អាវុធ​​សម្ងាត់​​​ទាំង​៣មុខ ​របស់​សហគ្រិន​សម្រាប់​ធ្វើ​សង្គ្រាម​​អាជីវកម្ម

ការ​ធ្វើ​អាជីវកម្ម​ គឺជា​រឿង​មួយ​​មិន​ងាយ​ស្រួល​នោះ​​ឡើយ ព្រោះ​ថា​​វា​ទាមទារ​ឲ្យ​មាន​សមាសធាតុ​​សំខាន់​ៗ​ជា​ច្រើន​ ជា​ធាតុ​​ផ្សំ​​ស្នូល​សម្រាប់​​ដំណើរការ​​អាជីវកម្ម​ឲ្យ​ជោគជ័យ​ដូច​ជា​ គម្រោង​អាជីវកម្ម​ ការ​ស្រាវជ្រាវ​ទីផ្សារ​ ដើម​ទុន ធនធាន​មនុស្ស សម្ភារៈ​ចាំបាច់​ជា​ច្រើន​ទៀត និងពេលវេលា​។ល។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​គុណភាព​ និងសមត្ថភាព​យល់ដឹង​នៃ​ការ​ដឹកនាំ​អាជីវកម្ម​របស់​សហគ្រិន​តែ​ម្តង ត្បិតអី​អាជីវកម្ម​មួយ​មិន​អាច​លេច​រូបរាង​​ឡើង​បាន ដរាបណា​អ្នក​គ្រប់គ្រង​​ខ្វះ​សមត្ថភាព។ ​​

ទោះ​ជា​យ៉ាងណា​ក្តី សម្រាប់​សហគ្រិន​មួយ​ចំនួន​ដែល​មាន​បញ្ហា​ស្ទាក់ស្ទើរ​​​ប្រឡូក​ក្នុង​សង្គ្រាម​អាជីវកម្ម​ សាកល្បង​ប្រើប្រាស់​​យុទ្ធសាស្ត្រ​ចំនួន​៣ ខាងក្រោម​នេះ​​នូវ​អ្វី​ដែល​គេ​ចាត់ទុក​ថា​ជា​​ពន្លឺ​​ដល់​សំខាន់​មុនសម្រេច​ចិត្ត​បើក​អាជីវកម្ម​។

​១) ចូល​ទៅ​ទីតាំង​កំណប់​មាស ហើយ​ជីក​យក​​មាស​នោះ​ឡើង​

ការ​ប្រឡូក​​ក្នុងអាជីវកម្ម​​​ ប្រៀប​ដូច​ជា​ការ​​ស្វែង​រក​កំណប់​នៅ​ក្នុង​ដី​ដែល​គ្មាន​អ្នកណា​ដឹង ឬប្រៀប​ដូច​ជាការ​ស្វែង​រក​ដុំ​មាស​នៅ​ឯ​ឆ្នេរខ្សាច់​ដែល​​មាន​​មនុស្ស​កុះករ​​នៅ​ទី​នោះ​ តែ​​មានតែ​អ្នក​ប៉ុណ្ណោះ​ដែល​មើល​ឃើញ​ពន្លឺ​​មាស​​​ផុស​ចេញ​ពី​ឆ្នេរ​ខ្សាច់​នោះ។

រឿង​នេះ​បាន​កើត​ឡើង​ពិត​ប្រាកដ​ទៅ​​លើ​លោក Gary និង Diane Heavin ជា​ស្ថាបនិក​រួម​របស់​​ក្រុមហ៊ុន​ថែរក្សា​រាង និងផ្គត់ផ្គង់​សម្ភារៈ​សម្រក​រាង Curve International របស់​អាមេរិក។ នៅ​ពេល​ដែល​ក្រុមហ៊ុន​​​នេះបាន​បើក​ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៩២ លោក Heavin មាន​ទឹកប្រាក់​ត្រឹមតែ​ ១០ ០០០​ដុល្លារ​ប៉ុណ្ណោះ​ដើម្បី​​ធ្វើ​ជា​ដើមទុន​​វិនិយោគ​​លើ​ក្រុមហ៊ុន​ខាងលើ។

