សៀវភៅ​ថ្លៃ​ជាង​គេ​បំផុត​នៅ​លើ​លោក​រក​ឃើញ​ហើយ​​លក់​ក្នុង​តម្លៃ​ជាង​ ១៤លាន​ដុល្លារ

សៀវភៅ “The Bay Psalm Book” តម្លៃ​​ជាង ១៤លាន​ដុល្លារ បាន​ធ្វើ​ឲ្យ​សៀវភៅ​សម័យ​បុរាណ​​មួយ​​ក្បាល​ជាប់​ឈ្មោះ​ជា​សៀវភៅ​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ មាន​​ចំណង​ជើង​ថា “The Bay Psalm Book” ក្នុង​តម្លៃ​ដ៏​ខ្ពស់​​នេះ សៀវភៅ​នេះ​ត្រូវ​បាន​ដាក់​លក់​ដេញ​ថ្លៃ​កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ​បន្ទាប់​ពី​វា​ត្រូវ​បាន​បោះពុម្ព​ជា​លើក​ដំបូង​តាំង​ពី​ឆ្នាំ១៦៤០ មក​ម្ល៉េះ​​នៅ​ Cambridge រដ្ឋ Massachusetts ​​​​​ដោយ​​ក្រុម​ពនេចរ Puritan ​​អ្នក​ផ្សព្វផ្សាយ​សាសនា​ប្រូតិះស្តង់​​របស់​អង់គ្លេស​ (English​ Protestants) ។

សៀវភៅ​នេះ​បាន​ដាក់​លក់​ដេញ​ថ្លៃ​​ក្នុង​ចន្លោះ​ពី ១៥ ទៅ ៣០លាន​ដុល្លារ​ដោយ​ក្រុមហ៊ុន Sotheby’s របស់​អង់គ្លេស​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុងញូវយ៉ក​កាល​ពី​ឆ្នាំ ២០១៣។ ប៉ុន្តែ​​ក្រុមហ៊ុន​នេះ​បាន​បិទប្រកាស​ដេញ​ថ្លៃ​ភ្លាមៗ​បន្ទាប់​ពី​មាន​​បុគ្គល​​មិន​បញ្ចេញ​ឈ្មោះម្នាក់​​​ទិញ​យក​ក្នុង​តម្លៃ ១៤ ១៦៥ ០០០​ដុល្លារ ក្នុង​ឆ្នាំ​ដដែល​នេះ​។ ​

បើ​យោង​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​នេះ សៀវភៅ “The Bay Psalm Book” បាន​បន្សល់​ទុក​​​រហូត​មក បន្ទាប់​ពី​ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនា​​បាន​ធ្វើ​ដំណើរ​មក​កាន់​ទឹកដី​អាមេរិក​​​​​ក្នុង​​កំឡុង​ឆ្នាំ​ ១៦២១។ សៀវភៅ​នេះ​​ ត្រូវ​បាន​ក្រុមអ្នក​សាសនា​ខាងលើ​​បកប្រែ​ជា​​​​ភាសា​​អង់គ្លេស​​ពី​ភាសា​ដើម Hebrew និងត្រូវ​បាន​និពន្ធ​ជា​ច្រើន​​លើក​ច្រើន​សារ​ផង​ដែរ។​

យ៉ាងណាមិញ និពន្ធ​ដោយ​ម្ចាស់​ដើម​លោក John Eliot និង Richard Mather សៀវភៅ​​នេះ​ត្រូវ​បាន​បោះពុម្ព​ចំនួន ១៧០០​ក្បាល​នៅ​ក្នុង​ឆ្នាំ ១៦៤០។ ប៉ុន្តែ​ ៧ក្នុង​ចំណោម​សៀវភៅ​​ ១៧០០​ក្បាល​​​នេះ​​បាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វថ្ងៃ​​នេះ​ដែល​មាន​ដាក់​​តាំង​នៅ​បណ្ណាល័យ​​សាកលវិទ្យាល័យ Harvard បណ្ណាល័យ​សភា​អាមេរិក និង ១ក្បាល​ទៀត​​ដែល​​បាន​ដាក់​លាក់​ក្នុង​តម្លៃ​ជាង ១៤លាន​ដុល្លារ​នេះ។

តម្លៃ​ដ៏​ខ្ពស់​នេះ​បាន​ធ្វើ​ឲ្យ​សៀវភៅ​​នេះ​បំបែកកំណត់ត្រា​ចាស់​​​​លើ​សៀវភៅ “Birds of America” ស្នាដៃ​និពន្ធ​របស់​លោក John James Audubon ធម្មជាតិ​វិទូ​អាមេរិក​ (Naturalist) ​ដែល​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​បំផុត​​ចំនួន​ ១១,៥ លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១០៕