ហេតុអ្វី​បាន​ជា​​​នៅ​សុខៗ​ ស្រាប់តែអស់​លុយ​ធ្វើ​អាជីវកម្ម?

មាន​ក្រុមហ៊ុន​មិន​តិច​ឡើយ ជា​ពិសេស​អាជីវកម្ម​ថ្មីថ្មោង​ដែល​បាន​ដំណើរការ​រកស៊ី​មិនទាន់​បាន​ប៉ុន្មាន​ខ្យល់​ផងស្រាប់តែ​ទន់ជង្គង់​ដួល​រលំ​ងើបមិនរួច រកតែ​ច្រក​ផ្លូវ​ស្តា​ឲ្យ​រស់​ឡើងវិញ​​គ្មាន។ នេះ​ហើយ​ជា​លទ្ធផល​អាក្រក់​មួយ​ដែល​សហគ្រិន​គ្រប់រូប​មិន​ចង់​ជួបប្រទះ។ វា​ពិត​ជាមាន​មូលហេតុ​នៅ​ពីក្រោយ​ភាព​បរាជ័យ​នេះ​ ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​អស់​លុយ​​ទាំង​មិន​ទាន់​បាន​​ប្រាក់​ចំណេញ​មកវិញ​ផង។

សូម​ស្វែងយល់​ពី​មូលហេតុ​សំខាន់ៗ​ខាងក្រោម​នេះ ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថាជា​ឫសគល់​នៃ​ការ​ធ្វើ​ឲ្យ​សហគ្រិន​អស់​លុយ​ធ្វើ​អាជីវកម្ម។​​​

១) ​ធ្វើ​បញ្ជី​​ទិញ​លក់​មិន​បាន​​ត្រឹមត្រូវ​​​​

នៅ​ពេល​ដែល​ផលិតផល​របស់​អ្នក​អាច​​វាយលុក​នៅ​លើ​ទីផ្សារ​បាន​ហើយ ហើយ​អាច​ទទួល​ចំណូល​មកវិញ​ពី​អតិថិជន​បាន នោះ​គឺ​ជា​​សញ្ញាណ​ល្អ​មួយ​បញ្ជាក់​ថា អាជីវកម្ម​របស់​អ្នក​កំពុង​បោះ​ជំហាន​ទៅ​មុខ។ ប៉ុន្តែ ​នៅ​មាន​ករណី​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ខាតបង់​ទាំង​មិនដឹង​ខ្លួន នោះ​គឺ​ការ​​ធ្វើ​បញ្ជី​​​ ​​ឬ​កត់​ត្រា​​ការ​ទិញ​លក់​មិន​បាន​​ត្រឹមត្រូវ។ នៅ​ពេល​ដែល​​បញ្ជី​ទិញ​​លក់​នៅ​មាន​​ចន្លោះប្រហោង​ ហើយ​​វិក័យប័ត្រប្រាក់​​​ទូទាត់​​របស់​អតិថិជន​ក៏​​មិន​បាន​​កត់​ត្រា​​ត្រឹមត្រូវ​ដែរ​​ ​នេះ​គឺ​មិន​ខុស​អី​​យក​លុយ​ទៅ​ចោល​ទទេៗ​រុញ​​អាជីវកម្ម​ឲ្យ​ធ្លាក់​ទឹក​នោះឡើយ។

​២) ​អសកម្ម​ក្នុង​ការ​ប្រមូល​ប្រាក់​ជំពាក់​មកវិញ​​ពីអតិថិជន

ផលិតផល​​​របស់​អ្នក​បាន​ដាក់​លក់​យ៉ាង​មមាញឹក​នៅ​លើ​ទីផ្សារ​​​​រហូត​ដល់​ទទួល​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​អតិថិជន ខណៈ​​បញ្ជី​ទូទាត់​​តម្លៃ​​នៃ​​ការ​ជំពាក់​​របស់​អតិថិជន​វិញបាន​ធ្វើ​ឡើង​យ៉ាង​ត្រឹមត្រូវ។ ប៉ុន្តែទោះបី​ជាយ៉ាងណា​ក៏ដោយ នេះ​នៅតែ​ជា​បញ្ហា​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អ្នក​ដួល​រលំ ប្រសិន​បើ​អ្នក​មិន​បាន​ប្រមូល​​​ប្រាក់​ជំពាក់​របស់​អតិថិជន​ទាំងនោះ​ឲ្យ​បាន​ទាន់​ពេលវេលា​​គ្រប់​តាម​ចំនួន​ទេ​នោះ។

