៦ចំណុច​មិន​គួរ​មើល​រំលងក្នុង​ពេល​សម្ភាសន៍​ការងារ!

​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​សម្ភាសន៍ ព្រោះ​ក្រុមហ៊ុន​ទាំងនោះពិត​ជា​ចង់​​សាកល្បង​សមត្ថភាព​ផ្ទាល់​របស់​អ្នកថា​តើ​អាច​បំពេញ​តាម​ការ​ចង់​បាន​របស់​គេ​បាន​ឬទេ?​ វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ក្នុងស្ថានភាព​នេះ ព្រោះ​វា​ជា​ពេល​ដែល​អ្នក​អាច​បង្ហាញ​សមត្ថ​ភាពក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​បេក្ខជន​ផ្សេងៗ​ទៀត។

ទន្ទឹម​ជា​មួយ​គ្នា​នោះមាន​ចំណុច​ជា​ច្រើន ដែល​អ្នក​​គួរ​ជៀសវាងក្នុង​ពេល​​សម្ភាសន៍ ព្រោះ​ប្រការ​​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​សម្រេច​ចិត្ត​រើស​អ្នក​ផ្សេង បើ​ទោះ​បី​ជាមាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​ក្តី។ តើ​មាន​ចំណុច​អ្វីខ្លះ​ដែល​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់ក្នុង​ពេល​ធ្វើ​ការ​សម្ភាសន៍?

១) មាន​ចំណេះដឹង​ទាក់ទង​នឹង​ក្រុមហ៊ុន

ដើម្បី​បង្ហាញ​ថាអ្នក​គឺ​ជា​មនុស្ស​មាន​ចំណេះ​ដឹង​ច្រើន ​ការយល់​​ដឹង​អំពី​ព័ត៌មាន​ជា​​ទូទៅ​របស់​ក្រុម​ហ៊ុន គឺ​ជា​ចំណុច​ដ៏​ប្រសើរ​មួយ។ ក្នុង​ពេល​សម្ភាសន៍ គេ​តែង​តែ​លើក​ឡើង​អំពី​ប្រធាន​បទ​ផ្សេងៗ​ដែល​ទាក់ទង​អំពី​ក្រុមហ៊ុនដើម្បី​ចង់​ដឹង​ថា នរណា​មាន​ចំណេះ​ដឹង​ទាក់ទង​នឹង​សំណួរ​ដែល​លើក​ឡើង។

ដូច្នេះប្រសិន​បើ​អ្នក​មិន​ស្គាល់​ច្បាស់​អំពី​ស្ថានភាព ឬព័ត៌មាន​ទូទៅ​ស្តី​អំពី​ក្រុមហ៊ុន​ទេ វា​អាច​ជា​បញ្ហា​ដល់​អ្នក​ជា​មិន​ខាន។ វា​មិនមែន​ជា​រឿង​លំបាក​នោះ​ទេក្នុង​ការ​ស្វែង​យល់​អំពី​ព័ត៌មាន​ទូទៅ​របស់​ក្រុមហ៊ុន ព្រោះបច្ចុប្បន្ន​នេះ​អ្នក​​អាច​មើល​តាម​គេហទំព័រ​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​យ៉ាង​ខ្លាំង។

២) ទៅ​កន្លែង​សម្ភាសន៍​ឲ្យ​បាន​ទាន់​ពេល

ការ​សម្ភាសន៍​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ដូច្នេះ​អ្នក​មិន​គួរ​ទៅ​ដល់​កន្លែង​សម្ភាសន៍​យឺត​ពេល​នោះ​ទេ ព្រោះ​វា​អាច​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយជាហេតុ​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ឱកាស​ក្នុង​តំណែង​​នេះ។ ផ្ទុយទៅវិញ អ្នក​គួរ​​ទៅ​ឱ្យ​បាន​មុន​ម៉ោង​ និង​នៅ​​រង់​ចាំប្រសើរ​ជាង​ឲ្យ​អ្នក​សម្ភាសន៍​រង់​​ចាំ​អ្នក​ ព្រោះ​វា​បង្ហាញ​អំពី​តម្លៃ និងទម្លាប់​ដ៏​ល្អ​ក្នុង​ការ​បំពេញ​ការងារ​ក្នុង​ក្រុមហ៊ុន។

៣) ស្លៀកពាក់​ឲ្យ​បាន​សមរម្យ

ការ​ស្លៀកពាក់​ឆ្លុះ​បញ្ចាំង​ពី​ឥរិយាបថ​របស់​មនុស្ស​ម្នាក់ៗ តែ​មិនមែន​មាន​ន័យ​ថាត្រូវ​តែ​ស្លៀកពាក់​ដោយ​ប្រើប្រាស់​សំលៀក​បំពាក់​ថ្លៃៗ​នោះ​ទេ ព្រោះ​ជីវភាព​របស់​​មនុស្ស​គឺមិន​ដូច​គ្នា​ទេ។ មានន័យថា អ្នក​គួរ​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ​ក្នុង​នាម​ជា​មនុស្ស​ថ្លៃថ្នូរ និងសមរម្យ​ក្នុង​សង្គមទៅ​តាម​ស្ថានភាព​ជាក់​ស្តែង​ និង​មិន​ត្រូវ​​ស្លៀក​សិចស៊ី​ លិច​លើ​លិច​ក្រោយ​នោះ​ទេ។

