ស៊ុយអែតនឹង​ក្លាយ​ជា​ប្រទេស​ដំបូង​​បំផុត​នៅ​លើ​លោក​ដែល​មិន​ចាយ​ក្រដាសប្រាក់

ចំនួន​3ភាគ4 គឺ​ជា​ចំនួន​មួយ​ដែល​គេ​​អះអាង​​ថា ការ​ចាយវាយ​​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ស៊ុយអែត​នឹង​មិន​ប្រើ​ក្រដាសប្រាក់​​ផុសផុល​ដូច​មុន​ទៀត​ទេ។ នេះ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​របស់​​​មហាអំណាច​ប្រជាធិបតេយ្យ​ដ៏​​ជឿនលឿន​នៅ​អឺរ៉ុប​មួយ​នេះ​អាច​​ទូទាត់​ទំនិញ​ផ្សេងៗ​ដោយ​​​ប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក ឬ កាត ATM​ តែ​ប៉ុណ្ណោះ។

តាម​​​សារព័ត៌មាន​ក្នុងស្រុក​​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​របស់​ខ្លួន​នឹង​ប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក ឬកាត ATM​ ​ប្រមាណ ២៦០ ដង​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ទូទាត់​​លើ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ។ លើស​ពី​នេះ​ទៅ​ទៀត កាត ATM ដែល​គេ​ឃើញ​មាន​ប្រើប្រាស់​យ៉ាង​​ទូលំទូលាយ​នៅ​តាម​ហាង​ទំនើបៗ ​ក៏​​ត្រូវ​អនុវត្ត​ចំពោះ​អ្នក​លក់រាយ​នៅ​តាម​ដង​ផ្លូវ​ ឬដង​វិថី​នានា​​នៅ​ក្នុង​ប្រទេស​នេះ​​ដែរ។

ការ​​អនុវត្ត​​គោលការណ៍​ថ្មី​របស់​រដ្ឋាភិបាលស៊ុយអែត​ខាងលើ​​ដោយហេតុ​ថា វា​ចំណេញ​ប្រាក់​ច្រើន​ដល់​រដ្ឋ​ផង​ដែរ ព្រោះ​ថា​នៅ​ពេល​កន្លង​មក​រដ្ឋ​​បាន​ចំណាយ​ប្រាក់​រហូត​ដល់ ១,២ ពាន់​លាន​ដុល្លារ​ដើម្បី​គ្រប់គ្រង​សាច់ប្រាក់ ឬ ស្មើ​នឹង ០៣% នៃ GDP របស់​ខ្លួន។ ​

ម្យ៉ាង​វិញ​ទៀត ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ថ្មី​នេះ មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន ហើយ​បើ​និយាយ​ពី​​បទល្មើស​លួច​លុយ​តាម​ប្រព័ន្ធ​ធនាគារ​វិញ​មាន​តិចតួច​បំផុត ពោល​គឺ​ត្រឹមតែ៥ ករណី​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ ២០១៨ ដែល​ជា​ចំនួន​មួយ​ទាប​បំផុត​​មិន​ធ្លាប់​មាន​សម្រាប់ស៊ុយអែត​​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​​កន្លង​ទៅ​នេះ​​។

ទោះបីជា​បែប​នេះ​ក្តី យន្តការ​ថ្មី​របស់ស៊ុយអែតខាងលើ​មិនមែន​​ជា​បរិបទ​អឺរ៉ុប​នោះ​ឡើយ ត្បិតអី​ដូច​ជា​នៅ​អង់គ្លេស ឬអ៊ីតាលី​ជា​ដើម​ការ​ប្រើ​ក្រដាសប្រាក់​ទូទាត់​ទំនិញ​នៅតែ​ជា​អាទិភាព​​​​នៅ​ឡើយ​​ជំនួស​ឲ្យ​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និងកាត ATM រហូត​ដល់​ទៅ​៣ភាគ​​៤​។ នេះ​មានន័យ​ថា ប្រជាជន​​ក្នុង​ប្រទេស​ទាំង​នេះ​ប្រើប្រាស់​ក្រដាសប្រាក់​ផ្ទាល់​ស្មើ​នឹង​ប្រជាជន​ពលរដ្ឋ​ស៊ុយអែត​ដែល​ប្រើប្រាស់​​ប្រព័ន្ធ​អេឡិចត្រូនិក និងកាត​ ATM៕