អនុវត្ត៥ចំនុចនេះ អ្នកនឹងក្លាយជានារីដ៏រឹងមាំម្នាក់

នារីជាភេទទន់ខ្សោយ ធ្វើអ្វីមិនបានច្រើនដូចមនុស្សប្រុសទេ។ សព្វថ្ងៃ គំនិតនេះត្រូវច្រានចោលទាំងស្រុងទៅហើយ។ ក្នុងសម័យនេះភាគច្រើន នារីមានភាពកា្លហានច្រើន អាចរកស៊ីចិញ្ជឹមជីវិតដោយខ្លួនឯងបាន ដោយមិនចាំបាច់ពឹងលើមនុស្សប្រុសឡើយ។ តែពេលខ្លះ នារីភេទងាយនឹងបង្ហូរទឹកភ្នែក ឆាប់អន់ចិត្ត ចូលចិត្តគិតច្រើន ត្រូវការការថ្នាក់ថ្នម ការមើលថែ ពីមនុស្សជុំវិញខ្លួន និងចូលចិត្តឲ្យគេលួងលោម។ សម្រាប់នារី ដែលគិតថាខ្លួនទន់ជ្រាយ គួរពិចារណាទៅលើចំណុចខាងក្រោមនេះ៖

1- ស្វែងរកនារីឆ្នើមណាម្នាក់ ដែលអ្នកចង់យកគំរូតាម។ បន្ទាប់មក អ្នកអាចអនុវត្តតាមគាត់ នោះអ្នកនឹងទទួលបានចំហាយភាពក្លាហាន និងបទពិសោធន៍ល្អៗសម្រាប់ជីវិតរបស់អ្នក។ ព្យាយាមប្រឡូកក្នុងសង្គមខាងក្រៅឲ្យបានច្រើន នោះអ្នកនឹងទទួលបានបទពិសោធន៍ល្អៗជាច្រើនពីអ្នកដែលធ្លាប់បានទទួលភាពជោគជ័យក្នុងជីវិត។ អ្នកអាចរៀនពីភាពតស៊ូ អត់ធន់ និងស្វែងយល់ពីមេរៀនជីវិតជាច្រើនទៀត ដើម្បីក្លាយជាមនុស្សរឹងមាំដូចពួកគេ។

2- ក្រៅពីការងារមើលថែផ្ទះសំបែង ធ្វើម្ហូបឲ្យប្តី និងកូន  អ្នកគួរងាកទៅធ្វើការងារក្រៅផ្ទះ ដើម្បីរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារដូចស្វាមីដែរ។ នារីទាំងឡាយ ត្រូវខិតខំព្យាយាមបំពេញនូវកិច្ចការដែលខ្លួនចង់ធ្វើឲ្យបានសម្រេច ទោះបីជាការងារនោះ មានភាពលំបាកយ៉ាងណាក៏ដោយ។ 

3- សាកល្បងធ្វើអ្វីដែលថ្មី ឬអ្វីដែលអ្នកមិនហ៊ានធ្វើពីមុន។ វានឹងជួយអ្នកបំបាត់ភាពភ័យខ្លាច ស្វែងយល់ពីខ្លួនឯងបានច្រើន  ទទួលបានបទពិសោធន៍ថ្មីៗ ជំរុញឲ្យអ្នកក្លាហាន និងចេះពុះពារក្នុងជីវិត។

4- ដើម្បីបង្កើនភាពរឹងមាំ អ្នកត្រូវចេះលើកទឹកចិត្តខ្លួនឯងជាប្រចាំ មិនត្រូវគិតថាខ្លួនឥតប្រយោជន៍ ឬគ្មានតម្លៃនោះទេ ។ ផ្ទុយទៅវិញ ត្រូវគិតថាខ្លួនឯងមានសមត្ថភាពអាចធ្វើអ្វីបានគ្រប់យ៉ាង និងមានតម្លៃសម្រាប់មនុស្សជុំវិញខ្លួនទៀតផង។ រៀនសម្ដែងធ្វើជាមនុស្សរឹងមាំ រហូតក្លាយជាទម្លាប់ យូរៗទៅ អ្នកនឹងរឹងមាំបានគ្រប់កាលៈទេសៈ។

5- រៀនសម្រេចចិត្ត និងទទួលខុសត្រូវដោយខ្លួនឯងលើជីវិតរបស់ខ្លួន។ រៀនពីការសម្រេចចិត្ត រៀនពីភាពម្ចាស់ការ និងភាពជាអ្នកដឹកនាំ។ សុភាពនារីទាំងឡាយត្រូវរៀនពីវិធីការពារខ្លួន ឬរៀនការ៉ាតេ ដើម្បីជៀសវាងពីការធ្វើបាបពីអ្នកដទៃ មកលើខ្លួនប្រាណ។