មេរៀនទាំង​ “៣ចំណុច” បង្រៀន​កូនៗ​របស់​​អ្នក​​​​ឲ្យ​ក្លាយ​ជា​សហគ្រិន​​ជោគជ័យ​​នា​ពេល​អនាគត

ក្នុង​នាម​​ជា​ឪពុកម្ដាយ ​អ្នក​ពិត​ជា​យកចិត្ត​ទុកដាក់​ពី​កូនៗ​ ជា​ពិសេស​ចង់​ឲ្យ​ពួកគេ​​មាន​អនាគត​​ដ៏​ភ្លឺស្វាង​​មួយ​ពេល​អនាគត។ នេះ​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ឡើយ ហើយ​ក៏​ត្រូវ​ចំណាយ​ពេល​យូរ​ទៀត​ផង។ ប៉ុន្តែ​​អ្នក​ទំនង​ជា​មិន​​​ខ្លាច​នឿយហត់ឡើយ ហេតុនេះ​អ្នក​ច្បាស់​ជា​រិះរក​វិធីសាស្ត្រ​ជា​ច្រើន​ដើម្បី​ឲ្យ​ពួកគេ​ជោគជ័យ​នៅ​​ថ្ងៃ​ខាងមុខ។ បើ​នេះ​វា​បំណង​ប្រាថ្នា​របស់​លោក​អ្នក​មាន​នោះ វិធីសាស្ត្រ​ខាងក្រោម​ចំនួន​​៣ នេះ​អាច​ជួយ​លោក​អ្នក​បាន​៖​

១) ត្រូវ​ធ្វើ​ឲ្យ​ពួកគេ​មាន​​ភាព​ជឿជាក់ និង​​​មាន​ទំនុក​ចិត្ត​ខ្លួន​ឯង

ធម្មតា​ក្មេង​​មិន​សូវ​ជា​គិតគូរ​បាន​វែង​ឆ្ងាយ​ប៉ុន្មាន​ដូច​មនុស្ស​ចាស់​ឡើយ​ ពោល​គឺ​វា​ចូលចិត្ត​សប្បាយ។ អ្នក​ត្រូវ​ដឹង​ថា​​ការ​ប្រកួតប្រជែង​​ថ្មីៗ និងឧបសគ្គ​ជីវិត​នឹង​កើត​មាន​ចំពោះ​ពួកគេ​នៅ​ថ្ងៃ​ណាមួយ​ ហេតុដូច្នេះ​វា​ជា​ដំណាក់កាល​មួយ​ដែល​អ្នក​ត្រូវ​ដឹង​ថា តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ឲ្យ​ពួកគេ​​ត្រៀម​ខ្លួន​យក​ឈ្នះ​ឧបសគ្គ​ទាំង​នេះ​ប្រកប​ដោយ​​​ទំនុក​ចិត្ត​ខ្ពស់​ និងភាព​ជឿជាក់? ​

នៅ​ពេល​ដែល​​​អ្នក​បង្រៀន​កូនៗ​​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​សហគ្រិន​មួយ​រូប​នោះ អ្នក​ត្រូវ​​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​ការ​សម្រេចចិត្ត​ដោយ​ខ្លួន​ឯង​ ហើយ​ត្រូវ​​​​គាំទ្រ​ដល់​ការ​សម្រេចចិត្ត​របស់​ពួកគេ​ ទោះបី​ជា​ការ​សម្រេចចិត្ត​នេះ​មិន​ត្រឹមត្រូវ​ក៏ដោយ និងព្យាយាម​តាមដាន​សកម្មភាព​របស់​ពួកគេ​ឲ្យ​បាន​ដិតដល់​។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀតគឺ​អ្នក​ត្រូវ​ដើរតួ​នាទី​ជា​អ្នក​សម្របសម្រួល ​កុំ​ព្យាយាម​​បង្ហាញ​រូបភាព​ដូច​ជា​ អំណាច​ផ្ដាច់ការ​លើ​​ពួកគេ និងដើរតួ​នាទី​ជា​ដៃគូ​​សហការ​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​សកម្មភាព​ផ្សេងៗ។

