១៥ចំណុចដែល​អ្នកមិនធ្លាប់​ដឹងអំ​ពី​ប្រទេស​អូស្ត្រាលី (Australia)

ប្រទេស​អូស្ត្រាលី​ ជា​មហាអំណាច​មួយ​ដែល​​មាន​ទឹកដី​ធំ​ជាងគេ​លំដាប់​ទី៦ ​ក្នុង​ចំណោម​ប្រទេស​ធំ​ជាងគេ​ចំនួន​៥​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក។ មាន​ប្រជាជន ២៣,៦លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០១៤​នេះ ​ប្រទេស​នេះ​គឺ​ជា​​មហាអំណាចប្រជា​អធិបតេយ្យ​ដ៏​ធំ​​មួយ​នៅ​​​ក្នុង​ដែន​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ចង់​ដឹង​ថាប្រទេស​នេះ​មាន​អ្វី​ខ្លះ សូមអានចំនុច​ខាងក្រោម​នេះ៖​

1- ប្រទេស​​អូស្ត្រាលី​​​​មាន​សេដ្ឋកិច្ច​លូតលាស់​ល្អ​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​របស់​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងអភិវឌ្ឍ (OECD) នៅ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​កំឡុង​ឆ្នាំ ២០០៩។ សេដ្ឋកិច្ច​របស់​ខ្លួន​​ត្រឹម ១ភាគ៤ ប៉ុណ្ណោះ​បាន​ធ្លាក់​ចុះ​នា​ពេល​​នោះ។​

2- ប្រាក់​បំណុល​រដ្ឋាភិបាល​អូស្ត្រាលី មាន​តិច​ជាងគេ​បំផុត​​លំដាប់​ទី២ ក្នុង​ចំណោម​ប្រទេស​ OECD ឬស្មើ​១ភាគ៤ នៃ​បំណុល​អាមេរិក​។ ប្រទេស​ឈីលី មាន​បំណុល​តិច​ជាងគេ​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​របស់​អង្គការ​នេះ។

3- គិត​ជា​មធ្យម​ប្រជាជន​អូស្ត្រាលី​បាន​ចំណាយ​ប្រាក់ ១៣៧៧ ដុល្លារ​ក្នុង​​មួយ​ឆ្នាំ​​ដើម្បី​លេង​ហ្គេម​កម្សាន្ត​​​​ ឬ​​បាន​ចំណាយ​​ ១៩ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ​ចំនួន​នេះ​​ស្មើ​នឹង ២% នៃ​ GDP របស់​ខ្លួន ឬ​ស្មើ​នឹង ​៣ដង​នៃ​​ការ​ចំណាយ​របស់​ប្រជាជន​អាមេរិក​លើ​ការ​លេង​ហ្គេម​នេះ។

4- លុយ​ដុល្លារ​អូស្ត្រាលី ជា​រូបិយប័ណ្ណ​ដាក់​ឲ្យ​ចរាចរណ៍​ធំ​ជាងគេ​បំផុត​លំដាប់​ទី៧ នៅ​លើ​ពិភពលោក​នៅ​ពេល​​បច្ចុប្បន្ន​នេះ។ កាល​ពី​ឆ្នាំ ២០១១ ប្រាក់​ដុល្លារ​អូស្ត្រាលី​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​៥។

5- អូស្ត្រាលី​ជា​ប្រទេស​ធំ​បំផុត​មួយ​​ក្នុង​ចំណោម​មហាអំណាច​នានា​នៅ​លើ​ពិភពលោក​ដែល​មាន​ធនធាន​​​រ៉ែដែក​ និងរ៉ែ​ផ្សេងៗ​​ទៀត​ច្រើន​ជាងគេ​គិត​ជា​ទូក​ប្រាក់ ១,៦ពាន់​ពាន់​លាន​​ដុល្លារ។ ប្រទេស​ដែល​ឈរ​នៅ​​លើ​កំពូល​គេ​រួម​មាន អាហ្រ្វិក​ខាងត្បូង និង​រុស្ស៊ី។ ​​​​

6- កាល​ពី​ឆ្នាំ ២០០៦ ប្រទេស​នេះ​​ឈរ​នៅ​លំដាប់​កំពូល​ក្នុង​ចំណោម​​​មហាអំណាច​ទាំង១០ ដែល​បាន​នាំ​ចេញ​ធ្យូងថ្ម រោម​ចៀម ស័ង្កសី ដែក សាច់គោ និងរ៉ែ​មួយ​ចំនួន​ទៀត។ ​

7- ដង់ស៊ីតេ​របស់​ប្រជាជន​អូស្ត្រាលី​តិច​ជាង​ ៣នាក់​បាន​រស់​នៅ​ក្នុង​ទំហំ​ផ្ទៃដី​ ២,៥គីឡូម៉ែត្រ​ការ៉េ។ ចំនួន​​នេះ​បាន​ធ្វើ​​ឲ្យ​មហាអំណាច​ដ៏​​ជឿនលឿន​មួយ​នេះ​មាន​ប្រជាជន​រស់​នៅ​ដាច់​​ពី​គ្នា​​ជាងគេ បន្ទាប់​ពី​ប្រទេស​ណាមីប៊ី​ និងម៉ុងហ្គោល។ ​​

