“៨ចំណុច”​ ដែល​អ្នក​គួរយល់ដឹង​ពី​សេដ្ឋកិច្ច​ប្រទេសឥណ្ឌា ​​

ប្រទេសឥណ្ឌា​​​មាន​​ប្រជាជន​​ច្រើន​ជាងគេ​បំផុត​លំដាប់​ទី២​បន្ទាប់​ពី​ចិន​ ពោល​គឺ​មាន​ចំនួន​ប្រមាណ​ជាង ​១,២ ពាន់​លាន​នាក់។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទន្ទឹម​នឹង​ការ​លូតលាស់​ទៅ​មុខ​យ៉ាង​​លឿន​របស់​​សេដ្ឋកិច្ច​ចិន គេ​ក៏​មិន​ត្រូវ​មើល​រំលង​​ពី​​មហាយក្ស​ឥណ្ឌា​នោះ​ឡើយ ត្បិតអី​មហាអំណាច​​អាស៊ី​ខាងត្បូង​​នេះ​ ​ក៏​មាន​សេដ្ឋកិច្ច​​​ខ្លាំងក្លា​មិន​ចាញ់​ចិន​ប៉ុន្មាន​នោះ​ដែរ។ “៨ចំណុច”​ ដែល​អ្នក​គួរយល់ដឹង​ពី​សេដ្ឋកិច្ច​ប្រទេសឥណ្ឌា៖

១) ឥណ្ឌា​​នឹង​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​៣​ នៅ​មុន​ឆ្នាំ​២០៣០

​យោង​តាម​ប្រភព​ចេញ​ពី​ក្រុមហ៊ុន​ប្រេង BP របស់​អង់គ្លេស​បាន​ព្យាកររណ៍​ថា ឥណ្ឌា​​នឹង​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​៣​នៅ​មុន​​ឆ្នាំ​២០៣០។ ក្រុមហ៊ុន​​នេះ​​បន្ថែម​ថា យក្ស​អាស៊ី​មួយ​​នេះ ថែម​ទាំង​នឹង​ក្លាយ​​ជា​អ្នក​ផ្គត់ផ្គង់​ថាមពល​ទី៣ ​ស្មើ​​នឹង​៣៥% នៃ​តម្រូវ​ការ​ប្រើប្រាស់​ថាមពល​សរុប​​ជុំវិញ​​ពិភពលោក​ទាំងមូល។

២) ឥណ្ឌា​ជា​ប្រទេស​នាំ​ចេញ​ធំ​បំផុត​ទី​១៩

ឥណ្ឌា​ជា​ប្រទេស​នាំ​ចេញ​ធំ​បំផុត​ជាប់​ចំណាត់​ថ្នាក់​ទី​១៩ ដែល​មាន​ចំនួន​​ស្មើ​នឹង ១,៧% នៃ​ការ​នាំចេញ​សរុប​របស់​ពិភពលោក។ ទន្ទឹម​នឹង​នេះ ទីក្រុង​ញូដេលី​ក៏​ជាប់​ចំណាត់​ថ្នាក់​ជា​ប្រទេស​នាំ​ចូល​ធំ​បំផុត​លំដាប់​ទី​១២​ផង​ដែរ ដែល​មាន​ចំនួន​ស្មើ​នឹង​ ២,៥% នៃ​ការ​នាំចូល​សរុប​របស់​ពិភពលោក។

​​៣) រោងចក្រ​វាយនភ័ណ្ឌ​គឺ​ជា​​វិស័យ​ធំ​សំខាន់​ជាងគេ​លំដាប់​ទី​២​​ជា​ប្រភព​ផ្តល់​​ការងារ​ធ្វើ​ដល់​​ប្រជាពលរដ្ឋ​ឥណ្ឌា

រោងចក្រ​វាយនភ័ណ្ឌ ​គឺ​ជា​​វិស័យ​ធំ​សំខាន់​ជាងគេ​លំដាប់​ទី​២​​​ របស់​ឥណ្ឌា​ក្នុង​ចំណោម​វិស័យ​​ឧស្សាហកម្ម​​សំខាន់ៗ​ផ្សេង​ទៀត​ជា​ប្រភព​ផ្តល់​​ការងារ​ធ្វើ​ដល់​​ប្រជាពលរដ្ឋ ​​២០លាន​នាក់​ ឬស្មើ​នឹង​ ២០% ​នៃ​​វិស័យ​ឧស្សាហកម្ម​របស់​ខ្លួន។

