មេរៀន​​​លំបាក​ៗ​ទាំង៧ចំណុច ដែល​មនុស្ស​គ្រប់​គ្នា​គួរ​រៀន​ពី​ភាព​ជោគជ័យ​

ជាទូទៅ​​​នៅ​ពេល​​បុគ្គល​មួយ​រូប​​បាន​រៀន​នៅ​​​សាលា​​ល្អ​ ​​ខិតខំ​ធ្វើការ ​​និង​ប្រកាន់​យក​គំនិត​វិជ្ជមាន​​ ​នោះ​​រូប​គេ​នឹង​ជោគជ័យ។ ​ប៉ុន្តែ​នេះ​គ្រាន់​​តែ​ជ្រុង​មួយ​​នៃ​​​ភាព​ជោគជ័យ​តែ​ប៉ុណ្ណោះ​​ ហើយ​ទម្រាំ​ទទួល​បាន​​ពាក្យ​ថា​ “ជោគជ័យ” ​មនុស្ស​បាន​ហែល​ឆ្លង​ឧបសគ្គ​ និង​រឿង​រ៉ាវ​ស្មុគ​ស្មាញ​ច្រើន​ណាស់។ ​​​​​​

ការ​ដើរ​ទៅ​រក​​ផ្លូវ​ជោគជ័យ​មិន​មែន​មាន​ន័យ​ថា​ ​​អ្នក​មាន​អាជីព​ល្អ​ប្រសើរ​​ហើយ​ អ្នក​មាន​អាជីវកម្ម​​​ដំណើរ​ការ​​ទៅ​មុខ​ហើយ​​​​ ​អ្នក​អាច​សម្រេច​បាន​ភាព​ជោគជ័យ​នោះ​ទេ។ ​ខាង​ក្រោម​នេះគឺ​​​​មេរៀន​ជីវិត​ចំនួន​៧ចំណុច​ ដែល​អ្នក​ត្រូវ​សិក្សា​ស្វែងយល់​ពី​​​ភាព​ជោគជ័យ៖​​​​

១) ​​ពិភព​លោក​មិន​ខ្វល់​ថា ​”​អ្នក​ជោគជ័យ​ ឬ​បរាជ័យ​ទេ”​​

Thomas Wentworth Wills ​ ​​​កីឡាករ​​​​​ដ៏​ល្បី​ម្នាក់​នៅ​សតវត្ស​ទី​១៩​ ​​និងជា​អ្នក​មាន​ស្ដុកស្ដម្ភ​ម្នាក់​បាន​​លើក​ឡើង​ថា៖ “នៅ​ពេល​អ្នក​ទទួល​បាន​ជោគជ័យ ​វា​ហាក់​បី​ដូច​ជា​ពិភព​លោក​​កំពុង​ក្លាយ​ជា​របស់​អ្នក។ ប៉ុន្តែបើអ្នកបរាជ័យវិញ ពិភពលោកហាក់បីដូចកំពុងចាកចេញឆ្ងាយពីអ្នក។ ​នេះ​ជា​ការ​យល់​ខុស​របស់​មនុស្ស​​មួយ​ចំនួន។ ​​ ​​អ្វី​ដែល​សំខាន់​នោះ​​​គឺ​ត្រូវ​ចាំ​ថា​ ​មិន​មែន​​ពិភពលោក​ជា​របស់​​បុគ្គល​ដែល​ជោគជ័យ ​​ឬ​មិន​ជោគជ័យ​នោះ​ទេ​ តែ​ការ​ពិត​នោះវា​ស្ថិត​នៅ​លើ​អ្នកណា​ដែល​មាន​ទំនួល​ខុស​ត្រូវ​​លើ​ជោគ​វាសនា​​ខ្លួន​ឯង”​។

២) ​ឧបសគ្គ​ដ៏​ធំ​បំផុត​​នៃ​ភាព​ជោគជ័យ​របស់​មនុស្ស​គឺ “​ខ្លួន​ឯង”​

​អ្នក​ជំនាញ​ដដែល​បាន​លើក​ឡើង​​ថា៖ “នៅ​ពេល​មួយ​ដែល​អ្នក​ទទួល​ស្គាល់​ថា ​​អ្នក​មិន​ស្ថិត​នៅ​កណ្ដាល​​​ពិភពលោក​​ អ្នក​នឹង​ដឹង​ថា​​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​អ្នក​​​​​មុជ​មិន​​ជ្រៅ​ទៅ​មិន​ឆ្ងាយ​នោះ​ ​​​គឺ​ឥរិយាបថ​ខ្លួន​ឯង​”។ ឧទាហរណ៍​ថា​​​ អ្នក​ត្រូវ​​បណ្ដេញ​​​ចេញ​ពី​ការងារ​​ ឬ​​​អាជីវកម្ម​​របស់​អ្នក​បរាជ័យ​។ ​តើ​អ្នក​​ណា​ដែល​ធ្វើ​ឲ្យខ្លួន​ឯង​ទទួលលទ្ធផល​បែប​នេះ? ​​​សួរ​ខ្លួនឯង​ និង​គិត​ឱ្យ​ច្បាស់​ទៅ​មើល៍​ថា​ គឺ​នេះ​មក​ពី​​​ខ្លួន​អ្នក​ផ្ទាល់​ឬ​យ៉ាងណា? ​

