យុទ្ធសាស្ត្រ​កំពូលៗទាំង​ “៤ចំនុច” ​នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​រថយន្ត​​ TOYOTA

និយាយ​ពី​ឈ្មោះ​ក្រុមហ៊ុន​ TOYOTA អ្នក​ទាំងអស់​ពិតជា​ស្គាល់​​ច្បាស់និងអាច​ដឹង​ថា តើ​ក្រុមហ៊ុន​នេះ​​ជា​ក្រុមហ៊ុន​អ្វី? មាន​ប្រភព​មក​ពី​ណា? TOYOTA គឺ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ដែល​ត្រូវ​​បាន​​គេ​ទទួល​ស្គាល់​ថា ជា​ក្រុមហ៊ុន​ខ្នាត​យក្ស​ផលិត​រថយន្ត​ច្រើន​ជាងគេ និងមាន​គុណភាព​​ល្អ​បំផុត​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​​ផលិត​រថយន្ត​ល្បីៗ​ជា​ច្រើន​​នៅ​ជុំវិញ​ពិភពលោក។

បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៣៧ ក្រុមហ៊ុន​រថយន្ត​លំដាប់​ពិភពលោក​នេះ​បាន​ពង្រីក​សក្តានុភាព និងបាន​កសាង​ប្រជាប្រិយភាព​របស់​ខ្លួន​កាន់តែ​ខ្លាំងក្លា​ឡើង​​ ជា​ពិសេស​នៅ​​ក្នុង​សតវត្ស​ទី​២១​នេះ។ តើ​ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន​នេះ​ជោគជ័យ និងទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​គ្រប់​ទិសទី? ខាងក្រោម​នេះ​​ជា​យុទ្ធសាស្ត្រ​​របស់​ក្រុមហ៊ុន TOYOTA ​ដែលសហគ្រិន​ទូទៅ​អាច​​ស្វែង​យល់​បាន​​ទាំងអស់​គ្នា។​​​

១) ការ​វិភាគ​លើ​ចំណុច​ខ្លាំង និងចំណុច​ខ្សោយ (Strong and Weakness Analysis)

ចំណុច​ខ្លាំង និងចំណុច​ខ្សោយ​សំដៅ​ទៅ​លើ​​កត្តា​ខាងក្នុង​មួយ​របស់​ក្រុមហ៊ុន​​ ដែល​​មាន​ឥទ្ធិពល​លើ​​ការ​ដំណើរ​ការ​ក្រុមហ៊ុន​ទាំងមូល ស្រប​ពេល​ដែល​ឱកាស និងកត្តា​ប្រកួតប្រជែង​ខាងក្រៅ​ជា​រឿង​ធម្មតា​របស់​ក្រុមហ៊ុន​នេះ។ វា​ជា​ចំណុច​ពិសេស​ដែល​ក្រុមហ៊ុន​នេះ​តែងតែ​យក​ចិត្ត​ទុកដាក់​ដើម្បី​​កែលំអ​បង្កើន​ប្រសិទ្ធភាព​​ធ្វើ​ឲ្យ​សេវាកម្ម និងផលិតផល​របស់​ខ្លួន​មាន​គុណភាព​ខ្ពស់​ឲ្យ​​ស្រប​តាម​បរិបទ​សម័យ​ទំនើប។ ​

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អ្នក​ស្រាវជ្រាវ​ជំនាញៗ​របស់​ក្រុមហ៊ុន​នេះ​ទាំង​ខាង​​​​​អ្នក​ជំនាញ​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យា ទីផ្សារ ឬគណៈ​គ្រប់គ្រង​ជា​ដើម​តែងតែ​សិក្សា​ពី​​​​សមត្ថភាព និង​ឧបសគ្គ​នានា​ដែល​​ខ្លួន​កំពុង​ជួប​ប្រទះ​ធ្វើ​យ៉ាងណា​​ឲ្យ​កាន់តែ​ទទួល​​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​មុន។

