៦វិធីសាស្ត្រងាយៗក្នុងការកាត់បន្ថយស្រ្តេស (Stress) ចេញពីជីវិតរបស់អ្នក

ស្រ្តេស (ភាពតានតឹងអារម្មណ៍) កើតឡើងដោយសារតែព្យាយាមធ្វើអ្វីដែលហួសពីកម្លាំង វាធ្វើឲ្យអ្នកមានអារម្មណ៍តប់ប្រមល់។ ការរវល់នឹងការងារច្រើនពេក គិតច្រើនពេក ទំនេរពេក សុទ្ធតែអាចធ្វើឱ្យមានអារម្មណ៍ធុញថប់ ឈឺក្បាល។ ដើម្បីកំចាត់បញ្ហានេះ បានសូមធ្វើតាមការណែនាំដូចខាងក្រោមនេះ។

ការសើច ឬ ស្រែកខ្លាំងៗចេញមកក្រៅ អាចជួយកាត់បន្ថយស្រ្តេសបាន មានអារម្មណ៍ថាធូរស្បើយភ្លាមៗ។ អ្នកគួរចេញទៅខាងក្រៅ ដើម្បីស្រូបយកខ្យល់បរិសុទ្ធ ជជែកគ្នាលេងជាមួយមិត្តភក្តិពីរឿងសប្បាយៗ។ វាថែមទាំងជួយអ្នកឲ្យមើលឃើញនូវទិដ្ឋភាពថ្មីៗ ប្លែក និងធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយឡើង។

– ត្រូវរៀននិយាយពាក្យថា “ទេ” នៅពេលដែលមានគេមកសុំជំនួយ មិនថាមិត្តភក្តិ ឬគ្រួសារ ព្រោះការជួយអ្នកដទៃច្រើនពេក  វានឹងធ្វើឲ្យអ្នកមានផ្ទុកកិច្ចការកាន់តែច្រើន គ្មានពេលទំនេរ ដែលជាហេតុធ្វើឲ្យអ្នក “Stress”។ ការជួយគ្នាម្តងម្កាលគឺជារឿងល្អ ប៉ុន្តែញឹកញាប់ពេក គឺនាំទុក្ខឲ្យខ្លួនឯងទៅវិញទេ។

– រៀនដកដង្ហើមយឺតៗ មួយៗ វែងៗ រួចបន្ធូរអារម្មណ៍របស់អ្នក។ ធ្វើបែបនេះ ៣ទៅ៤ដង ឬបន្តធ្វើរហូតដល់អ្នកមានអារម្មណ៍ថាធូរស្បើយ។

– ការហាត់កីឡា គឺជាវិធីដ៏ល្អមួយ  ដើម្បីហ្វឹកហាត់ខ្លួនប្រាណអ្នកឲ្យបញ្ចេញញើស និងជាតិកខ្វក់នៅក្នុងខ្លួនដែលអាចកាត់បន្ថយអ័រម៉ូនស្រេ្តស និងធ្វើឲ្យចលនាសាច់ដុំដើរស្រួល មានអារម្មណ៍រីករាយស្រស់ថ្លា។

– ចំពោះការអង្គុយនៅលើកៅអីរហូត មិនមែនជារឿងល្អនោះទេ គួរងើបដើរហាត់ប្រាណ រលាស់ដៃរលាស់ជើងក្នុងពេលធ្វើការយ៉ាងតិច ១៥នាទី ត្រូវងើបដើរម្តង។ ចាប់ផ្តើមធ្វើចលនាកញ្ចឹងក ដោយងាកមុខទៅខាងស្តាំ ៥វិនាទី រួចងាកមកឆ្វេងវិញ ៥វិនាទី អ្នកនឹងមានអារម្មណ៍ល្អ ក្នុងការធ្វើការជាបន្តមិនខាន។

– ការព្យាយាមធ្វើខ្លួនអោយល្អឥតខ្ចោះ គឺបានត្រឹមតែធ្វើអោយខ្លួនឯងឈឺក្បាលតែប៉ុណ្ណោះ ពីព្រោះវាគ្មានទេភាពល្អឥតខ្ចោះនៅលើលោកនោះ។ អ្នកមិនអាចល្អឥតខ្ចោះនោះទេ តែក៏មិនមែនជាបញ្ហាអ្វីឡើយ។