​គុណសម្បត្តិ​មិន​អាច​កាត់ថ្លៃ​បាន​ទាំង​៩ របស់​​អ្នកដឹកនាំ​ដ៏​អស្ចារ្យ

តើ​​មេដឹកនាំ​ដ៏​អស្ចារ្យ​ជា​មនុស្ស​ដូចម្តេច? តើ​​​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ក្លាយ​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ? នេះ​ជា​សំនួរ​សំខាន់​សម្រាប់​ស្វែង​យល់​ពី​​​លក្ខណៈ​សម្បត្តិ​របស់​បុគ្គល​នេះ​ទាំង​បរិបទ​នៅ​កន្លែង​ការងារ និងសហគមន៍​របស់​អ្នក។

អ្វី​ដែល​គេ​ឃើញ​មាន​ជា​ទូទៅ មេដឹកនាំ​ល្អ​​គឺ​ជា​​មនុស្ស​ដែល​បម្រើ​​ផល​ប្រយោជន៍​រួម​ដល់​មនុស្ស​គ្រប់គ្នា។ ទោះបី​ជា​​មិត្ត​អ្នក​អាន​បាន​យល់​ឃើញ​បែប​នេះ​ក្តី នេះ​​​​ពិត​ជា​រឿង​ត្រឹមត្រូវ​មួយ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​​អ្នក​កាន់តែ​ច្បាស់​​ពី​ភាព​ជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ គឺ​មាន​​គុណ​សម្បត្តិ​​យ៉ាង​ពិសេស​ចំនួន​៩ ខាងក្រោម​នេះ៖​

1- អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ​គឺ​ជា​មនុស្ស​​តស៊ូ​ (Great Leaders Are Persistent)

​​នៅ​ក្នុង​ក្រអៅ​បេះដូង​របស់​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ដូច​ជា​វីរបុរស​អាហ្វ្រិក​ខាងត្បូង​លោក Nelson Mandela ឬ លោក Mahatma Gandhi ជា​វីរបុរស​ឥណ្ឌា​ជា​ដើម ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ឥស្សរជន​ដ៏​អង់អាច​ក្លាហាន និងមាន​ប្រវត្តិ​តស៊ូ​មិន​ធម្មតា។ បុគ្គល​ទាំង​នេះ​បាន​រក្សា​នូវ​ជំហរ​តស៊ូ​របស់​ខ្លួន​ប្រឆាំង​ទៅ​នឹង​ឧបសគ្គ​នានា​ដោយ​មិន​រាថយ និងដឹង​ពី​របៀប​លត់ដំ​ខ្លួន​ដើម្បី​ច្បាម​យក​ជ័យជំនះ​នៅ​​ពេល​ខាងមុខ។ សូម​ចាំ​ថា គ្មាន​មេដឹកនាំ​​ណាមួយ​នៅ​លោក​យើង​នេះ ​ដែល​មិន​ធ្លាប់​បរាជ័យ​នោះ​ឡើយ ហើយ​​អ្នក​ដឹក​នាំ​ដ៏​អស្ចារ្យ​គិត​ថា​ ការ​បរាជ័យ​គឺ​ជា​មាគ៌​ដ៏​ប្រសើរ​ដើម្បី​ទម្លុះទម្លាយ​ភាព​​​កម្សោយ​របស់​មនុស្ស​ឆ្ពោះ​ទៅ​រក​ភាព​ភ្លឺស្វាង។

​​​2- មេដឹកនាំ​ដ៏​អស្ចារ្យ​​ជួយ​លើក​ទឹកចិត្ត​អ្នក​ដទៃ (Great Leaders Motivate Others)

