អធិរាជ​សង្គ្រាមទាំង “5រូប” ដែល​ល្បី​ល្បាញបំផុត​ក្នុ​ង​ប្រវត្តិសាស្ត្រ​​ពិភពលោក​

១- សង់ស៊ីខាន់ “Genghis Khan” (១១៦២ – ១២២៧) ជា​អធិរាជ​នៃ​ចក្រភព​ម៉ុងហ្គោល៖

​សង់ស៊ីខាន់​ជា​ប្រជារាស្ត្រ​សាមញ្ញ ហើយ​បាន​តាំង​ខ្លួន​ឯង​ជា​អធិរាជ (Emperor) ​ហើយ​បាន​អនុវត្ត​នយោបាយ​វាតទី​និយម (expansionism)។ សង់ស៊ីខាន់លើក​កងទ័ព​វាយ​យក​ប្រទេស – នគរ និង​តំបន់​តូច​ធំ​ជា​ច្រើនយក​ទៅ​ដាក់​ក្រោម​ចំណុះ​របស់​ខ្លួន ហើយ​បាន​បង្កើត​ជា​ចក្រភព​ម៉ុងហ្គោល​ដែល​មាន​វិសាលភាព​ធំ​រហូត​ដល់ ៣៣ លាន​គីឡូម៉ែត្រ​ការ៉េ (ក្នុង​ដំណាក់កាល​រីក​ចម្រើន​បំផុត)។

សង់ស៊ីខាន់​ជា​មេទ័ពដែល​ច្បាំង​មិន​ដែល​ចាញ់នៅ​ក្នុង​គ្រប់​សមរភូមិ គឺ​លើក​ទ័ព​វាយ​តំបន់​ណា ត្រូវ​តែ​វាយ​យក​តំបន់​នោះ​ឲ្យ​បាន។ សង់ស៊ីខាន់​ច្បាំង​យក​ទឹកដីសឹង​តែ​មួយ​ចំហៀង​ពិភពលោក យក​មក​គ្រប់គ្រង​ក្នុង​ដៃ។ លោក​ជា​មេទ័ព ដែល​មាន​ចិត្ត​កាច​សាហាវ សម្លាប់​មនុស្ស​គ្មាន​បន្ធូរ​ដៃ​។ លោក​ទទួល​មរណភាពនៅ​ថ្ងៃ​ទី១៨ សីហា ១២២៧ (អាយុ ៦៥ ឆ្នាំ)។ នៅ​ក្នុង​លោក​នេះមាន​តែ​សង់ស៊ីខាន់​ម្នាក់​គត់ ដែល​មាន​ប្រវត្តិ​វាយ​យក​បាន​តំបន់​ត្រួតត្រា​ធំ​ជាង​មេទ័ព ឬ​មេដឹកនាំ​ណា​ទាំង​អស់​។ រឿង​ហួស​ចិត្ត​មួយ​ដែល​គេ​មិន​នឹក​ស្មាន​ដល់ និង​ជា​ចំណុច​ខ្សោយ​របស់​អធិរាជ​សង្គ្រាម​រូប​នេះគឺ​លោក​កើត «ជំងឺ​​ខ្លាច​សត្វ​ឆ្មា – ailurophobia»។

សង់ស៊ីខាន់ និង​ដៃជើង​របស់​លោក​បាន​បង្ក​វិនាសកម្ម​យ៉ាង​ធំធេង​សម្រាប់​មនុស្ស​ជាតិ ដែល​ជា​បច្ច័យ​នៃ​គំនិត​ឈ្លាន​ពាន​របស់​លោកដោយ​ក្នុង​នោះ​មនុស្ស ៤០លាន​នាក់​បាន​ស្លាប់​ក្រោម​ស្នាដៃ​ និង​ការ​បញ្ជា​របស់​លោក។ ​សម្រាប់​មនុស្ស​ភាគច្រើន គេយល់​ថា​លោក​ជា​មនុស្ស​ឃោរឃៅ ចំណែក​នៅ​ក្នុង​ទស្សនៈ​ជា​រួម​របស់​ប្រទេស​ម៉ុងហ្គោលី គេ​ចាត់​ទុក​លោក​ជា​មហាបុរស និង​វីរបុរស​ជាតិ​របស់​គេ (hero) និង​បាន​កសាង​រូប​សំណាក​ទុក​ជា​អនុស្សាវរីយ៍​ទៀត​ផង។

