មហាសេដ្ឋី​ទាំង​៨រូប ដែល​​បរិច្ចាគ​ប្រាក់​ច្រើន​បំផុត​សម្រាប់​ជំនួយ​មនុស្ស​ធម៌

វាជា​រឿង​មួយ​ដែល​គួរ​ឲ្យ​កោតសរសើរ ដោយមហាសេដ្ឋី​ល្បីល្បាញ​ជា​ច្រើន​នាក់ ដែលកំពុង​តែ​ជោគជ័យ​​​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ដៃ ហើយថែមទាំងបានបរិច្ចាគ​ប្រាក់​ជាច្រើនសម្រាប់​សកម្មភាព​មនុស្ស​ធម៌​នៅ​ជុំវិញ​ពិភពលោកទៀតផង។ តើ​មហាសេដ្ឋី​​ទាំង​នោះ​មាន​ឈ្មោះ​អ្វី​ខ្លះ?​

1- មហាសេដ្ឋី​​​អាមេរិក​លោក Bill Gates និងភរិយា ត្រូវ​បាន​ចាត់​ទុក​ថាជា​បុគ្គល​ដែល​បាន​បរិច្ចាគ​ប្រាក់​ច្រើន​ជាងគេ​​បំផុត​ដល់​សកម្មភាព​មនុស្ស​ធម៌​នៅ​ជុំវិញ​ពិភពលោក។ តាម​រយៈ​មូលនិធិ Bill & Melinda Gates Foundation មហាសេដ្ឋី​​ស្ថាបនិក​​ក្រុមហ៊ុន Microsoft រូប​នេះ​បាន​បរិច្ចាគ​ប្រាក់ ​២៨ពាន់​លាន​ដុល្លារ​​ ខណៈ​​បច្ចុប្បន្ន​​លោក​មាន​ទ្រព្យសម្បតិ្ត​ ៨០,៩ ពាន់​លាន​ដុល្លារ​​នៅ​ពេល​បច្ចុប្បន្ន។​

2- មហាសេដ្ឋី Warrant Buffett ​មាន​ទ្រព្យសម្បតិ្ត​ប្រមាណ ៦៧,៣ពាន់​លាន​ដុល្លារ​ នៅ​ពេល​បច្ចុប្បន្ន​ មហាសេដ្ឋី​អាមេរិក​លោក Warrant Buffett​ បាន​បរិច្ចាគ​ប្រាក់​ប្រមាណ​ ១៧,២៥ ពាន់​លាន​ដុល្លារ​កាល​ពី​​ឆ្នាំ ២០១៣ ​ទៅ​ឲ្យ​មូលនិធិ​របស់​លោក​ Bill Gates សម្រាប់​សកម្មភាព​មនុស្សធម៌​នៅ​ជុំវិញ​ពិភពលោក។​​ លោក​បាន​​ជាប់​​ក្នុង​បញ្ជី​​របស់​ទស្សនាវដ្ដី​ Forbes ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ លំដាប់​ទី ​៣​ នៅ​​លើ​ពិភពលោក​​។

3- មហាសេដ្ឋី George Soros បាន​ជាប់​ចំណាត់​ថ្នាក់​ទី ២៧ ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​​នៅ​លើ​ពិភពលោក​​​​ដែល​មាន​ទ្រព្យសម្បត្តិ​​​ប្រមាណ ២៣ពាន់​លាន​ដុល្លារ​នៅ​ពេល​បច្ចុប្បន្ន​។ ទ្រព្យសម្បតិ្ត​ដ៏​​ច្រើន​នេះ​បាន​ធ្វើ​ឲ្យ​មហាសេដ្ឋី​​អាមេរិក​ដើម​កំណើត​ហុងគ្រី​រូប​នេះ ​បរិច្ចាគ​ប្រាក់​ប្រមាណ ៨,៥ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៣ ​សម្រាប់​សកម្មភាព​មនុស្សធម៌​នៅ​ជុំវិញ​ពិភពលោក​តាម​រយៈ​អង្គការ​នានា​លើ​វិស័យ អប់រំ សុខាភិបាល និងសិទ្ធិមនុស្ស។

4- មហាសេដ្ឋី Gordon Moore ​ជាប់​ចំណាត់​ថ្នាក់​ទី ២០៥ ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ក្នុង​ទស្សនាវដ្ដី Forbes ក៏​ពិតមែន តែ​លោក​បាន​ឈរ​នៅ​លំដាប់​ទី៤ ជា​មហាសេដ្ឋី​ដែល​​បរិច្ចាគ​ប្រាក់​ច្រើន​ជាងគេ​បំផុត​។ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៧ ពាន់​លាន​ដុល្លារ​នៅ​ពេល​បច្ចុប្បន្ន ​មហាសេដ្ឋី​អាមេរិក​ដែល​​ជា​ស្ថាបនិក​ក្រុមហ៊ុន Intel Corp រូប​នេះ​បាន​​បរិច្ចាគ​ប្រាក់​​ ៥ពាន់​លាន​ដុល្លារ​ដល់​សកម្មភាព​មនុស្សធម៌​កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ​នេះ។

