​ហេតុអ្វី​រុស្ស៊ី​លក់​ដែន​ដី​​ Alaska ​ទៅ​ឱ្យ​សហរដ្ឋ​អាមេរិក?

រុស្ស៊ី​បាន​លក់​ដែនដី​​ Alaska ទៅ​ឲ្យសហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ ​១៨៦៧​ ក្នុង​តម្លៃ​កាល​ណោះ​ប្រមាណ​ ៧,២​លាន​​ដុល្លារ​អាមេរិក​ (បច្ចុប្បន្ន​ស្មើ​នឹង​ ១១៩​លាន​ដុល្លារ​អាមេរិក)។ ​​​​ការ​​លក់​ដែន​ដី​ Alaska ​ត្រូវ​បាន​គេ​មើល​​ឃើញ​ថា​ជា​​​ការ​បញ្ចប់​​​កិច្ច​ខិត​ខំ​ប្រឹង​​ប្រែង​​​របស់​រុស្សី​ដើម្បី​ពង្រីង​​ពាណិជ្ជកម្ម​ ទៅ​កាន់​​​​តំបន់​ឆ្នេរ​សមុទ្រ​នៅ​អាមេរិក​ខាង​ជើង។ ​ ​សម្រាប់​​អាមេរិក​វិញ​ ​​​ការ​ទិញ​ដែន​ដី Alaska​ គឺ​ជា​ជំហាន​ដ៏​សំខាន់​​ដើម្បី​ពង្រីក​អំណាច​​​​មក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​ ​

​​​ប្រវត្តិ​​​​នៃ​ការ​រក​ឃើញ​ដែន​ដី​​ Alaska ដោយ​ចក្រភព​រុស្ស៊ី​

នៅ​ឆ្នាំ​ ១៧២៤​​​ ស្តេច​​សា ​Peter I the Great ​បាន​​ជ្រើស​រើស​ និង​តែង​តាំង​លោក​ Vitus Bering ​ដើម​កំណើត​ជា​ជនជាតិ​ដាណឺម៉ាក​ ​ឲ្យ​បំពេញ​បេសកកម្ម​រុក​រក​ដែន​ដី​​​​ទ្វីប​អាមេរិក​​​​​ (Kamchatka Expedition)​។ ​ក្នុង​បេសកកម្ម​​រុក​រក​​​លើក​ទី​មួយ​នេះ​ លោក​ត្រូវ​ចំណាយ​ពេល​​ ៥​ឆ្នាំ​​ក្នុង​គោល​បំណង​​​​​រុក​រក​តំបន់​ចុង​​​ភាគ​​​ឦសាន​​​ស៊ីបេរី​ និង​​​​​ដើម្បី​សិក្សា​​ថា​តើ​ទ្វីប​អាស៊ី​​និង​អាមេរិក​មាន​ផ្ទៃ​ដី​ជាប់​គ្នា​ដែរ​ឬ​អត់។​

​អ្នក​ប្រវត្តិ​សាស្ត្រ​មួយ​ចំនួន​មាន​ជំនឿ​ថា​​បេសកកម្ម​របស់​លោក​នៅ​ពេល​នោះ គឺ​​ដើម្បី​រុក​រក​ដែន​ដី​នៅ​ទ្វីប​អាមេរិក​ ​និង​​តំបន់​អឺរ៉ុប​មួយ​ចំនួន​ និង​ដើម្បី​ធ្វើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​បើក​ផ្លូវ​ឲ្យ​ចក្រភព​រុស្ស៊ី​​ដាក់​តំបន់​មួយ​ចំនួន​ជា​អាណានិគម​។

​ក្រោយ​មក​នៅ​ឆ្នាំ​ ១៧៤១​ លោក​បាន​​បំពេញ​បេសកកម្ម​ជា​លើក​ទី​ពីរ​​ដើម្បី​រុក​រក​នៅ​ដែន​ដី​​ដែល​ស្ថិត​ឆ្ងាយ​ជាង​ដែន​ដី​ ដែល​លោក​រក​ឃើញ​ក្នុង​បេសកកម្ម​កាល​ពី​លើក​ទី​មួយ​។ ​​គោល​ដៅ​របស់​លោក​គឺ​ដើម្បី​ទៅ​ឲ្យដល់​​ទ្វីប​អាមេរិក​ខាង​ជើង។ ​​ជា​ចុង​ក្រោយ​កប៉ាល់​របស់​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​​ដែន​ដី​ Alaska។

