ហាត់​ប្រាណ​នាំ​មក​នូវ​លទ្ធផល​ល្អ តែ​បើ​ហាត់​ខុសរបៀប ​តើអ្នកដឹងថាមាន​ផល​ប៉ះពាល់​កម្រិត​ណា​ទេ?

សរីរាង្គកាយ​របស់​មនុស្ស​ទាម​ទារ​ការ​ធ្វើ​ចលនា​ជា​ប្រចាំ​ដើម្បី៖ ពន្យឺត​សន្លាក់ និង​តម្រែតម្រង់​សន្លាក់។ ការ​ហាត់​ប្រាណ​ធ្វើ​ឲ្យ​អស់​លោក​អ្នក​ទប់​ស្កាត់​នូវ​ជម្ងឺតម្កាត់​ផង​ទាំងពួង សម្រាប់​អ្នក​ដែល​មិន​ទាន់​កើត​ជម្ងឺ និង​សូម្បី​តែ​អ្នក​ដែល​កើត​ជម្ងឺ​រួច​ហើយ ក៏​ការ​ធ្វើ​លំហាត់​ប្រាណ​នៅតែ​មាន​ប្រយោជន៍ ជួយ​ពន្យឺត​ដំណើរ​វិវត្ត​នៃ​ជម្ងឺ កុំ​ឲ្យ​ធ្លាក់​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ។

នៅ​ពេល​អ្នក​ធ្វើ​លំហាត់​ប្រាណ ធ្វើ​ឲ្យ​បេះ​ដូង​ឡើង​សាច់​ដុំ​ និង​ស្រូប​យក​ជីជាតិ​នៅ​ក្នុង​អាហារ​ដែល​លោក​អ្នក​បរិភោគ យក​ទៅ​ចិញ្ចឹម​កោសិកា​គ្រប់​ផ្នែក​នៅ​ក្នុង​សរីរាង្គ។ សរីរាង្គកាយ​របស់​មនុស្សរីក​លូតលាស់ និង​មាន​សុខភាព​ល្អ នៅ​ពេល​ដែល​ហាត់​ប្រាណ​ជា​ប្រចាំ និង​សមស្រប​តាម​ក្បួន។

​ប្រសិនបើ​​អ្នក​ហាត់​ប្រាណ​ក្នុង​កម្រិត​សមស្រប​តាម​ក្បួន​ខ្នាត​​ត្រឹមត្រូវ​ កម្រិត​អាំងតង់ស៊ីតេ​របស់​អ្នក​នឹង​រក្សា​លំនឹង​ចង្វាក់បេះដូង​ឲ្យ​នៅ​ថេរ​អស់​រយៈពេល​យូរ​អង្វែង។ ប៉ុន្តែ​ប្រសិន​បើ​​អ្នក​ហាត់​ប្រាណ​មិន​បាន​សម​ស្រប​តាម​បទដ្ឋាន​ជាក់​លាក់​វិញ អ្នក​នឹង​ប្រឈម​នឹង​គុណវិបត្តិ​មួយ​ចំនួន​ដូច​ជា ៖ ធេងធោង – អស់កម្លាំង​ – ល្ហិតល្ហៃ – ខ្សោះ​ខ្លួន – ឈឺសន្លាក់ ឈឺ​ឆ្អឹង​ឈឺ​ឆ្អែង – ​ឈឺ​ចុកចាប់ និង​របួស​លើ​រាងកាយ​ទៀត​ផង។

ប្រសិនបើ​លោក​អ្នក​ហាត់ប្រាណ​ដោយ​មិន​ឆ្លង​កាត់​ការ​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​ខាង​កាយ​សម្ព័ន្ធ និង​កីឡា។ អ្វី​ដែល​លោក​អ្នក​ប្រឈម​ដោយ​សារ​ហាត់​ប្រាណ​មិន​សម​ស្រប​មាន​ដូច​ជា ៖ គេង ឬ​ដេក​មិន​គ្រប់គ្រាន់ ឬ​គេង ឬ​ដេក​មិន​លក់ – បេះដូង​ដើរ​ខុស​ចង្វាក់ – អស់​ថាមពល​ពី​ក្នុង​ខ្លួន ហើយ​បើ​មិន​បាន​ហូប​អាហារ​ឆ្ងាញ់ៗ​សម្រាប់​ប៉ូវ​កម្លាំង​ទេ លោក​អ្នក​នឹង​ឆាប់​ទ្រុឌទ្រោម​សុខភាព​យ៉ាង​គំហុក – ឈឺ​សន្លាក់ អាច​ឈាន​ដល់​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ – កន្ត្រាក់ ឬ​រហែក​សាច់​ដុំ។ល។

ហានិភ័យ​មួយ​ទៀត ដែល​បណ្ដាល​មក​ពី​ការ​ហាត់​ប្រាណ​ខុស​នីតិវិធី គឺ​របួស​ស្នាម​នៅ​លើ​រាង​កាយ ដូចជា​រមួល​ក្រពើ – រហែក​សាច់​ដុំ – ដាច់​រលាត់​លើ​ស្បែក ។ ជា​ក្រិត្យក្រម ការ​ហាត់​ប្រាណ​ធ្វើ​ឲក្យ​ឆ្អឹង​មនុស្ស​កាន់​តែ​រឹង​មាំ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​កើត​មក​មាន​ឆ្អឹង​ខ្សោយ​ពី​ធម្មជាតិ ប្រសិនបើ​ហាត​ប្រាណ​មិន​ត្រូវ​តាម​នីតិវិធី និង​បទដ្ឋាន អាច​បណ្ដាល​ឲ្យ​ប្រេះ​ស្រាំ​ឆ្អឹង ឬ​ធ្ងន់ធ្ងរ​ជាង​នេះ គឺ​បាក់​ឆ្អឹង​តែ​ម្ដង៕