8- ប្រទេស​អូស្ត្រាលី​ ជា​​​ប្រទេស​មួយ​ដែល​មាន​អាកាស​ធាតុ​ក្តៅ និងស្ងួត ដែល​នេះ​បង្ក​ឲ្យ​​​តំបន់​ជា​ច្រើន​ជួប​ប្រទះ​គ្រោះ​រាំងស្ងួត។ នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​ចំណាយ​ប្រាក់ ១៣,២ ពាន់​លាន​ដុល្លារ​​ក្នុង​មួយ​ឆ្នាំៗ សម្រាប់​ទាញ​យក​ទឹក​ប្រើប្រាស់​ចេញ​​​ពី​​ទឹក​សមុទ្រ។

9- Perth ជា​ទីក្រុង​​ឯកោ​បំផុត​​នៅ​លើ​ពិភពលោក​​របស់​អូស្ត្រាលី។ ទីក្រុង​ដែល​ស្ថិត​នៅ​ជិត​ជាងគេ​បំផុត​របស់​ទីក្រុង​នេះ​ គឺ​ទីក្រុង Adelaide ដែល​មាន​ចម្ងាយ​ប្រមាណ ២១០០ គីឡូម៉ែត្រ​ពី​ទីក្រុង Perth។​​​

10- តម្លៃ​គេហដ្ឋាន​របស់​អូស្ត្រាលី​បាន​កើន​ឡើង​រហូត​ដល់​៥៦% ​​នៅ​ក្នុង​ទសវត្ស​​នេះ ដែល​ជា​តម្លៃ​មួយ​ខ្ពស់​​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជឿនលឿន​ដទៃទៀត​។ ​

11- ប្រជាជនអូស្ត្រាលី​ម្នាក់​បាន​​ផឹក​ស្រាបៀ ១១០លីត្រ​ក្នុង​មួយ​ឆ្នាំៗ ដែល​ជា​ចំនួន​​ខ្ពស់​បំផុត​មួយ​។ ប៉ុន្តែ​​ ចំនួន​នេះ​នៅ​តិច​ជាង​ប្រជាជន​អាល្លឺម៉ង់ អៀរឡង់​ និងឆេក​។

12- ​ប្រទេស​អូស្ត្រាលី​ហាក់កាន់តែ​មាន​​ល្បាយ​ជាតិសាសន៍​ច្រើន​ជាងគេ ពោល​គឺ​ច្រើន​ជាង​អាមេរិក​ទៅ​ទៀត។ ២៦% នៃ​ជនជាតិ Aussies បាន​កើត​នៅ​ឯនាយ​សមុទ្រ ខណៈ​ដែល​អាមេរិក​វិញ​មាន​​ត្រឹមតែ ១២% ប៉ុណ្ណោះ។ ​​

13- ជនជាតិ Aussie គិត​ជា​​មធ្យម​បាន​ផលិត ផល​​ផ្ទះ​កញ្ចក់​ច្រើន​ជាង​អាមេរិក​ទៅ​ទៀត។ មាន​តែ​ប្រទេស​អារ៉ាប់រួម​ប៉ុណ្ណោះ​ដែល​ផលិត ​ផល​ផ្ទះ​កញ្ចក់​ច្រើន​ជាងគេ​​នៅ​លើ​ពិភពលោក។

14- ទន្សាយ​ជា​សត្វ​ចង្រៃ​ជាងគេ​បំផុត​បង្ក​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​ប្រទេស​នេះ។ សត្វ​ព្រៃ​មួយ​នេះ​បាន​ធ្វើ​បង្ក​ការ​ខូចខាត​ដល់​រដ្ឋាភិបាល​ក្នុង​​មួយ​ឆ្នាំៗ​គិត​ជា​ទឹកប្រាក់ ១ ពាន់​លាន​ដុល្លារ​ដោយសារ​តែ​ការ​បំផ្លាញ​របស់​វា​ទៅ​លើដំណាំ​របស់​កសិករ គ្រាប់​ពូជ​រុក្ខជាតិ​ និងបង្ក​ឲ្យ​​​ដី​សឹករិចរិល​ផង​ដែរ។​​

15- ប្រទេស​អូស្ត្រាលី​ ជា​ប្រទេស​មាន​សត្វ​កង់ហ្គោរួ​ (Kangaroos)​ រស់​នៅ​ច្រើន​​​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ ពោល​គឺ​មាន​ចំនួន​ប្រមាណ២៥ ទៅ ២៨លាន​ក្បាល។ ចំនួន​​នេះ​​ប្រហាក់ប្រហែល​នឹង​ប្រជាជន​របស់​ខ្លួន​ដែរ៕