សញ្ញាទាំង៥យ៉ាងនេះ បង្ហាញថា​អ្នក​ពិត​ជា​មនុស្ស​ដែល​មាន​ស្មារតី​រឹងមាំ!

រាល់​ការ​ធ្វើ​អ្វីៗគ្រប់​យ៉ាង វា​ពិត​ជា​ទាមទារ​ឲ្យ​អ្នក​មាន​ស្មារតី​រឹងមាំដើម្បី​ប្រឈម​បញ្ហា​ជាច្រើន ដែល​កើត​ឡើង​ប្រចាំ​ថ្ងៃ។ បើ​មាន​ស្មារតី​ទន់ខ្សោយ នោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​​រាថយ​លើ​ផ្លូវ​ដែល​ចង់​ដើរ ឬអាច​និយាយ​បាន​ថាមិន​អាច​សម្រេច​គោលបំណង​របស់​ខ្លួន​បាន​ឡើយ។ ខាង​ក្រោម​នេះគឺជាសញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ថា អ្នកជា​មនុស្ស​មាន​ស្មារតី​រឹងមាំ៖

1- អ្នក​មិន​ខឹង​ដោយ​ងាយ (You don’t become easily angry)

​បើ​ទោះ​បី​ជាស្ថិត​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​ប៉ុណ្ណា​ក៏ដោយ តែ​បើ​អ្នក​អាច​ទប់អារម្មណ៍​មិន​ឲ្យ​ឆាប់​ខឹង​ផ្តេសផ្តាស​នោះ វា​បង្ហាញ​ថាអ្នក​ជា​មនុស្ស​ដែល​មាន​ស្មារតី​រឹងមាំ​ម្នាក់។ ការ​ទម្លាប់ទប់អារម្មណ៍មិន​ឲ្យ​ឆាប់ខឹង វា​ជួយ​ឲ្យ​អ្នក​អាច​បញ្ចៀស​នូវ​បញ្ហា​ជាច្រើន ព្រោះ​ជាទូទៅ នៅពេល​មនុស្ស​ណា​ខឹង​លើ​អ្វី​មួយ ពួកគេ​តែងតែ​បញ្ចេញ​ប្រតិកម្ម​ដោយ​ខ្វះ​ការ​ពិចារណា ដែល​នាំ​ឲ្យ​ខូច​ប្រយោជន៍។

2- អ្នក​បើក​ចិត្ត​ទូលាយ​ចំពោះ​មតិ ឬយោបល់ (You are open to feedback)

​ការ​ធ្វើ​កិច្ចការ​ប្រចាំថ្ងៃ វា​ជៀស​មិន​ផុត​ទេ​អំពី​ការ​បង្កើត​កំហុស ហើយ​ពេល​ខ្លះ​អ្នក​ខ្លួន​ឯង​មិន​អាច​ដឹង​ច្បាស់ ឬមើល​មិន​ឃើញ​នោះ​ទេ។ ក្នុង​ស្ថានភាព​នេះមនុស្ស​ជុំវិញ​ខ្លួន គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​អំពី​សកម្មភាព​របស់​អ្នក មានន័យថា ដើម្បី​ដឹង​ថាមាន​បញ្ហា​អ្វី អ្នក​គួរតែ​បើក​ចិត្ត​ឲ្យ​ទូលាយ ដើម្បី​ស្តាប់​រាល់​មតិយោបល់​អ្នក​ទាំង​នោះ បើ​ទោះបី​ជា​ពេល​ខ្លះ​ពិបាក​ទទួល​យកក្តី។ ការ​ធ្វើ​បែប​នេះបង្ហាញ​ថា អ្នក​ជា​មនុស្សម្នាក់​ដែលហ៊ាន​ទទួល​យក​ការ​រិះគន់​ពី​អ្នកដទៃ ដើម្បី​ប៉ះប៉ូវ​អ្វី​ដែល​ខ្វះចន្លោះ។

3- អ្នក​បើក​ទូលាយដើម្បី​ទទួល​ជំនួយ (You are open to receiving help)

គ្មាន​នរណា​ម្នាក់ចេះ​គ្រប់​ដប់​នោះ​ទេ ពោល​គឺ​តែងតែ​មាន​ចំណុច​ខ្លាំង និងចំណុចខ្សោយ ដែល​ទាមទារឲ្យ​មាន​ការ​ជួយ​ពី​អ្នកដទៃ។ ការ​ព្រម​ទទួល​យក​ជំនួយ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ អាច​ជួយ​ឲ្យ​អ្នក​អាច​ដោះស្រាយ​បញ្ហា​លំបាកៗ និងធ្វើ​ឲ្យ​ការងារ​ឆាប់​ទទួល​ជោគជ័យ។

4- អ្នកសុំទោស​ពេល​ធ្វើខុស​ (You apologise when do something wrong)

ការ​ចេះ​ទទួល​កំហុស ​គឺជារឿង​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​មនុស្ស​ទូទៅ ព្រោះ​គ្មាន​នរណា​ម្នាក់ធ្វើ​ត្រូវ​រហូត​នោះ​ទេ។ មនុស្ស​ភាគ​ច្រើន​មិនសូវ​ចូលចិត្ត​សុំទោស​គេ​នោះ​ទេ នៅ​ពេល​ដែល​ធ្វើ​ខុស​ ព្រោះខ្លាច​បាក់​មុខ ប៉ុន្តែ​ការ​សុំទោស​មាន​ប្រយោជន៍​យ៉ាង​ច្រើនដូចជា ការ​បញ្ចប់​បញ្ហា ការ​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ និងការ​ផ្តល់​ភាព​ជា​គំរូ​ល្អ​ជា​ដើម​។ ក្នុង​ស្ថានភាព​នេះ បើ​អ្នកជា​មនុស្ស​មាន​ស្មារតី​រឹងមាំ​នោះ នឹង​ពិតជា​មិន​ខ្លាច​ពាក្យ​សុំទោស​នោះ​ឡើយ។

5- អ្នកបញ្ចៀស​ការ​ពន្យារពេល (You avoid procrastination)

ការ​ពន្យារពេល ​មិនមែន​ជា​រឿង​ល្អ​ប៉ុន្មាន​នោះ​ទេ ព្រោះ​មនុស្ស​ភាគច្រើន​តែងតែ​បរាជ័យ​ជាច្រើន​លើក​ច្រើន​សារ​ដោយសារ​តែការ​មិនព្រម​បញ្ចប់​កិច្ចការ​ឲ្យ​ស្រេច ហើយ​បែរជា​ចាំ​ធ្វើ​វា​នៅ​ពេល​ក្រោយ។ ដូច្នេះ ប្រសិនបើ​អ្នក​ជា​មនុស្ស​មាន​ស្មារតី​រឹងមាំ​ ប្រាកដ​ណាស់​ថា អ្នក​ពិត​ជា​មិន​អាច​ទុក​ការងារ​ ដើម្បី​ធ្វើ​នៅ​ពេលក្រោយ​ឡើយ ពោល​គឺតែង​ព្យាយាម​បញ្ចប់​ឲ្យ​បាន​ឆាប់​តាមតែ​អាច​ធ្វើ​ទៅ​បាន៕