លក្ខណៈ​ពិសេស​ “៤យ៉ាង​​” ដែលធ្វើឲ្យ​​អាជីវកម្ម​ Pizza តែង​ទទួល​បាន​ភាព​​ជោគជ័យ​

Pizza គឺ​ជា​អាហារ​មួយ​ប្រភេទ​របស់​​​បស្ចឹម​ប្រទេស​ ប៉ុន្តែ​បច្ចុប្បន្ន​នេះកំពុង​ទទួល​បាន​ពេញនិយម​យ៉ាង​ខ្លាំង​នៅ​លើ​ពិភពលោក ហើយ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ប្រកបរបរ​លក់​អាហារ​ប្រភេទ​នេះ ដោយ​ទទួល​បាន​ជោគជ័យ​​។ ភាព​ជោគជ័យ​នៃ​ជំនួញ​ផ្នែក Pizza គឺ​មិន​​មែន​​ជា​រឿង​ចៃដន្យ​ឡើយ។ ខាង​ក្រោម​នេះគឺជាគន្លឹះ​សំខាន់ៗ​ដែល​នាំ​ឲ្យ​អាជីវកម្ម​លើ​វិស័យ​នេះ​ជោគជ័យ៖

១) គ្រឿងផ្សំ ឬ រូបមន្ត ( Recipes)

​​Pizza មាន​ច្រើន​ប្រភេទ និងមាន​រសជាតិ​ច្រើន​ផ្សេងគ្នា​ផង​ដែរ ដែល​ធ្វើ​ឲ្យ​អតិថិជន​អាច​ជ្រើសរើស​យក​ប្រភេទ​ណា​មួយ​ដែល​ពួកគេ​ពេញ​ចិត្ត។ អ្វី​ដែល​ពិសេស​ទៀត​នោះ រាល់​ការ​ចំអិន Pizza សុទ្ធតែ​ផ្អែក​តាម​​បទដ្ឋាននៃ​គ្រឿង​ផ្សំ ឬរូបមន្ត​ច្បាស់លាស់ បើ​ទោះ​បី​ជាក្រុមហ៊ុន​ខ្លះ​ទិញ​សិទ្ធិ​ពី​ក្រុមហ៊ុន​ដើម​មក​រក​ស៊ី​ក៏​ដោយ។ ចំណុច​នេះ​ឲ្យ​ធ្វើ​ឲ្យ​ Pizza មិនអាច​ឃ្លាត​ឆ្ងាយ​ពី​គុណភាព​ដើម​របស់​វា​ឡើយ ដែល​ធ្វើ​ឲ្យ​អតិថិជន​នៅតែ​ជក់ចិត្ត​ជា​មួយ​នឹង​រស់​ជាតិ​ដ៏​ឆ្ងាញ់ពិសារ​ បើ​ទោះ​បី​ជា​នៅ​ទី​ណា​ក្តី។

២) ការ​ផ្សព្វផ្សាយ (Promotion)

ជាទូទៅ​គេ​សង្កេត​ឃើញ​ថា ក្រុម​ហ៊ុន​ជា​ច្រើន​ដែល​រក​ស៊ី​លើ​ផ្នែក​ Pizza នេះតែង​បង្កើត​យុទ្ធសាស្ត្រ​ជា​ច្រើន​ខុសៗ​គ្នា​ក្នុង​ការ​ផ្សព្វផ្សាយដោយ​សុទ្ធ​តែ​បង្ហាញ​ពីរ​ភាព​ដ៏​អស្ចារ្យ​នៃរសជាតិ​ប្រភេទ​នេះ។ រាល់​ពេល​ដែលឃើញ ឬដឹង​ការ​ផ្សព្វផ្សាយ មនុស្ស​ភាគ​ច្រើន​តែង​ចង់​សាកល្បង​រសជាតិ​ឲ្យ​បាន​នៅ​ពេល​ណា​មួយ។

៣) ទីតាំង​ល្អ (Good Location)

ក្រុមហ៊ុន​ដែល​បើក​អាជីវកម្ម​នេះ តែងតែ​ជ្រើសរើស​ទីតាំង​យ៉ាង​ល្អ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​បំផុត​ ជាពិសេស​នៅ​ទីប្រជុំជន​ដែល​មាន​មនុស្ស​ជា​ច្រើន​រស់នៅ។ លើស​ពី​នេះទីតាំង​នៃ​ភោជនីយដ្ឋាន​នេះ តែង​តែ​ស្ថិត​នៅ​តំបន់​ដែលមាន​ប្រជាជន​កំរិត​ជីវភាព​ខ្ពស់ ដែល​អាច​ធានា​អំពី​អាយុជីវិត​របស់​អាជីវកម្ម​។

៤) បុគ្គលិក​មាន​វិជ្ជាជីវៈ​ (Professional Staff)

រាល់​បុគ្គលិក​ដែល​ជ្រើសរើស​មក​ធ្វើការ សុទ្ធតែ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ក្នុង​ការ​ធ្វើការ។ ជាពិសេស​នោះក្រុមហ៊ុន​ភាគច្រើន​ក៏បាន​ធ្វើការ​បណ្តុះបណ្តាល​បន្ថែម​យ៉ាង​យក​ចិត្ត​ទុកដាក់​ផង​ដែរ​។ ដូច្នេះហើយ បានជា​ពួកគេតែងតែ​ផ្តល់​ភាព​ទាក់ទាញ​ដល់​អតិជន តាមរយៈ​ស្នាម​ញញឹម ភាព​រួសរាយ​រាក់ទាក់ និងការ​ផ្តល់​សេវាកម្ម​មិន​ឲ្យ​ទាស់ចិត្ត​៕