​តើ​បុគ្គល​ជោគ​ជ័យ និង​មេដឹកនាំ​ល្បីៗណា​ខ្លះមានទម្លាប់​​​គេង​ថ្ងៃ​ ដើម្បី​ប្រសិទ្ធ​ភាព​ការងារ និង​ភាពច្នៃ​ប្រឌិត?​

ការ​គេង​ថ្ងៃ (nap) ​ជា​វិធី​ស្ដារ​ថាមពលរាងកាយ (refresh) ដើម្បី​ប្រមូល​កម្លាំងធ្វើការ​បន្ត​ទៀត​។ បុគ្គល​ល្បីៗ​មួយ​ចំនួនដែល​មាន​ជោគជ័យ និង​ល្បីល្បាញ​ទូទាំង​ពិភពលោកបាន​អនុវត្ត​វិធី​សម្រាក​ថ្ងៃ​ត្រង់ (Take a nap) ដែល​គេ​ល្បី​ថា ​វិធី​នេះ​ធ្វើ​ឲ្យ​ខួរក្បាល​ស្រស់​ថ្លា និង​បង្កើត​គំនិត​ច្នៃប្រឌិត (creative thinking)។ 

ការ​គេង​ថ្ងៃ​ធ្វើ​ឲ្យ​ខួរ​ក្បាល​ស្រស់​ថ្លា គិត​អ្វី​ឆាប់​ចេញ​ និង​បង្ក​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​គំនិត​បង្កើត​ថ្មី ឬ​បង្កើត​មនោគតិ (imagination)។ ខាង​ក្រោម​នេះ​ជា​បុគ្គល​ល្បីៗ ដែល​បាន​ទទួល​ទាន​ដំណេក​នៅ​ពេល​ថ្ងៃ ជា​លក្ខណៈ​សម្រាក​ក្រោយ​អាហារ​ថ្ងៃ​ត្រង់។

1- អារីស្តូត (Aristotle) (៣៨៤ – ៣២២ មុន​គ្រិស្តសករាជ) លោក​ជា​អ្នក​ទស្សនវិជ្ជា​សញ្ជាតិ​ក្រិក និង​ជា​បិតា​ជីវវិទ្យា តក្កវិជ្ជា និង​វិទ្យាសាស្ត្រ​នយោបាយ។ គាត់ធ្លាប់​មាន​ប្រសាសន៍​ថា​ នៅ​ពេល​មនុស្ស​ម្នាក់​គេង​លក់ ក៏​មនុស្ស​នោះ​នៅ​តែ​មាន​វិញ្ញាណ​មួយ​ដឹង​ខ្លួន​ដែរ។ លោក​ថា​ដំណេក​មាន​ដំណាក់កាល​របស់​វា ហើយ​សរីរាង្គកាយ​របស់​មនុស្ស​មាន​ដំណើរ​ប្រព្រឹត្ត​ទៅតាម​ដំណាក់កាល​នីមួយៗ​នៃ​ដំណេក។ 

ដំណាក់កាល​នេះ គេ​ឲ្យ​ឈ្មោះ​ថា​ hypnagogic ដែល​មាន​ន័យ​ថា «មនុស្ស​កំពុង​តែ​គេង​លក់ ប៉ុន្តែ​វិញ្ញាណ​ទាំង​ប្រាំ​នៅ​ដំណើរ​ការ​ជា​ធម្មតា ដូច​មនុស្ស​មិន​បាន​គេង​ គឺ​ត្រចៀក​នៅ​ស្ដាប់​ឮ – ច្រមុះ​នៅ​ធុំក្លិន។ល។ – abducting into sleep»។ ហេតុ​នេះ​ហើយបាន​ជា​ពេល​ខ្លះ មនុស្ស​យើង​គេងលក់ លុះ​ស្ដាប់​ឮ​សំឡេង​អ្វី​មួយ គឺ​បម្លែង​ជា​រូបារម្មណ៍​នៅ​ក្នុង​យល់​សប្ដិ។

