វិធីងាយៗទាំង៨ចំណុចនេះ នឹងជួយឲ្យអ្នកឆ្លាត​ជាង​មុន!​

ការ​សិក្សា​ក្ដី​ ​បំពេញ​ការងារ​​ក្ដី​ ​​​ឬ​ដំណើរការ​អាជីវកម្មដែល​​ទទួល​បាន​ជោគជ័យ​​ គឺត្រូវ​មាន​ភាព​ឆ្លាត​វ័យ​​​ជា​​កត្តា​សំខាន់​​ចូលរួម​​ចំណែក។ អាច​និយាយ​បាន​ថា​ភាព​ឆ្លាត​វៃ​គឺ​មាន​ពី​កំណើត​ ក៏​ប៉ុន្តែ​បើ​មនុស្ស​មិន​ដុស​ខាត់​វា​ទេ​ នោះ​​ភាព​ឆ្លាតវៃ​នោះ​មិន​​ទទួល​បាន​​គាប់​ប្រសើរ​ដែរ។

​តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​​​ឆ្លាត​វៃ​ជាង​អ្នក​ដទៃ? ការ​ពិត​ទៅ​មាន​វិធី​ជា​ច្រើន​ដែល​យើង​អាច​អនុវត្តន៍ ព្រោះ​វា​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ជាក់​ស្តែង​របស់​មនុស្ស​ម្នាក់ៗ​ប៉ុណ្ណោះ។ ខាងក្រោម​នេះគឺ​ជា​វិធី​ងាយៗ​មួយ​ចំនួន៨យ៉ាង ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​បង្កើន​ភាព​វៃ​ឆ្លាត​របស់​ខ្លួន​ឲ្យ​ប្រសើរ​​ជាង​មុន​៖

១) ទម្លាប់​គិត​អំពី​រឿង​សំខាន់ៗឲ្យ​បាន​១០​យ៉ាង ​ជា​រៀង​រាល់​ថ្ងៃ

មូលហេតុ​សំខាន់​មួយ​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្មាន​ភាព​ឆ្លាត​វៃ​នោះ គឺ​មក​ពី​ពួក​គេ​មិន​សូវ​ហ្វឹកហាត់​ខួរក្បាល​ឲ្យ​​បាន​ល្អ។ ការ​បង្វឹក​ខួរក្បាល​ឲ្យ​មាន​ភាព​រហ័ស​គឺ​​អាចបង្កើត​ទម្លាប់​ប្រើប្រាស់​វា ដោយ​ផ្ដោត​ទៅ​លើ​បញ្ហា​សំខាន់ៗឲ្យបាន១០យ៉ាង​ជា​រៀង​រាល់​ថ្ងៃមាន​ដូចជា តើ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដូចម្តេច? ត្រូវ​ដោះ​ស្រាយ​បញ្ហា​ប្រចាំ​ថ្ងៃ​ដូចម្តេច? គួរ​អាន​សៀវភៅ​អ្វី​ដែល​មាន​ប្រយោជន៍? ឬត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​បង្កើត​មុខ​ជំនួញ​ថ្មី?

ទាំង​នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​ជា​ទូទៅ​ប៉ុណ្ណោះ ដូច្នេះ​​អ្នក​អាច​ជ្រើស​យក​រឿង​ណា​ដែល​គិត​ថាសំខាន់ឲ្យបាន១០យ៉ាង​មក​គិត​ប្រចាំ​ថ្ងៃ​ ដើម្បី​ពង្រឹង​សមត្ថភាព​ខួរក្បាល។ នៅ​ពេល​ដែល​ព្យាយាម​ធ្វើ​បែប​នេះ​រាល់ថ្ងៃ ខួរក្បាល​របស់​​អ្នក​ប្រាកដជាមាន​ការវិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស។

