មេរៀន​ “3​យ៉ាង” ​​​ដែល​លោក Bill Gates រៀនសូត្រ​​ពី​មហាសេដ្ឋី​ Warren Buffett! ​

កាល​ពី​ឆ្នាំ​ ២០១៣​ ​លោក​ Bill Gates ​បាន​ធ្វើ​ដំណើរ​ទៅ​ Omaha ដើម្បី​ចូលរួម​កម្មវិធី​ជួប​ជុំ​​​​ម្ចាស់​ភាគហ៊ុន​ប្រចាំ​ឆ្នាំ​មួយ។ ​លោក​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ LinkedIn ​ក្រោយ​ពី​លោក​​បាន​ជួប​ជា​មួយ​លោក​ Warren Buffett ​ដូច្នេះ​ថា​៖ «មាន​រឿង​សប្បាយ​ៗ​ជា​ច្រើន ហើយ​​មិន​មែន​ត្រឹម​តែ​ការ​លេង​ពីងប៉ុង​ ​និង​​លេង​ហ្គេម​បោះ​​ក្រដាស​កាសែត​​ជា​មួយ​លោក​ Warren Buffett នោះ​ទេ ​តែ​​សប្បាយ​​ព្រោះ​ខ្ញុំ​បាន​រៀន​សូត្រ​ពី​​លោក​ Warren Buffett ​និង​បាន​ដឹង​ថា​​ពី​របៀប​នៃ​ការ​គិត​របស់​លោក»។ ​នេះ​ជា​គឺ​ជា​មេរៀន​ដែល​លោក​មហាសេដ្ឋី​ Bill Gates រៀន​ពី​​ Warren Buffett៖ ​

១) សម្លឹង​ឱ្យ​ឆ្ងាយ​ (look at the big picture)

នៅ​ពេល​ដែល​លោក​ Bill Gates ​បាន​​ជួប​លោក​ Warren Buffett ​ប្រតិកម្ម​បន្ទាន់​​របស់​លោក​គឺ​លោក​ផ្ដោត​ទៅ​លើ​​រូបភាព​នៃ​ជោគជ័យ​របស់​​លោក​ Warran Buffett នោះ​គឺ​ការ​ជ្រើស​រើស​ និង​​វិនិយោគ​នៅ​ក្នុង​​ទីផ្សារ​ភាគហ៊ុន។ ​អ្វី​ដែល​លោក​ Bill Gates បាន​រៀន​សូត្រ​ពី​ Buffett គឺ​​​ការ​សម្លឹង​ឱ្យ​ឆ្ងាយ​​នៃ​ទៅ​លើ​អាជីវកម្ម​មួយ។ លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖ «គាត់​មាន​​​គម្រោង​​ក្ដោប​អាជីវកម្ម​ទាំង​មូល​​ដែល​ត្រូវ​គិត​នោះ​គឺ​ជា​អំណាច​ដ៏​ពិត​ប្រាកដ​មួយ»។ ដោយ​​មិន​​ផ្ដោត​ខ្លាំង​ពេក​​​ភាព​លម្អិត​នៃ​ទីផ្សារ​ លោក​ Buffett ​បាន​សម្លឹង​ទៅ​​មើល​កំណើន​ជា​ទូទៅ។

២) ​​ត្រូវ​តែ​ស្មោះ​ត្រង់​ជា​មួយ​​​ម្ចាស់​ភាគហ៊ុន (Be honest with shareholder)​

ជា​រៀង​រាល់​ឆ្នាំ​លោក​ Buffett ​បាន​ចំណាយ​ពេល​​មួយ​ចំនួន​ផ្ញើ​​លិខិត​ដល់​ម្ចាស់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​របស់​លោក។ នេះ​ជា​ទង្វើ​មួយ​ដែល​ជំរុញ​​ទឹក​ចិត្ត​ឱ្យ​លោក​ Bill Gates ធ្វើ​សកម្មភាព​ដូច​គ្នា​នេះ​ដែរ។ ​​លិខិត​របស់​លោក​ Bill Gates គឺ​បង្ហាញ​​ពី​​ទស្សនៈ​វិស័យ​នៃ​ក្រុមហ៊ុន​ ក៏​ដូច​ជា​ការ​វិនិយោគ​​​របស់​ខ្លួន។ ​ លោក​ Bill Gates ​​​មាន​ជំនឿ​ថា​ការ​ផ្ញើ​លិខិត​បែប​នេះ​នឹង​ធ្វើ​​ឱ្យ​ម្ចាស់​ភាគហ៊ុន​​​កាន់​តែ​មាន​ជំនឿ​ចិត្ត​ទៅវិញ​ទៅ​មក​។ ​លោក​ Gates ​បាន​បញ្ជាក់​​ថា​៖ «លោក​​មាន​ឆន្ទៈ​​និយាយ​ដោយ​ស្មោះត្រង់​ និង​រិះគន់​ទៅ​​ចំណុច​មិន​ល្អ​មួ​យ​ចំនួន​ត្រង់ៗ​​ពាក់​ព័ន្ធ​​​នឹង​ការ​វិនិយោគ​មាន​ដូច​​​ជា​​​ stock option ​ឬ​ financial derivatives ជា​ដើម”។ ​

៣) ឱ្យ​តម្លៃ​ទៅ​លើ​ពេល​វេលា​​ (Value your time)

មហាសេដ្ឋី​​ Bill Gates ​​​បាន​​លើក​ឡើង​ថា​៖​ «មិន​ថា​អ្នក​មាន​លុយ​ប៉ុន្មាន​នោះ​ទេ ​អ្នក​មិន​អាច​ទិញ​ពេល​វេលា​បាន​ច្រើន​នោះ​ទេ»។ លោក​ថា​ត្រង់​ចំណុច​នេះ​​​ Warren Buffett បាន​ជ្រាប​ច្បាស់​ជាង​​អ្នក​ណា​ៗ​ទាំង​អស់។ ​លោក​ Buffett ​​​តែង​តែ​ចំណាយ​ពេល​វេលា​ជា​មួយ​ក្រុម​អ្នក​ប្រឹក្សា​យោបល់​របស់​លោក​ ​និង​ស្វែង​រក​ពេល​វេលា​​ដើម្បី​ឆ្លើយ​សំណួរ​​មួយ​ចំនួន​​ពី​អ្នក​ប្រឹក្សា​យោបល់​របស់​លោក។ លោក​ Bill Gates មាន​ប្រសាសន៍​​ថា​៖ «​គាត់​ចិត្ត​ល្អ​ណាស់​ក្នុង​ការ​ចំណាយ​ពេល​​​​វេលា​​ជា​​មួយ​មនុស្ស​ដែល​លោក​ទុក​ចិត្ត»។ ​

​​ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​លោក​ Buffett ​ដឹង​ថា​ពេល​វេលា​របស់​លោក​​មាន​តម្លៃ​ប៉ុណ្ណា ជា​ពិសេស​លោក​មិន​ចំណាយ​ពេល​​ឥត​ប្រយោជន៍​ក្នុង​ពេល​ប្រជុំ​ម្ដង​ៗ​នោះ​ទេ។ ពោល​គឺ​លោក​និយាយ​តែ​ពី​រឿង​បាន​សាច់​ការ​តែ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ Bill Gates៕