​រឿង​​ប្លែកៗ​​ហួស​ចិត្ត​​ដែល​ច្បាប់​​ស្រុក​គេ​​កំណត់​ទោស​ទណ្ឌ​យ៉ាង​ធ្ងន់ធ្ងរ​​! ​គួរយល់​ដឹង ​​

ខាងក្រោម​នេះ​ជា​ច្បាប់​ប្លែកៗនៅ​តាម​ប្រទេស​នានា​ទូទាំង​ពិភពលោកហើយ​កំពុង​នៅ​ជា​ធរមាន។ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ទាំង​នេះ ​អ្នក​គួរ​ស្វែងយល់​លម្អិត និង​ស៊ី​ជំរៅ​អំពី​ច្បាប់​ទាំង​នោះ ​ព្រោះ​ថ្វីត្បិត​មើល​មួយ​ភ្លែត​ ច្បាប់​ទាំងនោះ​ប្លែក​សម្រាប់​ស្រុក​យើង ប៉ុន្តែ​នេះ​ជា​ការ​ពិត អ្នក​នឹង​ជាប់​ទោសឌ ឬ​ពិន័យ​ជា​ប្រាក់ដោយ​ខ្លួនគ្មាន​ចេតនា​ប្រព្រឹត្ត។

សហរដ្ឋ​អាមេរិក៖ អ្នក​ណា​លោត​ពី​លើ​ផ្ទះ​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត

នៅ​ទីក្រុង​ញូយ៉ក អ្នក​ណា​លោត​ពី​លើ​ផ្ទះ​ថ្ម ​ព្រោះ​ក្នុង​បុព្វហេតុ​អ្វី​ក៏​ដោយ​ត្រូវ​បាន​ផ្ដន្ទាទោស​ប្រហារ​ជីវិត។ ដូចនេះ អ្នក​ដែល​ប្រុង​ធ្វើ​អត្តឃាត ដោយ​លោត​ពី​លើ​អគារ​ គេច​មិន​ផុត​ពី​ស្លាប់​ទេ ​ព្រោះ​ប្រសិនបើលោត​មក​មិន​ស្លាប់ ក៏​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ដដែល។ មាន​ន័យ​ថា​បើ​ទុក​ជា​អ្នក​លោត​នោះ​ស្លាប់​ទៅ​ហើយ​ក្ដី ក៏​នៅ​តែ​ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​ដដែល។

មូលហេតុ​សំខាន់​ព្រោះ​អ្នក​តាក់​តែង​ច្បាប់​យល់​ថា អ្នក​ដែល​លោត​ពី​លើ​អគារ (ដើម្បី​សម្លាប់​ខ្លួន) មិន​មែន​ស្លាប់​តែ​ម្នាក់​ឯង​ទេ ប៉ុន្តែ​អាច​បណ្ដាល​ឲ្យ​អ្នក​ធ្វើ​ដំណើរ​នៅ​ពី​ក្រោម​នោះក៏​ទទួល​រង​គ្រោះ​ថ្នាក់ ឬ​ស្លាប់​ផង​ក៏​សឹង​មាន។ ប្រភព៖ tsminteractive

អាល្លឺម៉ង់៖ បើក​ឡាន​អស់​សាំង​កណ្ដាល​ផ្លូវ ជាប់​គុក​ប្រាំ​ឆ្នាំ

នៅ​ប្រទេស​អាល្លឺម៉ង់​មាន​ផ្លូវ​មួយ​ប្រភេទ​ដែល​អ្នក​បើក​បរ​និយម​បើក​ក្នុង​ល្បឿន​លឿន​ដែល​គេ​ឲ្យ​ឈ្មោះ​ថា «ផ្លូវ​ផ្ដាច់​ព្រលឹង» ឬ «ផ្លូវ​បើកបរ​ល្បឿន​សេរី»។ រថយន្ត​ដែល​រត់​នៅ​លើ​ផ្លូវ​នេះ​ជា​ទូទៅ​រត់​ក្នុង​ល្បឿន ១៣០ Km/h ​ប៉ុន្តែ​ច្បាប់​មិន​កំណត់​ល្បឿន​ទេ អាច​បើក​ពីរ​បី​រយ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក៏​បាន។ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក្ដី ការ​បើក​បរ​សុខៗ ​ស្រាប់​យានយន្ត​ឈប់​កណ្ដាល​ផ្លូវជា​បទល្មើស​ ហើយ​អ្នក​បើក​បរ​ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់ ដកហូត​ប័ណ្ណ​បើកបរ​ យក​ទៅ​ផ្អឹប​ទុក​ប្រាំមួយ​ខែ​ទើប​ប្រគល់​ឲ្យ​វិញ។

