រលកយក្សស៊ូណាមី “Tsunami” ដែល​បង្ក​វិនាសកម្ម​ធំធេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ!

តើ​រលក​យក្ស “ស៊ូណាមី” ជា​អ្វី? ពាក្យ​ស៊ូណាមី (Tsunami) គឺជាភាសា​ជប៉ុន ដែល​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា «រលក​យក្ស» ឬ «មហា​រលក» សំដៅ​លើ​រលក​សមុទ្រ​។ ជា​ក្រិត្យក្រម​ធម្មជាតិ រលក​សមុទ្រ​បណ្ដាល​មក​ពី ១-ភាព​គ្មាន​លំនឹង​រវាង​ព្រះច័ន្ទ្រ -ព្រះ​អាទិត្យ និង​ផែនដី។ ២-ស្ថាន​ភូមិសាស្ត្រ​នៅ​លើ​ផែនដី មាន​សណ្ឋាន​ខ្ពស់​ទាប​មិន​ស្មើ​គ្នា។ ៣-ទំនាញគ្នា​ទៅ​វិញ​ទៅ​មក​រវាងព្រះច័ន្ទ្រ ព្រះ​អាទិត្យ និងផែនដី។

ប្រទេស​ជប៉ុន​ ឧស្សាហ៍​ជួប​ប្រទះ​គ្រោះ​មហន្តរាយ រលក​យក្ស​ស៊ូណាមីនេះ​យ៉ាង​ញឹក​ញាប់​បំផុត ហើយ​ជប៉ុន​ក៏​បាន​បង្កើត​ពាក្យ​ស៊ូណាមី​នេះ​ឡើង​ដើម្បី​សម្គាល់​អំពី​រលក​ទឹក​សមុទ្រ​ធំៗ​នេះ។

តើ​កត្តា​អ្វី​ខ្លះ​ដែល​បង្ក​ឲ្យ​កើត​រលក​យក្ស ស៊ូណាមី? ការ​រញ្ជួយ​ដី ភ្នំភ្លើង​បាត​សមុទ្រ ឬ​អាចម៍​ផ្កាយ​ធ្លាក់​ពី​លើ​មេឃ​ចូល​ក្នុង​សមុទ្រ បំណាក់​ស្រុត​នៃ​ស្រទាប់​ដី​លើ។ រញ្ជួយ​ដី​បាត​សមុទ្រ: ស៊ូណាមី​ភាគច្រើន​បំផុត​ត្រូវ​បាន​បង្ក​ដោយ​ការ​រញ្ជួយ​ដី​បាត​សមុទ្រក្នុង​ទ្រង់ទ្រាយ​ធំ ហើយ​បណ្ដាល​ឲ្យ​ផ្ទៃ​ទឹក​កញ្ជ្រោល​ឡើង​ចុះៗ​នៅ​តំបន់​ដែល​រញ្ជួយ​នោះ ហើយ​បង្ក​ជា​រលក​ធំៗ​រត់​ច្រាស​ទិស​គ្នា​ពី​ចំណុច​រញ្ជួយ។ រលក​នេះ​រត់​ក្នុង​ល្បឿន​យ៉ាង​លឿន​រហូត​ដល់​ទៅ ៩០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឯណោះ។

កាល​ពី​ឆ្នាំ២០០៤ មាន​ព្រឹត្តិការណ៍​រញ្ជួយ​ដី​នៅ​បាត​មហា​សមុទ្រ​ឥណ្ឌា (Indian Ocean) ហើយ​បង្ក​ជា​រលក​យក្ស​ស៊ូណាមី​។ ចំណុច​ផ្ដើម​នៃ​ការ​រញ្ជួយ​នោះ កើត​នៅ​កោះ​ស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូណេស៊ី។ ​ជា​ទូទៅ ការរញ្ជួយ​ដី​បណ្ដាល​មក​ពី​ស្រទាប់​ដី​ស្ដើង ហើយ​ទើប​តែ​កកើត គ្មាន​គ្រឹះ​រឹងមាំ និង​មិន​អាច​ទ្រ​ទម្ងន់​ដែល​នៅ​ពី​ខាង​លើ។

បំណាក់​ស្រុត​ និង​ពំនើង​ផ្នត់​បាត​សមុទ្រ: អាច​បង្ក​ជា​រលក​ស៊ូណាមីក្នុង​ទ្រង់ទ្រាយ​ធំ។ នៅ​ប្រទេស​ប៉ាពួញូហ្គីណេ (Papua New Guinea) កាលពី​ឆ្នាំ១៩៩៨ កើត​មាន​បំណាក់​ស្រុត​ដី​បាត​សមុទ្រ។