Manas J.Saloi ជា​អ្នកនិពន្ធ​ល្បី​ឈ្មោះ​ ​​និង​ជា​មហាសេដ្ឋី​​មួយ​រូប​បាន​លើក​ឡើង​ថា​៖ “វា​​​ហួស​សម័យ​ហើយ​ដែល​​អ្នក​​គិត​ថា​​ ​​ឪពុក​ម្ដាយ​ជា​អ្នក​ធ្វើ​ឲ្យអ្នក​​​ដើរ​ផ្លូវ​ខុស​​ ព្រោះ​ថា​អ្នក​ជា​មនុស្ស​​​ចាស់​ទុំ​​​អាច​ហោះ​ហើរ​​​ដោយ​ខ្លួន​​ឯង​​បានហើយ”​។​

៣) ជីវិត​អ្នក​គឺជា​របស់​អ្នក

Tom Wills ​បាន​អះអាង​ថា​គ្មាន​អ្នកណា​​ម្នាក់​​នៅ​លោក​យើង​នេះ ត្រូវ​ដាក់​ជីវិត​របស់​ខ្លួន​ឲ្យ​​ស្ថិត​នៅ​ក្រោម​ការ​ចង្អុល​បង្ហាញ ឬបង្គាប់​បញ្ជា​របស់​អ្នកដទៃ​នោះ​ឡើយ​។ ប៉ុន្តែក្រៅ​តែ​ខិត​ខំ​បំពេញ​ការងារ​របស់​អ្នក​ ​​​​​​អ្នក​ត្រូវ​ធ្វើ​​​​ល្អ​​ និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​មួយ​​​សហ​សេវិក​របស់​អ្នក​ សហគមន៍​ ហើយ​មិន​ចាំ​បាច់​គិត​ និង​រំពឹង​ទុក​​​ថា​ ​​គេ​នឹង​ធ្វើ​អំពើ​ល្អ​មក​កាន់​​អ្នក​​វិញ​​​​នោះ​ទេ។ ​ទង្វើ​​បែប​នេះ​ នឹង​ជួយ​​​​អ្នក​​កសាង​ទំនាក់​ទំនង​​ ទំនុក​ចិត្ត ដែល​មនុស្ស​ជា​ច្រើន​​​​​នឹង​ក្លាយ​​ជា​បណ្ដាញ​ដ៏​រឹងមាំ​​របស់​អ្នក​ ហើយ​​អ្នក​នឹង​​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្អ​​ ​ហើយ​នោះ​គឺ​ភាព​ជោគជ័យ។

៤) លាភ​សំណាង​គឺ​ជា​ផ្នែក​មួយ​​​នាំ​ឱ្យ​ជោគជ័យ​

លាភ​សំណាង​​​​ជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ​ នេះ​បើ​តាម​ការ​អះអាង​របស់ Tom Wills។​ ​​​​​​​​ក៏​ប៉ុន្តែ​ ​​លាភ​សំណាង​នោះ​​គឺ​អាច​​កើន​ឡើង​​​​ដោយ​សារ​ឱកាស​ ហើយ​វា​មិន​មែន​រត់​មក​រក​អ្នក​​ដោយ​ងាយៗ​នោះ​ទេ​ ​ប៉ុន្តែ​អ្នក​ត្រូវ​ចេះ​បង្កើត​ឱកាស​ឡើង​។ ​ឱកាស​នោះ​ហើយ ​​គឺ​ជា​សំណាង​ដ៏​​ថ្លៃថ្លា​​សម្រាប់​អ្នក។​ អ្នក​គួរ​​ពង្រីក​ការ​ទំនាក់ទំនង​ដើម្បី​អាជីព​របស់​អ្នក​ ត្រូវ​ប្រឹង​ប្រែង​​កែ​​លម្អ​​ និង​អភិវឌ្ឍ​ជំនាញ​សមត្ថភាព​​របស់​អ្នក​​ទើប​ធ្វើ​ឱ្យ​​សំណាង​អាច​កើត​មាន​​ បាន។​​​​​​​

