​សណ្ឋាគារ​​លំដាប់​ “ផ្កាយ៧” ល្អ​ផ្ដាច់​គេ​ទាំង​៥ក្នុងពិភព​លោក

កាល​ណា​មាន​ប្រាក់​ច្រើនច្បាស់​ណាស់​ថា​ មនុស្ស​ភាគ​ច្រើន​ប្រាថ្នា​ចង់​បាន​ជីវិត​ស៊ីវិល័យ ហ៊ឺហា និងប្រណីតភាព។ ជា​ពិសេស នៅ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​បរទេស អ្នក​មាន​ទ្រព្យ​ធន​ស្ដុកស្ដម្ភ ​តែង​ប្រាថ្នា​ចង់​រស់​នៅ​ឲ្យ​បាន​សុខ​ស្រួល​​ហើយ​ក៏​មាន​អ្នក​ខ្លះ​ ហ៊ាន​ចំណាយ​ប្រាក់​រាប់​ម៉ឺន​រាប់​សែន​ដុល្លារ​​​ សម្រាប់​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ឲ្យ​តែ​បាន​ស្គាល់​អ្វី​ដែល​ហៅ​ថា «ភាព​អស្ចារ្យ»។

សណ្ឋាគារ “​ផ្កាយ​ប្រាំ” ត្រូវ​គេ​ចាត់​ទុក​ថា​ជា​លំដាប់​ខ្ពស់​ណាស់​ទៅ​ហើយ ពោល​គឺ​ពេល​លោក​អ្នក​ចូល​ស្នាក់​នៅ​សណ្ឋាគារ​ផ្កាយ៥ លោក​អ្នក​ទទួល​អារម្មណ៍​ថា ​ខ្លួន​ឯង​ប្រៀប​ខ្លួន​ឯង​ទៅ​នឹង​ព្រះអង្គម្ចាស់​ ឬម្ចាស់ក្សត្រី។ ប៉ុន្តែ​បើ​លោក​អ្នក​បាន​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ផ្កាយ៧ គឺប្រៀប​បាន​នឹង​រស់​នៅ​ក្នុង​ឋានសួគ៌​លោកិយ​តែម្ដង។

សណ្ឋាគារ​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​នេះ សុទ្ធ​សឹង​ជា​សណ្ឋាគារ​ដែល​ត្រូវ​បាន​សម្រិត​សម្រាំង​យ៉ាង​ល្អ​វិចិត្រ មាន​លក្ខណៈ​ពិសេស​ជាង​គេ ពោល​គឺ​វិសេសវិសាល​បំផុត​ដល់​ថ្នាក់​ត្រូវ​គេ​ចាត់​ចូល​ក្នុង​ក្រុម «សណ្ឋាគារ​លំដាប់​កំពូល​ផុតលេខ – elite seven star group»។

លក្ខណៈ​របស់​សណ្ឋាគារ​ទាំង​នេះ តម្លៃ​ស្នាក់​នៅ​ថ្លៃ ផ្ទៃ​បន្ទប់​ស្រស់​ស្អាត សណ្ឋាគារ​ស្ថិត​នៅ​ចំ​ទីតាំង​ល្អ ហើយ​រឹត​តែ​ពិសេស​នោះ គឺ​ផ្ទៃ​បន្ទប់​គេង​ពោរពេញ​ដោយ​ប្រណីតភាព តុបតែង​លម្អ​ដោយ​មាស​ដែល​មាន​តែ​មួយ​ក្នុង​លោក ហើយ​ដែល​កន្លែង​ដទៃ​ទៀត​គ្មាន។