ការ​ផ្ទុះ​គ្រាប់​បែក​បាត​សមុទ្រ ឬ​ភ្នំភ្លើង​បាត​សមុទ្រ: ដូច​ជា​ការ​សាក​ល្បង​គ្រាប់​បែក​បរមាណូ​បាត​សមុទ្រ និង​ភ្នំភ្លើង​បាត​សមុទ្រ។

បន្ទុះ​ភ្នំភ្លើង (volcano eruption): រលក​ស៊ូណាមី អាច​បង្ក​ដោយ​បន្ទុះ​ភ្នំភ្លើង ព្រោះ​ភ្នំភ្លើង​ព្រួស​កំអែ​ចេញ​ពី​ក្នុង​ស្រទាប​ដី​នៃ​ផែនដី ហើយ​កំអែ​ទាំងនោះ ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ។ កាលពី​ឆ្នាំ១៨៨៣ មាន​ភ្នំភ្លើង​មួយ​ផ្ទុះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​បង្ក​ជា​រលក​សមុទ្រ​ធំៗ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​រាប់​ម៉ឺន​នាក់។

ជា​រួម​ ស៊ូណាមីសំដៅលើ​រលក​ទឹក​សមុទ្រ​ជា​ផ្ទាំង​ធំៗ ដោយ​សារ​ទឹក​សមុទ្រ​កញ្ជ្រោល​ខ្លាំង ដោយ​ការ​ធ្លាក់​អ្វី​មួយ​ចូល​ទៅ​ក្នុង​សមុទ្រ ឬ​ការ​បុក​ដោល​ពី​ខាង​ក្នុង​សមុទ្រ​មក​វិញ ដូច​ជា​រញ្ជួយ​ដី​បាត​សមុទ្រ បំណាក់​ស្រុត​បាត​សមុទ្រ ភ្នំភ្លើង​បាត​សមុទ្រ កម្លាំង​ផ្ទុះ​នៃ​គ្រាប់​បរមាណូ​ដែល​គេ​សាក​ល្បង​បាត​សមុទ្រ។ល។

រលក​ស៊ូណាមី ខុស​ពី​រលក​សមុទ្រ​ធម្មតា​ ព្រោះ​ប្រវែង​រលក​ស៊ូណាមី មាន​លក្ខណៈ​ជា​ផ្ទាំង​ធំៗ​យក​តែ​មែន​ទែន និង​មាន​កម្លាំង​បោកបក់​ខ្លាំង​។ ផ្ទុយ​ពី​រលក​សមុទ្រ​ដែល​ពេល​រត់​ទៅ​ច្រាំង រលក​កាន់​តែ​ខ្សោយ​ទៅៗ ឬ​តូច​ទៅៗ តែ​រលក​ស៊ូណាមី កាន់​តែ​ធំ​ទៅៗ​និង​បោកបក់​កាន់​លឿន និង​រត់​តៗ​គ្នា​ឥត​ដាច់​។ រលក​ស៊ូណាមី​មាន​កម្ពស់​ខ្ពស់​ដល់​រាប់​សិប​ម៉ែត្រ ​រត់​រហូត​ទាល់​តែ​ដល់​តំបន់​ឆ្នេរ​ទើប​អស់​ឥទ្ធិពល​របស់​វា មាន​ចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ។

តើ​រលក​យក្សស៊ូណាមីណា​ខ្លះ ដែល​បណ្ដាល​ឲ្យ​ទឹក​សមុទ្រ​មាន​រលក​ខ្ពស់​បំផុត? កាល​ពី​ឆ្នាំ១៩៥៨ នៅ​រដ្ឋ​អាឡាស្កា (Alaska) សហរដ្ឋ​អាមេរិក មាន​ព្រឹត្តិការណ៍​បាក់​ដី​(landslide) ចូល​ក្នុង​សមុទ្រ ហើយ​បណ្ដាល​ឲ្យ​កើត​រលក​សមុទ្រ​យ៉ាង​ធំ​លើស​លប់​ក្នុង​ប្រវត្តិសាស្ត្រ​ស៊ូណាមី គឺ​រលក​ទឹក​ឡើង​ខ្ពស់​ដល់​ ៥២៤ ម៉ែត្រ។

