“៥​សំណួរ” ​ដែល​​​​​ត្រូវ​សួរ​​ខ្លួនឯងមុន​​​​នឹងប្រឡូក​ក្នុង​អាជីវកម្មមួយ

អ្នកអាច​​នឹង​ប្រឡូក​ក្នុងអាជីវកម្ម​ដំបូង​ ព្រោះ​អ្វីៗអាចនឹង​​ចាប់ផ្តើម​ឡើង​ពី​ចំណុច​សូន្យ។ បើ​មាន​បទពិសោធន៍ ដើម​ទុន​ច្រើន​ និងមាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​គឺ​ជា​រឿង​ល្អ​មួយ តែ​បើ​​​អ្នក​មិន​ដឹង​ថា​តើ​ត្រូវ​​ធ្វើ​អាជីវកម្ម​​ចាប់ផ្តើម​ពី​ចំណុច​ណា? ត្រូវ​ការ​អ្វី​ខ្លះ? នោះ​​ពិត​ជា​ទាមទារ​ឲ្យ​លោក​អ្នក​សិក្សា​ស្រាវជ្រាវ និងត្រូវ​ការ​ជំនួយបន្ថែម​ហើយ។ ចំនុចខាងក្រោមនេះគឺ​ជា​សំណួរ​​ទាំង​៥ សម្រាប់​​អ្នក​ដែល​មាន​បំណង​ចង់​បើក​អាជីវកម្ម​​ត្រូវ​​សួរ​ខ្លួនឯង​ជា​មុន​។ តើ​សំនួរទាំងនោះ​មាន​អ្វី​ខ្លះ?​

១) តើ​អ្នក​មាន​មហិច្ឆតា​​បើក​អាជីវកម្ម​របស់​អ្នក​ដែរឬទេ?

​ជា​ទូទៅ​សហគ្រិន ​​​អ្នកជំនួញ ​ឬមហាសេដ្ឋី​នៅ​ជុំវិញ​ពិភពលោកតែង​មាន​មហិច្ឆតា​រៀងៗខ្លួន​ដើម្បី​បង្កើត​​​អាជីវកម្ម​ឲ្យ​ជោគជ័យ។ បើ​គ្មាន​មហិច្ឆតា​ទេ ម្ល៉េះ​​អាជីវកម្ម​របស់​សហគ្រិន​ទាំង​នេះ​​គ្មាន​ផ្លូវ​បាន​ឃើញ​ពន្លឺ​ថ្ងៃ​នោះ​​ឡើយ​។

ដូច្នេះ​វា​សំខាន់​ណាស់​សម្រាប់​សហគ្រិន​ថ្មីថ្មោង​ ដើម្បី​​ស្គាល់​ខ្លួន​ឯង​​ឲ្យ​កាន់តែ​ច្បាស់​ថា ពិត​ជា​ដាក់ចិត្ត​ដាក់​កាយ និងមាន​មហិច្ឆតា​​ពិតប្រាកដ​ចង់​បើក​អាជីវកម្ម​មួយ​​​​ហើយ​ឬ​យ៉ាងណា។ បើ​មហិច្ឆតា​​នៅ​មាន​កម្រិត ​ហើយ​មាន​ភាព​ស្ទាក់ស្ទើរ​ច្រើន​នោះ​​ ត្រូវ​​ប្ដេជ្ញា​ចិត្ត​​​បំផុស​វា​ឡើង​ឲ្យ​កាន់តែ​ធំ ​នោះ​ផ្លូវ​ឆ្ពោះ​ទៅ​ការ​បើក​អាជីវកម្ម​​នឹង​អាច​លេច​រូបរាង​បាន។

​​​​​​​​២) តើ​​អាជីវកម្ម​​​របស់​អ្នក​មាន​សក្ដានុពល​នៅ​លើ​ទីផ្សារ​ដែរ​ឬ​ទេ?

សំណួរ​​នេះនឹង​អាច​រក​ឃើញ​ចម្លើយ​នៅ​ពេល​ដែល​លោក​អ្នក​បាន​សម្លឹង​មើល​ និងបាន​ស្រាវជ្រាវ​ទីផ្សារអាជីវកម្ម​បាន​កាន់តែ​ច្រើន​​ឡើង​ពី​កម្រិត​នៃ​ការ​ទាក់ទាញ និងការ​ទទួល​បាន​ការ​គាំទ្រ​ពី​​សាធារណជន។ បើ​អ្នកមិន​ដឹង​ថា​ទីផ្សារ​ត្រូវ​ការ​អ្វី មាន​ស្ថានភាព​បែប​ណា តើ​អ្នក​បង្កើត​អាជីវកម្ម​ដើម្បី​អ្វី​ទៅ? គន្លឹះ​ដ៏​ល្អ​នៅ​ទី​នេះគឺ​​មានតែ​ការ​ស្រាវជ្រាវ​ទីផ្សារ​​​បាន​ត្រឹមត្រូវ និងច្បាស់លាស់​បំផុត​ទេ ទើប​ធ្វើ​ឲ្យ​អ្នក​រក​ឃើញ​អាជីវកម្មពិត​ប្រាកដ​មួយ​សម្រាប់​​ខ្លួនឯង​បាន។

៣) តើ​អ្នក​ត្រូវ​ការ​ប្រាក់​ប៉ុន្មាន? ចំណាយ​លើ​អ្វី​ខ្លះ?

