ហេតុ​អ្វី​បាន​ជា​មហាសេដ្ឋី​តែងតែជោគជ័យ​​ជាង​មនុស្ស​សាមញ្ញ? ​

តើ​អ្វី​ទៅ​ជា​ភាព​​ខុសគ្នា​រវាង​អ្នក​រក​លុយ ១សែន​​ដុល្លារ និងអ្នក​រក​លុយ​បាន​​ ១លាន​ដុល្លារ? នេះ​ជា​សំនួរ​មួយ​ដើម្បី​ធ្វើ​ជា​ចំណោទ​បញ្ហា​នៃ​ការ​ស្រាវជ្រាវ​របស់​សាលសាស្ត្រាចារ្យ​​ចំនួន​ពីរ​រូប​មក​ពី​​​អាមេរិក បកស្រាយ​​ជុំវិញ​ប្រធាន​បទ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​នៅ​ជុំវិញ​ពិភពលោក​។

​​​យោង​តាម​សៀវភៅ​ The Self-Made Billionaires Effect ដែល​និពន្ធ​ដោយ​លោក John Sviokla និងលោក Mitch Cohen បាន​លើក​ឡើង​ពី​ចំណុច​សំខាន់​មួយ​​​នៃ​ភាព​ខុសគ្នា​រវាង​​បុគ្គលិកលក្ខណៈ​របស់​​មហាសេដ្ឋី​ និង ​​មនុស្ស​សាមញ្ញ​។ នេះ​គេ​ឲ្យ​ឈ្មោះ​ថា “Habits of Mind” ឬ “ទម្លាប់​​នៃ​គំនិត​”។

តាម​ការ​លើក​ឡើង​របស់​លោក Sviokla និង​លោក​ Cohen ជា​អតីត​សាស្ត្រាចារ្យ​​មក​ពី​សាកលវិទ្យាល័យ Harvard ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​​លើ​មហាសេដ្ឋី​ចំនួន​១២០​រូប​ដែល​​បាន​រក​ប្រាក់​ដោយ​ខ្លួន​ឯង​ក្នុង​ចំណោម​​​មហាសេដ្ឋី​ល្បីៗ​ប្រមាណ ៦០០​នាក់​នៅ​ជុំវិញ​ពិភពលោក។

អ្នកនិពន្ធ​ទាំង​ពីរ​​រូប​ខាងលើ​បាន​ស្ទាបស្ទង់​លើ​មហាសេដ្ឋី​​ខាងលើ​ ដោយ​បែងចែក​រវាង​មហាសេដ្ឋី​ដែល​​​រក​​​ប្រាក់​​បាន ​១ពាន់​លាន​ដុល្លារ​ឡើង​ទៅ​ពី​​សកម្មភាព​មុខ​ជំនួញ​របស់​ខ្លួន និងមហាសេដ្ឋី​ដែល​រក​ប្រាក់​ដោយ​ខ្លួន​ឯង​សុទ្ធសាធ ពោល​គឺ​មិន​​មែន​ជា​ទ្រព្យសម្បត្តិ​ដែល​បាន​មក​ពី​ទាយាទ (ស្នង​ពី​ឪពុក​ ឬម្តាយ​ជា​មហាសេដ្ឋី​ស្រាប់) ​នោះ​ឡើយ ។

ទីបំផុត​អ្នកនិពន្ធ​ទាំង​ពីរ​​បាន​រក​ឃើញ​របកគំហើញ​មួយ ​ជា​ពិសេស​របស់​មហាសេដ្ឋី​ដែល​មាន​ភាព​ខុស​គ្នា​​ពី​មនុស្ស​សាមញ្ញ​​ដោយ​សំអាង​ថា មហាសេដ្ឋី​អាច​សម្រេច​បាន​សមិទ្ធផល​ធំៗ ច្រើន​​នូវ​អ្វី​ដែល​​គេ​ហៅ​ថា “Duality of Mind” ឬ “ការ​រួម​​គំនិត​ពីរ​ផ្សេង​គ្នា” រវាង​ការ​ស្រមើស្រមៃ និងការ​សម្រេចចិត្ត។ វា​គឺ​​ជា​​ការ​ស្រមៃ​របស់​មហាសេដ្ឋី​ទៅ​កាន់​ទី​ខ្ពស់​មួយ ខណៈ​ពេល​ដែល​សេដ្ឋី​ខ្លួន​ឯង​មាន​​​​​​ជំហរ​មួយ​យ៉ាង​មុតមាំ​​​​​ថា ​អ្វីៗ​នឹង​កើត​មាន​ឡើង ហើយ​​វា​អាច​ក្លាយ​ជា​ការពិត​បាន។​