២ -អាឡិចសានដឺដឹហ្គ្រេត “Alexander the Great” (៣៥៦ – ៣២៣ មុន​គ្រិស្តសករាជ)

អាឡិចសាន់ដឺ​ជា​អធិរាជ​នៃ​ប្រទេស​ម៉ាសេដូនី (Macedonia) និង​បាន​វាយ​ពង្រីក​តំបន់​ត្រួតត្រា​ជាច្រើន​ទៀត ដោយ​លើក​ទ័ព​វាយ​យក​ចក្រភព​ពែក្ស (Persian Empire) និង​អេហ្ស៊ីប។ លោក​ជា​កូន​សិស្ស​របស់​អារីស្តូត (Aristotle)។ ចក្រភព​ដែល​អធិរាជ​អាឡិចសាន់ដឺ​គ្រប់គ្រង លាត​សន្ធឹង​ចាប់ពី​តំបន់​មេឌីទែរ៉ាណេ (the Mediterranean) ធ្លាយ​ដល់​ព្រំដែន​ប្រទេស​ឥណ្ឌា។ ក្នុង​ព្រះជន្ម ១៨ វស្សា អធិរាជ​អង្គ​នេះ ក្លាយ​ជា​មេទ័ព​ដ៏​ល្បីល្បាញ​ខាង​បញ្ជា​ទ័ព​សេះ។ ព្រះអង្គ​បាន​សុគត​ក្នុង​ជន្មាយុ ៣២ វស្សា​ដោយ​ជំងឺ​គ្រុន​ចាញ់ (malaria)។ អាឡិចសាន់ដឺ ស្ថិត​ក្នុង​ចំណោម​អ្នក​យុទ្ធសាស្ត្រ​សង្គ្រាម​ដ៏​ជាញជ័យ​ និង​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត។ អធិរាជ​អង្គនេះ​កើត «ជំងឺ​ខ្លាច​​សត្វ​ឆ្មា – ailurophobia»។

៣- ហាន់នីបល “Hannibal Barca” (២៤៧ – ១៨៣ មុន​គ្រិស្តសករាជ)

​លោក​ជា​មេទ័ព​ដ៏​ល្បីល្បាញ រហូត​ដល់​សូម្បី​អធិរាជ​សង្គ្រាម​ដទៃ​ទៀត​ដូច​ជា​ណាប៉ូឡេអុង​បូណាប៉ា ក៏​កោតសរសើរ​លោក​ដែរ។ លោក​ហាន់នីបល​បាន​ចិញ្ចឹមចិត្ត​តាំង​ពីណាពីណី​ដូច​ប៉ា​របស់​លោក​ដែរ គឺ​ប៉ុនប៉ង​វាយ​យក​ចក្រភព​រ៉ូម (Rome Empire) មក​ត្រួតត្រា​ក្នុង​ដៃ។ លក្ខណៈ​ពិសេស​របស់​ហាន់នីបល ត្រង់​លោក​មាន​សមត្ថភាព​ដឹកនាំ​កម្លាំង​ទ័ព​ដ៏​ច្រើន​មហិមា​ ចូល​ទន្ទ្រាន​តំបន់ ឬ​នគរ​ណាមួយ។ ទ័ព​ទាំង​នោះ​​មាន​តាំង​ពី​ទ័ព​ដំរី – ទ័ព​សេះ និង​ទ័ព​ថ្មើរជើង ហើយ​ធ្វើ​ដំណើរ​កាត់​ព្រៃភ្នំ​ក្រំ​ថ្ម កាត់​ជួរ​ភ្នំអាល់ (the Alps) ដើម្បី​ទៅ​វាយ​ចក្រភព​រ៉ូម។

៤- ជូលាស៊ីសា “Julius Caesar” (១០០ – ៤៤ មុន​គ្រិស្តសករាជ)

