សៀវភៅ​ល្អៗទាំង​១០ក្បាលនេះ គឺសម្រាប់​​អ្នក​មាន​មហិច្ឆតា​​ចង់​​វិនិយោគ​

ចំពោះ​អ្នកដែល​ចង់ទទួល​បាន​ចំណេះ​ដឹង​បន្ថែមពី​ការ​វិនិយោគ​ឲ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន សូ​​មកុំ​មើល​រំលង​សៀវភៅ​ទាំង​១០​ក្បាល​ខាងក្រោម​នេះ​ឲ្យ​សោះ ព្រោះ​​គេ​បាន​ចាត់ទុក​ថាវា​ពិត​ជា​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​វិនិយោគ​​នៅ​សតវត្ស​ទី​២១​នេះ​។ អ្នក​ជំនួញ និង​មហាសេដ្ឋី​ជាច្រើនដូច​ជាលោក Bill Gates និង Warren Buffett សុទ្ធតែ​ធ្លាប់​បាន​អាន​សៀវភៅ​ទាំង​នេះ​​ ដោយ​កោតសរសើរ​ថា ពិត​ជា​មាន​តម្លៃ​គួរឲ្យ​ទុក​ចិត្ត​បាន។

1- The Intelligent Investor (Revised Edition) (អ្នក​វិនិយោគ​ដ៏​ឆ្លាតវៃ) និពន្ធ​ដោយ​លោក Benjamin Graham​

ដោយ​ពណ៌នា​ថាជា​សៀវភៅ​ល្អ​បំផុត​​មិន​ធ្លាប់​មាន​សម្រាប់​អ្នក​វិនិយោគសៀវភៅ “The Intelligent Investor” គឺ​ជា​ស្នាដៃ​របស់​លោក Benjamin Graham​ អ្នក​វិនិយោគ​ល្បីល្បាញ​របស់​អាមេរិក។ អ្នកនិពន្ធ​រូប​នេះ​បាន​បញ្ជាក់​ថា មេរៀន​​ទី​៨ និងទី ២០ គឺ​​បាន​បង្ហាញ​ពី​សកម្មភាព​វិនិយោគ​ទាំងស្រុង​របស់​លោក​អស់​រយៈ​ពេល​ ៦០​ឆ្នាំ​មក​នេះ​ក្នុង​ទីផ្សារ​ជំនួញ។ 

2- Fooled (ភាព​ភ្លីភ្លើ) និពន្ធ​ដោយ​លោក Randomness Nassim និង Nassim Taleb

តាម​ការ​អះអាង​របស់​អ្នក​និពន្ធ​សៀវភៅ​នេះ ​​បាន​លាតត្រដាង​ឡើង​​ពី​​ការ​ពិត​​ និង​ភាព​​សង្ស័យ​ ឬភាព​មិន​ប្រកដប្រជា​​ទាំងឡាយ​ដែល​កំពុង​មាន​វត្តមាន​លាយឡំ​ជា​មួយ​​មនុស្ស​ជា​រៀងរាល់ថ្ងៃ។ អ្នក​វិនិយោគ​គួរ​ទិញ​សៀវភៅ​នេះ ព្រោះ​ថាខ្លឹមសារ​របស់​អ្នក​និពន្ធ​បាន​បង្ហាញ​យ៉ាង​ជាក់លាក់​ពី​យុទ្ធសាស្ត្រ​លុប​បំបាត់​ភាព​ស្រពិចស្រពិល និងជំនឿ​ដែល​​គ្មាន​ហេតុផល​នាំ​ទៅ​រក​ភាព​ជោគជ័យ​បាន​។​​​

3- The Most Important Thing (វត្ថុ​ដែល​ល្អ​​បំផុត) និពន្ធ​ដោយ​លោក Howard Marks

សៀវភៅនេះត្រូវ​បាន​គេ​ចាត់ទុក​ថា ​ជា​សៀវភៅ​ដ៏​មាន​តម្លៃ​​​ជា​ពិសេស​សម្រាប់​អ្នក​វិនិយោគ។ ក្រោម​ការ​សម្រិតសម្រាំង​និពន្ធ​ឡើង​យ៉ាង​ល្អ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ សៀវភៅ​​របស់​អ្នកនិពន្ធ​ជនជាតិ​​វេល​ (Welsh)​ ​រូប​នេះ​ មិន​ត្រឹមតែ​បង្ហាញ​ពី​វិធីសាស្ត្រ​ធ្វើ​ជំនួញ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ហាញ​ពី​វិធីសាស្ត្រ​​ត្រិះរិះ​ពិចារណា​​ផង​ដែរ (Critical Thinking)។ 

4- Poor Charlie’s Almanack ​និពន្ធ​ដោយ​លោក​ Charlie Munger

អត្ថន័យ​នៅ​ក្នុង​សៀវភៅ “Poor Charlie’s Almanack” ​នេះ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ទស្សនៈ​ដ៏​មាន​តម្លៃ​ជា​ច្រើន​របស់​លោកដែល​គេ​ជឿជាក់​ថា អាច​ជួយ​ឲ្យ​​អ្នក​អាន​កាន់តែ​មាន​ភាព​ឆ្លាតវៃ​ជាង​មុន។ ប្រាជ្ញា និងឧត្តមគតិ​សំខាន់ៗ​គឺ​​មាន​នៅ​គ្រប់​ទំព័រ​នៃ​សៀវភៅ​នេះ ដែល​មាន​សារសំខាន់​បំផុត​សម្រាប់​ការ​គិត និងការ​សម្រេចចិត្ត។