សូម​ចាំ​ថានៅ​ពេល​ដែល​អ្នក​ផ្ដល់​ឱកាស​ឲ្យ​​កូនៗ​របស់​លោក​​អ្នក​មាន​ការ​សម្រេចចិត្ត​កាន់តែ​ច្រើន​ឡើង វា​នឹង​ជួយ​បង្កើន​ទំនុក​ចិត្ត និងភាព​​ជឿជាក់​ដល់​ពួកគេ​​កាន់តែ​ច្រើន​ឡើង​ដែរ។ ទន្ទឹម​នឹង​នេះ​ ​អ្នក​ត្រូវ​លើក​ទឹកចិត្ត​ដល់​ពួកគេ​​បន្ថែម​ទៀត និងត្រូវ​ឲ្យ​ពួកគេ​ព្យាយាម​ដោះស្រាយ​បញ្ហា​ខ្លួន​​ឯង​​ឲ្យ​បាន​កាន់តែ​ញឹកញាប់​ទើប​សមត្ថភាព​ការ​គិត និងដំណោះស្រាយ​បញ្ហា​ អាច​កើត​​មាន​​នៅ​ក្នុង​ពេល​​ដំណាល​គ្នា​នេះ។ ​​

២) បង្រៀន​ពួកគេ​ឲ្យ​ចេះ​តស៊ូ​​ និងអត់ធ្មត់

មិន​ចំពោះ​ថាអ្នក​​បាន​ការពារ​កូនៗ​របស់​​​អ្នក​បាន​កម្រិត​ណា​នោះ​ឡើយ ការ​ខកចិត្ត អារម្មណ៍​តឹងតែង ភាពបរាជ័យ និងសកម្មភាព​អវិជ្ជមាន​ផ្សេងៗ​ទៀត​នឹង​កើត​មាន​ចំពោះ​ពួកគេ នេះ​ក៏​មិន​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ប៉ុន្មាន​ដែរ។ ការ​បង្រៀន​កូនៗ​របស់​អ្នក​ពី​សហគ្រិនភាព​នេះ គឺ​ជា​កាតព្វកិច្ច​មួយ​ដែល​អ្នក​ត្រូវ​បង្រៀន​ពួកគេ​ពី​ភាព​បរាជ័យ មិនមែន​ជា​ការ​ផ្ដល់​មេរៀន​ភ័យខ្លាច​ដល់​ពួកគេ​នោះ​ទេ។ ក្រោយ​មក​ពួកគេ​នឹង​​រៀនសូត្រ​ថា តើ​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ដោយ​របៀបណា?

ដើម្បី​ឲ្យកូនៗ​​របស់​​អ្នក​មាន​ការ​តស៊ូ និងចេះ​ព្យាយាម​ជានិច្ច លោក​អ្នក​ត្រូវ​ធ្វើ​​ឲ្យ​ពួកគេ​​​​ឆ្លងកាត់​​​​​បទពិសោធន៍​បរាជ័យ​មួយ​ចំនួន។ វា​​មើល​ទៅ​ហាក់បីដូចជា​​មិន​សម​ទំនង​សោះ​ក្នុង​នាម​លោក​​អ្នក​ជា​ឪពុកម្ដាយ​​ឈរ​​ឱប​ដៃ​មើល​​ពួកគេ​បរាជ័យ។ ប៉ុន្តែនេះ​ដើម្បី​បញ្ជាក់​ថា ពេល​ខ្លះ​ពួកគេ​​ក៏​ត្រូវ​ទទួល​យក​ការ​បរាជ័យ​របស់​ខ្លួន​ដែរ​ទោះបី​ជា​ពួកគេ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ក៏ដោយ ហើយ​នេះ​ជា​ឱកាស​ដ៏​ល្អ​ដែល​អ្នក​ចូល​ទៅ​អន្តរាគមន៍​បង្រៀន​ពួកគេ​ឲ្យ​ស្វែង​រក​ដំណោះស្រាយ​ក្រោយ​ភាព​​បរាជ័យ​​​។