5- មហាសេដ្ឋី Carlos Slim ជាប់​ចំណាត់​ថ្នាក់​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​លំដាប់​ទី​១​ នៅ​លើ​ពិភពលោក។ ហើយលោកបាន​ជាប់​ចំណាត់​ថ្នាក់​ទី​៥ ជា​មហាសេដ្ឋី​ដែល​​បាន​បរិច្ចាគ​ប្រាក់​ដល់​សកម្មភាព​មនុស្សធម៌​ច្រើន​ជាងគេ​​គឺ​ប្រមាណ ៤ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ​។ គេ​បាន​វាយតម្លៃ​ថា មហាសេដ្ឋី​ប្រធាន​ក្រុមហ៊ុន Telecom Mogul ជនជាតិ​មិកស៊ិក​រូប​នេះ ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៨២,៩ ពាន់​លាន​​ដុល្លារ​នៅ​ពេល​បច្ចុប្បន្ន​នេះ ហើយ​មូលនិធិ​របស់​លោក​ត្រូវ​បាន​ប្រើប្រាស់​ច្រើន​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​នៅ​លើ​ទឹកដី​កំណើត​របស់​លោក​។

6- មហាសេដ្ឋី Eli Broad ជា​មហាសេដ្ឋី​អាមេរិក​មួយ​ទៀត​ដែល​បាន​​បរិច្ចាគ​ប្រាក់​ច្រើន​ជាង​គេ​​លំដាប់​ទី​៦ សម្រាប់​​សកម្មភាព​មនុស្ស​ធម៌​ជា​ពិសេស​លើ​​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កោសិកា​ស្បែក​អាមេរិក​ USC។ ស្ថាបនិក​ក្រុមហ៊ុន Sun America Inc និង KB Home រូប​នេះ​បាន​ចំណាយ​ប្រាក់​​​ប្រមាណ ​៣,៥ពាន់​លាន​ដុល្លារ​​​កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ​ ខណៈ​ដែល​ពេល​បច្ចុប្បន្ន​នេះ លោក​បាន​ជាប់​ចំណាត់​ថ្នាក់ទី​ ២០៩ ជា​មហាសេដ្ឋី​មាន​ជាង​គេ​បំផុត​ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ៦,៩ ពាន់​លាន​ដុល្លារ។

7- មហាសេដ្ឋី George Kaiser ​បាន​បរិច្ចាគ​ប្រាក់​ ៣,៣ពាន់​​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ​សម្រាប់​​សកម្មភាព​មនុស្ស​ធម៌​មួយ​​ប្រយុទ្ធ​ប្រឆាំង​ភាព​ក្រីក្រ​នៅ​រដ្ឋ Oklahoma តាម​រយៈ​មូលនិធិ George Kaiser Family Foundation របស់​លោក​ផ្ទាល់​។ យោង​តាម​ទស្សនាវដ្ដី Forbes មហាសេដ្ឋី​រូប​នេះ​បាន​ជាប់​ចំណាត់​ថ្នាក់​ទី​១១៦ ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​​នៅ​លើ​ពិភពលោក​ដែល​មាន​​ទ្រព្យសម្បត្តិ​ប្រមាណ ១០,៦ ពាន់​​លាន​ដុល្លារ​នៅ​ពេល​បច្ចុប្បន្ន​។

8- មហាសេដ្ឋី Michael Bloomberg ​ជាប់​ចំណាត់​ថ្នាក់​ទី​​១​៥ ​ និងជា​អតីត​អភិបាល​ក្រុង​ញីវយ៉ក លោក Michael Bloomberg បាន​បរិច្ចាគ​ប្រាក់​​សម្រាប់​សកម្មភាព​មនុស្ស​ធម៌​ដូចជា​វិស័យ​សុខាភិបាល សិទ្ធិមនុស្ស ការ​អប់រំ​​ជា​ដើម​​ប្រមាណ ២,៨ ពាន់​​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ។ ជា​ប្រធាន​ក្រុមហ៊ុន​​បណ្ដាញ​គេហទំព័រ​សេដ្ឋកិច្ច​ល្បីល្បាញ​ Bloomberg.com ​មហាសេដ្ឋី​រូប​នេះ​​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៣៣,១ ពាន់​លាន​ដុល្លារ​នៅ​ពេល​បច្ចុប្បន្ន៕​