ប៉ុន្តែ​ ២២ឆ្នាំ​ក្រោយ​មក​ ក្រុមហ៊ុន Curve International បាន​ក្លាយ​ជា​ក្រុមហ៊ុន​ថែរក្សា​រាង និងផ្គត់ផ្គង់​សម្ភារៈ​សម្រក​រាង​ធំ​ជាងគេ​បំផុត​​នៅ​លើ​ពិភពលោក​ដែល​បាន​ផ្តល់​សិទ្ធិ​​​ចែកចាយ​លក់​​បន្ត (Franchise)​បើក​អាជីវកម្ម​នេះ​ប្រមាណ ១០ ០០០​កន្លែង​​​​នៅ​ទូទាំង​ ៦៥​ប្រទេស។ ​​

តើ​ក្រុមហ៊ុន​នេះ​ អាច​ក្លាយ​ជា​ក្រុមហ៊ុន​លំដាប់​កំពូល​ដោយ​របៀបណា? បើ​ប្រៀប​ធៀប​ទៅ​នឹង​​ដៃគូ​ប្រកួត​ 24 Hour Fitness ឬ Bally Toal Fitness ក្រុមហ៊ុន​របស់​លោក Heavin ពិត​ជា​ខុស​គ្នា​ឆ្ងាយណាស់​ទាំង​ធនធាន​មនុស្ស និងដើម​ទុន។

តែ​អ្វី​ដែល​ធ្វើ​ឲ្យ Curve International អាច​យក​ឈ្នះ​បាន​ គឺ​ដោយសារ​ក្រុមហ៊ុន​នេះ​បាន​ជីក​រក​ឃើញ​កំណប់​​មាស​ដ៏​ធំ​​​​ចំនួន​៣ ​នៅ​នឹង​កន្លែង​តែមួយ​ដែល​នោះ​គឺ (១)​ផ្តល់​សេវាកម្ម​ដល់​មនុស្ស​វ័យ​កណ្តាល និងស្ត្រី​វ័យ​ចំណាស់​ដែល​ចង់​រក្សា​រាង និងសុខភាព​ឲ្យ​រឹង​មាំ (២)បែងចែក​តារាង​ពេលវេលា​ដល់​ស្ត្រី​ទូទៅ​ដែល​​ជាប់​រវល់​នឹង​ការងារ​​​ឲ្យ​ហាត់​ប្រាណ​ដោយ​ប្រសិទ្ធភាព​ចំណាយ​ពេល​ត្រឹមតែ​៣០​នាទី​​ប៉ុណ្ណោះ និង (៣)បញ្ចុះ​តម្លៃ​ និងផ្តល់​សេវាកម្ម​ដោយ​ឥតគិតថ្លៃ​​​ដល់​ស្ត្រី​គ្មាន​លទ្ធភាព​​ដែល​ជា​សមាជិក​​ និងជា​អតិថិជន​នៅ​ក្នុង​ក្រុមហ៊ុន​នេះ។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ Curve International ​មាន​អតិថិជន​កាន់តែ​ច្រើន​ឡើង​ ហើយ​ជា​​នេះ​ជា​លក្ខណៈ​ពិសេស​​​ធ្វើ​ឲ្យ​​ក្រុមហ៊ុន​របស់​លោក Heavin អាច​យក​ឈ្នះ​ដៃគូ​ប្រកួត​បាន​​ដែល​កើត​ចេញ​ពី​ការ​ផ្តល់​​​​​សេវាកម្ម​​ល្អ​​ស្រប​តាម​តម្រូវ​ការ​អតិថិជន​​​ខុស​គ្នាៗ។​

បទពិសោធន៍​របស់​ក្រុមហ៊ុន​នេះអាច​ឲ្យ​គេ​កំណត់​បាន​ថា ទោះបី​ជា​ក្រុមហ៊ុន​នោះ​មាន​​ដើម​ទុន​ធំ ឬ​​សម្បូរ​ធនធាន​យ៉ាងណា​ក៏ដោយ​​ ក៏​មិន​អាច​​ផ្តល់​អ្វីៗ​គ្រប់បែបយ៉ាង​ដល់​មនុស្ស​គ្រប់​គ្នា​ដែរ។ ដូច្នេះ​ជ័យ​ជំនះ​ពិតប្រាកដ ការ​ធ្វើ​អាជីវកម្ម​ប្រៀប​ដូច​ជា​ការ​​​ដើរ​ទៅ​ចំ​កន្លែង​ផ្ទុក​កំណប់​មាស​នោះ​ហើយ ហើយ​ជីក​​កំណប់​នោះ​ឡើង​ ទើប​ទទួល​បាន​ជ័យជំនះ​ពិត​ប្រាកដ។

