អនុវត្ត​​ “៥ចំណុច” នេះ វានឹងជួយ​ឲ្យ​អាជីវកម្ម​​ខ្នាត​តូចរបស់អ្នក​ជោគជ័យ​

បុគ្គល​ដែល​មាន​បទពិសោធន៍​ ជំនាញ ការ​ខិតខំ​ប្រឹងប្រែង និង​​ឆន្ទៈ​​ក្នុង​ការ​បំពេញ​ការងារ​​គឺ​ជា​រឿង​ទូទៅ​មួយ​ដែល​មនុស្ស​ទូទៅ​យល់​ឃើញ​ថា​ អាច​ធ្វើ​​សម្រេច​បាន​ភាព​ជោគជ័យ​សម្រាប់​ខ្លួន​ឯង​ផង និងសម្រាប់​ស្ថាប័ន​ផ្សេង​ៗទៀត​ផង។ យ៉ាងណាមិញនៅ​ក្នុង​វិស័យ​អាជីវកម្ម​ខ្នាតតូច​​ ថ្វីត្បិត​តែ​បុគ្គល​ទាំង​នេះ​មានសក្ដានុពល ក៏​ប៉ុន្តែ​​អ្នក​ដឹកនាំ​អាជីវកម្ម ឬសហគ្រិន​មិន​ត្រូវ​មើល​រំលង​ចំណុច​សំខាន់ៗ​ចំនួន​៥ខាងក្រោម​នេះ​​ឡើយ។ តើ​អាជីវកម្ម​ខ្នាត​តូច​ត្រូវ​​មាន​ចំណុច​អនុវត្ត​​អ្វី​ខ្លះ​ក្នុង​អាជីវកម្ម​របស់​ខ្លួន?

១)​ បង្កើត​បេសកកម្ម​​​យ៉ាង​ជាក់លាក់​សម្រាប់​ខ្លួន​ឯង (Set the Mission)

បេសកកម្ម​​ប្រៀប​ដូច​ជា​ក្បាល​ម៉ាស៊ីន​យ៉ាង​សំខាន់​មួយ​ ដើម្បី​ដឹកនាំ​លោក​អ្នក​ឆ្ពោះ​ទៅ​រក​គោលដៅ​ដែល​បាន​ដៅ​ទុក​ថា​ ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​ទៅ​ទី​នោះ? តើ​​អ្នក​ត្រូវ​កាន់​ទី​នោះ​ដោយ​របៀបណា? មាន​មធ្យោបាយ​អ្វី​ខ្លះ​ ដែល​​អាច​ធ្វើ​ឲ្យ​អ្នក​អាច​សម្រេច​គោលដៅ​របស់​អ្នក​បាន?​ ​នៅ​ពេល​ដែល​​អ្នក​មាន​បេសកកម្ម​ច្បាស់លាស់ មនុស្ស​ឯទៀត​ ឬក្រុម​ការងារ​របស់​អ្នក​នឹង​មាន​ទំនុកចិត្ត​អាច​កសាង​​ភាព​ជឿជាក់ និងសុទិដ្ឋិនិយម​​បម្រើ​ការងារ​របស់​អ្នក​ដោយ​ឥតងាករេ។ លើស​ពី​នេះ​ទៅ​ទៀត​ វា​ក៏​ជួយ​ឲ្យ​មាន​ភាតរភាព ឬការ​សហការ​ល្អ​មួយ​កើត​មាន​​ឡើង​នៅ​ក្នុង​ការងារ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​ទៀត​ផង។​​​​

២) ស្វែង​រក​បុគ្គលិក​​ឲ្យ​ត្រូវ​នឹង​​ការងារ (Find The Right People)