៤)​ មិន​ត្រូវ​និយាយ​អ្វី​ដែល​ផ្ទុយ​​ពី​ប្រវត្តិរូប​សង្ខេប

ហេតុផល​ដែល​ក្រុមហ៊ុន​ទាក់ទង​អ្នក​ដើម្បី​សម្ភាសន៍​នោះ ព្រោះ​អ្នក​បាន​សរសេរ​រៀបរាប់​បាន​យ៉ាង​ល្អ និងគួរ​ឲ្យ​ចាប់​អារម្ភ​ស្តី​ពី​ប្រវត្តិ​សិក្សា និងការងារ​ផ្សេងៗក្នុង​ប្រវត្តិរូប​សង្ខេប (CV)។ ប៉ុន្តែ​នៅ​ពេល​សម្ភាសន៍ បើ​និយាយ​អ្វី​ផ្ទុយ​ពី​ចំណុច​សំខាន់ៗ​​ដែល​អ្នក​បាន​បញ្ចូល​ទៅ​ក្នុង​​ CV វិញ វា​បង្ហាញ​ថាអ្នក​មិន​ច្បាស់លាស់​នូវ​អ្វី​ដែល​បាន​សរសេរ​នោះ​ទេ ហើយ​ក្រុមហ៊ុន​ទាំងនោះ​ក៏​មិន​ចង់​រើស​បុគ្គលិក​ទាំង​ឡាយ​ណា​ដែលសូម្បី​តែ​ខ្លួន​ឯង​ក៏បាន​ដឹង​ច្បាស់​ ឬ​មិន​ចាំ​ច្បាស់​​បែប​នេះ​ដែរ។

ដូច្នេះ​គួរ​ព្យាយាម​រៀបរាប់​ចំណុច​សំខាន់ៗ​ដែល​អ្នក​បាន​សរសេរ ឬអាច​និយាយ​អ្វី​បន្ថែម​ពី​នេះ​ទៀត​ក៏​បាន តែ​មិន​ត្រូវ​និយាយ​អ្វី​ផ្ទុយ​នោះ​ទេ។ ចំណុច​នេះ គឺ​មើល​ទៅ​ហាក់​ដូចជាមិន​សូវ​សំខាន់​ទេ តែ​វា​អាច​ជា​បញ្ហា​ប្រសិន​បើ​អ្នកមាន​ការ​ធ្វេសប្រហែស។

៥) ឆ្លើយ​សំណួរ​ឲ្យ​ចំ​ចំណុច​ដែល​គេ​ចង់​បាន

នៅ​ពេល​មាន​សំណួរ​ អ្នក​ត្រូវ​​ព្យាយាម​ស្តាប់​​​សំណួរ​​ឲ្យ​បាន​ច្បាស់ថា​គេ​ចង់​បាន​អ្វី?​ ប្រសិន​បើ​មិន​ច្បាស់​ អ្នក​អាច​សុំ​ឲ្យ​បញ្ជាក់សំណួរ​​ជា​ថ្មីដើម្បី​ឲ្យ​ប្រាកដ និង​ជៀស​វាង​ការ​ឆ្លើយ​សំណួរ​ដោយ​គ្មាន​ទិស​ដៅ​ច្បាស់លាស់ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​សួរ​​ធុញទ្រាន់​ក្នុង​ការ​ស្តាប់​ចម្លើយ​​គ្មាន​ន័យ​បែបនេះ។

ចំណុច​មួយ​ទៀត​នោះគឺ​នៅ​ពេល​ឆ្លើយ​សំណួរ​ផ្សេងៗ ត្រូវ​តែ​បង្ហាញ​ភាព​ក្លាហាន​របស់​ខ្លួន ព្រោះ​បើទោះបីជាចម្លើយ​នោះ​ជា​ចម្លើយ​ត្រឹម​ត្រូវ​ក្តី តែ​បើ​គ្មាន​ភាព​ក្លាយ​ហាន​ទេ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​ តាមរយៈ​ចំណុច​ខ្សោយ​ដោយសារ​ភាព​ភ័យ​ខ្លាច។ ​ត្រូវ​ឆ្លើយ​សំណួរ​ប្រកប​ដោយ​ទំនុក​ចិត្ត។ ​

៦) ត្រូវ​ចេះ​បញ្ចុះបញ្ចូល តែ​កុំ​និយាយ​កុហក

ថ្វីបើ​ការ​សម្ភាសន៍​គឺជា​រឿង​សំខាន់ ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​ក្រុមហ៊ុន​ទទួល​អ្នក​ធ្វើ​ការ​ក្តី តែ​មិន​មែន​មាន​ន័យ​ថាត្រូវ​តែ​និយាយ​អ្វី​ហួស​ពី​ការ​ពិត​ ឬហួសពី​សមត្ថភាព​របស់​ខ្លួន​ឡើយ។ ប្រសិន​បើ​អ្នក​និយាយ​ហួស​ពី​ការ​ពិត គេ​អាច​នឹង​ដឹងទាំង​ក្នុង​ពេល​សម្ភាសន៍ ឬក្នុង​ពេល​សាក​ល្បង​ការងារជា​មិន​ខាន។

ការបញ្ចុះបញ្ចូលមិន​មែន​មាន​ន័យ​ថា និយាយ​កុហក​ទេ តែ​គឺ​​លើក​យក​ហេតុផល​ដ៏​សមរម្យ​ដើម្បី​បង្ហាញ​ទៅ​ដល់​អ្នក​ស្តាប់​ (អ្នក​សម្ភាសន៍)​ ដើម្បី​ឲ្យ​យល់​ព្រម​តាម​ការ​លើក​ឡើង​របស់​​អ្នក​​ប៉ុណ្ណោះ។ ដូច្នេះការ​ជៀសវាង​ពាក្យ​កុហកអាច​បង្ហាញ​អំពី​ភាព​ថ្លៃថ្នូរ​របស់​អ្នក ហើយ​វា​ក៏​អាច​ជា​ចំណុច​ទាក់ទាញ​មួយ​ផង​ដែរ៕