ឥរិយាបថ​សំខាន់ៗទាំង​៥យ៉ាង ដែល​មិនអាចខ្វះបាន​របស់​បុគ្គលិក ​ជួយ​ឲ្យ​​ក្រុមហ៊ុន​ឆាប់​ជោគជ័យ

ដើម្បី​ឲ្យ​ការងារ​ទទួល​បាន​ជោគជ័យ​ក្នុង​ក្រុមហ៊ុន គឺ​ទាមទារ​យ៉ាង​ខ្លាំង​នូវ​ការ​ចូល​រួម​ពី​បុគ្គលិក​ម្នាក់ៗ​។ គ្មាន​អ្នក​ណា​ម្នាក់អាច​រ៉ាប់រង​ការងារ​គ្រប់​យ៉ាង​តែ​ឯង​បាន​ឡើយ បើ​ទោះ​បី​ជារូបគេ​ជា​មនុស្ស​ពូកែ​យ៉ាង​ណា​ក៏​ដោយ។

ក្នុង​ស្ថានភាព​នេះ បុគ្គលិក​ម្នាក់ៗ​ត្រូវតែ​ប្រកាន់​ភ្ជាប់​នូវ​ឥរិយាបថល្អ ដើម្បី​ឲ្យ​បរិយាកាស​នៅ​កន្លែង​មាន​សភាព​ប្រសើរ ព្រោះ​ដូច​ដែល​បាន​ដឹង​ហើយ សកម្មភាព​របស់​បុគ្គលិក​ម្នាក់​អាច​មាន​ឥទ្ធិពល​លើ​ការងារ​របស់​បុគ្គលិក​ផ្សេងៗ​ទៀត។ ដូច្នេះ ដើម្បី​ឲ្យ​បរិយាកាស​ការងារ​មាន​លក្ខណៈ​ល្អ​ប្រសើរ ​និងងាយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ការ​រីក​ចម្រើន​នោះ បុគ្គលិក​ត្រូវ​ប្រកាន់​នូវ​សកម្មភាព ឬឥរិយាបថ​វិជ្ជមាន​មួយ​ចំនួន​ដូចជា៖

1- ការញញឹម និងរាក់ទាក់៖ គឺ​ជា​ចំណុច​សំខាន់​បំផុត​នៅ​កន្លែង​ការងារ ព្រោះ​វា​បង្ហាញពីភាព​រីករាយ​ដាក់​គ្នា​ទៅវិញទៅមក។ គ្មាន​នរណា​ម្នាក់មាន​អារម្មណ៍​ល្អ​ឡើយ ប្រសិន​បើ​ឃើញ​អ្នកដទៃ​មាន​មុខ​ស្អុយនៅ​កន្លែង​ការងារ។ ទោះ​បី​ជាស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ព្រោះ​ស្នាមញញឹម​បង្កប់​នូវ​ក្តី​សង្ឃឹម ដើម្បី​អាច​តស៊ូ​ជា​មួយ​ការងារ​លំបាកៗ​។

2- កុំ​និយាយ​កុហក៖ ដើម្បី​សាង​ និងរក្សា​បរិយាកាស​ល្អ​នៅ​កន្លែង​ការងារ​បាន​យូរអង្វែង​នោះ បុគ្គលិក​ម្នាក់ៗ​គួរតែ​ជៀសវាង​ការ​និយាយ​ពាក្យ​កុហក ព្រោះ​គ្មាន​នរណា​ម្នាក់​ចូលចិត្ត​មនុស្ស​និយាយ​កុហក​ឡើយ​។ ការនិយាយ​តែពាក្យពិត​ គឺ​សាង​ភាព​ជឿជាក់​ ហើយបើ​គ្មាន​ភាព​ជឿជាក់​នោះ​ទេ ដំណើរ​ការ​នៃ​ការងារ​ក្រុម​ប្រាកដជាមិន​អាច​ដើរ​ទៅមុខ​ប្រកប​ដោយ​ភាព​ជោគជ័យ​បាន​ឡើយ។

3- ការទទួលខុសត្រូវ៖ ដើម្បី​ឲ្យ​ការងារ​ជា​ក្រុម​ដើរ​ទៅ​មុខ​ និងអាច​ដោះស្រាយ​ពេល​ជួប​បញ្ហា​នោះ ទំនួល​ខុស​ត្រូវ​របស់​បុគ្គលិក​ម្នាក់ៗ គឺ​ជា​រឿង​សំខាន់​មិន​អាច​ខ្វះ​បាន។ ការមិន​ចេះ​ទទួល​ខុស​ត្រូវ​ បង្ហាញពីភាពធ្វេសប្រហែស ធ្វើ​ការងារ​មិនអស់ពីលទ្ធភាព​ ហើយពួកគេ​នឹង​ទម្លាក់​កំហុស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ខាន។ ដូច្នេះត្រូវធ្វើ​ជា​មនុស្ស​ដែល​មាន​ទំនួលខុសត្រូវ​ម្នាក់។

4- ផ្តល់​តម្លៃ​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន៖ គឺ​ជា​រឿង​ដែល​មិន​គួរ​មើល​រំលង ទោះ​បី​ជាអ្នក​ជា​មនុស្ស​ពូកែ និងមាន​តួនាទី​ខ្ពស់​ជាង​គេ​ក៏​ដោយ។ ការ​ឲ្យ​តម្លៃ​អ្នក​ដទៃ​​បង្ហាញ​ថា បុគ្គលិក​ម្នាក់ៗ​នៅ​កន្លែងការងារ គឺ​សុទ្ធតែ​សំខាន់ និងមិនអាច​ខ្វះ​បាន​ជា​ដាច់ខាត ដើម្បី​សម្រេច​ភាព​ជោគជ័យ​អ្វី​មួយ។

៥) ជួយ​គ្នា​ទៅវិញ​ទៅមក៖ វប្បធម៌​នៃ​ការ​ជួយគ្នា​ ត្រូវតែ​សាង​ឲ្យ​បាន​ជា​ដាច់ខាត​នៅ​កន្លែង​ការងារ។ ការ​ជួប​ប្រទះ​នឹង​បញ្ហា គឺ​ជា​រឿង​ធម្មតា​នោះ​ទេ ដោយ​ពេល​ខ្លះ​អាច​ដោះស្រាយ​បាន​ដោយ​ខ្លួនឯង តែ​ពេល​ខ្លះ​ទៀត ពិត​ជា​ត្រូវ​ការ​ការ​ជួយ​ជ្រោមជ្រែង​ពី​មនុស្ស​ជុំវិញ​ខ្លួន។ ដូច្នេះ​នៅពេល​មាន​បញ្ហា​កើត​ឡើង សមាជិក​ក្រុម​ម្នាក់ៗ គួរណាស់តែ​ជួយ​ដោះស្រាយ​គ្នា​ បើ​ទោះបីជា​វា​មិន​ស្ថិត​ក្នុង​តួនាទី​របស់​អ្នក​ក្តី។ គួរ​គិត​ស្មារតី​ក្រុម​ជា​ធំ ដើម្បី​ឲ្យ​ខ្លួន​អ្នក​បើក​ចិត្ត​ទូលាយ​ក្នុង​ការ​សហការ​គ្នា​ទៅ​វិញ​ទៅ​មក៕