៥) អ្វីៗ​នៅ​លើ​លោក​មិន​ស្ថិតស្ថេរ​នោះ​ឡើយ

​នៅ​ពេល​ដែល​ការងារ​ ឬ​អាជីវកម្ម​របស់​អ្នក​ដំណើរ​ការ​ល្អ​ ​​​​អ្នក​បាន​​ប្រាក់​ខែ​ច្រើន​ ឬ​បាន​ចំណេញ​ច្រើន​​​ ​​អ្នក​អាច​ទិញ​ផ្ទះ​ ​ឲ្យ​កូន​រៀន​នៅ​សាលា​ថ្លៃ​ៗ​​ ដែល​ជា​ក្តី​ប្រាថ្នា​​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីករាយ។ ​​កីឡា​​ករ Cricket ជនជាតិ​ឥណ្ឌា​​​ Ankit Sharma​​ ​​លើក​ឡើង​ថា​ ​អ្វី​ៗទាំង​អស់​នៅ​លើ​លោក​យើង​នេះ​​​ ​មិន​អាច​​នៅ​ស្ថិត​ស្ថេរ​យូរអង្វែង​ជា​អមតៈ​ជា​មួយ​យើង​​បាន​រហូត​នោះ​ឡើយ។

៦​) ​ការ​ធ្វើ និយាយ និង​​​គិត​អ្វីៗ​ដែល​ត្រឹមត្រូវ​​​​មិន​ប្រាកដ​ថា​ជោគជ័យ​​នោះ​ដែរ

អ្នក​អាច​បញ្ចប់​ពី​មហាវិទ្យាល័យ​​​ដ៏​ល្បី​ ហើយ​​ទទួល​បាន​ការងារ​ដ៏​ល្អ​មួយ ទន្ទឹម​នឹង​ការ​​ខិតខំ​របស់​អ្នក​ធ្វើ​ការ​​​ហួស​ម៉ោង​រហូត​ ​ពេល​ខ្លះ​អ្នក​​ក៏​មិន​បាន​ទទួល​រង្វាន់​​ចំពោះ​ការ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នោះ​។​​​​ នេះ​គឺ​ជា​រឿង​ធម្មតា ដែល​មនុស្ស​មួយចំនួន​អាច​ទទួល​លទ្ធផល​បែប​នេះ ហើយ​បើ​អ្នក​រំពឹង​តែ​លទ្ធផល​​ល្អ​មួយ​មកវិញ​​តែ​មួយ​មុខ​​មិន​គិត​ពី​​ភាព​បរាជ័យ នោះ​​ថ្ងៃ​ណា​មួយ​ការ​ខកបំណង​របស់​អ្នក​នឹង​កើត​មាន​ឡើង​ជាក់ជា​មិនខាន។

៧) កំណត់​ឲ្យ​ច្បាស់​ពី​​និយមន័យ​នៃ​​ភាព​ជោគជ័យ​

លោក​ ​​Mixon​ ​បាន​លើក​ឡើង​យ៉ាង​ខ្លី​ថា​ ​ភាព​ជោគជ័យ​មិនមែន​ជា​ការ​រីករាយ​ចំពោះ​​អ្វី​ដែល​ខ្លួន​កំពុង​​​មាន​នោះ​ទេ ហើយ​ខ្លួន​អ្នក​តែ​ម្នាក់​ក៏​មិន​អាច​ធ្វើ​ឲ្យ​ភាព​ជោគជ័យ​​ផុស​ចេញ​ឡើង​បានដែរ។ យុគសម័យ​បច្ចេកវិទ្យា​ដ៏​ជឿនលឿន​នេះ ទាមទារ​ឲ្យ​អ្នក​ឈរ​នៅ​ជ្រុង​មួយ​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​តែ​ធ្វើ​ការ​ ប្រស្រ័យ​ទាក់ទង​គ្នា​ទៅវិញ​ទៅ​មក ពោល​គឺ​មិន​​ត្រូវ​គិត​ថា​អ្នក​អាច​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង​បាន​ដោយ​មិន​ចាំបាច់​ពឹងពាក់​ពី​​អ្នក​ដទៃ​នោះ​ឡើយ។ ​​​ការ​សិក្សាស្រាវជ្រាវអាជីវកម្ម ការងារ​ទាំងអស់​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​​បង្កើត​ទំនាក់ទំនងធ្វើ​ការងារ​​រួមគ្នា ទើប​ចេញ​ជា​ផ្លែផ្កា​នៃ​ភាព​ជោគជ័យ​របស់​អ្នក​បាន៕