ដោយហេតុថា​អាជីវកម្ម​បើក​ដំបូង​នឹង​មិន​អាច​រក​ប្រាក់​ចំណូល​មកវិញ​​បាន​ភា្លមៗ​ ​សហគ្រិន​ទាំងអស់​ត្រូវ​កំណត់​ពី​​ដើមទុន​​របស់​ខ្លួន​ក្នុង​ការ​បើក​អាជីវកម្ម​នេះ និង​រៀបចំ​គម្រោង​​ឲ្យ​ពិត​ប្រាកដ​ពី​ការ​​ចំណាយ​ផ្សេងៗទៀត។

អ្វី​ដែល​សំខាន់​ជាង​នេះ ជា​​ទូទៅ​អាជីវកម្ម​ថ្មីថ្មោង​ត្រូវ​មាន​ទុន​បម្រុង​ផ្សេង​ទៀត​ត្រៀម​ទុក​ជាមុន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​​​៦​ខែ​ដំបូង​ ដើម្បី​ជៀសវាង​ស្ថានភាព​ប្រែប្រួល ឬការ​ចំណាយ​ណា​មួយ​ដែល​មិន​អាច​​ដឹង​មុន​បាន។ ក្រៅ​ពី​នេះ​ត្រូវ​កំណត់​រយៈ​ពេល​ច្បាស់លាស់​មួយ​ផង​ដែរ​ថា តើ​អ្នក​នឹង​ទទួល​បាន​ចំណូល​មកវិញ​នៅ​ពេល​ណា? តើ​ចំណូល​ទាំង​នោះ​មាន​ប្រភព​ចេញ​មក​ពី​ណា​ខ្លះ? ​​

៤) តើ​​អ្នក​​មាន​សមត្ថភាព​​ និងចំណេះដឹង​គ្រប់គ្រាន់​បើក​​អាជីវកម្ម​​របស់​អ្នក​ដែរ​ឬ​ទេ?

គ្មាន​អ្នកណា​ម្នាក់​ល្អ​ឥតខ្ចោះ​នោះ​ឡើយ។ អ្នក​ក៏​ដូចគ្នា​ដែរ ភាព​ចន្លោះ​ខ្វះ​ខាត​នៅ​ក្នុង​អាជីវកម្ម​គឺ​ពិត​ជា​មាន ដូច្នេះ​ហើយ​បាន​​ជា​នៅ​ពេល​នេះ​ អ្នក​ត្រូវ​កំណត់​ថា តើ​អ្វី​ទៅ​ជា​ភាព​ខ្លាំង និងភាព​ខ្សោយ​របស់​ខ្លួន​នៅ​ក្នុងការ​បើក​អាជីវកម្ម​? វិធីសាស្ត្រ​ដ៏​ល្អ អ្នក​ត្រូវ​កំណត់​ពី​ទេពកោសល្យ ឬជំនាញ​ពិសេស​របស់​អ្នក​ដែល​ត្រូវ​មានសម្រាប់​ធ្វើ​អាជីវកម្ម ឬត្រូវ​ស្វែងយល់​ថា ​ជំនាញ​​ធ្វើ​អាជីវកម្ម​របស់​អ្នក​មាន​ក្នុង​កម្រិត​ណា​ទើប​អាច​បើក​អាជីវកម្ម​បាន។

៥) តើ​ក្រុម​គ្រួសារ​របស់​អ្នក​គាំទ្រ​​អ្នក​ដែរឬទេ?​​​​

ការ​គាំទ្រ​ពី​សមាជិក​គ្រួសារ​​​​បាន​ដើរ​តួនាទី​​​សំខាន់​មួយ​​​ ​ជាពិសេស​សម្រាប់​អ្នក​ដែល​មិន​ទាន់​មាន​បទពិសោធន៍​រឹងមាំ​ ត្បិតអី​​​​នេះ​ជា​កម្លាំង​ចិត្ត​ឲ្យ​អ្នក​អាច​ត្រួសត្រាយ​ផ្លូវ​​បើក​អាជីវកម្ម​ដោយ​​​ភាព​ជឿជាក់ និងមាន​ទឹកចិត្ត។

គ្រួសារ​ផ្តល់​កម្លាំង​ចិត្ត​​ឲ្យ​កាន់តែ​ច្រើន នឹង​ធ្វើ​ឲ្យ​អ្នក​មាន​​មាន​អារម្មណ៍​ថា អ្នក​​កំពុង​​មាន​បេសកកម្ម​​ដ៏​ត្រឹមត្រូវ​​មួយ​​ត្រូវ​ធ្វើ​ ​ និង​មាន​ទំនួល​ខុសត្រូវ​ធំ​ជាង​មុន​ឆ្ពោះ​ទៅ​​សម្រេច​បំណងប្រាថ្នា​របស់​ខ្លួន។ សូម​​លើកយក​​ទស្សន​​របស់​អ្នក​ដោយ​បើកចំហ​ទៅ​ក្រុម​គ្រួសារ ពី​អ្វី​ដែល​អ្នក​ចង់​បាន និងត្រូវ​ការ​ពី​ពួកគេ​ ទើប​អ្នក​អាច​រកឃើញ​ចម្លើយ​​ដ៏​សមស្រប​ជា​ចំណែក​​មួយ​ជួយ​ឲ្យ​អ្នក​មាន​ពន្លឺ​ជាង​មុន៕​​​