១- សណ្ឋាគារ Burj Al Arab Hotel នៅ​ទីក្រុង​ឌុយបៃ សហភាព​អារ៉ាប់រួម

សណ្ឋាគារ​នេះ​ស្ថិត​នៅ​លើ​កោះ​សិប្បនិម្មិត​កណ្ដាល​សមុទ្រ ដែល​តភ្ជាប់​ទៅ​ដី​គោក​ដោយ​ស្ពាន​មួយ​ ហើយ​ស្ពាន​នេះ​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​សណ្ឋាគារ​តែ​ម្ដង។ សណ្ឋាគារ​នេះ​មាន ២០២​បន្ទប់។ តម្លៃ​ស្នាក់​នៅ​សម្រាប់​បន្ទប់​ខ្នាត​ធំ​ប្រភេទ Royal Suite (៣៧២ ម៉ែត្រ​ការ៉េ) គឺ ១៨ ៧១៦ ដុល្លារ​មួយ​យប់។ សណ្ឋាគារ​នេះ​ជា​កន្លែង​ប្រជុំ​រវាង​បស្ចិម​ប្រទេស ​និង​បូព៌ា​ប្រទេស​ ហើយ​ជា​កន្លែង​ចម្រុះ​វប្បធម៌​យ៉ាង​សម្បូរ​បែប​មក​ពី​គ្រប់​ទិស​តំបន់។ មាន​ភោជនីយដ្ឋាន​ពីរ​កន្លែង​នៅ​ក្រោម​ទឹក ដែល​ភ្ញៀវ​អាច​ធ្វើ​ដំណើរ​ទៅ​តាម​នាវា​មុជទឹក។ មាន​កន្លែង​ស្ប៉ា មាន​​អ្នក​បម្រើ​ឆ្វេង​ស្ដាំ មាន​ឧទ្ធម្ភាគចក្រ​សម្រាប់​ភ្ញៀវ​ជិះ​គយគន់​ទិដ្ឋភាព​ទីក្រុង​ឌុយបៃ មាន​រថយន្ត​ប្រណីត​សម្រាប់​ភ្ញៀវ​ជួល​ជិះ និង​កន្លែង​ងូត​ទឹក​កម្សាន្ត Wild Wado Waterpark។

២- សណ្ឋាគារ The Pentominium នៅ​ទីក្រុង​ឌុយបៃ

សណ្ឋាគារ​នេះ​មិន​ទាន់​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​បម្រើ​អតិថិជន​នៅ​ឡើយ​ទេ ប៉ុន្តែ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ សណ្ឋាគារ​នេះ​នឹង​ក្លាយ​ជា​សំណង់​ដ៏​អស្ចារ្យ​តែម្ដង​ក្នុង​លោក ជាមួយ​​កម្ពស់​ ៥១៦ម៉ែត្រ(ស្មើ​នឹង​ផ្ទះ​កម្ពស់​ជាង ​១០០​ជាន់)។

៣- វិមាន​កែវ Pangu Plaza នៅ​ទីក្រុង​ប៉េកាំង

វិមាន​នេះ​ជា​សណ្ឋាគារ​ផ្កាយ​៧ ជា​សណ្ឋាគារ​លំដាប់​កំពូល​នៅ​ទីក្រុង​ប៉េកាំង សម្បូរ​អ្នកមានៗ​ទៅ​សម្រាក​លម្ហែ​កាយ សូម្បី​តែ​លោក​ប៊ីលហ្គេត (Bill Gate) ក៏​ធ្លាប់​ទៅ​គេង​នៅ​សណ្ឋាគារ​នោះ​ដែរ។ សណ្ឋាគារ​នេះ​មាន​លក្ខណៈ​ពិសេស​ត្រង់​មាន​ពន្លា ​២​​ មាន​ប្រាសាទ​មួយ និង​មាន​ភោជនីយដ្ឋាន​តាម​បែប​ជប៉ុន​ដ៏​ប្រណីត​បំផុត​ក្នុង​លោក។

ថែវ​សណ្ឋាគារ (lobby) ​ត្រូវ​បាន​រចនា​លម្អ​ដោយ​សសរ​ស្ដម្ភ​សង់​អំពី​ថ្មកែវ និង​ចម្លាក់​ក្បាច់​រចនា​យ៉ាង​ល្អ​វិចិត្រ។ របស់​អ្វី​ អាហារ​អ្វី​ ដែល​ភ្ញៀវ​ត្រូវ​ការ សណ្ឋាគារ​មាន​ទាំងអស់។ ជញ្ជាំង​ត្រូវ​បាន​រចនា​លម្អ ដោយ​ផ្ទាំង​ទស្សនីយភាព​ដែល​រៀបរាប់​អំពី​ប្រវត្តិ​សាស្ត្រ​ និង​វប្បធម៌​ចិន។ មាន​ពាក្យ​ដំណាល​ត​គ្នា​ថា តម្លៃ​សម្រាប់​ស្នាក់​នៅក្នុង​សណ្ឋាគារ​នេះ​ពេញ​មួយ​ឆ្នាំ​គឺ​ ៨០ម៉ឺន​ដុល្លារ​អាមេរិក។

៤- សណ្ឋាគារ ​និង​ហាង​លក់​ទំនិញ iSquare នៅ​ទីក្រុង Orlando សហរដ្ឋអាមេរិក

សណ្ឋាគារ​​​នេះ​មាន​ ១២៥៦បន្ទប់ ដែល​សុទ្ធ​តែ​លំដាប់​ផ្កាយ ៧ ទាំងអស់​គ្រប់​បន្ទប់។ ថ្លៃ​ចំណាយ​លើ​ការ​សាងសង់​ និង​បំពាក់​បរិក្ខារ​គ្រប់​ចំពូក​នៅ​ក្នុង​សណ្ឋាគារ​ គឺ​៤០០លាន​ដុល្លារ។ សណ្ឋាគារ​មាន​វិមាន​ភ្លោះ មាន​ផែ​បណ្តែត​ទឹក​សម្រាប់​ភ្ញៀវ​កម្សាន្ត ហាង​លក់​ទំនិញ ភោជនីយដ្ឋាន​ សូម្បី​កន្លែង​ជិះ​ស្គី​លើ​ទឹក​កក​ក៏​សណ្ឋាគារ​នេះ​មាន​ដែរ (គេ​ធ្វើ​ទីលាន​ទឹកកក​សិប្បនិម្មិត)។

