លោក​ Jason Zook៖ លាភ​សំណាងនឹងកើត​មាន​ចំពោះ​អ្នក​ដែល​​មាន​ការ​ខិតខំ​ប្រឹងប្រែង​តែ​ប៉ុណ្ណោះ!

លោក​ Jason Zook ដែល​ជា​អ្នក​និពន្ធ​ដ៏​ល្បី​មួយ​រូបបាន​​លើក​ឡើង​​​ទស្សនៈ​ដែល​និយាយ​អំពី​លាភ​សំណាង និងភាព​ជោគជ័យ​របស់​មនុស្ស។​ តាម​​ទស្សនៈ​របស់​លោក លោក​មិន​ជឿ​លើ​​ព្រេងសំណាង ឬលាភ​សំណាង​អ្វី​នោះ​ទេ។ លោភ​សំណាង​របស់​អ្នក​ណា​ម្នាក់​អាច​កើត​មានបាន លុះត្រា​តែ​មាន​​ការ​ខិតខំ​ប្រឹងប្រែង​​ចេញ​ពី​បុគ្គល​នោះ​តែប៉ុណ្ណោះ។ ហេតុអ្វី​បាន​ជា​លោក​យល់​ឃើញ​បែប​នេះ? ​​

នៅ​ទី​នេះលោក​បាន​លើក​ឧទាហរណ៍​មួយ​ដែល​និយាយ​ពី​អ្នក​លេង​ឆ្នោត (ចាក់​ឆ្នោត)។ លោក​ថា ​​ក្នុង​ចំណោម​អ្នក​លេង​ឆ្នោត​ជា​ច្រើន​ មាន​​អ្នក​លេង​ឆ្នោត​តិច​តូច​ណាស់​ដែល​ត្រូវ​​ឆ្នោត (ឈ្នះឆ្នោត)។ យ៉ាងណាមិញក្នុង​ចំណោម​អ្នក​ត្រូវ​ឆ្នោត​ទាំង​នោះ (ភាគច្រើន) បាន​លេង​ឆ្នោត​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​ដុល្លា​ទៀត​ផង។ មាន​អ្នក​ខ្លះ​ងប់​នឹង​លេង​ឆ្នោតរហូត​ដល់ជំពាក់គេ​វ័ណ្ឌក​​ ឬ​អស់​ផ្ទះសម្បែង​ក៏​មាន។

អ្នក​ដែល​ត្រូវ​ឆ្នោត​ទាំង​នោះ​ទៀតសោត​ ត្រូវ​បាន​​គេ​មើល​ឃើញ​ជា​ទូទៅ​ថាប៉ិនប្រសព្វ​ក្នុង​ការ​​គន់គូរ​​​ ​​វិនិច្ឆ័យ ​រិះរក​​​​​លេខ​​ល្អ​ដែល​នឹង​ជឿ​ជា​ថាឆ្នោត​នឹង​ចេញ។ ប៉ុន្តែ​ក៏​មាន​​មនុស្ស​មួយ​ចំនួន​ទៀត​លេង​ឆ្នោត​ត្រឹមតែ​២ ឬ ៣ដង​ប៉ុណ្ណោះ ​បែរ​ជា​ត្រូវ​ឆ្នោត​នឹង​គេ​ដែរ​ក្នុង​ចំនួន​មួយ​រាប់​ពាន់​ដុល្លារ​។ ទោះបីជា​បែប​នេះ​ក្តី ករណី​នេះ​គឺ​ជា​រឿង​មួយ​កម្រ​បំផុត។ ​​

យោង​តាម​ឧទាហរណ៍​នេះ​បាន​បញ្ជាក់​ថា ការ​ត្រូវ​ឆ្នោត​មាន​ភាគ​រយ​ខ្ពស់​ចំពោះ​អ្នក​ដែល​បាន​លេង​ច្រើន​ឆ្នាំ ហើយ​​​ពួកគេ​មាន​លោភ​សំណាង​ បាន​ត្រូវ​ឆ្នោត​វិញ​បន្ទាប់​ពី​ពួកគេ​បាន​ព្យាយាម​លេង​ជា​បន្តបន្ទាប់។ លោភ​សំណាង​នេះ​បាន​ទូទាត់​ទៅ​នឹង​អ្វី​ដែល​ពួកគេ​បាន​បាត់បង់ និងខិតខំ​ប្រឹងប្រែង​លេង​រហូត​មក​។

អ្នក​ជំនាញ​រូប​នេះ​បាន​​​លើក​ពី​បទពិសោធន៍​​ផ្ទាល់​ខ្លួន​របស់​លោក​តែម្តង ដែល​លោក​ធ្លាប់​ធ្វើ​ការ​ពី ១៤ ទៅ ១៦ម៉ោង​ក្នុង​មួយ​ថ្ងៃ​ នៅ​ពេល​ដែល​លោក​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ឲ្យ​ឈ្មោះ​ថា IwearYourShirt។ ក្រោម​ការ​ខិតខំ​ប្រឹងប្រែ អស់​រយៈ​ពេល ៥០០០​ម៉ោង ក្រុមហ៊ុន​នេះ​មាន​ប្រជាប្រិយភាព​ក្រោម​ក្រសែភ្នែក​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ទូទាំង​ប្រទេស និងការ​គាំទ្រ​ពី​អតិថិជន​។

លោក​បាន​ពន្យល់​ទៀត​ថា លោភ​សំណាង​នឹង​បំភាន់​ភ្នែក​អ្នក​ នៅ​ពេល​ដែល​អ្នក​​មិន​មាន​ការ​ប្រុងប្រយ័ត្ន ខណៈ​ដែល​មនុស្ស​ដែល​មាន​ការ​លះបង់​កំលាំង​កាយ​ចិត្ត ​កំលាំង​ប្រាជ្ញា​ និងខិតខំ​ប្រឹងប្រែង​ខ្ពស់​អាច​ឈាន​ទៅ​រក​វិថី​នៃ​ភាព​ជោគជ័យ​បាន។ ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​​លោក​​នឹក​ឃើញ​ដល់​សម្តី​របស់​​អ្នកនិពន្ធ Coleman Cox ដែល​​ធ្លាប់​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «ខ្ញុំ​ជា​មនុស្ស​ជឿ​លើ​លាភ​សំណាង​ខ្លាំង​ណាស់​។ បើ​ខ្ញុំ​ខិតខំ​ប្រឹងប្រែង​កាន់តែ​ច្រើន​ឡើង លាភ​សំណាង​របស់​ខ្ញុំ​ក៏​កាន់តែ​ច្រើន​ទៅ​តាម​នោះ​ដែរ»។

ហេតុដូច្នេះ​ផ្អែក​លើ​ការ​ពន្យល់​របស់​លោក Jason Zook មានតែ​ការ​ខិតខំ​ប្រឹងប្រែង ភាព​អត់ធ្មត់​ ព្យាយាម និងការ​​តស៊ូ​មិន​បោះបង់​តែ​​ប៉ុណ្ណោះ​ ដែល​​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​ម្ចាស់​លាភ​សំណាង​ដ៏​ធំ​​ស្រប​​តាម​ក្តី​ប្រាថ្នា​របស់​អ្នក​បាន​៕