២) ការ​វិភាគ​លើ​ទីផ្សារ​ឧស្សាហកម្ម (Industry Analysis)​​​​​

សម្រាប់​ក្រុមហ៊ុន TOYOTA មាន​​សមត្ថភាព​គ្រប់គ្រាន់​​អនុវត្ត​​​ និងឆក់​យក​ឱកាស​របស់​ខ្លួន​ចូលរួម​ប្រកួតប្រជែង​នៅ​យុគសម័យ​ឧស្សាហកម្ម​ដ៏​ទំនើប​នេះ។ យ៉ាងណាមិញ អ្វី​ដែល​ជា​សក្ដានុពល​របស់​​ក្រុមហ៊ុន​យក្ស​មួ​យ​នេះ គឺ​ការ​បង្កើត​​​ផលិតផល​​ជា​ច្រើន​​ប្រភេទ​​​​ក្រោម​ស្លាកយីហោ​តែមួយ​សំដៅ​បំពេញ​តម្រូវការ​របស់​អតិថិជន​​ធ្វើ​ឲ្យ​ TOYOTA លេចមុខលេចមាត់​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

បន្ថែម​លើ​នេះ​ វា​ក៏​ជា​លទ្ធផល​មួយ​ដែល​ទទួល​បាន​តាម​រយៈ​ការ​ពង្រីក​ទីផ្សារ​​​ថ្មីៗ​កាន់តែ​ស្អិតល្មួត​ឡើង​នៅ​លើ​ទឹកដី​​ចិន និងតំបន់​អឺរ៉ុប ខណៈ​ដែល​កាល​ពី​មុន​​ខ្លួន​​តម្រង់​ឆ្ពោះ​តែ​ទៅ​កាន់​ទីផ្សារ​លើ​ទឹកដី​ខ្លួនឯង និងអាមេរិក​ប៉ុណ្ណោះ។ ​បញ្ហា​ដែល​ជា​ការ​​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​ក្នុង​យុទ្ធសាស្ត្រ​ទីផ្សារ​​របស់ ​TOYOTA នោះ​គឺ​ការ​អភិវឌ្ឍ​ដោយ​ចិរភាព (Sustainable Development)។

ជា​ក្តី​បារម្ភ​ទៅ​នឹង​ការ​ធ្វើ​ឲ្យ​កខ្វក់​​ដល់​បរិស្ថាន ​ពោល​គឺ​ផល់​ប៉ះពាល់​ដល់​ការ​កើនឡើង​កម្តៅ​ផែនដី ក្រុមហ៊ុន​នេះ​បាន​បញ្ចេញ​រថយន្ត​ម៉ូដែល​រថយន្ត​ស៊េរី​​ទំនើប​ប្រភេទ ហាយប្រីឌ (Hybrid ឬ កូនកាត់) ​​បំពាក់​បច្ចេកវិទ្យា​ខ្ពស់​ជួយ​ការពារ​បរិស្ថាន។ នេះ​ជា​ជំហាន​ជោគជ័យ​ដ៏​ប្រសើរ​​របស់​ខ្លួន ទន្ទឹម​នឹង​ការ​លក់​បច្ចេកវិទ្យា​នេះ​ទៅ​ក្រុមហ៊ុន​រថយន្ត​ផ្សេងៗ​ទៀត​ផង។

៣) ការ​វិភាគ​លើ​ក្រុមហ៊ុន (Company Analysis)​​

ក្រុមហ៊ុន TOYOTA គឺ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ការ​នាំចេញ​រថយន្ត​ជា​ច្រើន​ស៊េរី និង​​ទទួល​​បាន​​ទំនុកចិត្ត​ខ្ពស់​ពី​សំណាក់​អ្នក​ប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក​​លើ​បេសកកម្ម​របស់​ខ្លួន​ដែល​​អះអាង​ថា ខ្លួន​គឺ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​លើ​​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​រថយន្ត​ថ្មីៗ​ដែល​​មាន​​ផលិតផល​ដ៏​មាន​តម្លៃ​បំផុត។ គោលដៅ​របស់​ក្រុមហ៊ុន​គឺ​​​បង្កើត​សង្គម​​​​ដ៏​ថ្កុំថ្កើង​មួយ​ដោយ​ផ្តល់​អតិថិជន​ជា​មួយ​គុណ​​ប្រយោជន៍​យ៉ាង​ច្រើន​​ប្តូរ​នឹង​ទឹកប្រាក់​របស់​ពួកគេ។

