​សូម​ប្រយ័ត្ន​ចំពោះ​កូន​ៗ​​របស់​លោក​អ្នក! ​​ការ​ស្រាវជ្រាវ​​រក​ឃើញ​ថា​ក្មេងៗ​​​ប្រើ​ iPads និង Smartphones ច្រើន​​ប្រឈម​ការ​បំផ្លាញ​​សមត្ថភាព​ខួរក្បាល​​

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​​​ព្រមាន​ថា ​ការ​អនុញ្ញាត​ឲ្យ​ក្មេងៗ​​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា iPads និង Smartphones អាច​បំផ្លាញ​​ការ​អភិវឌ្ឍន៌​សមត្ថភាព​ខួរក្បាល​របស់​​ពួកគេ​បាន​។ ​​

ក្រុម​អ្នកស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​​វេជ្ជសាស្ត្រ​​ Boston បាន​​បង្ហាញ​ថា ឧបករណ៍​បច្ចេកវិទ្យា​ខាងលើ​អាច​រារាំង​ទៅ​ដល់​​ការ​អភិវឌ្ឍន៌​សមត្ថភាព​​របស់​កុមារ និង​​ផ្តល់​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​​ឥរិយាបថ​​របស់​ពួកគេ​នៅ​ពេល​អនាគត។ ផល​ប៉ះពាល់​នេះ​នឹង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​​សម្រាប់​ក្មេងៗ​ដែល​មាន​អាយុ​ក្រោម​៣ឆ្នាំ​ចុះ ដែល​នឹង​ធ្វើ​ឲ្យ​​ការ​អភិវឌ្ឍ​ន៌ចំណេះដឹង​របស់​ពួកគេ​ថយ​ចុះ ជា​ពិសេស​លើ​មុខវិជ្ជា​គណិតវិទ្យា និងមុខវិជ្ជា​វិទ្យាសាស្ត្រ​ផ្សេងៗ​ទៀត។

​វេជ្ជបណ្ឌិតបាន​លើកឡើង​​ថា គ្មាន​ការ​ស្រាវជ្រាវ​ណា​មួយ​បង្ហាញ​ថា Smartphone ឬ Tablet អាច​​ជួយ​ឲ្យ​​ក្មេង​ៗមាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​នា​​នា​បាន​ឡើយ ពោល​អ្វីៗ​ដែល​ពួកគេ​ប្រើប្រាស់​វា​នៅ​ក្នុង​វ័យ​នេះ​​ (ក្រោម​៣​ឆ្នាំ​) ធ្វើ​ឡើង​ក្នុង​គោលដៅ​​​មិន​មែន​ការ​អប់រំ និងទំនាក់ទំនង​ដែល​គ្មាន​ប្រយោជន៍​តែ​ប៉ុណ្ណោះ។ 

វិធីសាស្ត្រ​ដ៏​ល្អ​​បំផុត​ដើម្បី​ជៀសវាង​បញ្ហា​នេះ ឪពុកម្ដាយ​គួរ​តែ​​​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ បង្កើន​ទំនាក់ទំនង​ទៅ​វិញ​ទៅ​មក​ជា​មួយ​​កូនៗ​របស់​ខ្លួន​ជាជាង​យក​​ឧបករណ៍​បច្ចេកវិទ្យា​ទំនើបៗ​​ទាំង​នេះ​​​ឲ្យ​ពួកគេ​ប្រើប្រាស់​។ ​សកម្មភាព​ចូលរួម​លេង​កម្សាន្ត ​អប់រំ​​ និងការ​ឆ្លើយឆ្លង​ជា​មួយ​ពួកគេ​ដោយ​ផ្ទាល់​ គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​វ័យ​នេះ៕