លោក​បាន​​រក​ឃើញ​ដែន​កោះ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​​ក្បែរ​ដែន​ដី​ Alaska។ ​​គួរ​ឲ្យ​ស្ដាយ​​​ ក្នុង​ដំណើរ​ត្រលប់​មក​រុស្ស៊ី​វិញ​​លោក​បាន​ទទួល​មរណភាព​ (ក្នុង​ឆ្នាំ​ ១៧៤១​ដដែល) ​តែ​ក្រុម​ការងារ​របស់​លោក​បាន​​ត្រលប់​មក​វិញ​ដោយ​ជោគជ័យ។ ប្រទេស​រុស្ស៊ី​ក៏​ចាប់​អារម្មណ៍​នឹង​ដែន​ដី​នេះ​ព្រោះ​ថា​​ជា​ដែន​ដី​​សម្បូរ​ទៅ​ដោយ​​ធនធាន​​ធម្មជាតិ ​​និង​​មាន​មនុស្ស​រស់​នៅ​តិច​តួច។ ​ពេល​នោះ​​ហើយ​ដែល​ដែន​ដី​ Alaska ​​ស្ថិត​នៅ​ក្រោម​​ការ​គ្រប់​គ្រង​របស់​រុស្ស៊ី។ ​

​​មែន​ទែន​ទៅ​​​ ​​​ដែន​ដី​របស់​ Alaska មិន​មែន​គ្រប់​គ្រង​ដោយ​​រដ្ឋ​​ដោយ​ផ្ទាល់​​នោះ​ទេ​ តាម​ពិត​​​ក្រុម​​​​​​ចម្រុះ​ជាតិ​​សាសន៍​មួយ​ដែល​មាន​ឈ្មោះ​ថា​ Russian-American Company ​ជា​ម្ចាស់​កម្មសិទ្ធិ។​ ​ក្រុមហ៊ុន​នេះ​​មាន​ឯកាធិភាព ​​ឬ​គ្រប់​គ្រង​ដែន​ដី​នេះ​ផ្ដាច់​មុខ​​​ទាំង​ផ្នែក​ពាណិជ្ជកម្ម​​ និង​ធនធាន​​រ៉ែ​​ផ្ដល់​សិទ្ធិ​ដោយ​​ស្ដេច​សា​របស់​រុស្ស៊ី​​។

​អំពី​កោះ​ Alaska ​មុន​ពេល​អាមេរិក​ទិញ​​

នៅ​សតវត្ស​ទី​១៩​ ​Alaska ​គឺ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ ដែល​មាន​ទីក្រុង​ធំ​​ឈ្មោះ​ថា​ Novoarkhangelsk បច្ចុប្បន្ន​ត្រូវ​បាន​គេ​ស្គាល់​ថា​ Sitka។ ​​​​ពាណិជ្ជកម្ម​សំខាន់​ៗ​នៅ​​ដែន​ដី​នេះ​មាន​​ ​​សរសៃ​អំបោះ​ដែល​ជួយ​ដូរ​ដោយ​ឈ្មួញ​​​ជនជាតិ​ចិន​ ​​​​តែ​ ​ ​​និង​​ទឹកកក​ដែល​ជា​តម្រូវ​ការ​សំខាន់​​​នៅ​​អាមេរិក​ភាគ​ខាង​ត្បូង​​ព្រោះ​ថា​កាល​​នោះ​នៅ​មិន​​ទាន់​មាន​​ទូរ​ទឹកកក​​ប្រើ​ប្រាស់​នៅ​ឡើយ។ ​

  • Alaska មាន​ផ្ទៃ​ដី​​​ជាង​ ១,៥​លាន​គីឡូម៉ែត្រ​ការ៉េ
  • ប្រទេស​រុស្ស៊ី​មិន​បាន​គ្រប់​គ្រង​ដែន​ដី​ Alaska ទាំង​មូល​ដូច​សព្វ​ថ្ងៃ​នោះ​ទេ
  • រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​លោក​ William Seward ជា​អ្នក​ចរចា​ទិញ​ដែន​ដី​ Alaska ​ពី​រុស្ស៊ី​
  • ក្នុង​ចំណោម​កំពូល​ភ្នំ​ខ្ពស់​ទាំង​ ២០ ​នៅ​អាមេរិក​សព្វ​ថ្ងៃ​មាន១៧​ ស្ថិត​នៅ​​ក្នុង​រដ្ឋ​ Alaska

​មូលហេតុ​ដែល​រុស្ស៊ី​លក់​ Alaska​ ទៅ​ឲ្យ​​អាមេរិក​

1- ប្រទេស​រុស្ស៊ី​​ គឺ​​ជួប​​ឱន​ភាព​ថវិកា​​ខ្លាំង​នៅ​សម័យ​នោះ​ ​(រុស្ស៊ី​ត្រូវ​ចំណាយ​​ទៅ​លើ​​ការ​ធ្វើ​សង្គ្រាម​ ​ចំណាយ​ទៅ​លើ​វត្តមាន​យោធា​​​​ដែល​ឈរ​ជើង​​នៅ​តាម​ឆ្នេរ​ប៉ាស៊ីហ្វិក​​​នៃ​ទ្វីប​អាមេរិក​ខាង​ជើង​ ​​និង​​​ជួយ​ប្រជាជន​ដែល​តាំង​ទី​លំនៅ​​បណ្ដោះ​អាសន្ន​​​នៅ​ Alaska និង​ចំណាយ​​លើ​ផ្នែក​ជា​ច្រើន​ទៀត​)។

