​អាថ៌កំបាំង​​នៃ​ការ​វះកាត់​យក​ខួរក្បាល​​​កំពូល​អ្នក​ប្រាជ្ញ​​ Albert Einstein ​​​​ពុះ​ជា​​២៤០​បំណែក​លាក់​ទុក​​អស់ពេល៥០ឆ្នាំ

កាល​ថ្ងៃ​ទី ១៧ ខែ មេសា​ ឆ្នាំ១៩៥៥ លោក Albert Einstein អ្នកវិទ្យាសាស្ត្រ​ដ៏​ល្បី​របស់​អាមេរិក​​ម្នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ​Princeton ដោយសារតែ​មាន​បញ្ហា​ឈឺចាប់​ត្រង់​ដើមទ្រូង។ ស្អែក​ឡើង​នៅពេល​ព្រឹកព្រលឹម​ លោក​ Albert Einstein ​ ក៏បាន​ស្លាប់។ ប៉ុន្តែ​អ្វី​ដែល​ហួសចិត្ត​បំផុត​នោះ គឺ​មាន​ខួរក្បាល​របស់ លោក​ Albert Einstein​ ត្រូវ​បាន​​វេជ្ជ​បណ្ឌិត​ម្នាក់​លួច​វះ​កាត់​​យក​ទៅ​រក្សា​ទុក​អស់​​រយៈពេល​៥០ឆ្នាំ​។

នៅ​ថ្ងៃ​ដែលអ្នកវិទ្យាសាស្ត្រ​ដ៏​ល្បី​បាន​ស្លាប់​ លោក Thomas Stolz Harvey ដែល​ជា​អ្នកជំនាញ​ខាង​វិភាគ​លើ​រោគ បាន​ទាមទារ​ឲ្យ​មាន​ការវះកាត់​ពិនិត្យ​សព​ ដើម្បី​ដឹង​ច្បាស់​អំពី​មូលហេតុ​នៃ​ការ​ស្លាប់ ហើយ​លោកក៏​ត្រូវ​​គេ​អនុញ្ញាត​ឲ្យ​ធ្វើការ​វះកាត់​។

បន្ទាប់ពី​បាន​ធ្វើការ​វិនិច្ឆ័យ​អំពី​បញ្ហា​ដែល​បណ្តាល​ឲ្យ​ស្លាប់​ហើយ លោក Thomas Stolz Harvey បាន​វះកាត់​ខួរក្បាល​របស់​លោក​ Albert Einstein ដើម្បី​ធ្វើការ​ថ្លឹង​ និងវាយតម្លៃ​ផ្សេងៗ​។ ប៉ុន្តែ​រហូត​មកទល់​នឹង​ពេលនេះ គ្មាន​ការ​បង្ហាញ​លទ្ធផល​ណាមួយ​ ស្តី​ពី​ការ​សិក្សា​លើ​ខួរក្បាល​របស់​សព​លោក Albert Einstein​ នោះ​ជា​ផ្លូវការ​​ទេ។

ក្រោយ​មក​ទៀត​ គ្រូពេទ្យ​រូប​នោះ​បាន​វះកាត់​យក​គ្រាប់​ភ្នែក​របស់​​លោក Albert Einstein​​ ​ដើម្បី​ធ្វើ​ការ​សិក្សា​ ហើយ​ក៏​ប្រគល់​ឲ្យ​ លោក Henry Adams ដែល​ជា​គ្រូពេទ្យ​ភ្នែក​របស់​លោក Albert Einstein​​​។ បន្ទាប់​មក​ទៀត ក៏​ប្រគល់​បំណែក​រាងកាយ​ដែល​បាន​វះកាត់​ ដើម្បី​ធ្វើការ​បូជា។

ការវះកាត់​យក​ខួរក្បាល និងភ្នែក​ចេញ​ពី​រាងកាយ​បែបនេះ​គឺជា រឿង​ផ្ទុយ​ស្រឡះ​ពី​បំណង​របស់​លោក Albert Einstein​​​ ព្រោះ​គាត់​ធ្លាប់​បញ្ជាក់​ថានៅ​ពេល​ស្លាប់ គាត់​ចង់​ឲ្យ​រាងកាយ​របស់​គាត់​នៅ​ទាំង​មូល ជាពិសេស​នោះ ​ខួរក្បាល និងភ្នែក​ត្រូវតែ​នៅ​ជា​មួយ​នឹង​ខ្លួន ហើយ​ត្រូវ​បូជា។ ​

ដូច្នេះ​ហើយទង្វើ​របស់លោក Thomas Stolz Harvey មិន​ត្រឹមតែ​ប្រឆាំង​នឹង​​គោលបំណង​របស់​លោក Albert Einstein​ ប៉ុណ្ណោះ តែ​ការ​រក្សាទុក​ខួរក្បាល​រហូត​មក​​នេះ ក៏​ជា​រឿង​ខុសច្បាប់​ផង​ដែរ។ ក្រោយមក​លោក Thomas Stolz Harvey ក៏​បាន​ធ្វើដំណើរ​ទៅកាន់​សាកលវិទ្យាល័យ​ Pennsylvania ហើយ​បាន​វះកាត់​ខួរក្បាល​របស់​លោក Albert Einstein​​ ដោយ​កាត់​ជា​ ២៤០ បំណែក​ផ្សេងគ្នា​ដើម្បី​ធ្វើការ​សិក្សា។ ប៉ុន្តែ​ការ​សិក្សា​នោះ​មិនបាន​បង្ហាញ​ជា​ផ្លូវការ​នោះ​ទេ។

រហូត​ដល់​ឆ្នាំ ១៩៨៥ (៣​ទសវត្ស​ ​កន្លងទៅ) ទើប​មាន​គេ​យក​ការ​សិក្សា​លើខួរក្បាល​លោក Albert Einstein​​ ដែល​ស្រាវជ្រាវ​ដោយ​​លោក Thomas Stolz Harvey ​មក​ផ្សាយ​ជា​សាធារណៈ​ ប៉ុន្តែ​ហាក់​ដូចជា មិនទាន់​បរិយាយ​ច្បាស់លាស់​ ឬ គ្រប់គ្រាន់​នៅឡើយ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះគឺគេ​រក​ឃើញ​ថា កោសិកា​ខួរក្បាល​របស់​លោក Albert Einstein​​ ​លើស​ពី​មនុស្ស​ទូទៅ ដែល​ធ្វើ​ឲ្យអ្នក​វិទ្យាសាស្ត្រ​រូប​នេះមាន​ភាព​វៃឆ្លាត​ និង​ពូកែ​ខុស​ពី​មនុស្ស​ធម្មតា។

​​នៅ​ឆ្នាំ ២០០៧ លោក Thomas Stolz Harvey​ ជា​អ្នក​វះកាត់​សព និងរក្សា​ខួរក្បាល​លោក Albert Einstein​ អស់រយៈពេល​ជាច្រើន​ឆ្នាំ​នោះ ស្លាប់​ប៉ុន្តែ​មុន​ពេល​ស្លាប់​ លោក​ក៏​បាន​ប្រគល់​ខួរក្បាល​របស់​ លោក Albert Einstein​​ទៅកាន់​មន្ទីរពេទ្យ​ Princeton  ​វិញ​។ បច្ចុប្បន្ន ​បំណែក​ខួរក្បាល​របស់​លោក Albert Einstein ​ត្រូវ​បាន​គេ​រក្សាទុក​ក្នុង​សារមន្ទីរ Mutter Museum ក្នុង​ទីក្រុង​ Philadelphia របស់​អាមេរិក៕