ការ​លើក​ទឹកចិត្ត​ គឺ​ជា​កាយវិការ​ដ៏​ល្អ​បំផុត​​មួយ​ទៀត​​ដែល​គេ​មិន​ត្រូវ​មើល​រំលង​របស់​មេដឹកនាំ​​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក។ ការ​ដែល​មេដឹកនាំ​​​កំពូលៗ​ចូលចិត្ត​​​លើក​ទឹកចិត្ត​​ដទៃ​​​ដោយ​ហេតុ​ថា​ ការ​លើក​ទឹកចិត្ត​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បញ្ចេញ​​សកម្មភាព​ជា​វិជ្ជមាន​ដែល​ជា​ប្រយោជន៍​ដល់​ខ្លួន​ឯង និងសង្គម​ជាតិ​ទាំងមូល។ លើស​ពី​នេះ​ទៅ​ទៀត សុទិដ្ឋិនិយម​ជា​​អ្វី​ដែល​គេ​ឃើញ​​ផុស​ចេញ​ពី​​ក្នុង​ខ្លួន​របស់​មេដឹកនាំ​​ល្បីៗ ព្រោះ​ថា​សមិទ្ធផល​​ដែល​មិន​អាច​កាត់​ថ្ងៃ​​បាន​របស់​បុគ្គល​ទាំង​នោះ​​​ក៏​ផុស​ចេញ​ពី​គំនិត​សុទិដ្ឋិនិយម​នេះ។ ​​​​​

3- មេដឹកនាំ​​ដ៏​អស្ចារ្យ​​មាន​ទំនាក់ទំនង​ការងារ​ល្អ​ជា​មួយ​អ្នកដទៃ (Great Leaders Work Well With Others)

គេ​សង្កេត​ឃើញ​ថា ការ​រួម​គំនិតយោបល់​ សាមគ្គីភាព និងភាព​ចុះសម្រុង​គ្នា​​ទៅ​វិញ​ទៅ​មក​រវាង​រវាង​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត​​​ គឺ​ជា​អត្តចរិត​ដ៏​ពិសេស​មួយ​ទៀត​របស់​មេដឹកនាំ​ដ៏​អស្ចារ្យ។ បុគ្គល​​ប្រភេទ​នេះ​ចូលចិត្ត​ទំនាក់ទំនង ឬធ្វើ​ការ​ជា​មួយ​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ និងគុណ​តម្លៃ​សម្រាប់​​ខ្លួន​ឯង និងមនុស្ស​គ្រប់គ្នា។ ដោយ​បាន​វិនិយោគ​យ៉ាង​ធំធេង​លើ​តម្លៃ​នៃ​ការ​ទំនាក់ទំនង​នេះ អ្នកដឹកនាំ​ដ៏​អស្ចារ្យ​​ចូលចិត្ត​ពង្រីក​ដែន​ទំនាក់ទំនង​របស់​ខ្លួន​គ្មាន​ដែន​កំណត់​ និងបំផុស​ឲ្យ​មាន​ផលិតភាព​​កាន់តែ​ប្រសើរ​ឡើង​​នៅ​កន្លែង​ការងារ។ ​​​​

4- មេដឹកនាំ​ដ៏​អស្ចារ្យ​ជា​មនុស្ស​ពូកែ​សួរ​ (Great Leaders Ask Questions)

គុណសម្បត្តិ​មួយ​ទៀត​ដែល​ក្រៅ​តែ​ដើរ​តួនាទី​ជា​អ្នក​ដឹកនាំ​ដ៏​ល្អ​ម្នាក់​ដល់​មនុស្ស​គ្រប់គ្នា អ្នក​ដឹកនាំ​ដ៏​​អស្ចារ្យ​ក៏​ជា​មនុស្ស​ម្នាក់​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ផ្សេង​ទៀត​ដែល​សំបូរ​ទៅ​ដោយ​ចម្ងល់ និងការ​វែកញែក​​រក​ហេតុផល​ច្រើន​​​។ ការ​សាកសួរ​​នេះ គឺ​ជា​ចំណុច​មួយ​ដែល​មិន​អាច​ខ្វះ​បាន​របស់​បុគ្គល​ប្រភេទ​នេះ​ដើម្បី​​កែ​តម្រូវ​ចំណុច​ខ្វះខាត និងការ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ ​សំដៅ​លើកស្ទួយ​ឲ្យ​​មាន​ការ​អនុវត្ត​​​នានា​​សម្រេច​បាន​សមិទ្ធផល​​ជា​ផ្លែផ្កា​ដល់​មនុស្ស​គ្រប់គ្នា។

5- មេដឹកនាំ​ដ៏​អស្ចារ្យ​​ ជា​​មនុស្ស​ឈានមុខ​គេ​លើ​ការ​​​សម្រេចចិត្ត​នានា​ (Great Leaders Make Decisions)