កាល​ពី​ឆ្នាំ១៩៦៣ មាន​ព្រឹត្តិការណ៍​បាក់​ដី​នៅ​ប្រទេស​អ៊ីតាលី ធ្លាក់​ទៅ​ចូល​តំបន់​ទំនប់​ទឹក​មួយ​កន្លែង​។ រលក​ទឹក​បាន​ហក់​ឡើង​ខ្ពស់​រហូត​ដល់​ទៅ​ ២៦២ ម៉ែត្រ ពោល​គឺ​ខ្ពស់​ជាង​ទំនប់​ទឹក​ដែល​មាន​កម្ពស់ ២៥២ ម៉ែត្រ​ទៅ​ទៀត ហើយ​បណ្ដាល​ឲ្យ​ទឹក​ហូរ​បាក់​ទំនប់​ លិច​ទីក្រុង​មួយ​ចំនួន​ ដែល​នៅ​ក្បែរ​នោះ​ខ្ទេច​ខ្ទី​អស់។ កាលណោះ មនុស្ស​ពីរពាន់​នាក់​ស្លាប់​ក្នុង​មហន្តរាយ​ធម្មជាតិ​នេះ។

តើ​រលក​យក្ស ស៊ូណាមី ណា​ខ្លះ​ដែល​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​បំផុត? តាមពិត ទំហំ​នៃ​ការ​បាត់បង់​ទ្រព្យសម្បត្តិ​និង​អាយុ​ជីវិត មិន​អាស្រ័យ​លើ​ស៊ូណាមីធំ ឬ​តូច​នោះ​ទេ តែ​អាស្រ័យ​លើ​មុខ​ព្រួញ​ដែល​វា​វាយ​ប្រហារ។ មាន​ន័យ​ថា​ស៊ូណាមី​ដែល​មាន​ទំហំ​ធំ ពេល​ខ្លះបង្ក​មហន្តរាយ​តិច​ជាង​ស៊ូណាមី​ខ្នាត​តូច តួយ៉ាង​ស៊ូណាមី​នៅ​ហ៊្វូគូស៊ីម៉ា ប្រទេស​ជប៉ុន មាន​ទំហំ​ធំ តែ​បើ​ធៀប​ជា​មួយ​និង ស៊ូណាមី​នៅ​ក

កោះ​ស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ឆ្នាំ២០០៤ គឺ​នៅ​ស៊ូម៉ាត្រា​ធ្ងន់ធ្ងរ​ជាង។ ខាងក្រោម​នេះ ជា​កំណត់ត្រា​នៃ​ស៊ូណាមី ដែល​បង្កវិនាស​កម្ម​ធំធេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ។

1- ស៊ូណាមី ​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤ បណ្ដាល​មក​ពី​ការ​រញ្ជួយ​ដី​នៅ​កោះ​ស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូណេស៊ី៖ ចម្ងាយ​ផ្លូវ​ដែល​រលក​យក្ស​នេះ​រត់​គឺ ១៣០០ គីឡូម៉ែត្រ ជា​មួយ​និង​កម្ពស់​រលក​អតិបរមា ៥០ម៉ែត្រ ហើយ​បោក​កម្ទេច​អ្វីៗ​គ្រប់យ៉ាង​ដែល​នៅ​ពី​មុខ​វា។ ទំហំ​នៃ​ការ​ខូចខាត៖ ស្លាប់​មនុស្ស​ប្រហែល ២សែន ៣ម៉ឺន​នាក់ និង​ខូច​ខាត​ទ្រព្យសម្បត្តិ​គិត​ជា​ទឹកប្រាក់ ១០ពាន់លាន​ដុល្លារ។

2- ស៊ូណាមី​នៅ​ហ៊្វូគូស៊ីម៉ា ប្រទេស​ជប៉ុន កាល​ពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១១៖ បណ្ដាល​មក​ពី​ការ​រញ្ជួយ​ដី ហើយ​បណ្ដាល​ឲ្យ​រលក​សមុទ្រ​ឡើង​កម្ពស់​ដល់​ដប់​ម៉ែត្រ និង​មាន​ល្បឿន​រត់​ប្រាំបីរយ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង (ស្មើ​នឹង​ល្បឿន​យន្តហោះ​ដឹក​អ្នក​ដំណើរ)។ ទំហំ​នៃ​ការ​ខូចខាត៖ ស្លាប់​មនុស្ស​ជាង ១៨ ០០០ នាក់ និង​ខូចខាត​ទ្រព្យ​សម្បត្តិ​សរុប​ជា​ទឹកប្រាក់ ២៣៥ ពាន់​លាន​ដុល្លារ។