វិធីថែរក្សាភ្នែក ចំពោះអ្នកដែលប្រើប្រាស់ទូរស័ព្ទ ឬកុំព្យូទ័ររយៈពេលយូរ

ភ្នែក គឺជាបង្អួចសម្រាប់មើលពិភពលោក ដូច្នេះវាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា។ ការសម្លឹងមើលកញ្ចក់កុំព្យូទ័រពេញមួយថ្ងៃ ជាការដាក់សម្ពាធយ៉ាងខ្លាំងទៅលើកែវភ្នែករបស់អ្នក។ ការគេងបានគ្រប់គ្រាន់ និងការសម្រាកទៀងទាត់នៅពេលអ្នកកំពុងប្រើកុំព្យូទ័រ គឺអាចជួយរក្សាភ្នែករបស់អ្នកឱ្យមានសុខភាពល្អ។ មានគន្លឹ:មួយចំនួនក្នុងការថែរក្សាភ្នែកអ្នកពីភាពនឿយហត់ជាមួយនឹងការងារ៖

– កំណត់ពេលវេលាមើលកុំព្យូទ័រ និងទូរស័ព្ទ ព្រោះការមើលយូរពេកវាអាចធ្វើឲ្យភ្នែកអ្នកមានភាពស្ងួត។ ត្រូវងាកចេញពីកញ្ចក់កុំព្យូទ័រ រាល់១៥នាទីម្តង ដោយក្រលេកទៅមើលអ្វីផ្សេងៗ (ជិត ឬឆ្ងាយ) ដើម្បីធ្វើលំហាត់ប្រាណដល់ភ្នែករបស់អ្នក។ 

– ការសម្លឹងមើលអេក្រង់ ឬការអានដោយពន្លឺតិច អាចបណ្តាលអោយមានបញ្ហាភ្នែក ឬភ្នែកកាន់តែស្ងួត។ ខិតខំប្រឹងប្រែងព្រិចភ្នែករាល់ ៣០វិនាទី នៅពេលអ្នកអង្គុយមើលអេក្រង់កុំព្យូទ័រ ដើម្បីការពារភ្នែកស្ងួត។ ការព្រិចភ្នែក បានផ្តល់នូវជាតិរំអិលទៅលើគ្រាប់ភ្នែក ធ្វើអោយភ្នែកធ្វើការបានល្អ។

– អនុវត្តតាមក្បួន ២០-២០-២០។ មានន័យថា រាល់២០នាទីសម្លឹងមើលអ្វី ដែលមានចម្ងាយ២០ម៉ែត្រ រយៈពេល ២០វិនាទី។ ប្រើថ្នាំបន្តក់ភ្នែក (ណែនាំពីគ្រូពេទ្យ) នៅពេលភ្នែកមានសភាពស្ងួតជាងពេលធម្មតា។ ដូចនេះ គួរបន្តក់អោយបានពីរទៅបីដងក្នុងមួយថ្ងៃ។ 

– ពង្រីកអក្សរ ដែលអ្នកត្រូវមើលអោយធំស្មើនឹងកម្រិតកែវភ្នែក ដោយអាចសម្លឹងបានដោយមិនបាច់ខំ។ កញ្ចក់អេក្រង់កុំព្យូរទ័រ គួរស្ថិតនៅឲ្យបានឆ្ងាយស្មើនឹងចម្ងាយដៃរបស់អ្នក។ ព្យាយាមផឹកទឹកឲ្យបានច្រើនក្នុងមួយថ្ងៃៗ ជាពិសេស បន្ទាប់ពីបានផឹកកាហ្វេនៅក្នុងពេលព្រឹក សារជាតិកាហ្វេអ៊ីន អាចធ្វើឲ្យគ្រាប់ភ្នែករបស់អ្នកឡើងស្ងួតបាន។

– បង្កើតទម្លាប់ក្នុងការលុបមុខ ឬបាចទឹកលើមុខ យ៉ាងហោចណាស់ ២ដងក្នុងមួយថ្ងៃ ដើម្បីថែរក្សាសុខភាពកែវភ្នែក ។ វាជួយឲ្យអ្នកមានភាពស្រស់ថ្លា និងជួយធ្វើឲ្យកែវភ្នែកត្រជាក់ល្អ និងបានសម្រាកផងដែរ ។ 

– ការគេងមិនគ្រប់គ្រាន់អាចបណ្តាលឲ្យភ្នែកអស់កម្លាំង។ រោគសញ្ញាមានដូចជា ការរលាកភ្នែក ពិបាកផ្តោតអារម្មណ៍ ភាពស្ងួត ឬទឹកភ្នែកហូរខុសពីធម្មតា មើលមិនសូវច្បាស់។ល។ ដាក់ចំណិតត្រសក់នៅលើត្របកភ្នែករបស់អ្នក ដើម្បីកាត់បន្ថយការហើម រយៈពេល ១០ ទៅ១៥នាទី មុនពេលគេងនៅពេលយប់ ដើម្បីជួយព្យាបាល និងការពារត្របកភ្នែក និងភ្នែក។

– បរិភោគអាហារដែលជួយដល់ភ្នែក ដូចជាវិតាមីនC, E, Zinc និង Omega-3 ដែលសុទ្ធតែសំខាន់ដែលអាចការពារបាននូវភ្នែកឡើងបាយ ស្រអាប់ក្នុងភ្នែក និងការមើលក្នុងវ័យចាស់បានទៀតផង។