នៅ​ក្នុង​​សកម្មភាព​​​​ដឹកនាំ​របស់​ខ្លួន​​ ជា​ពិសេស​ក្នុង​ការងារ​ធំៗ ការ​សម្រេច​ចិត្ត​ដ៏​ក្លាហាន​មួយ​ដោយ​ម៉ត់ចត់ និងផ្ចិតផ្ចង់​​ប្រកប​ដោយ​តម្លាភាព​ត្រូវ​ស្តែង​ចេញ​​ពី​អ្នក​ដឹកនាំ​កំពូល​ៗ​​ជា​ច្រើន។ អ្នក​ដឹកនាំ​បែប​នេះ​មិនមែន​ជា​មនុស្ស​អង្គុយ​នៅ​លើ​របង​​ដែក​នោះ​ទេ តែ​ជា​មនុស្ស​​មុន​គេ​ដែល​ទម្លុះ​របង​ដែក​នោះ​ដើម្បី​ឲ្យ​មនុស្ស​​ផ្សេង​ទៀត​ចូល​ទៅ​ក្នុង​​វីឡា​ដ៏​ស្កឹមស្កៃ​មួយ។ ម្យ៉ាង​វិញ​ទៀត ​អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ​ក៏​​ជា​មនុស្ស​ដែល​មាន​ការ​ប្ដេជ្ញា​ខ្ពស់ និងទទួល​ខុសត្រូវ​លើ​​ការ​សម្រេចចិត្ត​​នោះ ព្រម​ទាំង​ហ៊ាន​ប្រឈមមុខ​​ឧបសគ្គ​ចំពោះ​មុខ​ទៀត​ផង។​​​

6- មេដឹកនាំ​ដ៏​អស្ចារ្យ​​មាន​​សិល្បៈ​ទំនាក់ទំនង​ល្អ​ (Great Leaders Master The Art Of Communication)

ភាសា​ទំនាក់ទំនង​ទាំង​កាយវិការ​ក្តី ដោយ​វាចា​ក្តី​ និងយុទ្ធសាស្ត្រ​បញ្ចុះបញ្ចូល​អ្នក​ដទៃ​ក្តី ​​គឺ​ជា​​ចំណុច​ខ្លាំង​មួយ​ទៀត​​របស់​​អ្នកដឹកនាំ​ដ៏​អស្ចារ្យ។ ​ដើម្បី​​ឲ្យ​ការ​ទំនាក់ទំនង​បាន​ដើរ​​ទៅ​មុខ​យ៉ាង​រលូន​ ​បុគ្គល​​ប្រភេទ​នេះ​មិន​ត្រឹម​តែ​បញ្ជា​ឲ្យ​​អ្នក​ផ្សេង​​​អនុវត្ត​ឲ្យ​បាន​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​​​ជួយ​ត្រួសត្រាយ​ផ្លូវ និងការ​​គាំទ្រ​គ្រប់​ជំហាន​ជា​មួយ​នឹង​ការ​រំពឹង​ទុក​មួយ​ប្រកប​ដោយ​សុទិដ្ឋិនិយម​ និងច្បាស់លាស់​តាម​គោលដៅ​ដែល​បាន​កំណត់​សម្រាប់​​សមិទ្ធផល​ដល់​មនុស្ស​គ្រប់គ្នា​។

ទន្ទឹម​នឹង​នេះ​ដោយ​ប្រកាន់​គោលការណ៍​បើក​ចំហ​ក្នុង​ការ​ទំនាក់ទំនង​នេះ​ អ្នកដឹកនាំ​ដ៏​អស្ចារ្យ​បាន​ធានា​ថា រាល់​សមាជិក​ក្នុង​ក្រុម​ទាំង​អស់​ពិត​ជា​មាន​អារម្មណ៍​ថា ពួកគេ​ម្នាក់ៗ​​សុទ្ធតែ​មាន​ចំណែក​យ៉ាង​សំខាន់​សម្រាប់​សមិទ្ធផល​ទាំង​​នោះ ហើយ​​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ក្របខណ្ឌ​រួម។​​​

7- អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ចែក​រំលែក​អ្វី​ដែល​ខ្លួន​បាន​ដឹង (Great Leaders Share What They Know)​