2- ឡេអូណាដូដាវីនស៊ី (Leonardo da Vinci )​ (១៤៥២ – ១៥១៩) លោក​ជា​អ្នក​ទស្សនវិជ្ជា និង​វិចិត្រករ​ដែល​គូររូប​ម៉ូណាលីហ្សា (Mona Liza)។ ​ក្នុង​រយៈ​ពេល​២៤ម៉ោង ប្រសិនបើ​គិត​តែ​ថេរវេលា​ដែល​លោក​គេង​លក់​ត្រឹម ២ម៉ោង​ប៉ុណ្ណោះ ហើយ​ចែក​ជា​ដំណាក់ៗ។ រៀងរាល់ ៤ ម៉ោង​ម្ដង លោក​គេង​ជា​លក្ខណៈ​មួយ​ស្រឡេត (nap) រយៈ​ពេល ១៥ នាទី រួច​ហើយ​លោក​ភ្ញាក់​ពី​គេង។

3- ​ណាប៉ូឡេអុង​បូណាប៉ា (NAPOLEON BONAPARTE) (១៧៦៩ – ១៨២១) ​លោក​ជា​អធិរាជ​ប្រទេស​បារាំង និង​ជា​អ្នក​យុទ្ធសាស្ត្រ​សង្គ្រាម​ដ៏​ល្បីល្បាញ។ ណាប៉ូឡេអុងគេង​លើ​ខ្នង​សេះ​តែ​ម្ដង ពេល​កំពុង​ជិះ​សេះ។ ក្នុង​មួយ​យប់ៗ លោក​គេង ៧ ម៉ោង ដោយ​ភ្ញាក់​នៅ​ម៉ោង ៧ ព្រឹក​និង​សំកុក​នៅ​លើ​គ្រែរហូតដល់​ម៉ោង ៨ ព្រឹក​ទើប​ក្រោក។ លោក​ច្រើន​គេង​មួយ​ស្រឡេត នៅ​ពេល​រសៀល។

​4- លោក​អាល់បឺតអែនស្តែន (Albert Einstein) ​បិតា​រូបវិទ្យា​អវកាស (astrophysics) លោក​ជា​អ្នក​ដែល​បាន​សរសេរ​និក្ខេបបទ​ស្ដីពី «សាបេក្ខភាព – relativity» ដែល​និយាយ​អំពី​អ្វីៗ​នៅ​ក្នុង​លោក​នេះ សុទ្ធ​តែ​អាស្រ័យ​កាលៈទេសៈ (time and space)។ លោក​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​យប់ លោក​ត្រូវ​ការ​គេង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ក៏​ដប់​ម៉ោង។ ក្រៅ​ពី​នោះ លោក​ត្រូវ​ការ​គេង​ថ្ងៃមួយ​ស្រឡេតៗ ដើម្បី​ឲ្យ​ខួរ​ក្បាល​ដើរ​ស្រួល និង​មាន​គំនិត​ថ្មីៗ។ 

បើ​មិន​ដូច្នេះ​ទេ លោក​អង្គុយ​ងោក (nod off) ហើយ​គិត​អ្វី​មិន​ចេញ​ទេ។ លោក​អាច​នឹង​គេង​លក់​រយៈ​ពេល​វែង​នៅ​ពេល​ថ្ងៃ ប្រសិនបើ​មិន​មាន​វិធានការ​ទប់​ទល់​ទេ។ លោក​ច្រើន​គេង​ថ្ងៃ​នៅ​លើ​កៅអីភ្នាក់ដៃ (armchair) ហើយ​ទម្រេត​ខ្លួន ដោយ​ដៃ​កាន់​ខ្មៅដៃ ឬ​ស្លាបព្រា រួច​ដាក់​ចាន​ដែក​មួយ​ពីក្រោម។ ពេល​លោក​គេង​មួយ​ភ្លឹប​ទៅ បន្តិច​ក្រោយមក ស្លាបព្រា ឬ​ខ្មៅដៃ​ក៏​ធ្លាក់​ឮសូរ​ក្រឺង។ លោក​ក៏​ភ្ញាក់​វិញ។

5- លោក​វីនស្តុនឆឺឈីល (WINSTON CHURCHILL) (១៨៧៤ – ១៩៦៥) ​លោក​ជា​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​ពី​ឆ្នាំ១៩៤០ – ១៩៤៥ និង​អាណត្តិ​ទីពីរ ១៩៥១ – ១៩៥៥។ លោក​ជា​អ្នក​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ឲ្យ​មនុស្ស​ទូទៅ​គេង​ថ្ងៃ និង​ប្រជុំ​គណៈរដ្ឋមន្ត្រី មិន​ឲ្យ​ជាន់​ពេល​ចំ​ពេល​លោក​គេង​នោះ​ទេ។