២) ប្រឆាំង​​ទស្សនៈ​ “វា​មិន​អាច​ទៅ​រួច​”

ភាព​ជោគជ័យ​​នៅ​ក្នុង​អាជីវកម្ម វា​កើត​ចេញ​ពី​គុណតម្លៃ​ម្យ៉ាង​ដែល​​ដៃគូ​ប្រកួត​​គ្មាន​ ហើយ​ក៏​ជា​អ្វី​ដែល​ធ្វើ​ទៅ​ខុស​ពី​គេ​ផង​ដែរ។ វា​ជា​អ្វី​ដែល​​អ្នក​អាច​ធ្វើ​​ទៅ​រួច​ តែ​អ្នក​​ផ្សេង​គិត​ថាវា​មិន​អាច​ទៅ​រួច ហើយ​​មាន​តែ​ពាក្យ​ថា “វា​ត្រូវ​តែ​ទៅ​រួច” ​នេះ​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ជាប់​ជានិច្ច​ក្នុង​ខួរក្បាល​របស់​សហគ្រិន។

សហគ្រិន​ជោគជ័យ​ភាគច្រើន តែង​បង្កើត​រូបមន្ត​ជោគជ័យ​មួយ​ឲ្យ​ខុស​​ប្លែក​ពី​គេ តែ​ជោគជ័យ​ដូចគ្នា​ដែល​គ្មាន​អ្នកណា​មួយ​ធ្លាប់​ធ្វើ​បាន​នៅ​ពេល​កន្លងមក។ ការ​​ប្រឡូក​ក្នុង​​អាជីវកម្ម​ មិនមែន​​ជា​ការ​ទទួល​យក​ទស្សនៈ​​ងប់ងុល​របស់​មនុស្ស​មួយ​ចំនួន​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ​វា​គឺ​​ជា​អ្វី​ដែល​អ្នក​ត្រូវ​មើល​ឃើញ​ពី​​លទ្ធភាព​​ និងសុទិដ្ឋិនិយម​របស់​អ្នក​លើ​អាជីវកម្ម​នោះ​ តាម​រយៈ​ការ​លើកឡើង​សេណារីយ៉ូ​ផ្សេងៗ​គ្នា​បំផុស​គំនិត​ឲ្យ​កើត​ចេញ​មក​បាន។​​​​​

ចំណុច​នេះ​ មិនមែន​​គ្រាន់តែ​ជា​ទ្រឹស្ដី​នោះ​ទេ ព្រោះ​ថា​​នៅ​ពេល​កន្លង​មក​ក្រុមហ៊ុន​ផលិតផល​ថែរក្សា​សក់ ​​Paul Mitchell មួយ​​របស់​អាមេរិក​ដែល​មាន​លោក John Paul DeJoria ជា​ស្ថាបនិក​​រួម​ក៏​​ធ្លាប់​ជួបបញ្ហា​ដូចគ្នា​នេះ។ បង្កើត​ឡើង​ជា​លើក​ដំបូង​​នៅ​ក្នុង​ឆ្នាំ​១៩៨០ គ្មាន​អ្នកណា​ម្នាក់​និយាយ​ថាអាជីវកម្ម​​របស់លោក John Paul ទទួល​បាន​ជោគជ័យ​នោះ​ឡើយ។

ទីបំផុត​ក្រុមហ៊ុន​ថែរក្សា​សម្ផស្ស ​Salons ដែល​មិន​ធ្លាប់​ជ្រៀតចូល​ទីផ្សារ​អន្តរជាតិ​​​​បាន​ទិញ​យក​​ក្រុមហ៊ុន Paul Mitchell ​ទាំង​ស្រុង​។ នៅ​ពេល​សព្វថ្ងៃ​នេះ ក្រុមហ៊ុន​របស់​លោក John Paul បាន​ជួយ​រក​ប្រាក់​ចំណូល​ឲ្យ​ក្រុមហ៊ុន​ ​Salons ​ប្រមាណ​ ៩០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

