មហាសេដ្ឋី​អាមេរិក​ “៣រូប” ​ចូល​ខ្លួន​មក​​ផ្តល់​ដំបូន្មាន​​យ៉ាង​មាន​តម្លៃ​ពី​​អត្ថន័យនៃ​ភាព​ជោគជ័យ​​​

មុន​នឹង​​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​ដឹកនាំ​ក្រុមហ៊ុន​ពី​បាត​ដៃ​ទទេ​រហូត​ដល់​ក្លាយ​ជា​ក្រុមហ៊ុន​មួយ​​មាន​ប្រាក​រាប់​លាន​ដុល្លារ​​នៅ​ពេល​បច្ចុប្បន្ន​មិន​មែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ឡើយ​សម្រាប់​មហាសេដ្ឋី​ទាំង​នេះ ត្បិតអី​ខ្លួន​បាន​ជួប​ប្រទះ​ឧបសគ្គ​រាប់​​រយ​ជំពូក​។

ប៉ុន្តែ​អ្វី​ដែល​គួរឲ្យ​កោតសរសើរ​នោះ​គឺ​ថា មហាសេដ្ឋី​ទាំង​៣នេះ​មិន​បោះបង់​មហិច្ឆតា​របស់​ខ្លួន​ឡើយ ហើយ​ទី​បំផុត​ពិត​ជា​សម្រេច​គោលដៅ​របស់​ខ្លួន​ពិត​ប្រាកដ​មែន។ នេះ​ហើយ​​ជា​អ្វី​ដែលយើងចង់​ចែក​រំលែក​ដល់អ្នក​​ឲ្យ​ស្វែង​យល់​ពី​​​ដំបូន្មាន​ល្អៗ​ជា​​ភាព​​ជោគជ័យ​របស់​មហាសេដ្ឋី​ទាំងនេះដែល​មាន​​អត្ថន័យ​ដូច​​ខាងក្រោម​នេះ៖​

១) ទទួល​យក​ភាព​បរាជ័យ​

«បរាជ័យ​​​ គឺ​ជា​​មូលដ្ឋានគ្រឹះ​នៃ​ភាព​ជោគជ័យ​របស់​អ្នក​។ គ្មាន​អ្នកណា​ឈ្នះ​អ្នក​ណា​ចាញ់​នោះ​ឡើយ​ក្នុង​ករណី​នេះ តែ​វា​ជា​រឿង​មួយ​ជោគជ័យ​នៅ​ពេល​ដែល​អ្នក​រៀនសូត្រ​ពី​វា»។ នេះ​ជា​ប្រសាសន៍​របស់​លោក Eric Lefkofsky នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Groupon។

មហាសេដ្ឋី​មាន​ប្រាក់ ១,៥ ពាន់​លាន​ដុល្លារ​ជនជាតិ​អាមេរិក​រូប​នេះ​បាន​លើក​ឡើង​ថា លោក​ក៏​ធ្លាប់​បរាជ័យ​ដឹកនាំ​ក្រុមហ៊ុន​​មួយ​ចំនួន​ដែរ​ដូច​ជា Brandon Apparel Group និង Starbelly ដែល​ក្រុមហ៊ុន​ទាំងពីរ​នេះ​បាន​ក្ស័យធន​កាល​ពី​ឆ្នាំ ២០០១។ ក្នុង​ឆ្នាំដដែល​នេះ លោក​បាន​បើក​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា InnerWorkdings ដែល​ធ្វើ​ឲ្យ​លោក​ជោគជ័យ​ទាំង​មិន​នឹកស្មាន​ដល់។

លោក​បាន​កត់​សម្គាល់​ថា គ្មាន​វេទមន្ត​ណាមួយ​ដែល​ជួយ​ឲ្យ​លោក​ជោគជ័យ​នោះ​ឡើយ ពោល​គឺ​វា​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​លើ​អ្វីៗ​ ដែល​ថ្មី​រហូត​ដល់​​ជួយ​ឲ្យ​ក្រុមហ៊ុន​នេះ​ជោគជ័យ​តែម្តង។​​​​​

២) បើក​ភ្នែក​ឲ្យ​ធំៗ ហើយ​សម្លឹង​មើល​ឱកាស​ដែល​ចូល​មក​ដល់

ជា​ស្ថាបនិក​​ក្រុមហ៊ុន​ Honest Tea លោក Barry Nalebuff គឺ​ជា​​សាស្ត្រាចារ្យ​មក​ពី​សាកលវិទ្យាល័យ Yale School of Management ដែល​មាន​ភាព​ល្បីល្បាញ​​លើ​ជំនាញ​យុទ្ធសាស្ត្រ​​អាជីវកម្ម​។ នៅ​ទី​នេះ​លោក​បាន​ផ្តល់​ដំបូន្មាន​ថា៖ «ប្រសិន​បើ​មាន​អ្វី​មួយ​មក​រំខាន​អ្នក នោះ​គឺ​ជា​ឱកាស​របស់​អ្នក»។

