​ដ៏​ល្បី​​ឈ្មោះ​ Facebook នៅ​ឆ្នាំ​២០០៤។ បច្ចុប្បន្ន Mark Zuckerberg គឺ​ជា​សេដ្ឋី​វ័យ​ក្មេង​ម្នាក់​នៅ​លើ​ពិភពលោក។

១០) លោក Theodore Roosevelt អតីត​ប្រធានាធិបតី​ទី ២៦ របស់​អាមេរិក។ នៅ​ឆ្នាំ ១៨៧៦ លោក បាន​ចូល​សិក្សា​នៅ​​ Harvard លើ​ផ្នែក​ប្រវត្តិសាស្ត្រ។ ក្រោម​មក លោកក៏​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ ហើយ​ក៏​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​អាមេរិករហូត​ក្លាយ​ជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ១៩០១ ដល់ ឆ្នាំ ១៩០៩។