នេះ​​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដែល​ក្រុមហ៊ុន​នេះ​ទទួល​បាន​ជោគជ័យ ព្រោះ​ថា​បើ​លោក​​​ John Paul ​គ្មាន​ជំនឿ​បង្កើត​​ផលិតផល​របស់​ក្រុមហ៊ុន​ឲ្យ​មាន​​គុណភាព និងផ្តល់​ភាព​ជឿជាក់​ពី​​អតិជន​ទេ​នោះ ម្ល៉ោះហើយ​ខ្លួន​​គ្មាន​បាន​ឃើញ​ពន្លឺថ្ងៃ​មក​ដល់​សព្វថ្ងៃ​នេះ​​ឡើយ ហើយ​ក្រុមហ៊ុន​ ​Salons ក៏​មិន​ទិញ​យក​នោះ​ដែរ។

៣) កំណត់​ទំនោរ​ប្រើប្រាស់​​របស់​អតិថិជន​ ហើយ​សង្គ្រុប​​ក្តាប់​យក​ទី​ផ្សារ​នោះ​

ជានិច្ចកាល​ចរន្ត​ សេដ្ឋកិច្ច ​នយោបាយ វប្បធម៌​មាន​ការ​ប្រែប្រួល​ឥត​ឈប់ឈរ​ពី​​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​នេះ​បាន​​បង្កើត​ឱកាស​ថ្មីៗ​ជា​ច្រើន​ទៀត​សម្រាប់​សហគ្រិន។ ពេល​ខ្លះ​ចរន្ត​ថ្មី​​​នៃ​យុគសម័យ​សកលភាវូបនីយកម្ម​នេះ​កើត​ចេញ​ពី​ភាព​រីកចម្រើន​ខាង​បច្ចេកវិទ្យា​តែ​ម្តង។ ​

លោក Geek Squad ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក Robert Stephen ​មាន​ការ​យក​ចិត្ត​ទុកដាក់​​ខ្លាំង​ណាស់​លើ​ការ​វិវឌ្ឍ​ និងទំនោរ​​ថ្មីៗ​របស់​​របស់​អតិថិជន​នៅ​ពេល​ដែល​ទីផ្សារ ម៉ាស៊ីន​កុំព្យូទ័រ PC ​បាន​ផ្ទុះ​ឡើង​យ៉ាង​គំហុក។ លោក​​បាន​រក​​ឃើញ​ថា ចំណេះដឹង​អ្នក​​ប្រើប្រាស់​ PC ​ភាគ​ច្រើន​នៅ​មាន​កម្រិត ហើយ​ពួកគេ​នឹង​បោះ​ចោល​នៅ​ពេល​ដែល​ហាតឌីស (Hard Driver) ខូច។

ក្រោយ​មក​ទៀត​លោក​បាន​​​​រក​ឃើញ​ថា ការ​​​ផ្តល់​សេវាកម្ម​ជួសជុល PC ​​​យ៉ាង​ឆាប់​រហ័ស​ដល់​អតិថិជន​នៅ​ក្នុង​ក្រុមហ៊ុន​របស់​លោក​​នឹង​អាច​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ពី​អតិថិជន​បន្ថែម​ទៀត។ ដូច្នេះលោក​បាន​ឆក់​យក​ឱកាស​នេះ​​ភ្លាមៗ ដោយ​បង្គាប់​ឲ្យ​អ្នក​ប្រើប្រាស់​ PC ​ខូច​ ​​យក​មក​ជួសជុល​ឡើងវិញ​​នៅ​ក្នុង​​ក្រុមហ៊ុន​​របស់​លោក​។

​បង្កើត​ឡើង​​លើក​ដំបូង​​ក្នុង​ឆ្នាំ ១៩៩៤ មាន​តែ​និស្សិត​ម្នាក់​ប៉ុណ្ណោះ ​ចាប់​អារម្មណ៍​លើ​ក្រុមហ៊ុន​របស់​លោក​​ដោយ​វិនិយោគ​ទឹកប្រាក់​ត្រឹមតែ ​២០០​ដុល្លារ​ប៉ុណ្ណោះ។ តែ​ក្រោយ​មករហូត​មក​ដល់​ឆ្នាំ​២០០២ ក្រុមហ៊ុន Robert Stephen ​​រក​ប្រាក់​ចំណូល​បាន​រាប់​លាន​ដុល្លារ មុន​នឹង​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន Best Buy ៕