ចំពោះ​ការ​លើកឡើង​ខាងលើ លោក​បាន​លើក​យក​ទិដ្ឋភាព​​ជាក់ស្តែង​ពី​អាជីវកម្ម​របស់​លោក​ផ្ទាល់​តែ​ម្តង។ កាល​ពី​ឆ្នាំ ១៩៩៨ ក្រុមហ៊ុន​របស់​លោកគ្រាន់តែ​ជា​ក្រុមហ៊ុន​ភេសជ្ជះ​តូច​មួយ​ប៉ុណ្ណោះ​ប្រៀប​ដូច​ជា​​កូន​កណ្តុរ​មួយ​ក្បាល​ព្យាយាម​គេច​ចេញ​ពី​ក្រញាំ​ហ្វូង​ឆ្មា​ឈ្មោល​ជា​ច្រើន​ក្បាល​ដូច្នេះ​ដែរ ត្បិតអី​ពេល​នេះ​​លោក​មាន​គូ​ប្រជែង​ធំៗ​ជា​ច្រើន​ដូច​ជា​ភេសជ្ជៈ Soda រួម​ទាំង Coca-Cola ជា​ដើម​។ នេះ​ជា​សម្ពាធ​ដ៏​ធំ​មួយ​របស់​លោក។

យ៉ាងណា​មិញលោក​បាន​​រក​ឃើញ​​ថា សម្ពាធ​នេះ​បាន​ធ្វើ​ឲ្យ​លោក​រក​ឃើញ​ពី​វិធីសាស្ត្រ​មួយ​នោះ​គឺ​យក​កត្តាសេដ្ឋកិច្ច​មក​វិភាគ ពោល​​គឺ​ត្រូវ​ផលិត​ភេសជ្ជះ​ដែល​មាន​តម្លៃ​ថោក គុណភាព​ល្អ​អាច​ទទួល​យក​បាន និងមាន​សេវាកម្ម​ល្អ។ នៅ​ទី​បំផុត​ក្រុមហ៊ុន​របស់​លោក​ពិត​ជា​ជោគជ័យ​ពិត​ប្រាកដ​មែន ​ដាក់​ចេញ​សេវាកម្ម​​ខុសគ្នា​ពី​ក្រុមហ៊ុន​ដទៃ​ទៀត​រហូត​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ភេសជ្ជះ​លំដាប់​ពិភពលោក​ចំណាយ​ប្រាក់​ទិញ​ក្រុមហ៊ុន​របស់​លោក​នៅ​ក្នុង​ឆ្នាំ២០១១ នេះ​​តែម្តង​។

៣) រូបមន្ត​ជោគជ័យ​គ្មានឡើយ​នៅ​លើ​លោក​យើង​នេះ

«គ្មាន​ឡើយ​រូបមន្ត​ជោគជ័យ​នៅ​លើ​លោក​យើង​នេះ។ មនុស្ស​ម្នាក់ៗ​មាន​ផ្លូវ​ជា​ច្រើន​ដើម្បី​ស្វែង​រក​ភាព​ជោគជ័យ​នោះ​»។ នេះ​ជា​ប្រសាសន៍​របស់​លោក Dan Gilbert មហាសេដ្ឋី​អាមេរិក​មក​ពី​រដ្ឋ Michigan។

ជា​ស្ថាបនិក​ក្រុមហ៊ុន​ Quicken Loan និង Detroit Venture Partners មហាសេដ្ឋី​វ័យ ៥២ រូប​នេះ​បន​​ផ្តល់​និយម​ន័យ​ភាព​ជោគជ័យ​ថា ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​របស់​លោក​គឺ​ទទួល​បាន​ពី​ការ​យក​ត្រចៀក​ទៅ​ស្តាប់​ឲ្យ​កៀក​នឹង​​អ្វី​ដែល​​អតិថិជន​កំពុង​​​និយាយ។ លោក​បាន​បន្ថែម​ទៀត​ថា ការ​យកចិត្ត​ទុកដាក់​ចំពោះ​តម្រូវ​ការ​អតិថិជន​​ និងស្គាល់​ពី​សុខទុក្ខ​របស់​ពួកគេ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​យើង​ក្លាយ​ជា​ក្រុមហ៊ុន​មាន​ទំនុកចិត្ត​ទទួល​បាន​ភាព​ជឿជាក់​ពី​អតិថិជន៕