5- Common Stocks and Uncommon Profits និពន្ធ​ដោយ​លោក ​ Philip Fisher

មហាសេដ្ឋី​​អាមេរិក​លោក Warren Buffett ​ធ្លាប់​និយាយ​ថា​ ក្នុង​ខ្លួន​លោក​មាន​លោក​ Benjamin Graham ​ចំនួន ​៨៥% និង លោក Philip Fisher ១៥%។ នេះ​មាន​ន័យ​ថា​សៀវភៅ​របស់​លោក Benjamin Graham​ ដែល​មាន​ចំណង​ជើង​ថា “The Intelligent Investor” ខាងលើ​ និង សៀវភៅ​ “Common Stocks and Uncommon Profits” របស់​លោក​​ Philip Fisher ​នេះ​​បាន​រួម​ចំណែក​យ៉ាង​សំខាន់​សម្រាប់​​ការ​វិនិយោគ​របស់​លោក។ 

6- The Dao of Capital និពន្ធ​ដោយ​លោក Mark Spitznagel

​សម្រាប់​អ្នក​វិនិយោគ​សម័យ​ថ្មី ក៏​មិន​គួរ​មើល​រំលង​សៀវភៅ​នេះ​ដែរ ព្រោះ​ថា​វិធីសាស្ត្រ​សំខាន់​ស្តី​ពី​ការ​វិនិយោគ​យ៉ាង​ជោគជ័យ​ក៏​មាន​នៅ​ក្នុង​សៀវភៅ ​​”The Dao of Capital” នេះ​ដែរ។ លោក Mark Spitznagel បាន​បង្ហាញ​ពី​ហានិភ័យ​ក្នុង​អាជីវកម្ម​ និង​វិធីសាស្ត្រ​ទប់ទល់​នឹង​​ហានិភ័យ​ទាំង​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព ត្បិត​អី​លោក​ក៏​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​មួយ​រូប​របស់​អាមេរិក​ផង​នោះ។​​​ 

7- Buffett: The Making of an American Capitalist (ការ​បង្កើត​មូលធន​អាមេរិក) និពន្ធ​ដោយ​លោក Roger Lowenstein

សៀវភៅនេះត្រូវ​បាន​គេ​អះអាង​ថា អាច​ប្រែក្លាយ​អ្នក​​អ្នក​​ទៅ​ជា​វិនិយោគិន​ដ៏​ក្លាហាន​ក្នុង​អាជីវកម្ម ឬមុខ​ជំនួញ​របស់​ខ្លួន​បាន។ គោលការណ៍ និង​យុត្តិសាស្ត្រ​វិនិយោគ​ដ៏​មាន​តម្លៃ​របស់​​មហាសេដ្ឋី​អាមេរិក Warren Buffett មាន​វត្តមាន​ជា​សំខាន់​នៅ​ក្នុង​សៀវភៅ​​របស់​អ្នកនិពន្ធ​អាមេរិក Roger Lowenstein ​​រូប​នេះ។ 

8- The Outsiders: Eight Unconventional CEOs and Their Radically Rational Blueprint for Success និពន្ធ​​ដោយ​លោក William N. Thorndike

សៀវភៅ​​ខាងលើ​​ក៏​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​សៀវភៅ​ដ៏​ល្អ​បំផុត​មួយ​​ផង​ដែរ សម្រាប់​អ្នក​វិនិយោគ ត្បិតអី​អ្នក​ជំនួញ និងប្រធាន​ក្រុមហ៊ុន​​ជោគជ័យ​ចំនួន៨រូប ត្រូវ​បាន​​លាតត្រដាង​នៅ​ក្នុង​សៀវភៅ​នេះ។ មិនតែប៉ុណ្ណោះ គោលការណ៍​គ្រឹះ និងយុទ្ធសាស្ត្រ​សម្រាប់​ធ្វើ​ជំនួញ​របស់​​បុគ្គល​ល្បីៗ​ទាំង​នោះ​ ក៏​​លោក William N. Thorndike លើក​យក​មក​បង្ហាញ​ផង​​ដែរ​ដល់​អ្នក​អាន​ទាំង​អស់។

9- The Misbehaviour of Markets: A Fractal View of Financial Turbulence និពន្ធ​ដោយ​លោក​ Benoit Mandelbrot

​អ្វី​ដែល​ចាប់​អារម្មណ៍​នៅ​ក្នុង​សៀវភៅ​នេះ​ ​អ្នក​និពន្ធ​​គណិត​វិទូ​អាមេរិក​ខាងលើ បាន​លើកឡើង​​ទ្រឹស្ដី​សំខាន់ៗ​ដែល​រិះគន់​​ប្រឆាំង​ទៅ​​នឹង​ទ្រឹស្ដី​ហិរញ្ញវត្ថុ​នៅ​ពេល​បច្ចុប្បន្ន​។ ​លោក​ Benoit បាន​ពណ៌នា​ថា “The Misbehavior of Markets”ជា​សៀវភៅ​​ហិរញ្ញវត្ថុ​ល្អ​បំផុត​​គ្មាន​គូ​ប្រៀប​សម្រាប់​អ្នក​វិនិយោគ។

10- Why Stocks Go Up and Down (ហេតុអ្វី​បាន​ជា​ភាគហ៊ុន​កើន​ឡើង និង ​ធ្លាក់ចុះ) ​និពន្ធ​ដោយលោក William Pike

​សៀវភៅ​នេះផ្ដោត​សំខាន់​លើ​​ការ​វិនិយោគ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន និងសញ្ញាប័ណ្ណ (Equity and Bond​)។ ​អ្នក​​ដែល​ចង់​ស្វែង​យល់​ពី​​គោលការណ៍​គ្រឹះ​មួយ​ចំនួន​ពី​មុខវិជ្ជា​គណនេយ្យ (Accounting)​​ ក៏​​​មាន​នៅ​ក្នុង​សៀវភៅ​របស់​លោក William Pike ​នេះ​ដែរ៕