ជូលា​ស៊ីសា កើត​នៅ​ឆ្នាំ១០០ មុន​គ្រិស្តសករាជ នៅ​ទីក្រុង​រ៉ូម (Rome)។ តាំង​ពី​ក្មេង​រៀងមក ស៊ីសា​បាន​ចាក​ឆ្ងាយ​គ្រួសារ​ដើម្បី​ទៅ​បំពេញ​កាតព្វកិច្ច​យោធានៅ​ទ្វីប​អាស៊ី និង​កោះ​ស៊ីស៊ីលី (Cilicia)។ ​ជូលាស៊ីសា ជា​មេដឹកនាំ​ផង និង​ជា​មេទ័ព​ផងនៃ​ចក្រភព​រ៉ូម ដោយ​លោក​បាន​តាំង​ខ្លួន​ឯង​ជា​មេដឹកនាំ​ផ្ដាច់​ការ​នៃ​ចក្រភព​រ៉ូម។

៥- ណាប៉ូឡេអុង​បូណាប៉ា
“Napoleon Bonaparte” (១៧៦៩ – ១៩២១) អធិរាជ​នៃ​ប្រទេស​បារាំង

ណាប៉ូឡេអុង​បូណាប៉ា ឬ​ណាប៉ូឡេអុង​ទី​មួយ មាន​ម្ដាយ​ឪពុក​ជា​ជនជាតិ​អ៊ីតាលី កើត​នៅ​លើ​កោះ គ័រស៊ីកា (Corsica) ប្រទេស​បារាំង។ លោក​ជា​អ្នក​ដែល​មាន​កោសល្យ​ខ្ពស់​ខាង​វិស័យ​យោធា ដោយ​ក្នុង​នោះ​ត្រឹម​អាយុ​ជាង ២០ឆ្នាំ លោក​ប្រៀប​បាន​នឹង​មេទ័ព​ដែល​មាន​បទពិសោធន៍​ធ្វើ​សង្គ្រាម ៣០ – ៤០ ឆ្នាំ។ លោក​ជា​អធិរាជ​បារាំង (Emperor of the French) ​ពី​ឆ្នាំ១៨០៤ – ១៨១៤ និង​ជា​អធិរាជ​ម្ដង​ទៀត​ពី​ឆ្នាំ១៨១៥។

ណាប៉ូឡេអុង​ជា​អធិរាជ​សង្គ្រាម​ដែល​ច្បាំង​មិន​សូវ​ចាញ់ ហើយ​ទើប​តែ​បាក់​លោង​ពេល​លើក​កងទ័ព​ជាង​កន្លះ​លាន​នាក់វាយ​ចូល​ប្រទេស​រុស្ស៊ី ហើយ​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​សារ​អាកាសធាតុ​ត្រជាក់​ពេក។ ក្រោយមកលោក​ទទួល​បរាជ័យ​ម្ដងទៀត នៅ​តំបន់​វាត់ថឺលូ (Waterloo)។ ធ្លាប់​លើក​កងទ័ពវាយ​ដល់​ប្រទេស​អេហ្ស៊ីប​ និង​ចក្រភព​រុស្ស៊ី ហើយ​ទី​បំផុត​បាន​ច្បាំង​ចាញ់​នៅ​តំបន់ «វាត់ថឺលូ – Waterloo» ហើយ​ត្រូវ​បាន​ពួក​អង់គ្លេស​បញ្ជូន​ទៅ​រស់​នៅ «កោះ​សាំងហេឡេណា – Saint Helena» ដែល​ស្ថិត​នៅ​ឆ្ងាយ​ដាច់​សង្វែង​កណ្ដាល​មហាសមុទ្រ​អាត្លង់ទិច (Atlantic Ocean) ជា​លក្ខណៈ​បំបរបង់​។

លោក​ទទួល​អនិច្ចកម្ម​នៅ​ឆ្នាំ១៨២១ ក្នុង​ជន្មាយុ ៥១ ឆ្នាំ​ដោយ​ជំងឺ​មហារីក​ក្រពះ (stomach cancer)។ ថ្វីត្បិត​មាន​ចិត្ត​រឹង​មាំ​ដូច​ដែក ក៏​អធិរាជ​រូប​នេះ​មាន​ចំណុច​ខ្សោយ​មួយ​គឺ​កើត «ជំងឺ​ខ្លាច​សត្វ​ឆ្មា – ailurophobia»៕