ជា​ទូទៅ​អ្នក​ប្រហែល​ជា​​គិត​ថា បុគ្គលិក​ដែល​វ័យ​ឆ្លាតមាន​ជំនាញ​ច្បាស់លាស់ ឬមាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ទើប​ជា​មនុស្ស​មាន​សក្ដានុពល​បំផុត​សម្រាប់​ការងារ​របស់​អ្នក។ នេះ​អាច​ជា​គំនិត​ល្អ​មួយ​ ប៉ុន្តែ​រឿង​ដែល​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត​នោះ​គឺ​អ្នក​មិន​ចាំបាច់​​ស្វែង​រក​បុគ្គលិក​ល្អ​ឥតខ្ចោះ​នោះ​ទេ ពោល​គឺ​ស្វែង​រក​អ្នកណា​ម្នាក់​ដែល​ត្រូវ​នឹង​ជំនាញ ឬមាន​សមត្ថភាព​ធ្វើ​ការងារ​ដែល​អ្នក​ត្រូវ​ការ។ ទន្ទឹម​នឹង​នេះ ​បុគ្គល​នោះ​​ក៏​គួរតែ​ជា​​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​ធ្វើ​ការងារ​ជា​ក្រុម ឬការ​ផ្លាស់ប្ដូរ​​ដើម្បី​ភាព​វិជ្ជមាន​ ខណៈ​ដែល​មាន​​មនុស្ស​ឆ្លាត និងមាន​សមត្ថភាព​មួយ​ចំនួន​បាន​មើល​រំលង​ចំណុច​ទាំង​នេះ។

៣) ​រៀបចំ​គោលដៅ​​អាជីវកម្ម​ឲ្យ​ច្បាស់លាស់ (Set clear Goals)

មាន​គោលដៅ​ដ៏​​​ជាក់លាក់​ក្នុង​រយៈ​ពេល​​ខ្លី និងរយៈ​​ពេល​វែង​មួយ​​​ គឺ​ជា​​កម្មវត្ថុ​យ៉ាង​សំខាន់​សម្រាប់​គាំទ្រ​ដល់​​បេសកកម្ម​របស់​អ្នក ត្បិត​អី​វា​​នឹង​ជួយ​ជំរុញ​ឲ្យ​ក្រុម​ការងារ​ទាំងមូល​​អាច​ធ្វើ​ដំណើរ​​យ៉ាង​ត្រឹមត្រូវ​តាម​គោលដៅ​ដែល​បាន​កំណត់។

សំនួរ​ដ៏​សំខាន់​នៅ​ពេល​នេះ​​គឺ​ថា តើ​​អ្វី​ទៅ​ជា​គោលដៅ​អាជីវកម្ម​របស់​អ្នក? ការ​សួរ​បែប​នេះ​ដើម្បី​​ឲ្យ​ប្រាកដ​ថា ​អ្នក​ពិត​​ជា​ចង់​សម្រេច​វត្ថុ​បំណង​មួយ​យ៉ាង​ពិតប្រាកដ​ដែល​ត្រូវ​ការ​ក្រុមការងារ​ជួយ​​ជ្រោមជ្រែង។ សូម​ចាំ​ថា គោលដៅ​​អាជីវកម្ម​ខ្នាត​តូច​របស់​អ្នក​អាច​ជោគជ័យ​លុះត្រា​តែ​ក្រុម​ការងារ​ទាំង​នោះ​​មាន​ឆន្ទៈ​បំពេញ​ការងារ​នោះ​ស្រប​តាម​ទិសដៅ​តែមួយ​បាញ់​ឆ្ពោះ​ទៅ​រក​គោលដៅ​ដែល​បាន​កំណត់​ បើ​មិន​ដូច្នេះ​ទេ​អាជីវកម្ម​របស់​អ្នក​ប្រៀប​បាន​ដូច​ជា​ទូក​នៅ​កណ្តាល​ទន្លេ​ដូច្នេះ​ដែរ។

