ហេតុអ្វីបានជានារីដែលឆ្លាតនិងជោគជ័យ មិនងាយមានប្តី?

បច្ចុប្បន្ននេះ បុរសនិងស្ដ្រីទទួលបានសិទ្ធិស្មើគ្នា វាធ្វើឲ្យពួកគេមានឱកាសគ្រប់គ្រាន់ ដើម្បីបញ្ចេញសមត្ថភាពដែលខ្លួនមាន។ អត្រានារីជោគជ័យលើគ្រប់វិស័យបានកើនឡើងជាបន្តបន្ទាប់ ដូចជាការសិក្សា ក៏មិនចាញ់បុរសឡើយ។ ស្របពេលជាមួយគ្នា យើងសង្កេតឃើញថានារីៗដែលជោគជ័យទាំងនោះ ភាគច្រើននៅលីវ ឬមិនទាន់មានប្តីនៅឡើយ តើហេតុអ្វី?

ពួកនាងប្រើពេលយូរដើម្បីពិចារណា វិភាគ ទស្សទាយន៍ពីអត្តចរិត និងផែនការទៅអនាគត ដើម្បីពិនិត្យសម្រិតសម្រាំងមើលបុរសដែលនាងពេញចិត្តបំផុត។ ប៉ុន្តែវាកម្រមានបុរសល្អគ្រប់១០ ឲ្យពួកនាងរើសណាស់។ ម៉្យាងទៀត នារីដែលជោគជ័យ តែងមានមោទនភាពខ្លាំងចំពោះខ្លួនឯង ជឿជាក់តែលើគំនិតខ្លួនឯង។ យូរៗទៅក៏លែងខ្វល់ នឹងជីវិតគូ រហូតលែងចង់បានប្តី។

ដោយសារពួកគេឲ្យតម្លៃខ្ពស់ទៅលើពេលវេលា ទើបពួកគេមិនចង់បង់ខាតពេលអត់បានការ លើការណាត់ជួប ឬដំណើរកម្សាន្តច្រើននោះទេ ដោយមកចំណាយពេលលើការងារ ឬរបររកស៊ីវិញ។ ដូចនេះទើបពិបាកក្នុងការសាងទំនាក់ទំនងស្នេហា។

ដោយសារពួកគេមានសមត្ថភាពរស់នៅដោយខ្លួនឯង ពួកនាងមិនបានត្រូវការដៃគូដើម្បីបង្កើតភាពកក់ក្ដៅ ឬសុវត្ថិភាពក្នុងជីវិតឡើយ។ ពេលខ្លះពួកគេបារម្ភថា ខ្លាចរើសដៃគូខុស ដូច្នេះបើសិនជាអាច ពួកគេនឹងរើសយកការរស់នៅម្នាក់ឯងជាជាងរស់នៅជាមួយមនុស្សខុស។

ជាចុងក្រោយ បុរសៗភាគច្រើន ពួកគេមិនសូវហ៊ានចូលជិតនារីដែលឆ្លាតជាងខ្លួន និងជោគជ័យជាងខ្លួនដែរ ដោយសារខ្វះទំនុកចិត្តថាខ្លួនមិនសមនឹងគេ នាំឲ្យខ្មាសគេ។