ទន្ទឹម​នឹង​នេះ​អ្នក​ត្រូវ​ចងចាំ​ថា ​មិន​ត្រូវ​​ស្វែង​រក​ដំណោះស្រាយ​ជូន​ពួកគេ​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​​ស្ដីបន្ទោស ឬដាក់​សម្ពាធ​បន្ថែម​ទៀត​​ទៅ​លើ​ពួកគេ​នោះ​​ដែរ តែ​ត្រូវ​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង​ទើប​ជា​ការ​ប្រសើរ។

៣) ធ្វើ​ឲ្យ​ពួកគេ​មាន​​ភាព​ច្នៃប្រឌិត​កាន់តែ​ខ្ពស់

អនាគត​របស់​ពួកគេ​នៅ​ពេល​ដឹង​ក្តី ប្រហែល​ជា​មិន​ធ្វើ​​ការ​នៅ​ក្នុង​កន្លែង​មួយ​ដូច​អ្វី​ដែល​អ្នក​គិត​នោះ​ឡើយ។ ថ្ងៃណាមួយ​ពួកគេ​អាច​ក្លាយ​ជា​ម្ចាស់ក្រុមហ៊ុន​មួយ​ដ៏​ធំ ឬអ្នក​ដឹកនាំ​មួយ​ដ៏​ល្បី​នៅ​ក្នុង​ស្ថាប័ន​មួយ​ក៏​ថា​បាន។ តែ​ស្ថានភាព​ប្រកួតប្រជែង​ប្រាកដ​ជា​មាន ដែរ​ទាមទារ​ឲ្យ​កូនៗ​របស់​អ្នក​​មាន​គុណសម្បត្តិ​ពិសេស​មួយ​នោះ​គឺ ភាព​ច្នៃប្រឌិត ដែល​ជា​ចំណុច​ស្លាប់​រស់​របស់​សហគ្រិន​នេះ​ឯង។

ដំណោះស្រាយ​បញ្ហា​របស់​សហគ្រិន​ គឺ​ការ​ស្វែង​រក​ចម្លើយ​ដ៏​ច្នៃប្រឌិត​នេះ​ឯង ដែល​ជា​អាវុធ​ពិសេស​សំលៀង​ធ្មុង​របស់​ពួកគេ​ឲ្យ​កាន់តែ​មុត​ស្រួច​នៅ​ក្នុង​ទីលាន​អាជីវកម្ម​ក្តី នៅ​ក្នុង​អាជីព​ការងារ​​របស់​ពួកគេ​ក្តី ស្រប​ពេល​ដែល​ពិភពលោក​កំពុង​ត្រូវ​ការ​វា។ ​ការ​​ធ្វើ​ឲ្យ​កូនៗ​របស់​អ្នក​មាន​ភាព​ច្នៃប្រឌិត និងសំបូរ​ទៅ​ដោយ​គំនិត​ថ្មីៗ​ គឺ​ការ​ចំណាយ​ពេលវេលា​ដ៏​សមស្រប​ណាមួយ​សម្រាប់​ពួកគេ​ដើម្បី​អនុវត្ត​កិច្ចការ​អ្វី​មួយ។

អ្នក​ត្រូវ​តាមដាន​មើល​ពី​សកម្មភាព​របស់​ពួកគេ​ថាតើ​ពួកគេ​ពូកែ​ខាង​អ្វី? គណិតវិទ្យា? ភាសា? ទំនាក់ទំនង? ឬ អ្វី​ផ្សេង​ក្រៅ​ពី​នេះ? តើ​អ្វី​ទៅ​ជា​ឧបសគ្គ​របស់​ពួកគេ? នៅ​ពេល​ដែល​អ្នក​មើល​ឃើញ​ថាពួកគេ​មាន​សមត្ថភាព ឬពូកែ​លើ​អ្វីមួយ​ ត្រូវ​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ធ្វើ​​កិច្ចការ​នោះ ហើយ​ត្រូវ​ស្វែង​រក​ដំណោះស្រាយ​បន្ថែម​លើ​ឧបសគ្គ​មួយ​ចំនួន​ដែល​ពួកគេ​​បរាជ័យ។ ភាព​ច្នៃប្រឌិត​ គឺ​ជា​ចំណុច​ស្លាប់រស់​​នាំ​មក​នូវ​ភាព​ជោគជ័យ​នៅ​ក្នុង​អាជីវកម្ម និងអាជីព​ការងារ៕