២) តាមដាន​​ពត៌មាន​ឲ្យ​បាន​ច្រើន

ការ​ស្វែង​យល់​អំពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​លើ​ពិភពលោកពិតជា​មាន​សារៈសំខាន់ ព្រោះ​នៅ​ពេល​​អ្នក​ដឹង​រឿង​កាន់​តែ​ច្រើន វា​ធ្វើ​ឲ្យ​​អ្នក​មាន​គំនិត​ ឬចំណេះ​ដឹង​កាន់​តែ​ច្រើន។ ​យើង​អាច​ស្វែង​រក​តាមរយៈការ​អាន​កាសែត Internet ឬស្ដាប់វិទ្យុ​ជាដើម។ អ្នក​ជំនាញ​បាន​លើក​ឡើង​ថា៖ “​អ្នក​ដឹង​ក្ដាប់​ព័ត៌មាន​បាន​ច្រើន​ជាង​គេ​ អ្នក​នោះ​ជា​អ្នក​ឈ្នះ”។ ​

៣) បង្កើត​ទម្លាប់​បញ្ចេញមតិ

មនុស្ស​ភាគ​ច្រើនមិន​សូវ​ហ៊ាន​និយាយ​អ្វី​ដែល​ខ្លួន​យល់​ថាត្រឹមត្រូវ​នោះ​ទេ ពោល​គឺ​តែ​តែ​លាក់​វា​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន ឬ​អៀន​ប្រៀន​ខ្លាច​មិន​ហ៊ាន​​លើក​ឡើង។ នេះ​គឺ​ជា​ទម្លាប់​អវិជ្ជមាន​មួយ​របស់​មនុស្ស ព្រោះ​នៅ​ពេល​ដែល​​អ្នក​បន្ត​ធ្វើ​បែប​នេះ ​​អ្នក​កាន់​តែ​មាន​ភ័យ​ខ្លាច​កាន់​តែ​ច្រើន។ ដូច្នេះ​គួរ​បង្កើត​ទម្លាប់​បញ្ចេញមតិ​ឲ្យ​បាន​ច្រើន បើ​ទោះ​បី​ជាគំនិត​របស់​​អ្នក​អ្នក​មិន​​ទាន់​ល្អ​ក៏​ដោយ តែ​នៅ​ពេល​ដែល​ព្យាយាម​ធ្វើ​វា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្វីៗ​ប្រាកដ​ជា​ប្រសើរ​ឡើង​ជា​មិនខាន។

៤) ការ​បង្កើត​ទម្លាប់​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន

ការ​អាន​សៀវភៅ​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​មុន​ពេលគេ​សម្រេច​បោះពុម្ព​សៀវភៅ​មួយ​ក្បាលៗ​លក់​នៅ​លើ​ទីផ្សារ​នោះ អ្នក​និពន្ធ​បាន​ចំណាយ​ពេល​វេលា​ស្រាវជ្រាវ​អស់​ជា​យូរ​ឆ្នាំ ដូច្នេះ​មាន​ចំណេះ​ដឹង​ល្អៗ​ជាច្រើន​ដែល​​អ្នក​​អាច​ទទួល​បាន​តាម​រយៈ​សៀវភៅ​ទាំងនោះ។ មាន​មនុស្ស​ល្បីៗ​ជា​ច្រើន​នៅ​លើ​ពិភពលោក​សុទ្ធ​តែ ជា​អ្នក​ដែល​បាន​ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន​ជា​មួយ​នឹង​សៀវភៅ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​ពួកគេ​អាច​ក្លាយ​ទៅ​ជា​មនុស្ស​អស្ចារ្យ​បាន។ ​

៥) មើល​វីដេអូ​អប់រំជំនួស​ឲ្យ​កម្មវិធី​ទូរទស្សន៍

ភាគច្រើនមនុស្ស​តែង​ចំណាយ​ពេល​វេលា​ជា​មួយ​​កម្មវិធី​ទូរទស្សន៍​ ជាពិសេស​កម្មវិធី​កម្សាន្ត​តែម្តង តែ​មិន​សូវ​ចំណាយ​ពេល​វេលា​ដើម្បី​មើល​វីដេអូ​អប់រំ​ល្អៗ​នោះ​ទេ។ វីដេអូ​ទាំង​នោះអាច​ជាប្រភេទ​វីដេអូ​ផ្ដោត​លើ ​បទពិសោធន៍​ជីវិត​របស់​អ្នក​ជោគជ័យ ការវិវឌ្ឍន៍​នៃ​វិស័យ​អប់រំ ឬក៏ដំណើរ​ការ​អាជីវកម្ម​ផ្សេងៗ​ជាដើម។ ការ​បង្កើន​ទម្លាប់​មើល​វីដេអូ​អប់រំ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​​អ្នក​ទទួល​បាន​គំនិត​ថ្មីៗ​ជា​ច្រើន ហើយ​អាច​ប្រើប្រាស់​វា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ក៏​ថា​បាន។