នៅ​តាម​ផ្លូវ​ប្រភេទ​នេះ មាន​ស្ថានីយ​ចាក់​សាំង​ច្រើនគឺ​ចន្លោះ ៥០ ទៅ៥៥ Km ​មាន​មួយ។ ក្នុង​ករណី​រថយន្ត​ឈប់​កណ្ដាល​ទី​ ហើយ​បង្ក​គ្រោះ​ថ្នាក់​ដោយ​ប្រការ​ណា​មួយ អ្នក​បើក​បរ​អាច​ប្រឈម​នឹង​ការ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​រហូត​ដល់​ប្រាំ​ឆ្នាំ។ អ្នក​ដែល​មាន​សិទ្ធិ​បើកបរ​លើ​ផ្លូវ​ប្រភេទ​នេះ​បាន មាន​តែ​ពួក​អឺរ៉ុប និង​ពលរដ្ឋ​អាមេរិក។ ប្រភព ៖ foxnomad

​ប្រទេស​អេស្ប៉ាញ ៖ អ្នក​បើក​បរ​មិន​ពាក់​ស្បែកជើង​ឃ្លុបត្រូវ​ពិន័យ ១៥០ អឺរ៉ូ

ច្បាប់​ចរាចរណ៍​របស់​អេស្ប៉ាញ​ដាក់​ទោសទណ្ឌ​ចំពោះ​អ្នក​បើកបរ​មិន​ពាក់​ស្បែកជើង​ឃ្លុប តែ​បែរ​ជា​ពាក់​ស្បែក​ជើង​ផ្ទាត់ ឬ​ស្បែកជើង​ខ្សែចំពាម ហ្នឹង​ជា​ចំណុច​ទី​មួយ រី​ឯ​ចំណុច​មួយ​ទៀត អ្នក​បើកបរ​ក៏​ត្រូវ​មាន​ទោស​ពៃ​ផង​ដែរ​ប្រសិនបើ​បើកបរ​អត់​ពាក់អាវ (យ៉ាង​ហោច​ណាស់​ត្រូវ​ពាក់​អាវយឺត) និង​មិន​ត្រូវ​បើកបរ​ជើង​ទទេ​ជា​ដាច់​ខាត។

លទ្ធផល​បាន​មក​ពី​ការ​ស្រាវជ្រាវ បង្ហាញ​ថា​ការ​បើក​បរ​រថយន្ត​ដោយ​មិន​ពាក់​ស្បែក​ជើង​ឃ្លុប ប៉ុន្តែ​ពាក់​ស្បែកជើង​ផ្ទាត់ បណ្ដាល​ឲ្យ​ជាន់​ហ្វ្រាំង​យឺត។ ប្រសិនបើ​បើក​បរ​ក្នុង​ល្បឿន​ជាង ៩០ Km/h គឺ​អ្នក​ពាក់​ស្បែកជើង​ផ្ទាត់​ជាន់​ហ្វ្រាំង​យឺត​ជាង​អ្នក​ពាក់​ស្បែកជើង​ឃ្លុប​ចំនួន ០,១២ វិនាទី ឬ ៣,២ ម៉ែត្រ (ក្នុង​ករណី​ដែល​អ្នក​បើកបរ​ពាក់​ស្បែកជើង​ឃ្លុប​មិន​ប៉ះ​អ្វី​ដែល​នៅ​ពី​មុខ​ឡាន គឺ​អ្នក​ពាក់​ស្បែក​ជើង​ផ្ទាត់​ត្រូវ​ទទួល​រង) ប្រភព ៖ dailymail

ប្រទេស​បារាំង៖ អ្នក​ណា​ហ៊ាន​រៀប​ការ​ជា​មួយ​សាកសព ជា​ទង្វើ​ខុសច្បាប់

កាលពី​ឆ្នាំ ២០០៩ នាង Magali Jaskiewicz បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​សព​គូ​ដណ្ដឹង​របស់​នាង ដែល​បាន​សុំ​រៀបការ​ជាមួយ​នាង​ពេល​គូ​ដណ្ដឹង​នោះ​នៅ​រស់ លុះ​ក្រោយមក​បាន​តែ​ពីរ​ថ្ងៃ គូ​ដណ្ដឹង​ក៏​ស្លាប់​ចោល។ ក្រោយ​មរណភាព​នោះ​មួយ​ឆ្នាំ នាង​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​រៀបការ​ជា​មួយ​សព​គូ​ដណ្ដឹង​។

នៅ​ប្រទេស​បារាំង ច្បាប់​ហាម​ដាច់​ខាត​មិន​ឲ្យ​រៀប​ការ​ជា​មួយ​អ្នក​ដែល​ចែក​ឋាន​ទៅ​ហើយ​ទេ ផ្ទុយ​ពី​សង្គម​ខ្លះ បុរស​ឬ​នារី​អាច​រៀបការ​ជាមួយ​អ្នក​ស្លាប់​ជា​លក្ខណៈ​ឧបកិច្ច និង​បំពេញ​កិច្ច​ជា​ពោះម៉ាយ ឬ​មេម៉ាយ​តាម​ផ្លូវ​ច្បាប់។ ប្រភព ៖ The Guardian