6- លោក​ស្រី​ម៉ាហ្ការ៉ែតថេតឆឺ (Margaret Thatcher) (១៩២៥ – ២០១៣) ​លោកស្រី​ជា​អតីត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ពី​ឆ្នាំ ១៩៧៩ – ១៩៩០។ លោក​ស្រី​ប្រាប់​ថា​ក្នុង​មួយ​យប់ លោក​ស្រី​គេង​តែ ៤ ម៉ោង​ប៉ុណ្ណោះ​សម្រាប់​ថ្ងៃ​ធម្មតា និង​ច្រើន​ជាង​នេះ​សម្រាប់​ថ្ងៃ​ចុង​សប្ដាហ៍។ នៅ​ពេល​ថ្ងៃ លោក​ស្រី​ត្រូវ​ការ​គេង​មួយ​ស្រឡេត។ 

មូលហេតុ​ដែល​លោក​ស្រី​គេង​ត្រឹម​៤ម៉ោង​ក្នុង​មួយ​យប់ ព្រោះ​ត្រូវ​ធ្វើ​កិច្ចការ​ធំៗ ដែល​ពាក់ព័ន្ធ​នឹង​វាសនា​ប្រទេស​ជាតិ និង​កិច្ចការ​អន្តរជាតិ ក្នុង​ពេល​ដែល​សង្គ្រាម​ត្រជាក់​កំពុង​ផ្ទុះ​ពេញ​ទំហឹង។ អ្នក​វិទ្យាសាស្ត្រ​អាមេរិក​ស្រាវជ្រាវ​ឃើញ​ថា​លោក​ស្រី​ថេតឆឺ (Thatcher) មាន​លក្ខណៈ​ពិសេស​ពី​ធម្មជាតិគឺ​មាន​កោសិកា​ពិសេស​ខ្លាំង ដែល​មិន​ចាំ​បាច់​ត្រូវ​ការ​គេង​ច្រើន​ទេ ត្រឹម​ពីរ​បី​ម៉ោង​គឺ​គ្រប់គ្រាន់។

7- ចនកេនណឺឌី (John F. Kennedy) (១៩១៧ – ១៩៦៣) លោក​កេណឺឌី ជា​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពី​ឆ្នាំ ១៩៦១ – ១៩៦៣។ លោក​ជា​អ្នក​ដែល​ចូលចិត្ត​គេង​ថ្ងៃ​ជា​ពន់ពេក។ ឲ្យ​តែ​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​រួចរាល់​ហើយ លោក​ត្រូវ​គេង​យក​កម្លាំង​យ៉ាងហោចណាស់​ក៏ ២- ៣ ម៉ោង។ 

ការ​អនុវត្ត​របៀប​នេះ ធ្វើ​ឲ្យ​លោក​មាន​កម្លាំង​ពលំ មាំមួន និង​ស្មារតី​ភ្លឺ​ថ្លា រហូត​ដល់​លោក​អាច​បំពេញ​ការ​ងារ​បាន ១២ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដោយ​គ្មាន​ការ​នឿយហត់ ជាពិសេស​ស្ថានការណ៍​តឹងតែង ជា​អន្តរជាតិ ពាក់ព័ន្ធ​នឹង​វិបត្តិ​មីស៊ីល​នៅ​គុយបា (Cuban Missile Crisis) ដែល​សូវៀត​លួច​ដំឡើង​មីស៊ីល​បរមាណូ នៅ​ប្រទេស​គុយបា ហើយ​បែរ​ទិស​ទៅ​ប្រទេស​អាមេរិក​កាលពី​ឆ្នាំ​១៩៦២។

សូម​បញ្ជាក់​ថា «​យុទ្ធសាស្ត្រ​គេង​ថ្ងៃ​ដើម្បី​សន្សំ​កម្លាំង និង​ស្ដារ​ថាមពល» ​នេះ​ គឺ​លោក​ចម្លង​តាម​ប្រធានាធិបតី​អាមេរិក លីនដុនចនសុន ហើយ​លោក​ចន​សុន​ចម្លង​ពី​លោក​អៃសិនហាវវើ លោក​អៃសិនហាវវើ​ចម្លង​ពី​លោក​វីនស្តុនឈើឈីល។