​​វិធីសាស្ត្រ​ដ៏​ប្រសើរ​ដើម្បី​ស្តា​ស្ថានការណ៍​នេះឡើងវិញ គឺ​ត្រូវ​ប្រមូល​លុយ​​​ដែល​អតិជន​ជំពាក់​ឲ្យ​បាន​គ្រប់​ចំនួន​ដូច​មាន​​នៅ​​ក្នុង​បញ្ជី​​​ ឬវិក្កយបត្រ​ជំពាក់​ប្រាក់​របស់​អ្នក​ ព្រោះ​វា​​ជា​ផ្នែក​មួយ​នៃ​ការ​គ្រប់គ្រង​​លំហូរ​សាច់ប្រាក់​ក្នុង​ក្រុមហ៊ុន​​អ្នក។

៣) ​ថ្លៃ​ផលិត​​ខ្ពស់​ជាង​តម្លៃ​លក់

ការ​ស្រាវជ្រាវ​ទីផ្សារ​ធ្វើ​បាន​​ល្អិតល្អន់​ ការ​លក់​ផលិតផល​ដំណើរការ​ល្អ​ជា​ធម្មតា តែ​​នៅ​ពេល​ដែល​​ងាក​មក​មើល​​តម្លៃ​លក់​ផលិតផល​វិញ​​បែរជា​​ថោកជាង​ថ្លៃ​ផលិត។ តើ​នេះ​មិន​ធ្វើ​ឲ្យ​​អាជីវកម្ម​របស់​អ្នក​ដួល​រលំ​ទេឬ? ស្ថានការណ៍​ទីផ្សារ​ពិត​ជា​មាន​ការ​ប្រែប្រួល​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយទៀត​​ ហើយ​វា​ជា​រឿង​កម្រ​ដែល​តម្លៃ​​ផលិតផល ឬសេវាកម្ម​នានា​នៅ​លើ​ទីផ្សារ​ចុះថោក​ជាង​មុន ជា​ពិសេស​គឺ​នៅ​ពេល​ថ្លៃ​ដើម​ឡើង​ថ្លៃ។ អ្នក​ត្រូវ​ធ្វើ​​​​​ការ​ស្រាវជ្រាវ​ ឬ​ពិនិត្យ​ទៅ​លើ​បច្ចុប្បន្ន​ភាព​ថ្លៃ​​ដើម​ទីផ្សារ​ឲ្យ​គ្រប់​ពេល​វេលា​​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដំឡើង​ថ្លៃ​ផលិតផល​កុំ​ឱ្យ​ទាប​ជាង​ថ្លៃ​ដើម​។

បើ​អ្នក​នៅតែ​រក្សា​តម្លៃ​ផលិតផល​របស់​អ្នក ខណៈ​ដែល​ការ​ចំណាយ​កាន់តែ​កើនឡើង​ នោះ​វា​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ​ដែល​ក្រុមហ៊ុន​អ្នក​នឹង​ត្រូវ​ដាច់​ដង្ហើម។ ជៀសវាង​បញ្ហា​នេះ ពិនិត្យ​មើល​បញ្ជី​ចំណាយ​​​របស់​អ្នក​ឡើង​វិញ​ ដើម្បី​កំណត់​ថាតើ​អ្នក​គួរតែ​លក់​ផលិតផល​ក្នុង​តម្លៃ​ប៉ុន្មាន​ដើម្បី​អាច​​ទូទាត់​ទៅ​នឹង​ការ​ចំណាយ​បាន?

៤) កង្វះខាត​​ត្រួតពិនិត្យ​​លើ​ការ​ចំណាយ​

កង្វះខាត​នៃ​ការ​ត្រួតពិនិត្យ​ប្រាក់​ចំណាយ​​​នីមួយៗ​ដូច​ជា ​ចំណាយ​លើ​ការ​ផលិត បុគ្គលិក ឬសម្រាប់ស្រាវជ្រាវ​ទីផ្សារ​ជាដើម មិន​បាន​ត្រឹមត្រូវ​ នឹង​ធ្វើ​ឲ្យ​អ្នក​បាត់បង់​​ម្ចាស់ការ​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដែល​នោះ​គឺ​ជា​ផ្លូវ​តែ​មួយ​គត់​គឺ​ដួល​រលំ។

អ្នក​អាច​ស្វែងយល់​ថា តើ​​អ្នក​បាន​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​? តើ​អ្វី​ទៅ​ជា​ការ​ចំណាយ​ធំ​បំផុត​របស់​អ្នក? តើ​អ្នក​ទទួល​បាន​ប្រាក់​ចំណូល​ប៉ុន្មាន​មកវិញ? ការ​រក​ឃើញ​ចម្លើយ​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​អាច​​​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​​កំណត់​ការ​ចំណាយ​ និងតម្លៃ​ផលិតផល​ឲ្យ​មាន​ប្រសិទ្ធភាព ជៀសវាង​ការ​ខាតបង់​​ គ្មាន​ប្រាក់​បើក​អាជីវកម្ម​បន្ត៕