៤) វាយតម្លៃ​​សមិទ្ធផល​ការងារ (Measure progress)​​​

ការ​រៀបចំ​គោលដៅ​នឹង​ក្លាយ​ទៅ​ជា​រឿង​មួយ​គ្មាន​ប្រយោជន៍ ដរាបណា​អ្នក​មិន​បាន​​ធ្វើ​របាយការណ៍​វាយតម្លៃ​លើ​សមិទ្ធផល​ការងារ​របស់​អ្នក។ គន្លឹះ​មួយ​ដ៏​ខ្លី និងសាមញ្ញ​​​ងាយស្រួល​សម្រាប់​ជួយ​អ្នក​នៅ​ទី​នេះ​ គឺ​រៀបចំ​របាយការណ៍​តាមដាន​ការ​ចំណាយ ការ​អនុវត្ត​ផែនការ​ការងារ​ និងសកម្មភាព​​អនុវត្ត​ការងារ​របស់​បុគ្គលិក​នីមួយៗ​​ថា តើ​ពួកគេ​​ទទួល​បាន​សមិទ្ធផល​ក្នុង​កម្រិត​ណា?

ស្រប​តាម​កម្មវត្ថុ ឬឆ្ពោះ​ទៅ​រក​គោលដៅ​ដែល​បាន​កំណត់​ហើយ​ឬ​នៅ?​ អ្នក​ត្រូវ​ធ្វើ​​របាយការណ៍​វាយតម្លៃ​​ការងារ​ទាំង​នេះ​ឲ្យ​មាន​តម្លាភាព និងប្រសិទ្ធភាព​​ ព្រោះ​ថា​ចំណុច​ខ្វះខាត ឬការ​ធ្វេសប្រហែស​នឹង​​ជះឥទ្ធិពល​​ជា​អវិជ្ជមាន​​លើ​​​​​គោលដៅ​អាជីវកម្ម​របស់​អ្នក។

៥) ត្រៀម​ខ្លួន​ដោះស្រាយ​បញ្ហា​អាជីវកម្ម (Be prepared to resolve problems)

​​​​មិន​ចំពោះ​ថា​ក្រុមហ៊ុន​របស់​អ្នក​បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ប្រសើរ មាន​​បុគ្គលិក​ល្អៗ​ពូកែៗ​មាន​សមត្ថភាព​ខ្ពស់ ឬមាន​ធនធាន​គ្រប់គ្រាន់​យ៉ាងណា​ក៏ដោយ បញ្ហា​​ជា​ច្រើន​រមែង​កើត​មាន​ឡើង​ចំពោះ​មុខ​​អាជីវកម្ម​របស់​អ្នក​។ ការ​តាមដាន ឬវាយតម្លៃ​​សមិទ្ធផល​ការងារ​​នៅ​ចំណុច​ទី​៤ ខាងលើ​វា​មាន​សារសំខាន់​ខ្លាំង​ណាស់​ដើម្បី​ដឹង​ពី​ប្រសិទ្ធភាព​​​​អនុវត្ត​​​ការងារ​នៃ​​ក្រុម​ការងារ​របស់​អ្នក​។

វា​អាច​បញ្ជាក់​បាន​ថា ហេតុអ្វី​បាន​ការងារ​នោះ​អនុវត្ត​មិន​​ជោគជ័យ? តើ​មាន​​គន្លឹះ​ណា​ខ្លះ​អាច​ដំណោះស្រាយ​បញ្ហា​​ទាំង​នោះ​បាន? ​ជា​គោលការណ៍​មុន​នឹង​ឈាន​ទៅ​រក​ដំណោះស្រាយ​​ អ្នក​ត្រូវ​រក​ឲ្យ​ឃើញ​ឫសគល់​នៃ​បញ្ហា ​បន្ទាប់​មក​លើក​យក​ពិភាក្សា​ជា​មួយ​ក្រុម​ការងារ​ ដើម្បី​ស្វែងរក​ច្រកចេញ​រួម​មួយ​​សម្រេច​ឡើង​សម្រាប់​ដោះស្រាយ​បញ្ហា​នោះ៕