ចំណេះដឹង​មិនមែន​ជា​កម្មសិទ្ធិ​ឯកជន​ដែល​ត្រូវ​តែ​គ្រប់គ្រង​ដោយ​មនុស្ស​ម្នាក់​រហូត​នោះ​ទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​សង្កេត​ឃើញ​ថា មេដឹកនាំ​​កំពូលៗ​នៅ​ជុំវិញ​ពិភពលោក​តែងតែ​​បញ្ចេញ​សកម្មភាព​របស់​ខ្លួន និង​ចូលចិត្ត​ចែក​រំលែក​ដល់​មនុស្ស​គ្រប់គ្នា​ជានិច្ច។ ការ​ដែល​មេដឹកនាំ​ល្អៗ​ចូលចិត្ត​ចែក​រំលែក​ដោយសារ​​យល់​ថា ការ​ចែក​រំលែក​ចំណេះដឹង​​ពី​អ្វី​ដែល​ខ្លួន​បាន​ដឹង ​គឺ​ជា​គន្លឹះ​នៃ​ក្រម​សីលធម៌​​​​សង្គម និងការ​គោរព​ឲ្យ​តម្លៃ​គ្នា​ទៅវិញ​ទៅ​មក។

8- មេដឹកនាំ​ដ៏​អស្ចារ្យ​នឹង​ចែក​រំលែក​​អំណាច​របស់​ខ្លួន​ទៅ​ដល់​មនុស្ស​ផ្សេង​ទៀត (Great Leaders Share Their Power)​

អំណាច​មិន​មែន​ជា​សញ្ញា​បញ្ជាក់​ពី​ភាព​ស្អាតស្អំ ឬមេដាយមាស​​មួយ​របស់​​បុគ្គល​ណា​ម្នាក់​នោះ​ឡើយ ហើយ​វា​ក៏​មិន​​ជា​របស់​អមតៈ​នោះ​ដែរ។ យ៉ាងណាមិញ​អ្នក​ដឹកនាំ​ដ៏​ល្អ បាន​បង្ហាញ​ពី​​មេត្តា​ធម៌ និងផ្តល់​ឱកាស​​ឲ្យ​មនុស្ស​គ្រប់គ្នា​​ចែក​រំលែក​សមត្ថភាព​របស់​ខ្លួន។ ម្ល៉ោះហើយ​​បុគ្គល​ប្រភេទ​នេះ​បាន​យល់​ថា ខ្លួន​ត្រូវ​តែ​ចែក​រំលែក​អំណាច​របស់​ខ្លួន និងប្រើប្រាស់​​ឥទ្ធិពល​ទាំង​នេះ​ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​សាធារណជន ជាជាង​បម្រើ​​ផល​ប្រយោជន៍​របស់​បុគ្គល​មួយ​ក្តាប់​តូច។

៩) អ្នក​ដឹក​នាំ​ដ៏​អស្ចារ្យ ​ចែក​រំលែក​ពេលវេលា​ដល់​មនុស្ស​គ្រប់គ្នា (Great Leaders Share Their Time)

អ្នក​ដឹក​នាំ​ដ៏​អស្ចារ្យ​ជា​មនុស្ស​មាន​ការ​អត់ធ្មត់ និងសប្បុរសធម៌​ដល់​មនុស្ស​គ្រប់គ្នា ហេតុដូច្នេះ​ការ​ចំណាយ​ពេល​របស់​ខ្លួន​​នៅ​ពេល​នេះ​គឺ​សំដៅ​លើ​ការ​ត្រងត្រាប់​ស្តាប់ និងទទួល​យក​គំនិត​កែលំអ​​ពី​អ្នកដទៃ​ ជា​ពិសេស​សំណើ​​​ដែល​ជា​តម្រូវ​ការ​របស់​មនុស្ស​​ក្នុង​ក្រុម ជា​មួយ​នឹង​​ការ​ជួយ​ជ្រោមជ្រែង និងការ​លើក​កម្ពស់​ដោយ​ការ​ទទួល​ខុសត្រូវ។ ភាព​ស្មោះត្រង់ និងក្តី​កង្វល់​នៃ​ភាព​ឈឺឆ្អាល​របស់​​អ្នក​ដទៃ នោះ​ហើយ​ជា​អ្វី​ដែល​មាន​នៅ​ក្នុង​សន្ដានចិត្ត​របស់​មេដឹកនាំ​ដ៏​អស្ចារ្យ៕