៥- វិមាន Emirates Palace

ថ្លៃ​ចំណាយ​លើ​ការ​សាងសង់ និង​បំពាក់​បរិក្ខារ​ផ្សេងៗ​នៅ​ក្នុង​សណ្ឋាគារ គឺ ៣,៩ ពាន់​លាន​ដុល្លារ។ ទឹក​ប្រាក់​យ៉ាង​ច្រើន​លើសលប់​ប៉ុណ្ណឹង គឺ​ពិត​ជា​មិន​ធ្វើ​ឲ្យ​ម្ចាស់​ទុន​និង​ភ្ញៀវ​ទៅ​សម្រាក​នៅ​សណ្ឋាគារ​នេះ ពិត​ជា​មិន​ខក​ចិត្ត​និង​មិន​បង់​លុយ​ចោល​ទទេ​ទេ ត្បិត​ទិដ្ឋភាព​ក្នុង​សណ្ឋាគារ មាន​លក្ខណៈ​វិសេសវិសាល​មិន​នឹក​ស្មាន​ដល់​ ហើយ​សក្ដិសម​នឹង​ទំហំ​ទឹក​ប្រាក់​ដែល​បាន​ចំណាយ។

សណ្ឋាគារ​នេះ​ស្ថិត​នៅ​ប្រប​នឹង​ឆ្នេរ​ខ្សាច់ លម្អ​ទៅ​ដោយ​ឧទ្យាន​ដ៏​ល្អ​ប្រណីត​ដែល​លាត​សន្ឋឹង​រាប់​គីឡូម៉ែត្រ។ គ្រឿង​សង្ហារិម​និង​របស់​ប្រើប្រាស់​នៅ​ក្នុង​បន្ទប់​នីមួយៗ ​ត្រូវ​បាន​តាំង​លម្អ​សុទ្ធតែ​មាស​និង​ថ្មកែវ។ បន្ទប់​ខ្លះ​សម្រាប់​ខ្សែ​រាជវង្ស និង​ឥស្សរជន​ថ្នាក់​កំពូល។

អាហារ​ពិសេស​ប្រចាំ​សណ្ឋាគារ​មាន​ដូច​ជា​ពងត្រី​បំពង Albino Caviar និង​ស្រា​កូញាក់​តម្លៃ១៥០០០ ដុល្លារ​មួយ​ដប (ស្រា​ដប ឬស្រាទំពាំងបាយជូ កាល​ណា​វា​មាន​អាយុកាល​កាន់តែយូរ កាន់​តែ​ថ្លៃ​ព្រោះ​ស្រា​ទាំង​នេះ​ត្រូវ​បាន​រក្សា​ទុក​នៅ​បាត​សមុទ្រ អស់​រយៈ​ពេល​ដ៏​យូរ​លង់ រហូត​ដល់​រាប់​រយ​ឆ្នាំ​ឯណោះ)។

សណ្ឋាគារ​មាន​អាង​ហែល​ទឹក២ ឆ្នេរ​ខ្សាច់​មួយ​សម្រាប់​ភ្ញៀវ​កម្សាន្ត​ជា​ឯកជន ឬ​គ្រួសារ (មាន​ន័យ​ថា​សណ្ឋាគារ​រៀបចំ​ឆ្នេរខ្សាច់​សិប្បនិម្មិត​ដាច់ៗ​ពី​គ្នា ពោល​គឺ​ភ្ញៀវ​ម្នាក់​មាន​ឆ្នេរ​ខ្សាច់​ម្នាក់​មួយ មាន​តារាង​វាយ​តែន្និស (tennis) មាន​កន្លែង​ស្ប៉ា មាន​តារាង​បាល់​ឱប និង​បាល់​ទាត់ ​(សណ្ឋាគារ​មាន​ទីធ្លា​ធំ​ទូលាយ​រហូត​ដល់​មាន​តារាង​បាល់ទាត់​ផ្ទាល់​ខ្លួន)។ តម្លៃ​ស្នាក់​នៅ​មួយ​រាត្រី​ មិន​ក្រោម ១២០០០ ដុល្លារ​ទេ៕