ទម្លាប់​​នៃ​ការ​គិត​ទាំង​ពីរ​ខាងលើ​នេះ បូក​រួម​នឹង​​ការ​បញ្ចេញ​សកម្មភាព​​អនុវត្ត​របស់​ខ្លួន បាន​ធ្វើ​ឲ្យ​មហាសេដ្ឋី​​អាច​បំពេញ​តួនាទី​បានយ៉ាង​ល្អ​​​​នូវ​អ្វី​ដែល​គេ​ហៅ​ថា “ផលិតករ” ឬ “Producers” នេះ​ឯង​។ ក្នុង​នាម​ជា​​​ផលិតករ មហាសេដ្ឋី​មើល​ឃើញ​អ្វី​ដែល​ថ្មី ហើយ​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​មនុស្សម្នា និងធនធាន​បង្កើត​វា​ឡើង ហើយ​​ដាក់​លក់​ទៅ​កាន់​អតិថិជន។ ​​

ផ្ទុយ​ពី​អ្វី​ដែល​បាន​លើក​ឡើង​របស់​អ្នកនិពន្ធ​​ទាំង​ពីរ​នេះ​មាន​មនុស្ស​មួយ​ក្រុម​ទៀត​ដែល​ហៅ​ថា “អ្នក​អនុវត្ត” ​ឬ “Performers” ដែល​ជា​មនុស្ស​ពូកែ​ប្រតិបត្តិ​តាម​ប្រព័ន្ធ​ដឹកនាំ និងគ្រប់គ្រង​របស់​មហាសេដ្ឋី។ មនុស្ស​ប្រភេទ​នេះ​​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ភាព​​ជោគជ័យ​ច្រើន​នៅ​ពេល​អនុវត្ត​កាន់តែ​ច្រើន​ ប៉ុន្តែ​អ្វី​ដែល​បញ្ហា​ប្រឈមមុខ​របស់​ពួកគេ គឺ​​​ជុំវិញ​ចំណុច​ខ្សោយ​នៃ​ការ​គិត​​របស់​ខ្លួន​ដែល​មិន​ដូច​ក្រុម​មហាសេដ្ឋី​នោះ​ឡើយ​។ ​​

អ្នក​និពន្ធ​​ទាំងពីរ​​បាន​ពន្យល់​ថានៅ​ក្នុង​​វិស័យ​អាជីវកម្ម ឬរឿង​រក​លុយ​កាក់​​​​នេះ​ វា​ត្រូវ​ផ្ទុះ​ចេញ​ពី​​ក្រអៅ​បេះដូង​ និងចិត្ត​គំនិត​របស់​មនុស្ស​ម្នាក់​ ដែល​ជា​ផលិតករ​ផង (Producer) និងអ្នក​អនុវត្ត​ផង (Performer)។ ហេតុដូច្នេះបើ​បុគ្គល​មួយ​រូប​​​មាន​លក្ខណៈ​សម្បត្តិ​ពិសេស​ខាងលើ​នេះ​ដែល​ហៅ​ថា “Duality of Mind” ឬ “ទ្វិកភាព​នៃ​​គំនិត” ​ដូច​អ្វី​ដែល​មហាសេដ្ឋី​មាន ​បុគ្គល​នោះ​កាន់តែ​សម្រេច​បាន​សមិទ្ធផល​​ច្រើន​ដូច​មហាសេដ្ឋី​ដែល។ ​ ​

អ្នក​និពន្ធ​ល្បីល្បាញ​ទាំង​ពីរ​រូប​បាន​បន្ថែម​ទៀត​ថា ដោយសារ​តែ​មហាសេដ្ឋី​​មាន​មូលដ្ឋាន​គ្រឹះ​​ជា​អ្នក​ផលិត ឬ​ជា​អ្នក​ផ្តិតផ្តូង​អ្វីៗ​ផុស​ចេញ​ពី​ក្នុង​ខ្លួន​ដោយ​ខ្លួន​ឯង​ផ្ទាល់ ទើប​​ធ្វើ​ឲ្យ​មហាសេដ្ឋី​ក្លាយ​ជា​មនុស្ស​លេចមុខ​ក្នុង​ចំណោម​មនុស្ស​នានា។ ​​យ៉ាងណាមិញ​ក្តី​សង្ឃឹម​នៅ​តែ​មាន​សម្រាប់​អ្នក​ដែល​ដើរ​តួនាទី​ជា​អ្នក​អនុវត្ត (Performer) ដោយ​ការ​កែប្រែ​ទម្លាប់​នៃ​ការ​គិត​ធ្វើ​ជា​ផលិតករ ​(Producer) បន្ថែម​ទៀត​ទើប​ទទួល​បាន​ជោគជ័យ​ច្រើន៕