៤) ឥណ្ឌា​ជា​​ទីផ្សារ​លក់រាយ​លូតលាស់​​ខ្លាំង​ជាងគេ​បំផុត​ក្នុង​លោក

ឥណ្ឌា​ជា​​​មហាអំណាច​ដែល​មាន​ទីផ្សារ​លក់រាយ​លូតលាស់​លឿន​ជាងគេ​បំផុត​ក្នុង​លោក​ដែល​បាន​ផ្តល់​ការងារ​ធ្វើ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដល់​ប្រជាពលរដ្ឋ​​របស់​ខ្លួន។ ខ្លួន​បាន​​ជាប់​ចំណាត់​ថ្នាក់​ទី​៥ ​ជា​ប្រទេស​មាន​ទីផ្សារ​លក់រាយ​ថ្មី​ក្នុង​ចំណោម​ប្រទេស​៣០​​​ផ្សេង​ទៀត ដែល​​មាន​ទំហំ​ទឹកប្រាក់​៤៥០​ពាន់​លាន​ដុល្លារ។

៥) ឥណ្ឌា​ជា​ប្រទេស​កសិកម្ម​ធំ​បំផុត​ទី​២ បន្ទាប់​ពី​អាមេរិក

​​​​​វិស័យ​កសិកម្ម​ដែល​​បាន​រួម​ចំណែក​យ៉ាង​សំខាន់​សម្រាប់​សេដ្ឋកិច្ច​របស់​ខ្លួន បាន​ធ្វើ​ឲ្យ​មហាអំណាច​មួយ​នេះ​​ជាប់​ចំណាត់​ថ្នាក់​ទី​២ ​ជា​ប្រទេស​មាន​វិស័យ​កសិកម្ម​ធំ​បំផុត​​លំដាប់​ទី២​​នៅ​លើ​​លោក​បន្ទាប់​ពី​អាមេរិក ពោល​គឺ​​​មាន​ចំនួន​ស្មើ​នឹង ​​១៦,៦% នៃ​​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៩។​​​

៦) ឥណ្ឌា​ជា​ប្រទេស​មាន​​បណ្ដាញ​​គមនាគមន៍​​វែង​ជាងគេ​បំផុត​ជាប់​ចំណាត់​ថ្នាក់​ទី​៣​នៅ​លើ​លោក​

ឥណ្ឌា​​មាន​​បណ្ដាញ​ផ្លូវថ្នល់​ប្រវែង ៤.២៣៦.០០០​គីឡូម៉ែត្រ​។ ចំនួន​នេះបាន ធ្វើ​ឲ្យ​មហាអំណាច​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ​មាន​ផ្លូវ​ថ្នល់​វែង​ជាងគេ​បំផុត​​​នៅ​លេខ​រៀង​ទី​៣ បន្ទាប់​ពី​អាមេរិក និង​ចិន។​​​​

៧) ផ្លូវ​ដែក​ឥណ្ឌា​​ជាប់​ចំណាត់ថ្នាក់​លេខ​៤​មាន​ប្រវែង​វែង​ជាងគេ​បំផុត​ក្នុង​លោក

ឥណ្ឌា​​ជាប់​ចំណាត់​ថ្នាក់​ទី៤ ជា​ប្រទេស​មាន​ផ្លូវដែក​​វែង​ជាងគេ ពោល​គឺ​មាន​ប្រវែង ​១១៤.៥០០ គីឡូម៉ែត្រ​កាល​ពី​ឆ្នាំ​២០១២។​

៨) ឥណ្ឌា​មាន​មហាសេដ្ឋី​សរុប​ចំនួន​១២២​នាក់​

​ពិភពលោក​មាន​​​​មហាសេដ្ឋី​​សរុប​ជាង​ ១,២ ពាន់​នាក់ ដែល​បាន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ប្រមាណ​៤៦,២ ពាន់​ពាន់​លាន​ដុល្លារ។ ក្នុង​នោះ​មហាសេដ្ឋី​ឥណ្ឌា​១២២​នាក់ បាន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​​ស្មើ​នឹង ​២២,២% នៃ​ទ្រព្យសម្បត្តិ​សរុប​នេះ៕