​ប្រទេស​ថៃ៖

១- ដើរ​ជាន់​លើ​ក្រដាស​ប្រាក់ដោយចេតនា ត្រូវ​ផ្ដន្ទាទោស​ដាក់​គុក តែប្រសិនបើ​លោក​អ្នក​ច្រឡំ​ជាន់​លើ​ក្រដាស​ប្រាក់ ឬ​កាក់ដោយ​អចេតនាគឺ​មិន​ថ្វី​ទេ។ ២- ធ្វើ​ដំណើរ​​​មិន​ស្លៀក​ខោ​ក្នុង ឬ​អាវ​ក្នុង ជា​ទង្វើ​ខុស​ច្បាប់​ ៣- ខាកស្ដោះ​តាម​ផ្លូវ ជាប់​ពិន័យ ៦០០ ដុល្លារអាមេរិក (បើ​មិន​ព្រម​បង់​លុយ​ ចាប់​ដាក​គុក)។ ប្រភព ៖ thepulp

ប្រទេស​កាណាដា៖

នៅ​ទីក្រុង​អុងតារីយោ (Ontario) អ្នក​ដែល​ឡើង​ដើម​ឈើ​ខុសច្បាប់ ​ព្រោះ​រុក្ខជាតិ​ជា​សម្បត្តិវប្បធម៌​ដ៏​មាន​តម្លៃ​របស់​ប្រទេស​កាណាដា។ មិន​តែប៉ុណ្ណោះ កាណាដា​មាន​ព្រៃ​ឈើ​គ្រប​ដណ្ដប់ ៦០% នៃ​ផ្ទៃ​ដី​សរុប (ផ្ទៃ​ដី​កាណាដា​ជាង ៩លាន​គីឡូម៉ែត្រ​ការ៉េ)។

ប្រទេស​អ៊ីតាលី

នៅ​ទីក្រុង​មីឡាន (Milan) អ្នក​ណា​មិន​ញញឹម​សប្បាយ​រីក​រាយជា​ទង្វើ​ខុស​ច្បាប់។ លើក​លែង​តែ​ពីរ​ករណី​គត់ គឺ​ពេល​ទៅ​មន្ទីរពេទ្យ និង​ទៅ​ចូល​រួម​បុណ្យ​សព អាច​ធ្វើ​មុខ​ក្រៀម ឬ​ស្រពាប់​ស្រពោន​បាន ហើយ​ក្រៅ​ពី​នេះ រដ្ឋាភិបាល​តម្រូវ​ឲ្យ​មនុស្ស​ទូទៅ​ញញឹម​ពព្រាយ​ជាប់​ជា​ប្រចាំ គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង។ ពុំនោះទេ ត្រូវ​ពិន័យ​ជា​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

ដាណឺម៉ាក

អ្នក​បើក​បរ​យាន​យន្ត​ដែល​បំពាក់​ដោយ​ភ្លើង​ហ្វា​ត្រូវ​បើក​ភ្លើង​ទាំង​ថ្ងៃ​ទាំង​យប់។ នៅ​តាម​ភោជនីយដ្ឋាន​ ប្រសិនបើ​លោក​អ្នក​បរិភោគ​ល្មមៗមិន​ទាន់​ឆ្អែត​ទេ លោក​អ្នក​មិន​ចាំ​បាច់​គិត​លុយ​ទេ លុះ​ត្រា​តែ​ភ្ញៀវ​និយាយ​ប្រាប់​ផ្ទាល់​មាត់​ថា «ខ្ញុំ​ហូប​ឆ្អែត​ហើយ» នោះ​ទើប​អ្នក​រត់​តុ​គេ​គិត​លុយ។

នៅ​ប្រទេស​ទួរគី៖ អ្នក​ដែល​មាន​អាយុ​លើស ៨០ឆ្នាំ​ ​ហើយ​ធ្វើ​ជា​ពីឡុត​បើក​យន្តហោះ នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់។ ប្រទេស​ព័រទុយហ្កាល់៖ នោម​ដាក់​ទឹក​សមុទ្រ គឺខុសច្បាប់។ សិង្ហបុរី៖ កុំ​ថា​ឡើយ​ដល់​ខាកស្ដោះ ឬ​ខ្ជាក់​ស្ករកៅស៊ូ​តាម​ទី​សាធារណៈ សូម្បី​តែ​ទំពារ​ស្ករ​កៅស៊ូ​ក៏​ខុស​ច្បាប់​ដែរ។ សិង្ហបុរី​ជា​ប្រទេស​មាន​អនាម័យ​ខ្ពស់ សូម្បី​តែ​តាម​ដង​ផ្លូវក៏​គ្មាន​សំរាម​ផង។