៦) ស្វែងយល់​អ្វី​ដែល​ចាំ​បាច់​ពេល​បច្ចុប្បន្ន និងអ្វី​ដែល​ចាំ​បាច់​សម្រាប់​អនាគត

​អ្នក​អាច​បង្កើត​តារាង​ចំនួន២ ដោយ​តារាង​ទី​មួយ គឺ​សម្រាប់​សរសេរ​រាល់​អ្វី​ដែល​​អ្នក​ត្រូវ​ការ​សម្រាប់​បច្ចុប្បន្ន និងតារាង​មួយ​ទៀត ត្រូវ​សរសេរ​រាល់​អ្វី​ដែល​ចាំបាច់ ឬគម្រោង​សំខាន់​សម្រាប់​អនាគត។ ការ​ធ្វើ​បែប​នេះ អាច​ធ្វើ​ឲ្យ​​អ្នក​​ដឹង​ចំពោះ​រឿង​ណា​ដែល​ចាំបាច់​សម្រាប់​ពេល​បច្ចុប្បន្ន និងធ្វើ​ឲ្យ​​អ្នក​ត្រៀម​ខ្លួន​ជា​ស្រេច​ចំពោះ រឿង​ណា​ដែល​សំខាន់​សម្រាប់​អនាគត​របស់​​អ្នក។

៧) ស្វែង​យល់​ពី​បទពិសោធន៍​ល្អៗ​អ្នក​ដែល​ឆ្លាត​ជាង​​អ្នក​

​អ្នក​គួរ​ចំណាយ​ពេលខ្លះ​ដើម្បី​ស្វែង​យល់ ថា​តើ​ហេតុអ្វី​បាន​ជា​មនុស្ស​ជុំវិញ​ខ្លួន​មួយ​ចំនួន មាន​ភាព​រហ័សរហួន និងឆ្លាត​វៃ​ជាង​​អ្នកយ៉ាង​ដូច្នេះ?​ អ្នក​​អាច​ធ្វើ​ការ​សង្កេត​អំពី​ការ​សកម្មភាព​ទូទៅ​របស់​អ្នក​ទាំង​នោះ ឬក៏​អាច​សួរ​រាល់​ចំណុច​សំខាន់ៗ​ដែល​មាន​ចម្ងល់។ ចំណុច​នេះ​វា​អាច​ធ្វើ​ឲ្យ​​អ្នក​​ទទួល​បាន​យោបល់​ល្អៗ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​​កាន់​តែ​ប្រសើរ។

៨)​ ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ញឹក​ញាប់

ការហាត់​ប្រាណ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សុខភាព​របស់​មនុស្ស ព្រោះ​ប្រសិន​បើ​គ្មាន​សុខភាព​មាំមួន​ទេ ជាទូទៅ​​​អ្នក​​ពិត​ជា​គ្មាន​អារម្ភ​ណា​ដើម្បី​គិតគូរ ឬធ្វើ​រឿង​អ្វី​ឲ្យ​បាន​សម្រេច​នោះ​ទេ។ នៅ​ពេល​ដែល​មនុស្ស​យើង​ធ្វើ​លំហាត់​ប្រាណ​ម្តងៗ វា​ធ្វើ​ឲ្យ​ខួរ​ក្បាល​មាន​ភាព​ស្រស់​ស្រាយ ឬកាត់​បន្ថយ​ភាព​តានតឹង​ដែល​បណ្តាល​មក​ពី​រឿង​ស្មុគស្មាញ​ផ្សេងៗ។ ចំណុច​នេះធ្វើ​ឲ្យ​​អ្នក​បង្កើត​ភាព​វៃ​ឆ្លាត​ជាង​មុន​ផង​ដែរ។