2- រុស្ស៊ី​​​ភ័យ​ខ្លាច​បាត់​បង់​​ដែន​​ដី​ Alaska ​​ដោយ​ប្រការ​ណា​មួយ​​ដោយ​មិន​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ទាល់​តែ​សោះ​ (ខ្លាច​បាត់​បង់​​​ Alaska ​​ទៅ​​ពួក​អង់គ្លេស​​​ ខណៈ​​រុស្ស៊ី​បាន​ច្បាំង​ចាញ់​អង់គ្លេស​ក្នុង​សង្គ្រាម​គ្រីមេ​ឆ្នាំ​ ១៨៥៣​ ដល់​ ១៨៥៦)។

3- ក្រោយ​សង្គ្រាម​​គ្រីមេ​ ​រុស្ស៊ី​ គិត​ថា​ បើ​សិន​ជា​សង្គ្រាម​ណា​មួយ​កើត​ឡើង​​នៅ​​​ថ្ងៃ​អនាគត​នោះ​ ​Alaska នឹង​ត្រូវ​បាត់​បង់​មុន​គេ។​ ​​ដោយ​បារម្ភ​បែប​នេះ​ ​​​​អធិរាជ​​​ Alexander II ​បាន​សម្រេច​ព្រះរាជ​ហឫទ័យ​លក់​ដែន​ដី​នេះ​ ហើយ​​ព្រះ​អង្គ​សង្ឃឹម​ថា​​នឹង​មាន​ការ​ដេញ​ថ្លៃ​គ្នា​រវាង​សហរដ្ឋ​អាមេរិក​ និង​អង់គ្លេស។ ផ្ទុយ​ពី​បំណង​របស់​ទ្រង់​ អង់គ្លេស​​​គ្មាន​ចំណាប់​អារម្មណ៍​ចង់​បាន​​ Alaska ​នោះ​ទេ។

ចុង​ក្រោយ​រុស្ស៊ី​ក៏​បាន​សម្រេច​លក់​ទៅ​ឲ្យ​អាមេរិក​​នៅ​ឆ្នាំ​ ១៨៥៩។ ដោយ​អំឡុង​ពេល​នោះ​ សង្គ្រាម​ស៊ីវិល​នៅ​​​​អាមេរិក​បាន​ផ្ទុះ​ឡើង​ នាំ​ការ​ទិញ​ដូរ​បាន​ផ្អាក​មួយ​រយៈ។ នៅ​ឆ្នាំ​១៨៦៧​ ​ក្រោយ​ចប់​សង្គ្រាម​ស៊ីវិល​ អាមេរិក​បាន​ត្រឡប់​មក​ចរចា​ជា​មួយ​រុស្ស៊ី​ ហើយ​ចុង​ក្រោយ​​ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​​ការ​​ទិញ​​-លក់​​ជា​ផ្លូវ​ការ​ក្នុង​តម្លៃ​ ៧,២​លាន​ដុល្លារ​អាមេរិក​។

​ក្រោយ​ពី​ទិញ​​ពី​រុស្ស៊ី​រយៈ​ពេល​បី​ទសវត្សរ៍​ អាមេរិក​មិន​បាន​អភិវឌ្ឍ​ និង​កែ​ប្រែ​មុខ​មាត់ Alaska ​ធំ​ដុំ​នោះ​ឡើយ។​ ​មក​ដល់​បច្ចុប្បន្ន​មាន​សេដ្ឋកិច្ច​វិទូ​មួយ​ចំនួន​បាន​​រិះគន់​អាមេរិក​ថា​ ការ​ទិញ​យក Alaska មិន​បាន​ផ្ដល់​ផល​ចំណេញ​សេដ្ឋកិច្ច​ដល់​អាមេរិក​នោះ​ទេ​ ព្រោះ​ថា​រដ្ឋាភិបាល​បាន​ចំណាយ​​លុយ​ជា​ច្រើន​ទៅ​លើ​ការ​​កសាង​​ និង​ផ្នែក​រដ្ឋបាល​ទៅ​លើ​រដ្ឋ​មួយ​នេះ​ ខណៈ​ចំណូល​បាន​ពី​ពន្ធ​​គឺ​តិច​​តួច​ស្ដួច​ស្ដើង​​​ គឺ​ត្រូវ​ការ​​ជំនួយ​ពី​រដ្ឋាភិបាល​សហព័ន្ធ​។ ក្រុមហ៊ុន​ជីក​យក​រ៉ែ​មួយ​នៅ​ Alaska ក៏​មិន​​ទទួល​បាន​ចំណេញ​គ្រប់គ្រាន់​​ដើម្បី​យក​ចំណែក​ខ្លះ​មក​ប៉ះប៉ូវ​នឹង​​ផល​​ប៉ះពាល់​ដែរ​៕​