ទោះបី​ជា​ក្រុមហ៊ុន​ផ្សេងៗ​​​កំពុង​ប្រកួតប្រជែង​ជា​មួយ​ខ្លួន​ TOYOTA បាន​ជឿជាក់​ថាការ​ផ្តល់​តម្លៃ​ដ៏​ល្អ​មួយ​សម្រាប់​អតិថិជន​គឺ​ជា​រឿង​​ស្លាប់​រស់​​របស់​ក្រុមហ៊ុន​ទាំង​មូល ដែល​នេះ​​បាន​ធ្វើ​ឲ្យ​​ទីផ្សារ​រថយន្ត​របស់​ខ្លួន​មាន​ហាងឆេង​ខ្ពស់ ជា​ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍ។

ទន្ទឹម​នឹង​នេះ​ខ្លួន​បាន​សិក្សា​ស្វែង​យល់​​ទៀត​​ដែរ​ថា ការ​អភិវឌ្ឍ​ដោយ​ចិរភាព​នេះ​ហើយ​ដែល​​​ធ្វើឲ្យ ​TOYOTA មាន​​ទំនួល​ខុសត្រូវ​លើ​បញ្ហា​សង្គម​ជាង​ក្រុមហ៊ុន​ណាៗ​ទាំងអស់​ និងមាន​គំនិត​ផ្ដួចផ្ដើម​​លើ​​កម្មវិធី​កាត់បន្ថយ​នៃ​ការ​បំពុល​​បញ្ហា​បរិស្ថាន​​បាន​ក្នុង​កម្រិត​ខ្ពស់​ទៀត​ផង។

៤) ការ​វិភាគ​លើ​អតិថិជន (Customer Analysis)

​​​​​​​​នៅ​ពេល​បច្ចុប្បន្ន​នេះ​អតិថិជន​មាន​ច្រើន​បែប​សណ្ឋាន​ណាស់​​ទៅ​តាម​​​​តំបន់​ ប្រទេស ឬវប្បធម៌​នីមួយៗ។ រាប់ចាប់​តាំង​ពី​​អ្នក​មាន​ប្រាក់​ចំណូល​តិច រហូត​ដល់​អ្នក​មាន​ចំណូល​ច្រើន​បំផុត។ ពី​អតិថិជន​​ពេញវ័យ​ទៅ​អតិថិជន​វ័យ​កណ្តាល។ ពី​​​ប្រទេស​កំពុង​អភិវឌ្ឍ​ទៅ​ប្រទេស​អភិវឌ្ឍ។ ចុះ​ហេតុ​អ្វី​បាន​ជា​ TOTOTA នៅ​តែ​ជោគជ័យ​​ផ្គាប់ចិត្ត​អតិថិជន​ទាំង​​នេះ​ដោយ​ស្មើភាព?

​នេះ​ជា​យុទ្ធសាស្ត្រ​ពិសេស​របស់​ខ្លួន​ ដែល​ខ្លួន​ត្រូវ​តែ​បំពេញ​តម្រូវ​ការ​អតិថិជន​ ពោល​គឺ​ការ​​​​ផលិត​​ម៉ូដែល​រថយន្ត​​ជា​ច្រើន​ប្រភេទ និងស៊េរី​​ឲ្យ​ពួកគេ​ជ្រើសរើស​ទៅ​តាម​ចិត្ត​ចង់។ ទាំងនេះ​មាន​ដូចជា ការ​ផលិត​ម៉ូដែល​​រថយន្ត​ខ្នាត​តូចរហូត​ដល់​​រថយន្ត​ខ្នាត​ធំ ពី​រថយន្ត​​ស៊េរី​ទាបរហូត​ដល់​រថយន្ត​ស៊េរី​ទំនើប ដែល​មានតម្លៃ បូករួមជាមួយគុណភាព​​​ល្អ​ប្រសើរ​ និងអាច​ទទួល​យក​បាន​​តាម​លទ្ធភាព​របស់​​ពួកគេ​ម្នាក់​ៗ​សម្រាប់​​ទិញ​យក​ទៅ​ប្រើប្រាស់។ គុណភាព​ផលិតផល​របស់​ TOYOTA ត្រូវ​បាន​​ពង្រីក​​ទៅ​ដល់​អតិថិជន​ទាំងអស់​នៅ​​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​ជុំវិញ​ពិភពលោក​ទាំង​បណ្ដាញ​ផ្សព្វផ្សាយ​ផ្លូវការ និងមិន​ផ្លូវការ​។