​អត្ថប្រយោជន៍​៤យ៉ាង​ បានពីការ​បរិភោគ​ផ្លែ​ម្នាស់​

ផ្លែ​ម្នាស់​ គឺជា​ប្រភេទ​ផ្លែឈើ​ ដែលមនុស្ស​ភាគច្រើន​ចូលចិត្ត​បរិភោគ​ ដោយសារតែមាន​រសជាតិ​ឆ្ងាញ់។ ជាមួយ​គ្នា​នោះដែរ​ ម្នាស់​ក៏​​ផ្តល់​ប្រយោជន៍​ជាច្រើន​ដល់សុខភាព​របស់​​មនុស្ស​ទូទៅ​ ដែល​មិន​គួរ​មើល​រំលង​នោះ​ឡើយ។ ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដែល​បាន​មក​ពី​ការ​ទទួលទាន​ផ្លែ​ម្នាស់៖

1- ការពារ​បញ្ហា​សំពាធឈាម៖ ផ្លែ​ម្នាស់​ សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូតាស្យូម​ខ្ពស់ ដែល​​អាច​មាន​លទ្ធភាព​ក្នុង​ការកាត់បន្ថយ​បញ្ហា​សំពាធ​ឈាម។ ភាគច្រើន​នៃ​មនុស្ស​ពេញ​វ័យ​​ ដែល​បាន​បរិភោគ​ផ្លែ​ម្នាស់​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​នោះ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​បាត់បង់​ជីវិត​បណ្តាល​មក​ពី​បញ្ហា​សំពាធឈាម​​ រហូតដល់​ ២០ភាគរយ។ បញ្ហា​សំពាធ​ឈាម​ គឺ​ពិត​ជា​មិន​អាច​មើលស្រាល​បាន​នោះ​ទេ​ ដូច្នេះហើយ​ អ្នក​គួរតែ​ព្យាយាម​បរិភោគ​ផ្លែ​ម្នាស់​ ដើម្បី​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សំពាធឈាម។​​​

2- ទប់ទល់​នឹង​​ជម្ងឺ​មហារីក៖ ផ្លែ​ម្នាស់​ គឺ​ត្រូវ​បាន​គេ​ស្គាល់​ថា សម្បូរ​ទៅ​ដោយ​វីតាមីន​ C ដែល​វា​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ក្នុង​ការ​ទប់ស្កាត់​មិន​​ឲ្យ​មានការ​កើតឡើង​នៃ​ជម្ងឺ​មហារីក​ជាច្រើន​ប្រភេទ។ បើ​តាម​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ Harvard របស់​សហរដ្ឋអាមេរិក​ឲ្យ​ដឹង​ថា ការ​បរិភោគ​ផ្លែ​ម្នាស់​ជា​ប្រចាំ​ អាច​ជួយ​ឲ្យ​មនុស្ស​ភាគច្រើន​ គេច​ផុត​ពី​ជម្ងឺ​មហារីក​បាន ​ក្នុង​កម្រិតខ្ពស់​​។

3- ជួយ​ពង្រឹង​សុខភាព​បេះដូង៖ សារធាតុ​ហ្វៃប៊ឺ វីតាមីន C និង ប៉ូតាស្យូម​សុទ្ធតែ​មាន​នៅ​ក្នុង​ផ្លែ​ម្នាស់​ ដែល​សារធាតុ​ទាំងនេះ ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​ពង្រឹង​សុខភាព​បេះដូង​របស់​មនុស្ស​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន។ បើ​តាម​ការ​ស្រាវជ្រាវ​បញ្ជាក់​ថា រាងកាយ​របស់​មនុស្ស​​ដែល​ចាប់​យក​ប៉ូតាស្យូម​ ៤០៦៩ មិល្លីក្រាម ក្នុងមួយថ្ងៃ គឺ​មាន​ភាគរយ​នៃ​ការ​ស្លាប់​ដោយសារ​ជម្ងឺ​បេះដូង​មាន​ចំនួន​តិចតួច​​ ។ 

4- ជួយ​​ឲ្យ​មាន​ស្បែក​ស្រស់ថ្លា៖ ​ផ្លែ​ម្នាស់​សម្បូរ​វីតាមីន​C​ ដែល​​មាន​ផល​ល្អ​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​មាន​លក្ខណៈ​ស្រស់​ស្អាត​ និង​ជួយ​ជួសជុល​ស្បែក​ខូច​បណ្តាល​មកពី​ជាតិពុល ពន្លឺព្រះអាទិត្យ​ និង កត្តា​ផ្សេងៗ​ទៀត។ ដូច្នេះ​ហើយ បើ​ចង់​​ឲ្យ​ស្បែក​ស្អាត​តាម​បែប​ធម្មជាតិ និងមិន​ចំណាយ​ច្រើន​ អ្នក​គួរតែ​បរិភោគ​ផ្លែ​ម្នាស់​ជា​ប្រចាំ៕